29 C
Phnom Penh

សន្តិភាពគឺជាអាទិភាពក្នុង​ការ​ជួបជុំ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា នឹង​មាន​​​មនុស្ស​​​យ៉ាងតិច​​​​១០.០០០នាក់​ ​ចូលរួម​ក្នុង​​​ពិធី​​​​ជួប​​ជុំ​​គ្នា​​​​​​នៅ​ថ្ងៃ​ច័ន្ទ​​​ ក្នុង​រាជធានី​ភ្នំពេញ​នោះ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​​មួយ​​​រូប​​​បាន​បញ្ជាក់​​​​​កាលពី​ម្សិលមិញ​ថា ការ​ប៉ុន​ប៉ង​​​​ធ្វើ​​​ឲ្យ​​​ខូច​​​​សន្តិភាព​​​​គឺ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ​។

​ឧត្តម​សេនីយ៍​ត្រី​​​ ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​​រាជ​អាវុធ​ហត្ថ​ បាន​ឲ្យ​​​ដឹង​​​​ថា កង​កម្លាំង​នឹង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​​​ប្រជា​ធិបតេយ្យ​​​​នៅ​ថ្ងៃច័ន្ទ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​​អំឡុង​ពិធី​​​​ជួប​ជុំ​គ្នា​​នោះ​ និង​​ដើម្បី​​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​ក្នុង​​​ករណី​​​មាន​​អ្វី​​កើត​ឡើង​​​​មិន​អាច​គ្រប់​គ្រង​បាន។

លោក​​បន្ត​ថា “យើង​​អាច​​​​នឹង​​​​ផ្តោត​ការ​​​យក​ចិត្ត​ទុកដាក់ជាពិសេស​​​នៅ​​​​ទីលាន​​​ប្រជា​ធិបតេយ្យ​​​នៅ​ថ្ងៃច័ន្ទ តាមរយៈ​​​ការ​​​ដាក់​ពង្រា​យ​កម្លាំង​នៅ​ជិត​ទីលាន​​​ប្រជា​​​ធិប​តេយ្យ​​​​​។ យើង​​មាន​កម្លាំង​របស់​យើង​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់​​ដើម្បី​រក្សា​​​​សណ្ដាប់​ធ្នាប់​ និង​សន្តិសុខ​សាធារណៈ​ ហើយ​នៅ​ពេល​មាន​​​​អំពើ​ហិង្សា​កើត​ឡើង ​យើង​នឹង​ធ្វើ​​​ការ​​​បង្ក្រាប​​​​ភ្លាម​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​ធានី​ភ្នំពេញ​ បានឲ្យ​​​ដឹង​​​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​ជូន​​​ដំណឹង​​​មក​​​​សាលា​ធានី​ភ្នំ​ពេញ​ថា ពិធី​​​ជួប​ជុំ​​ដែល​​​បាន​​​គ្រោងទុក​​​នេះ នឹង​​​​មាន​ប្រជា​​​ពលរដ្ឋ​​​​ចូលរួម​​​​ចំនួន​១០.០០០នាក់​។ លោក​បាន​បន្ថែម​ថា​​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជ​ធានី​​ បាន​អញ្ជើញ​ថ្នាក់​​​​ដឹក​នាំ​គណ​បក្ស​នេះ​ឲ្យ​មក​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​មួយ​​​នៅ​ព្រឹក​​នេះ​ដើម្បី​ពិភាក្សា​​​​អំពី​ពិធី​​​ជួប​ជុំ​គ្នា​​។​

លោក ប៉ា​ សុជាតិវង្ស​​ បាន​​​បញ្ជាក់​​​​​​ថា ដរាប​​​​​​ណា​​​ពិធី​​​ជួបជុំ​គ្នា​នេះ​​​បាន​​​ទទួល​​​ការ​​​​​អនុញ្ញាត​ត្រឹមត្រូវ​​​តាម​​​​ច្បាប់​នោះ ​សាលា​រាជធានីភ្នំ​ពេញ​នឹង​​​​អនុញ្ញាត​ឲ្យ​ពិធី​​​នេះ​​ប្រ​ព្រឹត្តិ​ទៅ​​​​តាម​​​គម្រោង​​​​​​។ លោកមាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួក​​​គេ​មាន​ការ​​​អនុញ្ញាត​​ត្រឹមត្រូវ​​​​តាម​ច្បាប់​នោះ​​​​ យើង​មាន​តួនាទី​​​​​សម្រប​សម្រួល​ឲ្យ​ពួក​​​គេ​”។

លោក​ យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឲ្យ​​​ដឹង​​​ថា គណបក្ស​សង្គ្រោះ​​​​ជាតិ​​​​នឹង​​​ដាក់​ពង្រាយ​សន្តិសុខ​ស្ម័គ្រ​ចិត្ត​របស់​ខ្លួន​​​ឯង​​​ផ្ទាល់​​​​ដើម្បី​ជួយ​សម្រួល​​​ចរ​រាចរ​ណ៍​​និង​ជួយ​រៀប​ចំ​ចំណត​រថ​យន្ត​​សម្រាប់​ពិធី​​​​ជួប​ជុំ​គ្នា​​​​​នេះ​​​ ប៉ុន្តែ លោក​បាន​អះអាង​​​ថា លោក​ពុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​​​​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​​​​ប្រើ​​​អំពើ​​​​ហិង្សា​ ឬ​ប្រព្រឹត្ត​​​​ខុស​ច្បាប់​អំឡុង​ពិធី​​​ជួប​ជុំ​គ្នា​នេះ​​​​ឡើយ​​។

លោក​​បាន​​​​មាន​ប្រ​សាសន៍​​ថា “ពួកគេ​[អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​] គឺ​​​ជា​និស្សិត​​​​ពួក​​​គេ​សុទ្ធតែ​​​​​ជា​អ្នក​ចេះ​ដឹង​ ពួកគេ​ដឹង​ថា ត្រូវ​ធ្វើ​​​​ខ្លួន​​​យ៉ាង​ណា​ហើយ។​ ពួកគេ​សុទ្ធតែ​​​ជា​​​អ្នក​​​​​​មក​ពី​ក្រុម​ហ៊ុន​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​​​​​​ក៏​​​មាន​​​អ្នក​​​មកពី​​​​ស្ថាប័ន​​​រដ្ឋ​​​ផងដែរ។ ពួកគេ​មាន​វិន័យ​ល្អ​ណាស់​”។​ លោក​​ សុវណ្ណ​​​ បាន​​​​​បន្ត​​​​​​​​ ថា “ប្រសិន​បើ​មាន​​​​រឿង​អ្វី​​កើត​ឡើង​​​ ​វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ​”។

នៅក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ចុះ​ថ្ងៃ​ទី​៨ ខែ​សីហា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​​​​​​ផ្ទៃ​ បាន​ព្រមាន​ថា ប្រសិន​​​បើ​​​ការ​ធ្វើ​បាតុកម្ម​ន​យោ​បាយ​​ប្រែក្លាយ​ជា​ហិង្សា​នោះ​​​​ មេ​ដឹក​នាំ​​​​ក្រុមបាតុករ​​​នឹង​​​​​ត្រូវ​​​​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

លោក យឹម សុវណ្ណ បាន​​​លើកឡើង​​​ថា បុគ្គល​​​​ណា​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់​អំឡុង​ពិធី​​​​ជួប​ជុំ​គ្នា​នេះ​មិនត្រូវ​​​យក​​​ទៅ​​​​ភ្ជាប់​​ជាមួយ​​​​គណ​​​បក្ស​សង្គ្រោះ​ជាតិ​ទេ​​។
លោកបាន​​​បញ្ជាក់​​​​ថា “អ្នកណា​ដែល​​​ចង់​ធ្វើ​អ្វី​មួយ​ផ្ទុយ​​​នឹង​ច្បាប់​​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​។ យើង​មិន​មែន​ជា​ជន​ពាល​ទេ​។ យើង​គឺ​ជា​អ្នក​ដឹក​នាំ​គណបក្ស​នយោ​​​បាយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាង​៣លាន​នាក់​បោះ​ឆ្នោត​ជ្រើស​រើស​ឲ្យ​ធ្វើ​​​ជា​​​តំណាង​​​​របស់​​​ពួកគាត់​នៅ​ទូទាំង​ប្រទេស​”៕

(រាយការណ៍​បន្ថែម​ដោយ Colin Meyn)
ប្រែសម្រួលដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស