មន្ត្រីនគរបាលម្នាក់បានឲ្យដឹងកាលពីម្សិលមិញថារថយន្តចំនួន២២គ្រឿងក្នុងចំណោមរថយន្តទាំងអស់ជាង២០០គ្រឿងដែលត្រូវបានគេលួចហើយលក់ឲ្យហាងបញ្ចាំមួយជាផ្នែកនៃគម្រោងឆបោករបស់ក្រុមហ៊ុនទេសចរណ៍ក្លែងក្លាយមួយ ត្រូវបានរកឃើញនៅក្នុងស្រុកល្វាឯម ខេត្តកណ្ដាល។
ជនរងគ្រោះមួយចំនួនបានឲ្យដឹងថា ខ្លួនត្រូវបុរសម្នាក់និងស្រ្តីម្នាក់ដែលអះអាងថា ជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍មួយ មកទាក់ទង ហើយសួរ ថាតើអាចឲ្យពួកគេយករថយន្តទៅជួលឲ្យភ្ញៀវទេសចរណ៍ក្នុងរយៈពេលជាក់លាក់មួយដែរឬទេ។ ជនរងគ្រោះទាំងនោះបានឲ្យដឹងថា ខ្លួនបានចុះកិច្ចសន្យាជាមួយប្ដីប្រពន្ធទាំងពីរនាក់នោះ ប៉ុន្តែគេជឿថា រថយន្តទាំង២១០គ្រឿងនោះត្រូវបានលក់ឲ្យហាងបញ្ចាំ លី ហួរ នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នគរបាលស្រុកល្វាឯម បានរកឃើញរថយន្តចំនួន១៦គ្រឿងក្នុងចំណោមរថយន្តទាំងអស់នោះកាលពីយប់ថ្ងៃពុធ។ លោក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានមានប្រសាសន៍ថា “យើងបានរកឃើញរថយន្តចំនួនប្រាំមួយគ្រឿងទៀត [កាលពីថ្ងៃ ព្រហស្បតិ៍] ហើយយើងបានបញ្ជូនរថយន្តទាំងនោះទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញរួចទៅហើយ”។
លោក ជា ធុល អធិការរងនគរបាលស្រុកបានឲ្យដឹងថា រថយន្តទាំងនោះត្រូវបានរកឃើញនៅក្នុងដីឡូដ៍ឯកជនមួយកន្លែង។ លោកបានមានប្រសាសន៍ថា “យើងស៊ើបដឹងថា ក្រុមហ៊ុនមួយបានបញ្ជូនរថយន្តទាំងនោះទៅដីឡូដ៍ហ្នឹង” ដោយបន្ថែមថា រថយន្តទាំង១៨គ្រឿងដែលបានឆ្លងកាត់ការត្រួតពិនិត្យដោយមានឯកសារចុះបញ្ជីត្រឹមត្រូវ ត្រូវបានបញ្ជូនទៅរាជធានីភ្នំពេញហើយ។ ប្ដីប្រពន្ធពីរនាក់ ឈ្មោះ យូ សុឃុន និង កែវ ស្រីនិត កំពុងរត់គេចខ្លួននៅឡើយ៕
ប្រែសម្រួលដោយ ឃិន ណៃ