38.8 C
Phnom Penh

 លោក​ សម រង្ស៊ី អាច​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​រដ្ឋ​សភា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃ​សុក្រ​ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ លោក ឈាង​ វុន បាន​លើកឡើង​ថា ទ្វារ​នៅតែ​បើក​ចំហ​សម្រាប់​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដើម្បី​ក្លាយ​ជា​សមាជិក​សភា​ក្នុងនីតិកាល​ទី​៥​​ បើ​ទោះ​បី​ជា​អភ័យ​ឯក​សិទ្ធិ​សភា​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ប្រគល់​ឲ្យ​វិញ​ ហើយ​លោក​មិន​មែន​ជា​បេក្ខ​ជន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន​ក៏ដោយ​។

មាន​ប្រសាសន៍​ទៅកាន់​អ្នក​យក​ព័ត៌​មាន​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយនៅ​ឯរដ្ឋ​​សភា​លោក ឈាង វុន​ បាន​លើក​ឡើង​ថា លោក​ ​សម រង្ស៊ី អាច​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​សមា​ជិក​សភា​ បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​សមា​ជិក​សភា​​ចាប់ផ្តើមនៅខែ​តុលា​ ហើយបើសិន​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​រូប​ណា​ផ្សេង​យល់​ព្រម​លាលែង​ពី​មុខ​តំណែង​របស់​ខ្លួន​។

លោកបាន​មាន​​ប្រសាសន៍​ដោយ​សំដៅ​ដល់​មាត្រា​១៨​នៃ​ច្បាប់​​ស្តីពីការ​បោះ​ឆ្នោត​ជ្រើសតាំង​​តំណាង​រាស្ត្រ​ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្មថា “ពិតមែន​ហើយ[​ឯកឧត្តម​ សម រង្ស៊ី​ ]  អាច​ជាសមាជិកនៃ​រដ្ឋ​សភា​ក្នុង​នីតិកាលទី​៥​នេះ​ តាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​”។

លោក សម រង្ស៊ី មិន​មែនជា​បេក្ខ​ជន​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨​ ខែកក្កដា​នោះ​ទេ ​ពីព្រោះ​លោក​ជាពិរុទ្ធជន​ដែល​ត្រូវ​បាន​កាត់​ទោស​នៅ​ពេល​បញ្ជី​ឈ្មោះបេក្ខ​ជនរបស់​គណ​បក្ស​​លោក​ត្រូវបាន​បញ្ជូន​ទៅ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះ ឆ្នោត។ ប៉ុន្តែ ប្រសិន​បើ​សមាជិក​សភា​រូបណា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែល​ទើប​ត្រូវ​បាន​ជ្រើស​តាំង​ថ្មី និង​បេក្ខ​ជន​បម្រុង​ទាំង​អស់​របស់​គណបក្ស​នេះ​​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​លាលែង​ពីតំណែង​នោះ​ លោក សម​ រង្ស៊ី អាច​​​​មាន​អាសនៈ​នៅក្នុង​រដ្ឋ​សភា​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍ថា “បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ ទាំង​បេក្ខ​ជន​ពេញ​សិទ្ធិ​ និង​បេក្ខ​ជន​បម្រុង​របស់​គណបក្ស​គាត់​​ត្រូវ​តែ​​លា​លែង​ពី​តំណែង ប្រសិន​ពួកគេ​​​​ចង់​ឲ្យ​ឯកឧត្តម​ ​ សម  រង្ស៊ី​  មាន​ឈ្មោះ​​​នៅ​លើ​បញ្ជី​បេក្ខ​ជន​”។

ការ​លើក​ឡើង​របស់​ លោក ឈាង វុន​ នេះ​​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ជាម​ យៀប សមា​​​​​​​​​ជិក​សភា​ជាន់ខ្ពស់​​មក​​​ពី​​​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ ​លើកឡើង​​​​កាល​ពីសប្តាហ៍​មុន​ថា លោក សម​ រង្ស៊ី “ គ្មា​ន​ឱកាស​” ធ្វើ​ជា​សមា​​​ជិក​​​​​​​នៃ​រដ្ឋ​សភា​ជាតិ​ក្នុង​នីតិកាល​​​​ទី​៥​នេះ​ទេ​។​ លោក​ ឈាង​ វុន​ ​បន្ថែ​ម​​ថា រាល់​​​​សេចក្តី​សម្រេចក្នុងការ​​​​បញ្ចូល​លោក​ សម​ រង្ស៊ី​ ឲ្យ​​​ធ្វើ​ជាសមាជិក​សភា​វិញ​មិន​មែន​ជា​បញ្ហា​​នៃ​ការ​សម្រប​សម្រួល​រវាង​គណ​​​បក្ស​ប្រជាជន​កម្ពុជា​​ និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ពីព្រោះ​មាន​បទ​ប្បញ្ញតិ្ត​​ដែល​ចែង​រួច​ជា​​​ស្រេច​នៅ​ក្នុង​ច្បាប់​សម្រាប់​បញ្ហា​បែប​នេះ​។

កាល​ពីថ្ងៃ​សុក្រនេះ​ដែរ​លោក ឈាង វុន​ បាន​ស្វាគមន៍​សេចក្តី​សម្រេច​​​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​​​ថ្ងៃ​ដដែល​នេះស្តី​​​ពីការ​​​បើក​កញ្ចប់​សុវត្ថិភាព​​​ “ក” ដែលផ្ទុក​​​​ឯកសារ​បោះ​ឆ្នោត​ ដែល​បង្ហាញ​ពី​ចំនួន​សន្លឹក​​​​ឆ្នោត​នៅ​តាម​ការិយាល័យ​​​​បោះ​ឆ្នោត​នីមួយៗ​។​​​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា គេ​ចាំ​បាច់​ត្រូវ​តែ​ពិនិត្យ​មើល​ឯកសារ​នៅក្នុង​កញ្ចប់​សុវត្ថិភាព​នេះ ដើម្បី​​​ឲ្យ​​​ការ​ស៊ើបអង្កេត​គួរ​ឲ្យ​ទុក​ចិត្ត​បាន​លើ​ភាព​​​មិនប្រក្រតី​នានា​៕

ប្រែ​​​សម្រួល​​​ដោយ ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស