ប្រទេសកម្ពុជានិងប្រទេសម៉ាឡេស៊ីមានលក្ខណៈខុសគ្នាច្រើនណាស់។ ជីឌីភី (GDP) សម្រាប់ប្រជាជនម៉ាឡេស៊ីម្នាក់ៗប្រមាណ១២.០០០ដុល្លារសហរដ្ឋអាមេរិក គឺខ្ពស់ជាងជីឌីភីសម្រាប់ប្រជាជនកម្ពុជាម្នាក់ៗប្រហែល១២ដង។ ផ្សារហ៊ុនប៊ើសា ម៉ាឡេស៊ី (Bursa Malaysia) របស់ប្រទេសនេះមានក្រុមហ៊ុនចុះបញ្ជីជាង១.០០០ក្រុមហ៊ុន ធៀបនឹងផ្សារហ៊ុនកម្ពុជា ដែលមានក្រុមហ៊ុនចុះបញ្ជីតែមួយគត់។
ប៉ុន្តែ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងប្រទេសទាំងពីរនេះក្នុងឆ្នាំនេះគឺមានលក្ខណៈស្រដៀងគ្នាខ្លាំងណាស់។ក្រោយការបោះឆ្នោតនៅប្រទេសទាំងពីរនេះ វិវាទនយោបាយបានគ្របដណ្តប់ប្រទេសនីមួយៗ ខណៈគណបក្សប្រឆាំងព្យាយាមប្រើប្រជាប្រិយភាពដែលកើនឡើងខ្ពស់មិនធ្លាប់មានរបស់ខ្លួន ដើម្បីបង្ខំឲ្យគណបក្សកាន់អំណាចដែលបានចាក់ឬសយ៉ាងមាំទៅហើយនោះធ្វើកំណែទម្រង់។
ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែឧសភាគណបក្ស ប៉ាកាតាន រ៉ាក់យ៉ាត (Pakatan Rakyat)ហៅកាត់ថា P.R. ដែលជាគណបក្សប្រឆាំងចម្រុះដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានឈ្នះសំឡេងភាគច្រើនដាច់ខាត ដោយបានយកឈ្នះគណបក្សកាន់អំណាច បារីសាន ណាសិនណាល់ (Barisan Nasional) ហៅកាត់ថា B.N. របស់នាយករដ្ឋមន្ត្រី ណាជីព រ៉ាហ្សាក់ (Najib Razak) ដោយសំឡេងជាង៣ភាគរយ។
ប៉ុន្តែ ដោយសារការបែងចែកមណ្ឌលបោះឆ្នោតក្នុងគតិលម្អៀង ដែលផ្តល់ទម្ងន់បន្ថែមដល់អ្នកបោះឆ្នោតនៅតាមតំបន់ជនបទ ដែលជាមូលដ្ឋានគាំទ្រដ៏សំខាន់របស់គណបក្ស B.N. នោះ សារៈសំខាន់់នៃប្រជាប្រិយភាពដ៏លើសលប់របស់គណបក្ស P.R. នៅតាមតំបន់ជនបទត្រូវបានកាត់បន្ថយ ហើយជាលទ្ធផល បក្សកាន់អំណាចក៏មានលទ្ធភាពរក្សាអាសនៈភាគច្រើននៅសភា។
ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា គណបក្សសង្គ្រោះជាតិបានកើនប្រជាប្រិយភាពយ៉ាងខ្លាំង ទោះបីជាមានប្រព័ន្ធនយោបាយមិនស្មើភាព ដោយគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងស្ថាប័នរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយ និងរក្សាបាននូវភក្តីភាពក្នុងចំណោមប្រធានភូមិឃុំ សង្កាត់ នៅទូទាំងប្រទេសដែលគ្រប់គ្រងការចុះឈ្មោះបោះឆ្នោតក៏ដោយ។
គណបក្សសង្គ្រោះជាតិ ដែលអះអាងថាខ្លួនជាអ្នកទទួលបានជ័យជម្នះនោះ បានទទួលសំឡេងឆ្នោត ៤៤,៥ភាគរយ ធៀបនឹង៤៨,៨ភាគរយរបស់គណបក្សប្រជាជនកម្ពុជា នេះបើយោងតាមលទ្ធផលបឋមដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ គិតតាមតួលេខនេះ គណបក្សប្រឆាំងទទួលបាន៥៥អាសនៈនៅសភា ដែលនេះជាការកើនឡើងយ៉ាងខ្លាំងពីចំនួន២៩អាសនៈដែលគណបក្សនេះទទួលបានក្នុងការបោះឆ្នោតអាណត្តិមុន។
ប៉ុន្តែ ទោះបីជាគណបក្សប្រឆាំងនៅប្រទេសទាំងពីរបានកើនប្រជាប្រិយភាព ដោយមានមូលដ្ឋានគាំទ្រខ្លាំងនៅតាមតំបន់ក្រុងនិងការគាំទ្រច្រើនឡើងៗនៅតាមតំបន់ជនបទក៏ដោយ ក៏គណបក្សប្រឆាំងទាំងពីរនេះនៅតែពុះពារប្រែក្លាយការគាំទ្រច្រើនបំផុតមិនធ្លាប់មានក្នុងការបោះឆ្នោតនេះឲ្យទៅជាការផ្លាស់ប្តូរពិតប្រាកដក្នុងរដ្ឋាភិបាល។
ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងប្រទេសទាំងពីរនេះសុទ្ធតែត្រូវបានមើលឃើញថា លម្អៀងខ្លាំងទៅរករដ្ឋាភិបាលនោះ ចលនាប្រឆាំងក្នុងប្រទេសទាំងពីរនេះបានផ្តោតកិច្ចប្រឹងប្រែងជំរុញឲ្យមានកំណែទម្រង់របស់ខ្លួនទៅលើប្រព័ន្ធបោះឆ្នោតជាតិ។
នៅក្នុងប្រទសម៉ាឡេស៊ី កិច្ចប្រឹងប្រែងរបស់គណបក្សប្រឆាំងចម្រុះបានទទួលផ្លែផ្ការួចទៅហើយ ដោយរដ្ឋាភិបាលរបស់លោកណាជីព បានប្រគល់ការគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅឲ្យសភាដែលជាស្ថាប័នតំណាងរាស្ត្រវិញ។ទោះជាយ៉ាងណា ក្នុងពេលជាមួយគ្នានេះការតវ៉ារបស់គណបក្សប្រឆាំងបានថមថយហើយមេដឹកនាំបាតុកម្មមួយចំនួនត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កចលាចលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសាធារណៈ។
នៅក្នុងប្រទេសកម្ពុជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានច្រានចោលពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិស្តីពីភាពមិនប្រក្រតីក្នុងការបោះឆ្នោតហើយរដ្ឋាភិបាលមិនបានបង្ហាញកិច្ចប្រឹងប្រែងណាមួយក្នុងការកែទម្រង់ស្ថាប័ននេះទេ ទោះបីជាមានអនុសាសន៍ឲ្យធ្វើដូច្នេះពីសំណាក់ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជាក៏ដោយ។ ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង លោកអាន់វ៉ា អ៊ីប្រាហ៊ីម បានធ្វើការចោទប្រកាន់ថាគណបក្សកាន់អំណាចបានប្លន់យកជ័យជម្នះក្នុងការបោះឆ្នោតតាមរយៈការរួមដៃជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីលួចបន្លំសន្លឹកឆ្នោត។ ការអះអាងដូចគ្នានេះត្រូវបានធ្វើឡើងដោយលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ខណៈរូបលោកព្យាយាមធ្វើយ៉ាងណាឲ្យមានការកែប្រែលទ្ធផលនៃការបោះឆ្នោត។
ក្រុមបញ្ញវន្តនិងអ្នកវិភាគអំពីតំបន់អាស៊ីអាគ្នេយ៍បានលើកឡើងក្នុងសប្តាហ៍នេះថាភាពស្រដៀងគ្នាមួយទៀតគឺថា ក្នុងចំណោមគណបក្សប្រឆាំងទាំងពីរនេះ គ្មានគណបក្សណាមួយដែលទំនងជានឹងយកប្រជាប្រិយភាពរបស់ខ្លួនទៅប្តូរនឹងអំណាចនៅអាណត្តិបន្ទាប់នេះទេ។
ប៉ុន្តែ ដោយសារតែគណបក្សកាន់អំណាចនៅប្រទេសទាំងពីរមានរបៀបដឹកនាំខុសគ្នាដោយមួយផ្អែកលើអំណាចទឹកប្រាក់ ហើយមួយទៀតផ្អែកលើប្រជាប្រិយភាពនោះគណបក្សប្រឆាំងនឹងទទួលបានការគាំទ្ររយៈពេលវែងរឹតតែខ្លាំង ប្រសិនបើពួកគេបន្តរួបរួមគ្នាជាធ្លុងមួយទៀត។
លោក សាយម៉ុន ស្ព្រីងហ្គ័រ (Simon Sprin-ger) អ្នកជំនាញផ្នែកតំបន់អាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យវីកធើរៀ (University of Vic-toria) នៅក្នុងខេត្ត ប្រីសធីស ខូឡំបៀ (British Columbia) ប្រទេសកាណាដា បានលើកឡើងថា ដោយសារគណបក្ស B.N. និងគណបក្សប្រជាជនកម្ពុជាកំពុងតែប្រឈមទៅនឹងវិបត្តិពាក់ព័ន្ធនឹងការបាត់បង់ទំនុកចិត្តក្នុងចំណោមអ្នកបោះឆ្នោតនោះ គណបក្សកាន់អំណាចទាំងពីរគឺត្រូវតែព្យាយាមស្វែងយល់ពីរបៀបជ្រើសរើសគោលនយោបាយដែលគិតដល់ផលប្រយោជន៍របស់ប្រជាជន ដូចជាគោលនយោបាយដែលត្រូវបានជំរុញដោយគណបក្សប្រឆាំង ខណៈក្នុងពេលជាមួយគ្នានោះ រក្សាប្រព័ន្ធដឹកនាំដែលផ្អែកទៅលើអំណាចទឹកប្រាក់ ដែលបានជួយឲ្យពួកគេក្តោបក្តាប់អំណាចរហូតមក។
លោកមានប្រសាសន៍ថា “ការពិតដែលថា គណបក្សសង្គ្រោះជាតិ និងគណបក្ស P.R. បានកើនប្រជាប្រិយភាពយ៉ាងខ្លាំង មានន័យថា ទាំងគណបក្សប្រជាជនកម្ពុជានិងគណបក្ស B.N. មិនអាចនៅស្ងៀមបានទេ។ គណបក្សទាំងពីរនេះត្រូវគិតគូរសាជាថ្មីពីយុទ្ធសាស្ត្ររបស់ខ្លួន។ យើងអាចនឹងឃើញមានការងាកទៅប្រើរបបផ្តាច់ការនៅក្នុងប្រទេសទាំងពីរវិញ ឬបើមិនដូច្នេះទេ យើងនឹងបានឃើញពួកគេព្យាយាមធ្វើល្អជាសាធារណៈ ខណៈនៅពីក្រោយឆាក ពួកគេព្យាយាមស្វែងរកចំណុចខ្សោយរបស់គណបក្សប្រឆាំង។
សម្រាប់គណបក្សប្រឆាំងឯណោះវិញ លោក ស្ព្រីងហ្គ័រ បានមានប្រសាសន៍ថា កត្តាប្រឈមចំពោះគណបក្សទាំងពីរ គឺនៅត្រង់ថា តើពួកគេអាចបន្តរួមសាមគ្គីគ្នាជាធ្លុងមួយឬយ៉ាងណា។ លោកបានថ្លែងថា “ ប្រសិនបើគណបក្ស P.R. និងគណបក្សសង្គ្រោះជាតិអាចរួបរួមគ្នាបាននោះ ពួកគេមានឱកាសទទួលបាននូវជោគជ័យនៅពេលអនាគត ប្រសិនបើពុំមានភាពមិនប្រក្រតីក្នុងការបោះឆ្នោតដូចការបោះឆ្នោតអាណត្តិនេះទេនោះ”។
លោក ចន ស៊ីអូស៊ីយ៉ារី (John Ciorciary) អ្នកជំនាញផ្នែកប្រទេសកម្ពុជានៅមហាវិទ្យាល័យគោលនយោបាយសាធារណៈជើរ៉ល អ ហ្វដ (Gerald R. Ford School of Public Policy) នៃសាកលវិទ្យាល័យ មីឈីហ្គែន (University of Michigan) បានលើកឡើងថា ទោះបីជាគណបក្សសង្គ្រោះជាតិបានទទួលអំណាចនៅទីបំផុតក៏ដោយ ក៏គណបក្សនេះគឺនៅតែត្រូវប្រឈមនឹងការលំបាកក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងស្ថាប័នដែលគ្មានប្រសិទ្ធិភាព និងមន្ត្រីរាជការដែលពុំបានឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ។
លោក ស៊ីអូស៊ីយ៉ារី បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “ប្រទេសម៉ាឡេស៊ី ក៏ត្រូវបានញាំញីដោយអំពើពុករលួយ និងការប្រើឥទ្ធិពលហួសហេតុរបស់ស្ថាប័ននីតិប្រតិបត្តិ លើស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាលដែរ ប៉ុន្តែ ស្ថាប័នរដ្ឋនៅប្រទេសម៉ាឡេស៊ី គឺមានភាពរឹងមាំគួរឲ្យកត់សម្គាល់ជាងស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង ប្រទេសម៉ាឡេស៊ីមានប្រព័ន្ធតុលាការដែលប្រើច្បាប់សាមញ្ញ និងដែលចេញសេចក្តីសម្រេចសមហេតុសមផល ព្រមទាំងមានប្រព័ន្ធការិយាធិបតេយ្យ ដែលមន្ត្រីរដ្ឋការសុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងល្អប្រសើរ”។
លោក បានបន្ដថា “តាមទស្សនរបស់ខ្ញុំ ចំណុចនេះបានធ្វើឲ្យគណបក្សប្រឆាំងក្នុងប្រទេសម៉ាឡេស៊ីមានប្រៀបដ៏សំខាន់ បើធៀបនឹងគណបក្សសង្គ្រោះជាតិ។ ប្រសិនបើគណបក្សប្រឆាំងនៅម៉ាឡេស៊ី ពិតជាបានឡើងកាន់អំណាចមែន គណបក្សនេះនឹងបានស្នងយកស្ថាប័នរដ្ឋដែលរឹងមាំជាង និងមានប្រសិទ្ធិភាពជាងនៅកម្ពុជា ឆ្ងាយណាស់”៕
ប្រែសម្រួលដោយ កង សុធា