31 C
Phnom Penh

សមត្ថកិច្ច​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​ចូលរួម​វេទិ​កា​សាធារណៈរបស់​គណបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លោក​ស្រី មូរ សុខហួរ​ បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ ដែលបាន​រៀបចំ​វេទិកាសាធារណៈបាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​ប្រហែល​៥០​នាក់​បាន​រារាំង​អ្នក​ភូមិ​មិនឲ្យ​ចូល​រួម​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀប​ចំឡើង​ដើម្បីពិភាក្សា​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​កាល​ពី​ម្សិលមិញ​​។

លោក​ស្រី មូរ សុខហួរ បាន​មាន​ប្រសា​សន៍​​កាល​ពី​ម្សិលមិញ​ថា វេទិកា​នេះ​ត្រូវ​បាន​រៀប​​​ចំ​ឡើង​នៅ​ក្នុង​ភូមិ​តូច​មួយស្ថិត​នៅ​​ក្នុង​សង្កាត់​អូរ​ចារ​ ក្រុង​បាត់​ដំបង​ដើម្បី​ពិភាក្សា​អំពី​ភាព​មិន​ប្រក្រតី​ពាក់​ព័ន្ធ​នឹង​​ការ​បោះ​ឆ្នោត ប៉ុន្តែ​ចៅសង្កាត់​ក្នុង​មូល​ដ្ឋាន​នេះ​បាន​ប្រាប់​លោក​ស្រី​ថា ពួក​គាត់​មិន​អាច​រៀប​ចំ​វេទិកា​នេះ​បាន​ទេ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “គេ​បាន​ប្រាប់​ពួកយើង​ថា យើង​មិន​អាច​រៀប​ចំ​វេទិកា​នេះ​បាន​ទេ​ ហើយ​នៅពេលនោះ​នគរ​បាល​បាន​​ចាប់​ផ្ដើម​រារាំង​អ្នក​ភូមិ​ដែល​មក​ពី​តំបន់នានា​នៅ​ក្នុង​ភូមិមិនឲ្យ​ធ្វើ​ដំណើរ​​មក​កាន់​កន្លែង​ដែល​យើង​បាន​រៀប​ចំ​វេទិកា​នៅ​ក្នុង​ផ្ទះ​ឯកជន​មួយឡើយ​”។

លោក​ស្រី​ មូរ​ សុខហួរ បាន​ពន្យល់​ថា ពី​ដំបូង​ សមត្ថកិច្ច​ប្រើ​ខែល​របស់​ខ្លួន​រុញ​ច្រាន​អ្នក​ភូមិ​ចេញ ​ពេលដែល​ពួក​គាត់​ព្យាយាម​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ ដោយ​ធ្វើ​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​រង​របួស​​ ហើយ​បន្ទាប់​មក​សមត្ថកិច្ចនៅ​តែ​ឈរជើងនៅ​ខាង​ក្រៅ​ដើម្បី​ឃ្លាំ​មើល​វេទិកា​នេះ​ដដែល បន្ទាប់​ពី​អ្នក​ភូមិ​បាន​សម្រុក​​ចូល​ទៅខាង​ក្នុង​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ “នគរ​បាល​ស្ថិត​នៅ​ខាង​ក្រៅកន្លែង​រៀបចំ​វេទិកា​ដដែល ហើយ​បាន​ថត​រូប​អ្នក​ភូមិ​គ្រប់​គ្នា​ដែល​បាន​ចូល​រួមក្នុង​​វេទិកានេះ ហើយ​ថត​រូបអ្នកភូមិណា​ដែល​​ឡើង​និយាយ”។

លោក​ មួន សារ៉ាត់ សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ បាន​មានប្រសាសន៍​ខាង​ក្រៅ​វេទិកា​កាល​ពី​ម្សិល​មិញថា នគរបាល​បាន​បន្ត​បិទ​ផ្លូវ​ចូលទៅ​កាន់​ផ្ទះដែល​ជា​កន្លែង​​រៀប​ចំ​វេទិកា​នោះ​ បន្ទាប់​ពី​អ្នក​ភូមិ​បាន​សម្រុក​ចូលទៅ​ខាង​ក្នុង​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “មាន​ជម្លោះ​បន្តិចបន្តួច ហើយ​ឥឡូវ​នេះ​ [ក្រុម​អ្នក​ភូមិ] ​បាន​មក​ចូល​រួមហើយ​ ប៉ុន្តែ​ នៅ​តែ​មានការ​បិទ​ផ្លូវ​ផ្សេង​ទៀត​ដដែល​ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ដើរ​កាត់​មកកាន់ទី​នេះ​ឡើយ​”។

លោក​ ទូច រ៉ា អធិការ​នគរបាល​ក្រុង​បាត់​ដំបង​ បាន​មាន​ប្រសាសន៍​ថា វេទិកា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ខុស​ច្បាប់ ពី​ព្រោះ​អ្នក​រៀប​ចំ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួក​គាត់​បាន​មក​ជួបជុំគ្នាដោយ​គ្មាន​​សុំការ​អនុញ្ញាត​ឡើយ​។ ពួក​គាត់​បាន​ស្នើ​សុំ​អាជ្ញាធរ​​សង្កាត់​ ហើយ​អាជ្ញាធរ​សង្កាត់​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ទៅ​សុំ​អាជ្ញាធរ​ខេត្ត​ ហើយ​ពួក​គាត់​មិន​បាន​ធ្វើ​តាមឡើយ”។

លោក​ ទូច រ៉ា បាន​បន្ថែម​ថា នគរ​បាល​ប្រហែល​៥០​នាក់​ ត្រូវបាន​ដាក់​ពង្រាយ​នៅ​កន្លែង​រៀប​ចំ​វេទិកា​នោះ​ក្រែង​លោ​មាន​បញ្ហា​​កើត​ឡើង​។ លោកបាន​មាន​ប្រសាសន៍​ថា “យើង​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​តាំង​ពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ហើយ​យើង​បាន​អនុ​ញ្ញាត​​ឲ្យ​ពួក​គាត់​រៀប​ចំវេទិកា​នោះ​។ យើង​​​ឈរ​ជើង​នៅ​ខាង​​ក្រៅ​​ក្រែង​លោ​មាន​​បញ្ហាអ្វី​កើត​ឡើង​”​។​លោកបដិសេធ​ថា នគរបាលមិន​​​បាន​វា​យអ្នក​ភូមិទេ”។​

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “[ក្រុម​​អ្នក​ភូមិ​] បាន​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ ហើយ​បានរុញ​ច្រាន​នគរបាល​ ហើយ​ពួក​គាត់​បែរ​ជានិយាយ​ថា​ នគរ​បាល​បាន​វាយ​ពួក​គាត់​ទៅ​វិញ​។ ខ្ញុំ​មិន​យល់​ពី​អ្វីដែល​ពួក​គាត់​បាន​ធ្វើ​ឡើយ​”។

លោក គឹម ជង ចៅ​សង្កាត់​អូរ​ចារ​ បាន​យល់​ស្រប​ថា វេទិកា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ខុស​ច្បាប់​​​​​ ដោយ​មាន​ប្រសាសន៍​ថា អ្នក​រៀប​ចំ​កម្មវិធី​មាន​ការ​យល់​ច្រឡំ​ ដោយ​បាន​មកទាក់​ទង​​សុំ​ការ​អនុញ្ញាត​ពី​រូប​លោក​ទៅវិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​មាន​សិទ្ធិ​អនុញ្ញាតទេ ពី​ព្រោះ​វា​គឺ​ជា​វេទិ​កា​ទ្រង់​ទ្រាយ​ធំ​​ដោយ​មាន​ប្រជា​ជន​ច្រើន​មក​ចូល​រួម​ មាន​ទាំង​សមាជិក​សភាផងដែរ​”។

លោក យិន ម៉េងលី អ្នក​សម្រប​សម្រួល​ប្រចាំ​ខេត្ត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ បាន​មាន​ប្រសាសន៍​ថា អ្នក​រៀប​ចំ​វេទិកា​មិន​ចាំ​បាច់​សុំ​ការ​អ នុញ្ញាត​ពី​អាជ្ញាធរ​ក្នុង​ការ​រៀប​​ចំ​វេទិកា​របស់​ខ្លួន​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ការ​និយាយ​​បែ​ប​នេះ​​គឺខុស​ទាំងស្រុង​។ វា​មិន​មែន​ជា​ការ​ធ្វើ​បាតុកម្ម​ទេ​ វា​គ្រាន់​តែ​ជា​ការ​រៀប​ចំ​វេទិកា​នៅ​ក្នុង​ផ្ទះ​តែ​ប៉ុណ្ណោះ​”។

លោក ហង្ស ពុទ្ធា នាយក​​គណៈ​កម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី​ និង​ត្រឹម​ត្រូវ​នៅកម្ពុជា (និកហ្វិច) បាន​មាន​ប្រសាសន៍​ថា តំណាង​គណៈ​កម្មា​ធិការ​ និកហ្វិច បាន​មក​ចូល​រួម​វេទិកា​នេះ​ និងបាន​បញ្ជាក់​ពី​ប្រសាសន៍​របស់​លោក​ស្រី មូរ សុខហួរ ហើយ​​លោក​បាន​បន្ថែម​ថា ក្នុង​ប្រទេស​កម្ពុជាមិន​ចាំ​បាច់​សុំ​ការ​អនុញ្ញាត​​សម្រាប់​​រៀប​ចំ​វេទិកា​​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ពួក​គេ​មិនចាំបាច់​សុំ​ការ​អនុញ្ញាត​ទេ​។ វេទិកា​នេះ​គ្រាន់​តែ​ដើម្បី​ផ្ដល់​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត​​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​គិត​ថា វេទិកា​នេះគឺ​ទាក់​ទង​ទៅ​នឹង​ការ​ជួប​ជុំ​គ្នា​របស់​គណបក្ស​ប្រឆាំង​ ពី​ព្រោះ​ពួក​គេ​ខ្លាច​ថា វេទិកា​នេះ​នឹង​ផ្សព្វ​ផ្សាយ​ពី​ការ​ជួប​ជុំ​គ្នា”៕

ប្រែ​​​សម្រួល​​​ដោយ សោម សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស