33 C
Phnom Penh

អ្នក​ជំនាញច្បាប់ច្រានចោលការ​គំរាម​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​របស់​បក្សប្រជាជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​ច្រាន​ចោល​ការ​ព្រមាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពីថ្ងៃ​អង្គារ​ថា ​អាច​មាន​ការ​​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រសិន​បើគណ​បក្ស​នេះ​មិន​ព្រម​​ឈប់​និយាយថា គណ​បក្ស​កំពុង​កាន់​អំណាច​​គ្រប់​គ្រង​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប.)។

លោក ផៃ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​​រដ្ឋមន្ត្រី​​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​អះអាង​របស់​គណបក្ស​សង្គ្រោះ ​​ជាតិ​ដែលថា គ.ជ.ប. ជា​ឧប​ករណ៍​របស់​គណ បក្ស​ប្រជាជន​កម្ពុជា​នោះ​ គឺជា “​ការ​និយាយ​បរិហារ​កេរ្តិ៍”។

ប៉ុន្តែ លោក សុក សំអឿន នាយក​ប្រតិ​បត្តិ​​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាលពីម្សិល​មិញថា  គណបក្ស​សង្គ្រោះ​​ជាតិ​អាច​ការ​ពារ​ខ្លួន​​ចំពោះ​ការ​ចោទ​​ប្រកាន់​បែប​នេះបាន​ដោយ​ស្រួល​។ ​លោក​បាន​មាន​ប្រសា​សន៍​ថា “តាម​ច្បាប់​បរិហារ​កេរ្តិ៍​របស់​ប្រទេស​កម្ពុជា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភ័ស្តុ​តាង​តែ​មួយ​ដើម្បី​គាំទ្រ​ការ​អះអាង​របស់​ខ្លួន​ [ថា គ.ជ.ប. ប្រើល្បិចបន្លំក្នុង​ការ​​បោះ​ឆ្នោត​ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​] គណបក្ស​នេះ​គឺ​ជាអ្នក​ឈ្នះ​នៅ​ក្នុង​រឿង​ក្តី​នេះ​”។

លោក​​មាន​ប្រសាសន៍ថា “ឧទា​ហរ​ណ៍​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​បង្ហាញ​ថា មាន​​តែ​មន្ត្រី គ.ជ.ប. មួយ​រូប​​ប៉ុណ្ណោះ គឺ​ជា​ស​មាជិក​របស់​គណ​បក្ស​ប្រជាជន​ឬ​ថា ​សមា​ជិក​​ម្នាក់​បាន​ធ្វើ​អ្វីៗដើម្បី​ជួយ​គណបក្ស​ប្រជា​ជន​ឲ្យ​ឈ្នះ​ឆ្នោត​នោះ​ ដូច្នេះ​ហើយ​​គេ​នឹង​​ពេញ​​ចិត្ត​ដោយ​សារ​មិន​មាន​​ការ​បរិហា​រកេរ្តិ៍​ឡើយ​។ ខ្ញុំ​​គិត​ថា វា​ជា​ករណី​ងាយ​ស្រួល​បំផុត​​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បង្ហាញ​”។

គ.ជ.ប. ដែល​មាន​សមាជិក​ប្រាំបួន​រូប​មាន​ទំនាក់​ទង​​មិន​អាច​ប្រកែក​បា​ន​ចំពោះ​គណ​បក្ស​​​ប្រជាជន​កម្ពុជា។ តួយ៉ាង ​លោក​ អ៊ឹម​ សួស្តី ប្រធាន​ ​គ.ជ.ប. គឺ​ជា​ប្អូន​ប្រុស​របស់​លោក​ អ៊ឹម សិទ្ធី​ រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំមក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក​ធ្លាប់​ធ្វើ​ជា​អនុប្រធាន​សមា​គម​យុវជន​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទៀត​ផង​។

កង្វល់​ជុំវិញ​ឯករាជភាព​របស់​ គ.ជ.ប. ក៏​ត្រូវ​បាន​​លើក​ឡើង​ដោយ​លោក​ សុរិយា ស៊ូបេឌី (Surya Subedi) អ្នក​ធ្វើ​​របាយ​ការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​។

លោក​ គល់​ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​​យុត្តិធម៌​នៅកម្ពុជា ដែល​នៅ​ខែ​តុលា​លោក​​​មាន​គម្រោង​ចេញ​ផ្សាយ​របាយ​ការណ៍​​ពេញលេញ​ស្តី​ពី​សមាស​ភាព​ ការ​ជ្រើ​សរើស​ និង​ការ​អនុ​វត្ត​របស់​ គ.ជ.ប.​ នោះ​បាន​មាន​ប្រសា​សន៍​ថា ការ​ជ្រើ​សតាំង​សមាជិក​ គ.ជ.ប. ​​ត្រូវ​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​គណ​បក្ស​កំពុង​កាន់​​អំណាច​។

លោក​បាន​ថ្លែង​ថា “ការ​ជ្រើ​ស​រើស​សមា​ជិក​ គ.ជ.ប. ទាំងអស់ឆ្លង​កាត់​ក្រសួង​​មហាផ្ទៃ​ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​រដ្ឋ​សភា​។​ស្ថាប័ន​ទាំង​អស់​នេះ​សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា”។​ លោក​បាន​បន្ថែម​ថា “ខ្ញុំ​គិត​ថា គណ​បក្ស​ប្រជាជន​​នឹង​មិនយករឿងក្ត​ីនេះទៅ​ដោះ​ស្រាយ​នៅ​ក្នុង​តុលាការ​ឡើយ ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​ធ្វើ​មែន ជា​មួយ​​ស្ថាន​​ភាព​បច្ចុប្បន្ន​របស់​​តុលា​ការ​​ និង​បញ្ហា​អព្យា​ក្រឹត​ភាព​​​នោះ​ គណ​បក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​”។

ប៉ុន្តែ លោក​ ធន សារាយ​ ប្រធាន​​អង្គ​ការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសា​សន៍​ថា ការ​គ្រាន់​តែ​បង្ហាញ​ទំនាក់​ទំនង​មុន​ៗ​រវាង​​សមាជិក​ គ.ជ.ប.​ បច្ចុប្បន្ន និ​ង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នោះ​ នឹង​មិន​អាច​ចាត់​ទុក​ថា ជា​ភ័ស្តុតាង​រឹ​ងមាំ​នៅ​ក្នុង​តុលាការ​បាន​ឡើយ​។ លោក ធន​ សារាយ​ បាន​មាន​ប្រសា​សន៍​ថា “វាជាការ​លំបាក​ក្នុងការ​ស្វែង​រក​ភ័ស្តុ​តាង​ពិត​ប្រាកដថា សមាជិក​ គ.ជ.ប. ត្រូវ​បាន​ណែ​នាំ​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​… ប៉ុន្តែ បើ​យើងវិនិច្ឆ័យ​​លើ​សកម្ម​ភាព​របស់ពួក​គេ​ [ដូចជា​] ការ​រៀបចំ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ និង​លទ្ធភាព [​របស់​គ.ជ.ប.] ឬ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ពាក់​ព័ន្ធ​ [ការ​បោះ​ឆ្នោត] នោះ យើងអាច​មើល​ឃើញ​យ៉ាង​ច្បាស់​​ថា​ពួកគេ​លម្អៀង​ ឬ​មិន​លម្អៀង​ហើយ”។

ពេល​ទាក់​ទង​កាល​ពីម្សិល​មិញ លោក​ ផៃ ស៊ី​ផាន​ បាន​រក្សា​គោល​ជំហរ​របស់​លោក​។ លោក​បា​ន​មាន​ប្រសាសន៍ថា “ខ្ញុំ​មិន​មែន​ជាអ្នក​ជំនាញ​ផ្នែក​ច្បាប់​ទេ​ ប៉ុន្តែ ​ខ្ញុំ​​ប្រកាន់​តាម​ការ​អត្ថាធិប្បាយ​របស់​ខ្ញុំ​។ ខ្ញុំ​មិន​ចាំបាច់​បន្ថែមចំណុច​អ្វី​ផ្សេងទៀត​ឡើយ​”៕

ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស