31 C
Phnom Penh

សហ​​​ភាព​​​អឺរ៉ុប​​​សន្យា​​​ផ្តល់​​​ថវិកាបួនលានដុល្លារ​​​ដល់​​​សាលាក្តី​​​ខ្មែរ​​​ក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហ​​​ភាព​​​អឺរ៉ុប​​​បាន​​​សន្យា​​​​​​ផ្តល់​​​ថវិកា​​​ចំនួន​​​បួនលានដុល្លារ​​​សម្រាប់​​​ភាគី​​​អន្តរ​​​ជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម ដែល​​​កំពុងតែ​​​ជួប​​​ប្រទះ​​​បញ្ហា​​​ថវិកា​​ អំឡុង​​​ពេល​​​មាន​​​ការ​​​គំរាម​​​សា​​​ជា​​​ថ្មី​​​ពី​​​សំណាក់​​​បុគ្គលិកខាងភាគី​​​ជាតិ ​​​ដែល​​​មិន​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​ថា ខ្លួន​​​នឹង​​​ធ្វើ​​​កូដកម្ម​​​នៅ​​​ថ្ងៃ​​​ទី១ ខែ​​​កញ្ញា ប្រសិន​​​បើ​​​នៅ​​​តែ​​​មិន​​​បាន​​​ទទួល​​​ប្រាក់​​​ខែទៀត​​​។
ប្រតិភូ​​​សហភាព​​​អឺរ៉ុប​​​ប្រចាំ​​​នៅប្រទេស​​​កម្ពុជា​​​ បាន​​​ឲ្យ​​​ដឹង​​​តាម​​​រយៈ​​​សេចក្តី​​​ជូន​​​ដំណឹង​​​មួយ​​​ថា ថវិកា​​​ទាំងនេះ​​​គឺ​​​សម្រាប់បើក​​​ប្រាក់​​​ខែ​​ឲ្យ​​​ចៅ​​​ក្រម ព្រះរាជ​​​អាជ្ញា និង​​​បុគ្គលិក​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ខាង​​​ភាគី​​​អន្តរជាតិនៅអង្គ​​​ជំនំុ​​ជម្រះ​​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា។

លោក ហ្សង់ ហ្វ្រង់ស័រ កូតាំង (Jean Francois Cautain) ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​សហ​​​ភាព​​​អឺរ៉ុប​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ការ​​​រួម​​​ចំណែក​​​ថ្មី​​​ដល់​​​អង្គជំនុំ​​​ជម្រះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជានេះ​​​គឺ​​​ជា​​​ភ័ស្តុ​តាង​​​ថ្មី​​​បញ្ជាក់​​​​​​ពី​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​របស់​​​សហ​​​ភាព​​​អឺរ៉ុប​​​ក្នុង​​​ការ​​​ផ្តល់​​​យុត្តិ​​​ធម៌​​​សម្រាប់​​​ប្រជា​​​ជន​​​កម្ពុជា។ ការ​​​រួម​​​ចំណែក​​​នេះ​​​ធ្វើ​​​ឡើង​​​ចំ​​​ពេល​​​វេលា​​​ដ៏​​​សំខាន់​​​​​​សម្រាប់​​​ការ​​​ងារ​​​តុលា​​​ការ​​​​​​​​​ពេល​អង្គជំនុំ​​​ជម្រះ​​​រៀប​​​នឹង​​​បញ្ចប់​​​សវនាការ​​​ពិនិត្យ​​​ភ័ស្តុតាង​​​ក្នុង​​​សំណុំ​​​រឿង​​​០០២/០១ និង​​​ពេល​​​ការ​​​ស៊ើប​​​អង្កេត​​​​​​លើ​​​សំណុំ​​​រឿង​​​០០៣ និង​​​០០៤ កំពុង​​​ដំណើរ​​​ការ”។​​​​​​

លោក ក្រាញ់ តូនី ប្រធាន​​​ស្តី​​​ទី​​​នៃ​​​ការិយា​​​ល័យ​​​រដ្ឋ​​​បាល​​​របស់​​​សាលាក្តី​​​នេះ​​​ បាន​​​ឆ្លើយ​​​តប​​​ថា លោករីក​​​រាយ​​​ខ្លាំង​​​ណាស់​​​ចំពោះ​​​ការ​​​ផ្តល់​​​ជំនួយ​​​ហិរញ្ញ​​​វត្ថុ​​​នេះ​​​។
ប៉ុន្តែ លោក នេត ភក្ត្រា អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​​​​ក្តី​​​នេះ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ខាងភាគី​​​ជាតិ​​​​​​​​​​​​កំពុង​​​តែ​​​ពុះ​​​ពារ​​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​ខ្វះ​​​​​​ថវិកា​​​ចំនួនបី​​​លាន​​​​​​ដុល្លារ​​​​​​ ដែល​​​ធ្វើ​​​ឲ្យ​​​បុគ្គ​​​លិក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​សម្រាប់​​​ខែមិថុនា និង​​​ខែ​​​កក្កដា។

លោក នេត ភក្ត្រា បាន​​​ឲ្យ​​​ដឹង​​​តាម​​​រយៈ​​​អ៊ីម៉េល​​​ថា “បុគ្គ​​​លិក​​​ខាង​​​ភាគី​​​ជាតិនៅ​​​​​​សាលា​​​ក្តី​​​នេះ​​​ ពិសេស​​​​​​បុគ្គលិក​​​មក​​​ពី​​​ផ្នែក​​​​​​គ្រប់គ្រង​​​​​​តុលាការ​​​ និង​​​ផ្នែក​​​សេវា​​​​​​ទូទៅ រួម​​​ទាំង​​​​​​អង្គភាព​​​បក​​​ប្រែ​​​ សរុប​​​ទាំង​​​អស់​​​ប្រហែល​​​១០០​​​នាក់​​​នោះ​​​ កំពុង​​​មាន​​​គម្រោង​​​ធ្វើ​​​កូដ​​​កម្ម​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​កញ្ញា ទៅ”៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស