កាលពីម្សិលមិញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបើកជាសាធារណៈនូវឯកសារបោះឆ្នោតផ្លូវការមកពីខេត្តក្រចេះ បន្ទាប់ពីទទួលបានបទបញ្ជាឲ្យស៊ើបអង្កេតលើការចោទប្រកាន់ពីការលួចបន្លំសន្លឹកឆ្នោត ប៉ុន្តែ ភ័ស្តុតាងជាច្រើនមិនត្រូវបានបិទឲ្យមានសុវត្ថិភាពទេ និងបានលើកឡើងពីក្តីបារម្ភថា ឯកសារទាំងនោះត្រូវបានគេលួចកែប្រែ។

បន្ទាប់ពីទទួលបានបទបញ្ជាពីក្រុមប្រឹក្សាធម្មនុញ្ញឲ្យបើកកញ្ចប់សុវត្ថិភាពចំនួន១៣នោះ គេបានរកឃើញថា កញ្ចប់ចំនួន៥ត្រូវបានបិទមិនត្រឹមត្រូវក្នុងកញ្ចប់សុវត្ថិភាព “ក” ។ ដោយកញ្ចប់ចំនួន៥មកពីឃុំស្វាយជ្រះខេត្តក្រចេះបិទមិនត្រឹមត្រូវនោះ កញ្ចប់ទាំង១៣មានលទ្ធផលបោះឆ្នោតខុសពីតួលេខ ដែលត្រូវបានចែកឲ្យគណបក្សនយោបាយ និងមន្ត្រី គ.ជ.ប. នៅឃុំនោះ ព្រមទាំងមន្ត្រី គ.ជ.ប. ខេត្ត។
គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការបោះឆ្នោតដែលសុទ្ធតែចោទ គ.ជ.ប. ថា ខ្វះឯករាជ្យភាព និងធ្វើការឲ្យគណបក្សប្រជាជនកម្ពុជានោះ បានរិះគន់ខ្លាំងៗចំពោះការដែល គ.ជ.ប. ប្រើប្រាស់ឯកសារបិទមិនត្រឹមត្រូវនៅក្នុងការស៊ើបអង្កេតរបស់ខ្លួនលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា “នេះជាបញ្ហាធ្ងន់ធ្ងរមួយ ជាបញ្ហាធំមួយដែលបង្ហាញថា ការបោះឆ្នោតនេះមិនសេរី និងយុត្តិធម៌”។ លោកបានបន្ថែមថា “នេះគ្រាន់តែជាចំណុចមួយប៉ុណ្ណោះ ហើយមានអ្នកបោះឆ្នោត១,៣លាននាក់ ដែលបានបាត់ឈ្មោះពីបញ្ជីឈ្មោះបោះឆ្នោត រួមជាមួយនឹងភាពមិនប្រក្រតីផ្សេងៗទៀត”។
លោកស្រី គង់ រ៉ាវីន ប្រធានអ្នកសង្កេតការណ៍របស់គណៈកម្មាធិការខុមហ្វ្រែល បានមានប្រសាសន៍ថា ការយកឯកសារបោះឆ្នោតមិនបានបិទត្រឹមត្រូវមកពិនិត្យ ដោយឯកសារខ្លះនៅចំហធ្លុង ហើយឯកសារផ្សេងៗទៀតបិទមិនជិត ដោយគ្រាន់តែប្រើខ្សែមួយសរសៃនោះ បង្ហាញថា គ.ជ.ប. អាចកែប្រែឯកសារទាំងនោះនៅមុនព្រឹត្តិការណ៍កាលពីម្សិលមិញ។
លោកស្រីបានមានប្រសាសន៍ថា “ប្រសិនបើកញ្ចប់សុវត្ថិភាព “ក” បិទមិនត្រឹមត្រូវទេ វាមានន័យថា គេអាចកែប្រែឯកសារនៅក្នុងនោះបាន។ កញ្ចប់សុវត្ថិភាព “ក” គួរតែរក្សាទុកនៅក្នុងកន្លែងសុវត្ថិភាព និងបិទឲ្យបានត្រឹមត្រូវផងដែរ។ យើងសង្ឃឹមថា ផ្អែកតាមព្រឹកនេះ ក្រុមប្រឹក្សាធម្មនុញ្ញគួរតែពិចារណា ពី [ការស៊ើបអង្កេតបន្ថែមទៀតលើ] កញ្ចប់សុវត្ថិភាពទាំងនេះ”។
លោក កែវ ភីរម្យ សមាជិកសភាជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិមណ្ឌលក្រចេះដែលបានចូលរួមព្រឹត្តិការណ៍ជាសាធារណៈកាលពីម្សិលមិញនេះ បានមានប្រសាសន៍ថា ឯកសារចំហទាំងនេះ បង្ហាញថា គ.ជ.ប. លួចបន្លំលទ្ធផល។ លោកមានប្រសាសន៍ថា “ការពិត ដែលកញ្ចប់សុវត្ថិភាពមួយចំនួនមិនបិទនោះ មានន័យថា គ.ជ.ប. បានបន្លំឯកសារទាំងនោះជាលក្ខណៈប្រព័ន្ធដើម្បីផ្លាស់ប្តូរតួលេខ”។
អ្នកសង្កេតការណ៍បោះឆ្នោតនិយាយថា ព័ត៌មានចេញពីកញ្ចប់សុវត្ថិភាពមកពីការិយាល័យបោះឆ្នោតចំនួន១៣ ទោះបីមិនតំណាងឲ្យការិយាល័យបោះឆ្នោតទាំង១៩.០០៩នៅទូទាំងប្រទេសក៏ដោយ ក៏គួរល្មមធ្វើឲ្យក្រុមប្រឹក្សាធម្មនុញ្ញជឿថា ត្រូវមានការស៊ើបអង្កេតហ្មត់ចត់ទៀតលើភាពមិនប្រក្រតី មុនពេលធ្វើសេចក្តីសម្រេចជាចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតដែលមានការតវ៉ានេះ។
នៅថ្ងៃបោះឆ្នោត ទម្រង់១១០២ និង១១០៨ ជាទម្រង់ដើមសម្រាប់កត់ត្រាចំនួនសន្លឹកឆ្នោតដែលត្រូវបានបូកសរុបនៅតាមការិយាល័យបោះឆ្នោតនោះ មានការចុះហត្ថលេខាពីអ្នកសង្កេតការណ៍ និងគណបក្សនយោបាយ ហើយដាក់ចូលទៅក្នុងកញ្ចប់សុវត្ថិភាព “ក” បិទជិត ជាកញ្ចប់ប្លាស្ទិកសម្រាប់ដាក់ច្បាប់ដើមនៃទម្រង់នានាសម្រាប់ប្រើប្រាស់ពេលបោះឆ្នោត ដើម្បីធានាថា គេមិនអាចបន្លំបាន។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការខុមហ្វ្រែលបានមានប្រសាសន៍ថា ខណៈដែលមានភាពខុសគ្នាចំពោះតួលេខដែលបានកត់ត្រានៅតាមថ្នាក់ខុសៗគ្នារបស់ គ.ជ.ប. មិនផ្តល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា ឬគណបក្សសង្គ្រោះជាតិនោះ គួរតែមានការស៊ើបអង្កេតឲ្យបានទូលំទូលាយជាងនេះលើភាពត្រឹមត្រូវនៃទិន្នន័យបោះឆ្នោត។
លោកបានមានប្រសាសន៍ថា “គេត្រូវបើកកញ្ចប់សុវត្ថិភាពមកពីការិយាល័យបោះឆ្នោតចំនួន២.០០០ ដើម្បីយកធ្វើជាគំរូសម្រាប់ត្រួតពិនិត្យ។ តាមរយៈការធ្វើដូច្នេះយើងអាចផ្ទៀងផ្ទាត់ទំហំនៃបញ្ហាទាំងនោះបាន មិនថា វាផ្តល់ផលប្រយោជន៍ដល់ក្រុមណាមួយ ឬគណបក្សណាមួយ និងមិនថា វាមានឥទ្ធិពលដល់លទ្ធផលបោះឆ្នោតឬយ៉ាងណានោះទេ”។
កាលពីថ្ងៃពុធលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយជូនលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប. ស្នើសុំឲ្យរក្សាកញ្ចប់សុវត្ថិភាពនៅកន្លែងមានសុវត្ថិភាព ដើម្បីធានាថា កញ្ចប់ទាំងនោះអាចប្រើប្រាស់បាននៅក្នុងការស៊ើបអង្កេតនាពេលអនាគតលើការបោះឆ្នោតនេះ។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួននឹងមិនចូលសភា ឬផ្តល់សុពលភាពដល់រដ្ឋាភិបាលថ្មីទេ រហូតដល់មានការស៊ើបអង្កេតឲ្យបានច្បាស់លាស់លើភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះឲ្យបានរួចរាល់សិន។
នៅពេលសួរពីមូលហេតុដែលកញ្ចប់មួយចំនួនមិនត្រូវបានបិទនោះ លោក ញាន វិចិត្រ អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញមានប្រសាសន៍ថា វាគឺជាកំហុសរដ្ឋបាលធម្មតាប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “រដ្ឋបាលមូលដ្ឋានមិនបានបំពេញទម្រង់ទាំងនោះឲ្យបានគ្រប់គ្រាន់ទេ ប៉ុន្តែ លទ្ធផលមិនបង្ហាញពីការលម្អៀងណាមួយឡើយ”។
នៅឯសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាល គ.ជ.ប. កាលពីរសៀលម្សិលមិញ លោក ទេព នីថា អគ្គលេខាធិកា រគ.ជ.ប. មានប្រសាសន៍ថា កញ្ចប់សុវត្ថិភាពនៅខេត្តក្រចេះមិនត្រូវបាន គ.ជ.ប. បើក ឬលួចបន្លំនោះទេ ប៉ុន្តែ គ្រាន់តែត្រូវបានមន្ត្រី គ.ជ.ប. ថ្នាក់ក្រោមបិទមិនជិតតែប៉ុណ្ណោះ ហើយលោកបានមានប្រសាសន៍ថា មន្ត្រីជាច្រើនបានទទួលការបណ្តុះបណ្តាលតែមួយថ្ងៃប៉ុណ្ណោះ។
លោក ទេព នីថា បានមានប្រសាសន៍ថា “កញ្ចប់បើករួចមិនប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនេះទេ។ គ.ជ.ប. គ្មានសិទ្ធិធ្វើសេចក្តីសម្រេចលើរឿងនេះទេ។ មានតែក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានសិទ្ធិសម្រេចថា តើត្រូវស៊ើបអង្កេតឬអត់នោះ”។
លោកបានបន្ថែមថា “យើងទទួលស្គាល់ថា យើងមានកំហុស ប៉ុន្តែ មិនមែនជាកំហុសធំទេ។ ប្រធានការិយាល័យជាច្រើនមិនមានការបណ្តុះបណ្តាលគ្រប់គ្រាន់ និងមិនបានបិទកញ្ចប់នោះទេនៅពេលដែលពួកគេបញ្ជូនវាទៅឲ្យ គ.ជ.ប.”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កំហុសរបស់ គ.ជ.ប. គួរតែប្រើប្រាស់នៅក្នុងការបោះឆ្នោតនាពេលអនាគត ដើម្បីពង្រឹងដំណើរការបោះឆ្នោត។ លោកបានមានប្រសាសន៍ថា “អ្វីដែលយើងបានរកឃើញគឺជាឱកាសមួយដើម្បីកែលម្អសម្រាប់ពេលក្រោយ។ យើងនឹងកែលម្អទៅតាមបច្ចេកវិទ្យា ទៅតាមសមត្ថភាពរបស់ប្រទេស។ ការរកឃើញទាំងនេះគឺជាគំរូសម្រាប់កែលម្អនៅពេលបោះឆ្នោតអាណត្តិក្រោយ”។
លោក ញាន វិចិត្រ នៅក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ថា ដោយការស៊ើបអង្កេតរបស់ក្រុមប្រឹក្សានេះសម្រាប់ខេត្តក្រចេះបានចប់ហើយនោះ ឥឡូវនេះយើងនឹងផ្តោតការចាប់អារម្មណ៍ទៅលើពាក្យបណ្តឹងដែលនៅសេសសល់របស់គណបក្សប្រឆាំងវិញ។
លោក ញាន វិចិត្រ បានមានប្រសាសន៍ថា “ឥឡូវនេះមានពាក្យបណ្តឹងរបស់គណបក្សប្រឆាំងចំនួន១៥ គឺមានន័យថា យើងត្រូវស៊ើបអង្កេត១៥ខេត្ត។ យើងកំពុងត្រួតពិនិត្យពាក្យបណ្តឹងទាំងអស់ ហើយយើងនឹងបញ្ជូនវាទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់កោះប្រជុំប្រសិនបើមានសេចក្តីសម្រេចណាមួយនោះ”៕
(រាយការណ៍បន្ថែមដោយ Colin Meyn អ៊ាង ម៉េងឡេង)
ប្រែសម្រួលដោយ មូល គឹមហឿន