33 C
Phnom Penh

ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ឲ្យ​​​សាធារណជន​​​បាន​ឃើញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​​​សុក្រ​​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​បានប្រកាស​​​ថា ខ្លួន​​​បានសម្រេច​​​បើក​​​​​​កញ្ចប់​​​សុវត្ថិភាព​​​សរុបចំនួន​​​១៣​​​ ដែល​​​ផ្ទុ​​​ក​​ច្បាប់ដើម​​​នៃ​​​ឯក​​​សារ​​​បោះ​​​ឆ្នោត​​​សំខាន់ៗ​​​ ដើម្បី​​​ស៊ើប​អង្កេត​​​ពីភាព​​​មិន​​​ប្រក្រតី​​​នៅការិយាល័យ​​​បោះ​​​ឆ្នោត​នានា​​​ក្នុង​​​ខេត្ត​​​ក្រចេះ។​​​

លោក អ៊ុត​​​ ឈន​​​ អ្នក​​​នាំពាក្យ​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​ បានលើក​​​ឡើងថា ស្ថាប័ន​​​របស់​លោក​​​ ​នឹង​​​អញ្ជើញ​​​សាធារណជន​​​ឲ្យមក​​​ទីស្នាក់​​​ការ​​​កណ្តាល​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​ចំ​ការ​​​​​បោះ​​​ឆ្នោត​​ ​(គ.ជ.ប.) នៅថ្ងៃអាទិត្យ​ដើម្បី​​​​ធ្វើ ជា​សាក្សី​​​​ពេល​បើក​​​កញ្ចប់​សុវត្ថិភាព​នេះ។​​​

លោក អ៊ុត ឈន ​បាន​​​មាន​​​ប្រសាសន៍​​​ថា  “[កាលពីថ្ងៃ​​​សុក្រ​​​] ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​បាន​​​សម្រេចថា គ.ជ.ប. នឹង​​​បើក​​​កញ្ចប់​​​សុវត្ថិភាព​​​ចំនួន​​​១៣​​​ ដែលបាន​​​មកពី​​​ការិយា​​​ល័យ​​​បោះ​ឆ្នោត​​​នានា​​​នៅ​​​​​​ក្នុង​ឃុំ​​​ស្វាយ​​​ជ្រះ ស្រុក​​​ស្នួល​​​ដើម្បី​​ផ្ទៀង​​​ផ្ទាត់​​​លទ្ធផលនៃការ​​​បោះឆ្នោត។​​​លោកបានបន្ថែមថា ការបើកកញ្ចប់សុវត្ថិភាព​នេះ​​​នឹងត្រូវធ្វើឡើង​​​នៅម៉ោង​​​៨​​​ព្រឹក​​​។

ការ​សម្រេច​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ​បោះ​ឆ្នោត​នៅ​ក្នុង​កញ្ចប់​សុវតិ្ថភាព​ ដែល​នឹង​បង្ហាញ​ឯកសារបោះ​ឆ្នោត​​ដើម​ និង​ចំនួន​សន្លឹក​ឆ្នោត​សរុប​ បន្ទាប់​ពី​សន្លឹក​ឆ្នោត​ត្រូវ​បាន​រាប់​កាល​ពីថ្ងៃ​ទី ២៨​ខែ​កក្កដានោះ  ​គឺ​​ផ្តោត​សំខាន់​លើ​​ខេត្ត​ក្រចេះ​។

បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​មិន​ផ្លូវ​ការ​ត្រូវ​បាន​ប្រកាស​ភ្លាម​ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុម​ហ្វ្រែល​) បាន​លើក​ឡើង​ថា  តាម​ពិត​​​គណ​​បក្ស​សង្គ្រោះ​ជាតិ​​បាន​ឈ្នះមួយ​អាសនៈ​​​បន្ថែម​ទៀត​នៅក្នុង​ខេត្ត​នេះ​ ដែល​គួរ​តែ​ធ្វើ​ឲ្យ​គណបក្ស​នេះ​ទទួល​បាន​អាសនៈ​សរុប​ចំនួន​៥៦​នៅ​ក្នុង​រដ្ឋ​សភា​នោះ​។

លោក​ កែវ  ភិរម្យ​ បេក្ខជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ដែល​ជាប់​ឆ្នោត​របស់​គណ​បក្ស​សង្គ្រោះជាតិ​នៅមណ្ឌល​ខេត្ត​ក្រចេះ​បាន​កោត​សរសេើរ​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​ ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា គណ​បក្ស​របស់​លោក​ទាម​ទារ​ឲ្យ​បើកកញ្ចប់​សុវត្ថិ​ភាព​ ដែល​បាន​មក​ពី​ការិយាល័យ​ពីរ​បន្ថែម​ទៀត​នៅ​​​ក្នុង​ឃុំ​កំពង់​ដំរី និង​ឃុំដំរី​ផុង​ ក្នុង​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​។

លោក​ថ្លែង​ថា “ យើង​រីក​រាយ​នឹង​ការ​​សម្រេច​នេះ​ ប៉ុន្តែ យើង​នឹ​ងទាម​ទារ​ឲ្យ​មាន​ការ​បើក​កញ្ចប់​សុវត្ថិភាព​ដែល​បាន​មក​ពី​​ការិ​យាល័យ​បោះ​ឆ្នោត​ពីរ​ផ្សេង​ទៀត​ជា​កន្លែង​​​​ដែល​យើង​មាន​ការ​សង្ស័យ​ខ្លាំង​ចំពោះ​​​សន្លឹក​​ឆ្នោ​តមិន​បាន​ការ​ចំនួន​១០០​សន្លឹក​”។

កាល​ពីថ្ងៃ​អង្គារ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចាប់ផ្តើម​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​សម្រេច​របស់​ គ.ជ.ប. ដែល​បាន​ច្រាន​ចោល​បណ្តឹង​ទាំង​អស់​ដែល​ដាក់ជូន​ដោយ​គណ​បក្ស​ប្រឆាំង​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នានា​។ ហើយ​​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​លើក​ឡើង​ថា ខ្លួន​បាន​ដោះស្រាយ​បណ្តឹង​ចំនួន​២៤ករណី​ក្នុង​ចំណោម​បណ្តឹង​ចំនួន​៣៩​ករណី​រួច​ហើយ​។

ការសម្រេច​ភ្លាមៗ​របស់​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ចំណោម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ ខ្លាច​ក្រែង​បណ្តឹង​ទាំង​នេះ​មិន​ត្រូវបាន​ដោះ​ស្រាយដោយ​ម៉ត់​ចត់​ ប៉ុន្តែ លោក អ៊ុត​ ឈន កាល​ពីម្សិលមិញ​ បាន​ធានា​ថា បណ្តឹង​​នៅ​សល់​​ទាំង​១៥ករណី​ដែល​ជាប់​ពាក់​ព័ន្ធ​​ នឹង​​លទ្ធផល​បឋម​នៃការ​បោះ​ឆ្នោត​ នឹង​ត្រូវ​ដោះស្រាយ​ឲ្យបាន​ម៉ត់ចត់​ពីមួយ​ករណី​ទៅ​មួយ​ករណី​។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​នឹង​ធ្វើ​តាម​នីតិវិធី​ឲ្យ​បាន​ម៉ត់​ចត់​បំផុត​ពីព្រោះ​នេះ​មិន​មែន​ជាល្បែង​នោះទេ ជាពិសេស​នោះ​យើង​គឺជាស្ថាប័ន​ចុង​ក្រោយ​ដែល​នឹង​ត្រូវ​សម្រេច​បណ្តឹ​ងទាំង​នេះ​”។ លោក​បាន​បន្ថែ​មថា ក្រុមប្រឹក្សាធម្មនុញ្ញ​បច្ចុប្បន្នកំពុង​សំរាំង​យក​ករណីធំៗ​ដែល​នឹង​ត្រូវ​យក​ទៅ​បើក​សវការជាសាធារណៈ​។ លោក​បាន​មាន​​ប្រសាសន៍​បន្ថែមថា “រាល់​បណ្តឹង​នីមួយ​ៗ​នឹងត្រូវ​ស៊ើប​អង្កេត​ និង​ត្រួត​ពិនិត្យ​​ឡើង ​វិញ​ឲ្យ​បាន​​ម៉ត់​ចត់​បំផុត​ ដោយ​យោង​ទៅ​តាម​​នីតិវិធីក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​៕

ប្រែ​​​សម្រួល​​​ដោយ ឈ៊ា ស៊ុយ​ឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស