28 C
Phnom Penh

ភរិយា​អភិបាល​​ខេត្ត​ប៉ៃលិន​ទទួល​​ផល​​ពី​កិច្ច​ព្រម​ព្រៀង​កាស៊ីណូ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារ​នៅទី​ភ្នាក់​ងារ​និយ័តករ​ហិរញ្ញ​វត្ថុ​អា​មេរិក​​​បង្ហាញ​ថា បន្ទាប់​ពី​​មាន​ការ​រក​ស៊ីរួម​ក្នុង​​ទី​ផ្សា​រ​កាស៊ី​ណូ​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែ​ឧសភា​ ឆ្នាំ ២០១១ ក្រុមហ៊ុន​អ៊ីន​ធើថេនមិន​ ហ្គេមមីង អាស៊ី (Entertainment Gaming Asia) ដែល​ជា​ក្រុម​ហ៊ុន​ល្បែង​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុននៅទីក្រុង​ម៉ាកាវ​ បាន​សន្យា​ប្រគល់​ប្រាក់​រាប់​សែន​ដុល្លារ​ទៅ​ឲ្យ​ភរិយា​របស់​អភិបាល​ខេត្ត​ប៉ៃលិន​ ដើម្បី​ជួលដីសម្រាប់​សាង​សង់​កាស៊ី​ណូ​ថ្មីមួយ​។

ក្រុមហ៊ុន​​អ៊ីនធើថេនមិន​ ហ្គេមមីង អាស៊ី គឺ​ជា​ផ្នែកមួយ​នៃ​ក្រុមហ៊ុន​មែល​កូ គ្រុប​ ​(Melco Group) នៅ​ក្រុង​ម៉ាកាវ ប៉ុន្តែ ចុះបញ្ជី​នៅ​អាមេរិក​ ដូច្នេះ​ហើយ​ត្រូវ​អនុវត្តតាម​ច្បាប់​អាមេរិក​។ ក្រុមហ៊ុននេះ​បានបើក​កាស៊ីណូ​ឌ្រីម​វើល​ប៉ៃលិន​ជា​ផ្លូវការ​កាលពី​​ខែឧសភា​ ឆ្នាំ​២០១២​ ជា​កាស៊ីណូ​មួយ​ដែលមាន​តុ​លេង​ល្បែង​ផ្ទាល់​ចំនួន​២៦​ និង​ស្លុតម៉ាស៊ីន​ចំនួន​៥៨​គ្រឿង​ដែល​ពឹង​ផ្អែកលើ​ភ្ញៀវ​ថៃ​ដែល​ឆ្លងដែនចូលមកលេង​។

ក្រៅ​ពី​កាស៊ីណូ​ឌ្រីម​វើល​ប៉ៃលិន​ ក្រុម​ហ៊ុននេះ​បាន​បើក​កន្លែ​ង​លេង​ស្លុត​ម៉ាស៊ីន​ចំនួន​៣០០​កៅអី​​ នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​​កាលពី​ខែឧសភា​។ ក្រុមហ៊ុន​​អ៊ីនធើថេនមិន​ ហ្គេម​មីង អាស៊ី ក៏​មានគម្រោង​បើក​កាស៊ីណូ​​មួយ​ទៀត​ក្នុង​ខេត្ត​កំពត ​​ផ្គត់​ផ្គង់​ស្លុត​ម៉ាស៊ីន​​ទៅ​ឲ្យ​កាស៊ីណូ​ផ្សេង​ទៀតនៅ​កម្ពុជា និង​ផលិត​​​កាក់​​សម្រាប់​លេង​​ល្បែង​ផងដែរ​។

យោង​តាម​ឯកសារ​នៅ​គណៈកម្មការ​មូល​បត្រ​ និងទី​ផ្សារ​ភាគ​ហ៊ុន​​នៅអាមេរិក​ ក្រុម​ហ៊ុន​អ៊ីនធើថេនមិន​ ហ្គេមមីង អាស៊ី កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១១ បាន​ចុះ​ហត្ថលេខ​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បីសាង​សង់​កាស៊ីណូ​លើកដំបូង​​នៅលើ​ដី​មួយ​កន្លែង​នៅ​ប៉ៃលិន​​ដែល​ជួ​លពី​អ្នក​ស្រី បាន​ ស្រីមុំ​។

អ្នក​ស្រី​ បាន​ ស្រីមុំ គឺ​ជា​ភរិយា​របស់​លោក ​អ៊ី ឈាន ដែល​​មាន​តួនាទី​ជា​អភិបាល​ខេត្ត​ប៉ៃលិន​ជាង​មួយ​ទសវត្សរ៍​មក​ហើយ និង​ជា​អតីតប្រធាន​​កង​ការ​ពារ​របស់​ ប៉ុល ពត មេ​ដឹក​នាំ​ខ្មែរ​ក្រហម​។

អ្នក​ស្រី ស្រីមុំ គឺ​ជា​សមាជិក​​សភា​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​មណ្ឌល​ប៉ៃលិន​​ ដែល​បាន​​ឈ្នះ​អាសនៈ​តែ​មួយ​គត់​ប្រចាំមណ្ឌលនេះ​នៅ​ក្នុង​ការបោះ​ឆ្នោតជាតិ​កាល​ពីខែ​មុន​​។​​ នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​មាន​ឈ្មោះ​ក្រុមហ៊ុន​ថ្មីមួយ​ គឺ​ក្រុមហ៊ុន​ឌ្រីម​វើល​ ឡេសឺ (ប៉ៃលិន​) លីមីត​ធីត មានប្រធាន​ឈ្មោះ​ គ្លែ​រេន ជុង​ និង​អ្នក​ស្រី ស្រីមុំ និង​មាន​និយាយ​ពី​​ការ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​ដី​នេះ​ផង​។

យោង​តាម​កិច្ច​ព្រម​ព្រៀង​របស់​ភាគ​ហ៊ុន​នៅ​គណៈកម្មការ​មូល​បត្រ​ និងទី​ផ្សារ​ភាគ​​ហ៊ុន​​នៅ​អាមេរិក​​​កាល​ពី​ឆ្នាំ​២០១១​បង្ហាញ​ថា “ក្រុមហ៊ុន​អុីនធើថេនមិន​ ហ្គេមមីង អាស៊ី ​នឹង​បង់​លុយ​តែ​មួយ​ដង​គត់​ទៅ​ឲ្យអ្នក​ស្រី​​ បាន ស្រីមុំ ចំនួន​​១៨០​.០០០​ដុល្លារ​”។ កិច្ច​ព្រម​ព្រៀង​នៅ​ខែ​ឧសភា ឆ្នាំ​២០១១​នេះ​ ក៏​ចែង​ដែរ​ថា អ្នក​ស្រី ស្រីមុំ នឹង​ទទួល​បាន​​ភាគហ៊ុន៤៥​ភាគរយ​​ពី​ប្រាក់​ចំណេញ​​របស់​កាស៊ីណូ​នេះ​។

ប៉ុន្តែ ពី​រ​ខែ​ក្រោយ​ពី​មាន​កិច្ច​ព្រម​ព្រៀង​នោះ​ ក្រុមហ៊ុន​អ៊ីនធើថេនមិន​ ហ្គេមមីង អាស៊ី បាន​ប្រកាស​ថា ភាគី​ទាំង​អស់​បាន​ព្រម​ព្រៀង​លើ​លក្ខខណ្ឌ​ដែល​បាន​កែ​ប្រែ​ គឺ​​នៅ​ក្នុង​នោះ​អ្នក​ស្រី​ ស្រីមុំ នឹង​ទទួល​បាន​​ប្រាក់​ចំណេញ​តែ​២០​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ បង្កើន​ថ្លៃ​ជួលដី​ដល់​​៥.០០០​ដុល្លារ​ក្នុង​មួយ​ខែ​។​

រហូត​មក​ទល់​ពេលនេះ ការ​កាត់​បន្ថយ​ភាគ​ហ៊ុន​របស់​​អ្នក​ស្រី​ ស្រីមុំ នៅ​កាស៊ីណូ​នេះ​​​មាន​ន័យ​ថា​ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ចំណេញ​​ទេ​។ ក្រុមហ៊ុន​អ៊ីនធើថេនមិន​ ហ្គេម​មីង អាស៊ី ​​បាន​ប្រកាស​នៅ​ខែ​នេះ​ថា ប្រាក់​ចំណូល​​នៅ​កាស៊ីណូ​ឌ្រីម​វើល​ប៉ៃលិន​មិន​ទាន់​​ស្មើ​ថ្លៃ​ចំណាយ​ទេ​ ប៉ុន្តែ បាន​លើក​ឡើង​ថា ខ្លួន​មាន​គម្រោង​ដក​តុ​លេង​ល្បែង​ផ្ទាល់​មួយចំនួន​ចេញ​ពី​កាស៊ីណូនេះ​ ហើយ​ផ្តោ​ត​​ទៅ​លើ​​​​​​ក្រុម​​ហ៊ុន​ដែល​មាន​ប្រាក់​ចំណូល​​​ខ្ពស់​ ​ទើប​​អាច​ស្រង់​ដើម​បាន​វិញ​នៅ​ចុង​ឆ្នាំនេះ​។

ទោះ​ជា​យ៉ាង​ណា​  យោង​តាម​របាយ​ការណ៍​​​ហិរញ្ញ​វត្ថុ​ប្រចាំ​ត្រីមាស​នៅ​គណៈ​កម្មការ​មូល​​​បត្រ​ និង​ទី​ផ្សារ​ភាគហ៊ុន​ នៅ​ខែ​នេះ​ ក្រុម​ហ៊ុន​អ៊ីនធើថេនមិន​ ហ្គេមមីង អាស៊ី ​បាន​​បង់​ប្រាក់​ជាង​៥០០​.០០០​ដុល្លារ​​​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ជួលដី​ដែល​ត្រូវ​បង់​ប្រាក់​ជា​មុន​ទៅ​ឲ្យ​អ្នក​ស្រី​ ស្រី​មុំ រួច​ហើយ​សម្រាប់​សិទ្ធិ​ជួល​ដី​របស់​អ្នក​ស្រី​។

មិន​មាន​ការ​លើក​ឡើង​ថា ​កិច្ច​ព្រម​ព្រៀង​ជួលដីនេះ​បំពាន​ច្បាប់​ណាមួយ​នោះ​ទេ។ ប៉ុន្តែ កា​រ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​អ៊ីនធើថេនមិន​​ ហ្គេមមីង អាស៊ី ​​នៅ​គណៈ​កម្មការ​មូល​បត្រ​និង​ទី​ផ្សារ​ភាគហ៊ុន​នេះ​ មាន​ន័យ​ថា ក្រុម​ហ៊ុន​នេះ​​ត្រូវ​អនុវត្ត​តាមច្បាប​​របស់​អាមេរិក​ស្តី​ពី​អំពើ​ពុករលួយ​នៅ​បរទេស​​ដែល​គេ​អាច​យក​​មក​ប្រើ​ប្រាស់​ដើម្បី​កាត់​ទោស​ក្រុមហ៊ុន​ណា​មួយ​​ដែល​ប្រើ​ប្រាស់​ទឹក​ប្រាក់​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​មន្ត្រីនៅ​ក្រៅ​ប្រទេស​។

ការណែនាំ​មួយ​ពី​ក្រសួង​យុត្តិធម៌​អាមេ​រិក​​​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្រៅ​ប្រទេស​​របស់​សហ​រដ្ឋ​អាមេរិកនិយាយ​ថា “ជា​ពិសេស​​​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយនៅ​ក្រៅ​ប្រទេស​នេះ​ចែ​ង​ពី​ការ​ប្រគល់​ប្រាក់​ទៅឲ្យ​ជន​ណា​ម្នាក់​នៅ​ពេលដែលដឹងថា ប្រាក់​​ទាំង​អស់​ ឬ​ផ្នែកណាមួយ​នៃ​ប្រាក់​បែប​នេះ​ ឬ​វត្ថុ​មាន​តម្លៃណាមួយ​ដែល​គេ​សន្យា​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ទៅឲ្យ​មន្ត្រី​បរទេស​ណាមួយ​”។

អ្នកស្រី ត្រាស៊ី ម៉ែងហ្គីនី អនុប្រធាន​​ក្រុមហ៊ុន​អ៊ីនធើថេនមិន​ ហ្គេមមីង អាស៊ី ​​បាន​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​កិច្ច​ព្រម​ព្រៀង​ជួលដីនេះ​ទេ។ អ្នក​ស្រី ម៉ែងហ្គីនី បាន​លើកឡើង​តាម​អ៊ីម៉េល​ថា “យើង​មិន​មាន​ពេលធ្វើ​អត្ថាធិ​ប្បាយ​ទេ​”។

នៅ​ពេលទាក់​ទង​នៅ​សប្ដាហ៍នេះ លោក អ៊ីឈាន បាន​បញ្ជាក់​ថា គ្មាន​អ្វីខុសឆ្គង​ចំពោះ​​ការ​ជួលដីពី​ភរិយា​គាត់​ទេ។ លោក​មាន​ប្រសាសន៍​ថា “វា​ជា​ការ​ត្រឹម​ត្រូវ​ដែលពួកគេ​ជួល​ដី​ពី​ប្រពន្ធ​របស់​ខ្ញុំ​។ ពួក​គេ​​បាន​ជួលដីនេះ​​រយៈ​ពេលពីរឆ្នាំ​មក​ហើយ​”​។ លោក​បានមាន​ប្រសាសន៍​ថា កាស៊ីណូ​នេះ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រមពេញ​លេញ​ពី​​រដ្ឋាភិបាល​​ ហើយ​លោក​គ្មានតួនាទី​ក្នុង​ការ​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​នោះ​ទេ។

លោក​ អ៊ី ឈាន បាន​មាន​ប្រសាសន៍ថា គ្មាន​អ្វីមិនសម​ស្រប​​ទេដែលភរិយា​របស់​អភិបាលខេត្ត​មាន​ភាគហ៊ុនក្នុង​ការ​រក​ស៊ី​។ លោក​បាន​មាន​ប្រសាសន៍​​ថា “អ្នក​ស្រីគឺ​ជា​​អ្នកជំនួញធម្មតា​ម្នាក់​។ គាត់​មិន​មែន​ជា​មន្ត្រី​រាជ​ការទេ”។ លោកបាន​បន្ថែម​ថា ដី​ជួលទៅ​ឲ្យ​ក្រុមហ៊ុន​អុីនធើថេនមិន​ ហ្គេម​មីង អាស៊ី នេះ​គឺ​ជាដីដូន​តា​ដែល​អ្នក​ស្រី​ ស្រីមុំ កាន់​កាប់​តាំង​ពី​ឆ្នាំ១៩៩៦​មក​។

កាស៊ីណូ​នៅ​ប៉ៃលិននេះ​មិន​មែន​ជា​ក្រុម​ហ៊ុន​តែ​មួយ​ដែលចុះបញ្ជីនៅ​អាមេរិក​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រជា​ពល​រដ្ឋខ្មែរ​នោះ​ទេ​។ ទីតាំង​របស់​កាស៊ីណូឌ្រីមវើលប៉ោយ​ប៉ែតរបស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាន​ជួល​ពី​លោក​ កុក អាន ​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​ម្នាក់​ក្នុងកិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នានេះ​ដែល​​
ផ្ដល់​​ហ៊ុន​ចំនួន​​៤០​ភាគរយ​នៃ​រំហូរ​សាច់​ប្រាក់​ទៅ​ឲ្យ​លោក​ កុក អាន ម្ចាស់​ក្រោន កាស៊ី​ណូ​ (Crown Casino) នៅប៉ោយប៉ែត​​។

លោក កុក អាន ត្រូវ​បាន​ចាត់​ទុក​នៅ​ក្នុង​សារ​ទូរលេខ​សម្ងាត់​របស់​ស្ថាន​ទូត​អាមេរិក​ដែល​​វិបសាយ​វីគីលិក បាន​បញ្ចេញ​នោះថាជា​ស្ដេច​​ល្បែង​នៅ​កម្ពុជា​​។
ក្រុមហ៊ុន​អុីនធើថេនមិន​ ហ្គេមមីង អាស៊ី ​មាន​ស្លុត​ម៉ាស៊ីននៅ​កាស៊ីណូ​ណា​ហ្គា​វើល​ ជា​កាស៊ី​មាន​អាជ្ញាប័ណ្ណ​តែមួយ​គត់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​កាស៊ីណូ​​ឋាន​សួគ៌​បូកគោ​ក្នុង​ខេត្ត​កំពត​​ដែល​បាន​បើក​កាលពី​ឆ្នាំ​មុន​​ ដោយ​ក្រុមហ៊ុន សូគីមិុច របស់​លោក សុខ គង់។

ក្រុមហ៊ុន​អ៊ិនធើថេនមិន​ ហ្គេមមីង អាស៊ី ​ដែល​ចុះ​បញ្ជី​នៅ ​លើ​ទី​ផ្សារ​ NASDAQ Capital Market  ក្នុង​បុរី​​ញូវយ៉ក​ត្រូវ​បាន​កាន់កាប់​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន​ ម៉ែលកូ អ៊ិន​ធើ​ណេសិនណល ឌីវែលលុបមិន​ លីមីតធីត ដែល​មាន​លោក​ ឡូរេន ហូ កូន​ប្រុស​របស់​លោក​ ស្ដេន​ លីហូ មហាសេដ្ឋី​ល្បែង​នៅ​ម៉ាកាវ​ និង​ហុងកុង​ ជា​ប្រធាន​។ ក្នុង​ប្រទេស​​កម្ពុជា​ វា​ជា​ការ​ធម្មតា​ដែល​ភរិយា​របស់​មន្ត្រី​មាន​ភាគ​ហ៊ុន​នៅ​ក្នុង​អាជីវកម្ម​​នានា។

ក្រុមហ៊ុនរ៉ែ អូហ្សិត មីនណើរ៉ល កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ពី​នគរ​បាល​អូស្ត្រាលី​​ពាក់​ព័ន្ធ​នឹង​​​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​កម្ពុជាដែលគេ​សង្ស័យ​ថា បាន​បំពាន​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ស្រដៀង​គ្នា​នេះ​។​ក្រុមហ៊ុនរ៉ែ អូហ្សិត មីនណើរ៉ល ដែល​កំពុង​រុក​រក​រ៉ែមាស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ឆ្នាំ​២០០៩ បាន​ទិញយក​​ក្រុមហ៊ុន​ដែល​មាន​ដៃ​គូ​ចម្រុះ​​មួយ ហើយ​ម្ចាស់​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​នោះ រួម​ទាំង​ភរិយា​របស់​មន្ត្រី​នៅ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល​​ផង​ដែរ។

ការ​ជាប់​ពាក់​ព័ន្ធ​របស់​ក្រុមហ៊ុន​អ៊ិន​ធើ​ថេនមិន​​ ហ្គេមមីង អាស៊ី ​​ជាមួយ​​​លោក អ៊ិឈាន​ ក៏​បង្ហាញ​ពី​តួនាទី​ដ៏​មាន​អំណាច​ដែល​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដ៏​ឃោរ​ឃៅ​នេះ​បាន​កាន់​កាប់​នៅ​ប៉ៃលិន​ ​និងដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​​ឆ្នាំ​១៩៩៦​ដែល​​ពេល​នោះ​​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ស្រូប​យក​​មនុស្ស​មួយ​ក្រុម​ធំ​ពី​ក្រុម​​កុម្មុយនីស្ដ​នេះ​​​។

អនុប្រធាន​របស់​លោក អ៊ិ ឈាន គឺ​លោក​ អៀង​ វុធ ​កូន​ប្រុស​របស់​សព​ អៀង សារី រដ្ឋ​មន្ត្រី​ការបរទេស​នៃ​របប​ខ្មែរ​ក្រហម​​ដែល​ត្រូវ​បាន​នាំ​មក​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​ និង​ឧក្រិដ្ឋ​កម្ម​​ប្រឆាំង​មនុស្ស​ជាតិ​​មុន​ពេលគាត់​ស្លាប់​កាលពី​ខែ​មីនា។

លោក ឆាំង យុ នាយក​​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​​ឯកសារ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​គេល្បី​ជា​យូរ​មក​ហើយ​ថា ​លោក អ៊ី ឈាន គឺជា​កង​ការ​ពារ​របស់​ ប៉ុល ពត និង​មាន​សារៈ​សំខាន់​ក្នុង​ចំណោម​កង​កម្លាំង​ខ្មែរ​ក្រហម​ដែល​បាន​​ប្រយុទ្ធ​ជា​មួយ​រដ្ឋាភិបាល​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០​​ពី​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។
លោក ឆាំង យុ ​មាន​​ប្រសាសន៍​ថា “នៅ​​​ទី​​បំផុត គាត់​បាន​ទៅ​ដល់​​ទី​នោះ​​។ គាត់​បាន​ផ្ដាច់​​ខ្លួន​ពី​ អៀង សារី ​”។ លោក​បាន​ពន្យល់​ថា ការ​ដឹក​នាំ​របស់​លោក អ៊ីឈាន នៅ​ប៉ៃលិន​ គឺជា​ផ្នែកមួយ​នៃ​ការ​ផ្ដាច់​ខ្លួន​ដែល​មាន​កម្មា​ភិបាល​ និង​ទាហាន​ជាន់​ខ្ពស់​ជា​ច្រើន​ចូល​រួម​ជាមួយ​រដ្ឋាភិបាលនៅ​​ក្នុង​ឆ្នាំ១៩៩៦​៕

ប្រែ​​​សម្រួល​​​ដោយ មូល គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស