32 C
Phnom Penh

​​​លីកាដូ អំពាវ​​​នាវ​​​​​​ឲ្យ​​​​​​បោះឆ្នោត​​​ និង​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ឡើង​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ថ្ងៃសៅរ៍ អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ កាលពី​​​ខែ​​​មុន​​​ឡើង​​​វិញ និង​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​តាម​​​ការិយាល័យ​​​បោះ​​​​​​ឆ្នោត​​​មួយ​​​ចំនួន​​​ដោយ​​​សារ​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​ច្រើន​​​“ គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល” ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ដោយ​​​​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​​​​​​​របស់​​​ខ្លួន​​​។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សុទ្ធ​​​តែ​​​អះ​​​អាង​​​​​​រៀង​​​ៗខ្លួន​​​ថា ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ថ្ងៃទី​​​២៨ ខែកក្កដា ដែល​​​គណបក្ស​​​ប្រឆាំង​​​ និង​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ផ្សេង​​​ទៀត​​​ អះ​​​អាង​​​ថា មាន​​​បញ្ហា​​​ច្រើន​​​។

ការ​​​អះអាង​​​ថ្មី​​​បំផុត​​​របស់​​​អង្គការ​​​លីកាដូ ស្តី​​​ពី​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​បញ្ជី​​​ឈ្មោះ​​​​​បោះ​​​ឆ្នោត​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​ ​​​​​ ការ​​​គំរាម​​​កំហែង​​​​​​​​​​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​ និង​​​ការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​គឺ​​​មិន​​​មែន​​​ជា​​​រឿង​​​ថ្មីទេ​​​ ប៉ុន្តែ​​​របាយការណ៍​​​របស់​​​​​​​​​អង្គការ​​​នេះ​​​ បាន​​​​ផ្ដល់​​​ឧទាហរណ៍​​​ជាក់​​​លាក់​​​ នៅ​​​តាម​​​ការិយា​​​ល័យ​​​បោះឆ្នោត​​​ជាង​​​១០០​​​កន្លែង​​​ ដែល​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​របស់​​​ខ្លួន​​​បាន​​​ទៅ​​​ឃ្លាំ​​​មើល​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​។

លោកស្រី ណាលី ពីឡូក (Naly Pilorge) នាយិកាអង្គការ​​​លីកាដូ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ជឿថា មាន​​​បញ្ហា​​​ច្រើន​​​ពាក់​​​ព័ន្ធ​​​បញ្ជី​​​​​​ឈ្មោះ​​​​​​បោះឆ្នោត​​​ ជា​​​ពិសេស​​​​​​ដោយ​​​ផ្អែក​​​​​​​​​​​​​​​​​​​​​​​​ទៅ​​​លើ​​​របាយការណ៍​​​កន្លង​​​មក​​​ស្ដីពី​​​ឈ្មោះ​​​ខ្មោច​​​ ការ​​​ចុះ​​​ឈ្មោះ​​​ស្ទួន និង​​​បញ្ហា​​​ស្រដៀង​​​ៗគ្នា​​​ ប៉ុន្តែ​​​រូប​​​ភាព​​​នៃការ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​ ដែល​​​យើង​​​បាន​​​ឃើញ​​​នេះ​​​​​​គឺ​​​មាន​​​ច្រើន​​​ជាង​​​នេះ​​​”។ លោកស្រី​​​បាន​​​បន្ថែម​​​ថា “ការ​​​សង្កេត​​​ដែល​​​កត់​​​ត្រា​​​លម្អិត​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​បង្ហាញ​​​យ៉ាង​​​ច្បាស់​​​​​​ពី​​​តម្រូវ​​​ការ​​​ឲ្យ​​​មា​​​ន​​​ការ​​​ស៊ើប​​​អង្កេត​​​ស៊ី​​​ជម្រៅ​​​ និង​​​នីតិវិធី​​​បន្ថែម​​​ទៀត​​​​​​​​​មុន​​​ប្រកាស​​​លទ្ធផលផ្លូវការ​​​​​​”។

ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​វាយ​​​តម្លៃ​​​កន្លង​​​មកលើ​​​​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​​​​ ភាព​​​មិន​​​ប្រក្រតី​​​ភាគ​​​ច្រើន​​​​​​​​​ដែល​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​រក​​​ឃើញ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​អ្នក​​​បោះឆ្នោត​​​មួយ​​​ចំនួន​​​ដែល​​តាម​​​សភាព​​​ជាក់​​​ស្ដែង​​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​បោះឆ្នោ​​​ត​​​ ប៉ុន្តែ​​​ត្រូវ​​​បាន​​​បដិសេធ​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​ជា​​​ច្រើន​​​ដោយ​​​សារ​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​​​​​​​​​​បាន​បាត់​​​​​​ពី​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​ដោយ​​​​​​គ្មាន​​​មូល​​​ហេតុ​​​។

របាយាការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ការិយាល័យ​​​បោះឆ្នោត​​​មួយ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជធានីភ្នំពេញ សាក្សី​​​បាន​​​ឃើញ​​​កូន​​​ប្រុស​​​របស់​​​ប្រធាន​​​ភូមិ​​​ទម្លាក់​​​សន្លឹក​​​ឆ្នោ​​​​​​​ត​​​ច្រើន​​​សន្លឹក​​​ចូល​​​ទៅ​​​ក្នុង​​​ហឹប​​​ឆ្នោត​​​​​​ដោយ​​​ខ្លួន​​​ឯង​​​ ហើយ​​​គ្រូ​​​បង្រៀន​​​ម្នាក់​​​បោះត្រា​​​សន្លឹក​​​ឆ្នោត​​​ជា​​​ច្រើន​​​សន្លឹក​​​មុន​​​ពេល​​​លាក់​​​ទុក​​​សន្លឹក​​​ឆ្នោ​​ត​​​ទាំង​​​នេះ​​​។

នៅ​​​ការិយាល័យ​​​បោះឆ្នោត​​​មួយ​​​ទៀត​​​ក្នុង​​​ស្រុក​​​ស្អាង​​​ ខេត្ត​​​កណ្ដាល​​​ អង្គការ​​លីកាដូ បាន​​​អះអាង​​​ថា អ្នក​​​បោះឆ្នោត​​​ជា​​​ច្រើន​​​ដែល​​​​​​​​​មាន​​​ឈ្មោះ​​​​​​នៅ​​​លើ​​​​​​បញ្ជី​​​ឈ្មោះ​​​បោះឆ្នោត​​​នៅ​​​ការិយាល័យ​​​បោះឆ្នោត​​​នោះ​​​ បាន​​​ប្រាប់​​​អ្នក​​​សង្កេត​​​ការណ៍​​​របស់​​​ខ្លួន​​​​​​ថា ពួកគេ​​​មិន​​​ដែល​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះទេពី​​​មុន​​​មក ហើយ​​​ពួកគេ​​​រស់​​​នៅ​​​កន្លែង​​​ផ្សេង​​​។

អ្ន​​​ក​​​បោះឆ្នោត​​​មួ​​​យ​​​ក្រុម​​​ទៀតនៅ​​​ការិយា​​​ល័យ​​​បោះឆ្នោត​​​ដដែល​​​ហើយដែល​​​​​​មក​​​ពី​​​ខេត្ត​​​​​​ផ្សេង​​​ផង​​​ដែរ​​​នោះបាន​​​និយាយ​​​ថា ពួក​​​គេ​​​​​​ត្រូវ​​​បាន​​​និយោជក​​​របស់​​​ខ្លួន​​​នាំ​​​មក​​​ទីនេះ ពីព្រោះ​​​និយោជក​​​មិន​​​អាច​​​លៃ​​​លក​​​បញ្ជូន​​​ពួកគេ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​បាន​​​ទេ​​​។ របាយការណ៍​​​នេះ​​​​​​ស្នើ​​​​​​​​ឲ្យ​​​មាន​​​ការ​​​ពិនិត្យ​​​ឡើង​​​វិញ​​​ឲ្យ​​​បាន​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​ និង​​​កែ​​​លម្អ​​​​​​ដំណើរការ​​​ចុះឈ្មោះ​​​អ្នក​​​​​​បោះ​​​ឆ្នោត​​​  ការ​​​​​​​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​នៅ​​​តាម​​​ការិយា​​​​​​​​​ល័យ​​​បោះ​​​ឆ្នោត​​​​​​​​​មួយ​​​ចំនួន​​​ និង​​​ការ​​​រាប់​​​​​សំឡេង​​​​​​ឆ្នោត  ឡើង​​​វិញ​​​​​តាម​​​​​​ទម្រង់​​​១១០២ ដែល​​​ដាក់​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព​​​ដោយ​​​ចាប់​​​ផ្ដើម​​​​​​​​​ពី​​​ខេត្ត​​​ដែល​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​បំផុត​​​។

របាយការណ៍​​​ដដែល​​​នេះ​​​មិ​​​ន​​​បាន​​​បញ្ជាក់​​​ ឈ្មោះ​​​ឬ​​​ប្រាប់​​​ចំនួន​​​ការិយាល័យ​​​ជាក់​​​លាក់​​​ដែល​​​គួរ​​​ធ្វើការ​​​បោះឆ្នោត​​​ឡើង​​​វិញ និង​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ឡើង​​​វិញ​​​នោះ​​​ទេ​​​។ លោក អំ សំអាត ប្រធាន​​​បច្ចេ​​​កទេស​​​នៅ​​​អង្គការ​​​លីកាដូ បាន​​​ស្នើ​​​ឲ្យ​​​ចាប់​​​ផ្ដើម​​​​​​ពី​​​​​​ខេត្ត​​​កណ្ដាល​​​ ព្រៃ​​​វែង​​​ និង​​​សៀម​​​រាប​​​។

យោង​​​តាម​​​លទ្ធផល​​​បឋម​​​របស់​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះឆ្នោត​​​ (គ.ជ.ប.) បង្ហាញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួលបាន​​​​​​៦៨​​​អាសនៈ​​​ ក្នុង​​​ចំណោម​​​អាសនៈ​​​ទាំង​​​១២៣​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា ហើយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​៥៥​​​អាសនៈ​​​​​​​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​ត្រូវ​​​ការ​​​តិច​​​ជាង​​​២០០​​​សំឡេង​​​បន្ថែ​​​ម​​​ទៀត នៅ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​ ដើម្បី​​​ទទួល​​​បាន​​​មួយ​​​អាសនៈ​​​បន្ថែម​​​ទៀត​​​។

អង្គការ​​​លីកាដូ បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​នឹង​​​ដាក់​​​ជូន​​​របាយការណ៍​​​ទៅ​​​ គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញនៅ​​​ថ្ងៃ​​​នេះ​​​។

លោក ទេព នីថា អគ្គលេខាធិការ​​​ គ.ជ.ប. បាន​​​អះអាង​​​ថា គណៈកម្មាធិការ​​​នេះ​​​​​​អនុវត្ត​​​តាម​​​ច្បាប់​​​បោះឆ្នោត​​​របស់ប្រទេស​​​​​​នេះ ប៉ុន្តែ​​​នឹង​​​ពិនិត្យ​​​មើលនៅ​​​ពេល​​​ទទួល​​​បាន​​​របាយ​​​ការណ៍​​​របស់​​​អង្គការ​​​លីកាដូ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ពិនិត្យ​​​មើល​​​របាយការណ៍​​​នេះ ដើម្បី​​​ឲ្យ​​​ដឹង​​​​​​ថា តើ​​​មានការ​​​លើក​​​ឡើង​​​​​​ណាខ្លះ​​​ដែល​​​យើង​​​គួរ​​​ទទួល​​​យក​​​ ហើយ​​​ការ​​​លើក​​​ឡើង​​​​​​​​​ណាខ្លះ​​​ដែល​​​យើង​​​គួរ​​​បដិសេធ​​​​​​”។

លោក ព្រហ្ម ញាណ​​​វិចិត្រ សមាជិក​​​ក្រុម​​​ប្រឹក្សាធម្មនុញ្ញ ​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ គឺ​​​មិនអាច​​​ទៅ​​​រួច​​​ទេ​​​។ លោក​​​បាន​​​បន្ថែម​​​ថា “ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​អាច​​​កើត​​​មាន​​​ក្នុង​​​ករណី​​​​​​មាន​​​គ្រោះ​​​ធម្មជាតិ ដូច​​​ជា​​​ខ្យល់​​​ព្យុះ​​​ជាដើម​​​ ប៉ុន្តែ​​​ការ​​​បោះឆ្នោត​​​នេះ​​​បាន​​​ដំណើរការ​​​ទៅ​​​ដោយ​​​​​​រលូន​​​។

ពាក់​​​ព័ន្ធ​​​ការ​​​អំពាវនាវ​​​របស់​​​អង្គការ​​​លីកាដូ ឲ្យ​​​មាន​​​ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ឡើង​​​​​​វិញ​​​ លោក​​​​​​បាន​​​និយាយ​​​​​​ដោយ​​​មិន​​​ផ្ដល់​​​ព័ត៌មា​​​ន​​​លម្អិត​​​ថា “អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មាន​​​សិទ្ធិ​​​ស្នើ​​​ ប៉ុន្តែ​​​ក្រុម​​​ប្រឹក្សាធម្មនុញ្ញ នឹង​​​ធ្វើ​​​អ្វីៗគ្រប់​​​យ៉ាង​​​តាម​​​នីតិវិធី​​​របស់​​​ខ្លួន​​​”។

តាម​​​ពិត ​​​ក្រុម​​​ប្រឹក្សាធម្មនុញ្ញ​​​បាន​​​ចាប់​​​ផ្ដើម​​​​​​​​​រាប់​​​សំឡេង​​​ឆ្នោត​​​​​​តាម​​​​​​​​​​​​​​​​​​ទម្រង់​​​១១០២ ​​​ក្នុង​​​ខេត្ត​​​ក្រចេះ ដែល​​​រក្សា​​​​​​ទុក​​​ក្នុង​​​កញ្ចប់​​​សុវត្ថិភាព​​​ ប៉ុន្តែ​​​កញ្ចប់​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ចំណោម​​​នោះ ត្រូវ​​​​​​​​​បាន​​​គេ​​​រក​​​ឃើញ​​​ថា បើ​​​ករួច​​​ហើយ​​​៕

ប្រែសម្រួល​​​ដោយ អ៊ូច សូនី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស