33 C
Phnom Penh

លោក​សម រង្ស៊ី ​ស្នើ​​គ.ជ.ប.​រក្សា​ឯកសារនៅ​កន្លែង​មាន​​សុវត្ថិភាព​​ខ្ពស់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​លោក​ អ៊ឹម សួស្ដី ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដោយ​ស្នើ​ឲ្យ​រក្សា​ច្បាប់​ដើម​​នៃ​ឯក​សារ​​​បោះឆ្នោត​​នៅ​កន្លែង​​មាន​សុវត្ថិភាព​ ព្រោះ​ក្លាច​ក្រែង​មាន​គេ​មក​រុះរើ​។

លិខិត​ដែល​ចុះ​កាល​បរិច្ឆេទ​​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​ទទួល​បាន​​កាល​ពី​ម្សិលមិញ​​បាន​លើក​ឡើង​ថា ឯកសារ​ ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​ “កញ្ចប់​សុវត្ថិភាព​ក” ​អាច​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​​ការ​ស៊ើប​អង្កេត​​លើ​ភាព​មិន​ប្រក្រតី​ ដែល​កើត​មាន​អំឡុង​​ការ​បោះ​ឆ្នោត​ជាតិ​​ កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

លោក​ សម រង្ស៊ី បាន​លើក​ឡើង​​នៅ​ក្នុង​លិខិត​នោះ​​ដោយ​រៀប​រាប់​ពី​ទម្រង់​១១០២ និង​​១១០៨ បញ្ជី​ឈ្មោះ​​បោះឆ្នោត​​ និង​​សន្លឹក​ឆ្នោត​ ដែល​ខូច​ គ្មាន​សុពល​ភាព​និង​​មិន​បាន​ប្រើប្រាស់​ ដែល​ត្រូវ​បាន​ប្រមូល​ដោយ​ គ.ជ.ប.​ ថា “កញ្ចប់​សុវត្ថិភាព​ក​គឺ​មាន​សារៈ​សំខាន់​ណាស់​ ពី​ព្រោះ​កញ្ចប់​សុវត្ថិភាព​​នេះ​ផ្ទុក​​ឯក​សារ​ដើម​​ជា​ច្រើន​ពី​​ការិយា​ល័យ​បោះ​ឆ្នោត​នានា​ និងតួ​លេខ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​​”។

ទម្រង់​១១០៨ គឺ​ជា​ទម្រង់​ដែល​ត្រូវ​បាន​ប្រើ​​សម្រាប់​​កត់​ត្រា​​សន្លឹក​ឆ្នោត​របស់​គណ​បក្ស​នីមួយៗ​ រី​ឯ​ទម្រង់​១១០២​ត្រូវ​បាន​ប្រើ​ដើម្បី​កត់​ត្រា​តួលេខ​ចុង​ក្រោយ​ពី​ការិយា​ល័យ​បោះឆ្នោត​នានា​។ ទម្រង់​ទាំង​២​នេះ​សុទ្ធ​​តែ​ត្រូវ​បាន​ថត​ចម្លង​​ជា​ច្រើន​ច្បាប់​ផ្សេង​ទៀត​​ ដើម្បី​​ទុក​ឲ្យ​​ គ.ជ.ប.​ ប្រើ​ប្រាស់​។

លិខិត​ដែល​លោក​ សម រង្ស៊ី បាន​ផ្ញើ​កាល​ពី​ថ្ងៃ​ពុធ​ បាន​លើក​ឡើង​ថា ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​កម្ពុជា​ ដែល​​សព្វ​ថ្ងៃ​កំពុង​ដោះ​ស្រាយ​​បណ្ដឹង​ ដែល​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់ ​​គ.ជ.ប. ដែល​​បាន​ច្រាន​ចោល​បណ្ដឹង​​នៃ​ភាព​មិន​ប្រក្រតី​ អាច​​នឹង​យល់​ព្រម​ទទួល​យក​សំណើ​ម្ដង​ហើយ​ម្ដង​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​សួរ​ដេញ​ដោល​​​ពី​ឯក​សារ​ ដែល​ គ.ជ.ប. បាន​រក្សា​ទុក​ក្នុង​កញ្ចប់​សុវត្ថិភាព​ក។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ឯក​សារ​ដើម​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​ក​ គឺ​ជា​ភ័ស្ដុតាង​ ដើម្បី​ប្រើ​​ជា​​មូលដ្ឋាន​​សម្រាប់​ត្រួត​ពិនិត្យ​ និង​​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ដែល​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ និង​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​”។

សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ម្សិលមិញ​​បាន​បញ្ជាក់​ពី​ការ​អះអាង​របស់​លោក​ សម រង្ស៊ី អំពី​​ឯកសារ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព​ក ប៉ុន្តែ​បាន​លើក​ឡើង​ថា បណ្ដឹង​៣៤​ក្នុង​ចំណោម​បណ្ដឹង​ចំនួន​៣៩​​នៃ​ភាព​មិន​ប្រក្រតី​​​ ដែល​បាន​ប្ដឹង​​ទៅ​​កាន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​ចាប់​តាំ​ងពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចាប់​ផ្ដើម​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ​មក​ម៉េ្លះ។

សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ឡើង​​ដោយ​ដក​ស្រង់​ពី​​ច្បាប់​​ស្ដី​ពី​ការ​បោះឆ្នោត​​ជ្រើ​ស​តាំង​តំណាង​រាស្ត្រ​ ច្បាប់​ស្ដី​ពី​​អំណាច​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​និង​បទប្បញ្ញត្តិ​នានា​សម្រាប់​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ថា “ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អាច​សម្រេច​ឲ្យ​គណៈកម្មា​ធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បើក​កញ្ចប់​សុវត្ថិភាព​ ដើម្បី​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​”។

​តំណាង​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុមហ្វ្រែល) បាន​លើក​ឡើង​កាល​ពី​​ដើម​សប្ដាហ៍​នេះ​ថា មាន​តែ​ទម្រង់​១១០២​ដើម​ដែល​ត្រូវ​​បាន​រក្សា​ក្នុង​កញ្ចប់​សុវត្ថិភាព​ក​ប៉ុណ្ណោះ​​ ដែល​គួរ​ត្រូវ​ប្រើ​ ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ ខណៈ​ទម្រង់​នៃ​ឯកសារ​ផ្សេង​ៗ​ទៀត​គេ​​អាច​រុះរើ​​បាន​នោះ​ ប៉ុន្តែ​​មន្ត្រី​ គ.ជ.ប. បាន​បដិសេធ​​មិន​ព្រម​បើក​កញ្ចប់​​នេះ​ឡើយ​តាំង​ពី​ដំបូង​មក​​ម៉្លេះ​។

លោក​ អ៊ឹម​ សួស្ដី​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ឆ្លើយ​តប​​​​ចំពោះ​លិខិត​របស់​លោក​ សម រង្ស៊ី រួច​ហើយ​ ដើម្បី​ជំរាប​លោក​ថា កញ្ចប់​សុវត្ថិភាព​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិ​ភាព​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​ដោយ​ច្រាន​ចោល​នូវ​សំណើរបស់​លោក​ សម រង្ស៊ី ដែល​ស្នើ​ឲ្យ​រក្សា​​កញ្ចប់​ទាំង​នេះ​ឲ្យ​បាន​ល្អ​ថា “ខ្ញុំ​បាន​ប្រាប់​គាត់​ថា  យើង​​បាន​រៀប​ចំ​កញ្ចប់​ទាំង​​នេះ​​បាន​​យ៉ាង​ល្អ​ហើយ​ ហេតុ​ដូច្នេះ​​មិន​ចាំ​បាច់​​ផ្លាស់​ទី​កញ្ចប់​ទាំង​​នេះ​នោះ​ឡើយ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “កញ្ចប់​ទាំង​​នេះ​ ឥឡូវ​នេះ​​ស្ថិត​​នៅ​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​បំផុត​ក្នុង​ទី​ស្នាក់​ការ​របស់​យើង​​ កញ្ចប់​ទាំង​នេះ​វា​ធ្ងន់​ណាស់ ហើយ​យើង​មាន​​លេខ​​កូត​ ដើម្បី​ចាក់​​សោរ​​កញ្ចប់​​ទាំង​នេះ​ហើយ​”។

លោក​ ហង្ស ពុទ្ធា នាយក​គណៈ​កម្មាធិ​ការ​អព្យាក្រិត​ និងយុត្តិធម៌​​ ដើម្បី​ការ​បោះ​ឆ្នោត​​ដោយ​សេរី​​​និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពីម្សិល​មិញ​ថា សំណើ​របស់​លោក​ សម រង្ស៊ី​ នេះ​ គឺ​វា​សម​ហេតុ​សមផល​ ព្រោះ​ធ្លាប់​មាន​​ការ​ចោទ​ប្រកាន់​​​ពី​បទ​​​រុះរើ​​​ឯក​សារ​​នៅ​ក្នុង​​កញ្ចប់​សុវត្ថិ​ភាព​ក​ដែល​បិទ​ជិត​​រួម​មក​ហើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា វា​មាន​សារៈ​​​សំខាន់​ណាស់​ដែល​ត្រូវ​រក្សា [ឯកសារ​នៃ​ការ​បោះឆ្នោត​] នៅ​កន្លែង​មាន​សុវត្ថិភាព​ខ្ពស់​ ពីព្រោះ​ប្រសិន​​បើ​នរណា​ម្នាក់​​បំផ្លាញ​ឯកសារ​​ទាំង​នេះ​ យើង​​នឹង​មិ​ន​មាន​​ភ័ស្ដុ​តាង​ណា​មួយ​បញ្ជាក់​ពី​ការ​បោះឆ្នោត​​ឡើយ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស