កាលពីថ្ងៃសុក្រ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចុះទៅសួរសុខទុក្ខអាជីវករលក់ដូរនៅតាមផ្សារទួលទំពូង និងផ្សារអូឡាំពិក ក្នុងរាជធានីភ្នំពេញ ហើយបានអំពាវនាវឲ្យអ្នកបោះឆ្នោតដែលខកចិត្តដោយសារលទ្ធផលបឋមនៃការបោះឆ្នោតបានផ្តល់ជ័យជម្នះទៅឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមការជួបជុំគ្នាដែលគ្រោងនឹងធ្វើឡើងនៅសួនសេរីភាពនៅថ្ងៃច័ន្ទ។

នៅពេលលោកចុះតាមផ្សារទាំងពីរនេះលោក សម រង្ស៊ី បានឱប និងចាប់ដៃអ្នកគាំទ្រ របស់លោក ខណៈមនុស្សជាច្រើនជូនផ្កាទៅលោក រីឯមនុស្សជាច្រើនទៀតប្រជ្រៀត គ្នាដើម្បីថតរូប និងរូបភាពវីដេអូមេដឹកនាំ រូបនេះ។ លោក សម រង្ស៊ី ដែលបានដើរជុំវិញផ្សារពោរពេញទៅដោយមនុស្សយ៉ាងច្រើនកុះករដោយគ្មានការរារាំងពីនគរបាល ឬសន្តិសុខណាម្នាក់បានមានប្រសាសន៍ថា “ខ្ញុំ សប្បាយរីករាយ និងរំភើបខ្លាំងណាស់ដែលបានជួបជាមួយបងប្អូនអាជីវករលក់ដូរទាំងអស់នៅថ្ងៃនេះ ពីព្រោះអ្នកទាំងអស់គ្នាមានទំនាក់ទំនងជាពិសេសជាមួយខ្ញុំ យើងដូចជាប្អូនបង្កើតអ៊ីចឹង”។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯផ្សារទួលទំពូងដែលលោកចុះទៅសួរសុខទុក្ខអំឡុងពេលព្រឹក លោក សម រង្ស៊ី បានលើកឡើងម្តងទៀតពីគោលជំហរបស់គណបក្សលោកថា សមាជិកសភារបស់គណបក្សសង្គ្រោះជាតិនឹងមិនចូលទៅអង្គុយនៅក្នុងរដ្ឋសភាឡើយ រហូតដល់ភាពជាប់គាំងចំពោះការចោទប្រកាន់ពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី ២៨ ខែកក្កដាត្រូវបានដោះស្រាយ។
លោកបានថ្លែងថា “នៅពេលយើងទទួលបានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ ហើយទទួលបានការទុកចិត្តពីប្រជាពលរដ្ឋដោយមិនអនុញ្ញាតឲ្យ [គណបក្សប្រជាជនកម្ពុជា] លួចបន្លំសន្លឹកឆ្នោត និងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតដែលមានការទទួលស្គាល់ពីប្រជាពលរដ្ឋ នៅពេលនោះយើងនឹងចូលរួមកិច្ចប្រជុំនៅក្នុងរដ្ឋសភា”។
លោក សម រង្ស៊ី ក៏បានប្រាប់ទៅកាន់អាជីវករលក់ដូរដែរថា លោកសង្ឃឹមថា ប្រជាពលរដ្ឋនឹងគាំទ្រគោលបំណងរបស់គណបក្សលោកដែលចង់ធ្វើឲ្យការបោះឆ្នោតមានតម្លាភាពដោយចូលរួមការជួបជុំគ្នានៅសួនសេរីភាពក្នុងរាជធានីភ្នំពេញក្នុងថ្ងៃច័ន្ទ ទោះជាយ៉ាងណា លោកបានមានប្រសាសន៍បន្តទៀតថា ព្រឹត្តិការណ៍នេះមិនគួរត្រូវបានចាត់ទុកជា បាតុកម្មប្រឆាំងលទ្ធផលការបោះឆ្នោតឡើយ ប៉ុន្តែ វាគឺជាឱកាសដើម្បីជំរាបជូនអ្នកគាំទ្រទាំងអស់ឲ្យដឹងពីស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា។
លោកបានថ្លែងថា “ខ្ញុំសង្ឃឹមថា មនុស្សជាច្រើននឹងចូលរួមក្នុងការជួបជុំគ្នានេះ ប៉ុន្តែ ការជួបជំុនេះមិនមែនជាបាតុកម្មឡើយ”។
នៅពេលគណបក្សសង្គ្រោះជាតិរំពឹងថា នឹងមានមនុស្សយ៉ាងតិចណាស់ ១០.០០០នាក់មកចូលរួមការជួបជុំនេះ អាជ្ញាធរបានចាត់វិធានការប្រឆាំងដើម្បីបន្លាចប្រជាពលរដ្ឋមិនឲ្យចូលរួមដូចជា មានការដាក់ពង្រាយកងសន្តិសុខ និងការប្រើពាក្យគំរាមដើម្បីបំភិតបំភ័យអ្នកគាំទ្រកុំឲ្យចូលរួមការជួបជុំនេះជាដើម។
អាជ្ញាធរក៏បានយកញត្តិទៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញផងដែរ ដើម្បីស្នើឲ្យប្រជាពលគាំទ្រលទ្ធផលបឋមនៃការបោះឆ្នោតដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោត និងស្នើឲ្យប្រជាពលរដ្ឋសន្យាមិនចូលរួមរាល់បាតុកម្មណាមួយដែលនឹងធ្វើឡើងដោយគណបក្សប្រឆាំង។
អាជីវករលក់ដូរ អ្នករត់ម៉ូតូឌុប និងអ្នកធាក់ស៊ីក្លូ ជុំវិញផ្សារអូប្ញស្សីបានឲ្យដឹងថា បុគ្គលិកផ្សារបានដើរប្រមូលស្នាមផ្តិតមេដៃកាលពីថ្ងៃច័ន្ទ និងបានបំភិតបំភ័យប្រជាពលរដ្ឋឲ្យផ្តិតមេដៃ រីឯអង្គការក្រៅរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋក្នុងសង្កាត់ជាច្រើនផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញក៏មានការរអ៊ូរទាំពីបញ្ហាស្រដៀងគ្នានេះដែរ។
ប៉ុន្តែ កាលពីម្សិលមិញ អាជីវករលក់ដូរនៅផ្សារអូឡាំពិក និងផ្សារទូលទំពូងមិនបានបង្ហាញពីអារម្មណ៍ភ័យខ្លាចដូចនោះឡើយ ហើយបានបង្ហាញពីសុទិដ្ឋិនិយមថា លោក សម រង្ស៊ី និងគណបក្សរបស់លោកនឹងអាចជួយបញ្ចប់ភាពជាប់គាំងផ្នែកនយោបាយក្នុងពេលបច្ចុប្បន្ន។
អាជីវករម្នាក់អាយុ៥៦ឆ្នាំ ដែលប្រាប់ឈ្មោះត្រឹមតែថា ជាអ្នកស្រី ឡុង ព្រោះខ្លាចមានការសងសឹកបានមានប្រសាសន៍ថា “ខ្ញុំគាំទ្រលោក សម រង្ស៊ី ហើយលោកបានមកផ្សារនេះ គឺដើម្បីសួរសុខទុក្ខយើង”។ អ្នកស្រីបានមានប្រសាសន៍បន្ថែមថា “ប្រជាពលរដ្ឋជឿជាក់ថា គណបក្សសង្គ្រោះជាតិបានឈ្នះការបោះឆ្នោតនេះ ប៉ុន្តែ យើងមិនដឹងថា ហេតុអ្វីបានជាមានការប្រែប្រួលដូចនេះឡើយ”។
អាជីវករលក់សាច់ជ្រូកអាយុ២៨ឆ្នាំម្នាក់នៅផ្សារទួលទំពូងដែលបដិសេធមិនប្រាប់ឈ្មោះរបស់គាត់បាននិយាយថា គាត់សង្ឃឹមថា លោក សម រង្ស៊ី អាចនឹងក្លាយជានាយករដ្ឋមន្ត្រី ពីព្រោះលោកនឹងធ្វើឲ្យការរកស៊ីរបស់គាត់កាន់តែមានភាពរីកចម្រើន។ អាជីវកររូបនេះ បាននិយាយបន្តទៀតថា “ខ្ញុំគិតថា លោកគឺជាមេដឹកនាំល្អបំផុតសម្រាប់ប្រទេសកម្ពុជា ហើយខ្ញុំសង្ឃឹមថា លោកនឹងជួយអាជីវករលក់ដូររបស់យើងឲ្យលក់កាន់តែដាច់ជាងមុន”។
កាលពីថ្ងៃសុក្រ មន្ត្រីគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាជាមួយលោក ប៉ា សុជាតិរង្ស អភិបាលរាជធានីភ្នំពេញដើម្បីពិភាក្សាពីការរៀបចំសន្តិសុខចុងក្រោយសម្រាប់ការជួបជំុនៅថ្ងៃច័ន្ទ ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោង៤រសៀល។ បន្ទាប់ពីការជួបពិភាក្សាលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា លោកបានបញ្ជូនសំណើរបស់គណបក្សប្រឆាំងទៅកាន់ក្រសួងមហាផ្ទៃដោយបានកំណត់ថា ការជួបជុំនេះត្រូវបញ្ចប់នៅម៉ោង៦ល្ងាចយ៉ាងយូរ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងថា លោកបានទទួលសំណើរបស់គណបក្សប្រឆាំងហើយ ហើយបានបន្ថែមច្បាប់មួយចំនួនទៀតមុនការជួបជុំនេះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងឯកភាពគ្នាលើ៣ចំណុច៖ ការជួបជុំត្រូវតែបញ្ចប់យ៉ាងយូរបំផុតនៅម៉ោង៦ល្ងាច យើងនឹងអនុញ្ញាតឲ្យមានតែមនុស្សចំនួន៦.០០០នាក់ប៉ុណ្ណោះចូលរួម ហើយប្រជាពលរដ្ឋមកពីបណ្តាខេត្តនានាមិនអនុញ្ញាតឲ្យចូលរួមឡើយ”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានថ្លែងដោយបដិសេធមិននិយាយថា តើវិធានការណ៍អ្វីនឹងត្រូវយកមកប្រើប្រសិនបើមានមនុស្សច្រើនជាង៦.០០០នាក់មកចូលរួមការជួបជុំនៅថ្ងៃច័ន្ទថា “ យើងមិនអនុញ្ញាតឲ្យពួកគេដើរក្បួនតាមផ្លូវឡើយ ហើយគណបក្សសង្គ្រោះជាតិត្រូវតែមានកងសន្តិសុខផ្ទាល់ខ្លួនដើម្បីគ្រប់គ្រងអ្នកមកចូលរួម ហើយត្រូវចូលរួមសហការជាមួយកងកម្លាំងរបស់យើងនៅខាងក្រៅ”។
លោកស្រី មូរ សុខហួរ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិបានលើកឡើងថា វាជារឿងលំបាកណាស់ដែលហាមឃាត់មិនឲ្យប្រជាពលរដ្ឋមកចូលរួមការជួបជុំគ្នានេះ។ លោកស្រីមានប្រសាសន៍ថា “ប្រសិនបើប្រជាពលរដ្ឋចេះតែមក មក អ៊ីចឹង តើយើងបញ្ឈប់ពួកគាត់យ៉ាងដូចម្តេច? ហើយខ្ញុំដឹងថា ប្រជាពលរដ្ឋជាច្រើននឹងមកចូលរួម”។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យរបស់កងរាជអាវុធលើផ្ទៃប្រទេសបានមានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា រាល់ការប៉ុនប៉ងណាមួយដើម្បីបង្កចលាចលនៅកន្លែងជួបជុំនឹងគ្មានការលើកលែងឡើយ ហើយកងកម្លាំងសន្តិសុខបានត្រៀមរួចរាល់ហើយដើម្បីបង្ក្រាបអំពើហិង្សា៕
ប្រែសម្រួលដោយ ឈ៊ា ស៊ុយឈាង