28 C
Phnom Penh

អ្នកវិភាគមួយ​ចំនួន​តូចយល់​ថាការ​បះបោរនៅអារ៉ាប់មាន​ឥទ្ធិពល​លើ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក មូអាមម៉ា អេល​ ហ្គាដាហ្វី​ (Maummar el-Qaddafi)​ មេ​ដឹក​នាំ​នៃ​ប្រទេស​លីប៊ី​ ត្រូវ​បាន​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​នេះចាប់​ខ្លួន​ និង​សម្លាប់​ចោល​កាល​ពី​ខែ​តុលា​ឆ្នាំ​២០១១នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​ប្រៀប​ធៀប​រូ​ប​លោក​ទៅ​នឹង​លោក​ មូអាម​ម៉ា អេល​ ហ្គាដាហ្វី ពីសំណាក់​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺស្មើ​នឹង​ការ​គំរាម​ធ្វើ​សង្គ្រាម​។

លោក ហ៊ុន សែន ​មាន​ប្រសាសន៍​ថា “ បើ​​ពួក​គេ​ចង់​ធ្វើ​សង្គ្រាម​ ហ៊ុន សែន ស្វាគ​មន៍​”​។ លោក​បាន​ថ្លែង​ថា លោក​មិន​ខ្លាច​ការ​ក្រោក​ឡើង​បះបោរ​ណាមួយ​ពី​សំណាក់​គណ​បក្ស​ប្រឆាំង​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “បើ​លោក​ឯង​ចង់​ធ្វើ​សង្គ្រាម​​ ខ្ញុំ​នឹង​​​ផ្ដល់​អាវុធ​មួយ​ឃ្លាំង​​។ ប៉ុន្តែ កុំ​ប្រើអំពើ​ហិង្សា។លោកឯង​គ្មាន​​មនុស្ស​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ប្រាស់​កាំ​ភ្លើង​​ទាំង​នោះ​ទេ​”។

គណបក្ស​ប្រឆាំង​បាន​ឆ្លើយ​តបដោយ​លើក​ឡើង​ថា នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​ធ្វើ​ការ​គំរាម​កំហែង​ ក៏ប៉ុន្តែ លោក ហ៊ុន សែន បាន​​មាន​ប្រសាសន៍​ថា លោក​គ្រាន់​តែ​ផ្ដល់​ “ដំបូន្មាន​” ដល់​គណ​បក្ស​ប្រឆាំង​ពីបៀប​គំរាម​កំហែងប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ពេល​នោះថា “​បើលោកឯងប្រៀប​ធៀប​​​ខ្ញុំ​ទៅ​មេ​ដឹក​នាំ​ម្នាក់​ដែលបាន​ចាញ់​ឆ្នោត​ វា​មិន​អី​ទេ​។ បើ​លោក​ឯង​ប្រៀប​ធៀប​​ខ្ញុំ​ទៅ​មេ​ដឹក​នាំ​​ម្នាក់​ដែល​បាន​ស្លាប់នៅ​ក្នុង​សម​រភូមិ​ម្ដង​ទៀត​ វា​មាន​ន័យ​ថា លោក​ឯង​ចង់​ធ្វើ​សង្គ្រាម​ ហើយ​ខ្ញុំ​នឹង​ចាត់​ការ​មុន​”។

កាលពីដើមឆ្នាំ​ដដែល​នោះ លោក ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថា​មួយ​ថា ការ​ក្រោក​ឡើង​បះបោរ​ប្រឆាំង​នឹង​លោក​ ហ្ស៊ីណេ អេល​អាប៊ីឌីន​ បេ អាលី (Zine el-Abidine Ben Ali) នឹង​មិន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយស្រួល​ៗ​ឡើយ។ លោកនាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​សម្ពោធ​អគារ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ខេត្ត​កំពង់ចាម​ កាល​ពី​ខែ​មករា​ឆ្នាំ​នោះ​ថា “ខ្ញុំ​សូម​​ប្រាប់​លោក​ឯង​ថា បើលោក​ឯង​​ធ្វើ​បាតុកម្ម​ដូច​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី ពេល​នេះខ្ញុំ​នឹង​បិទ​ទ្វារ​វាយ​ឆ្កែ​”។

លោក សម រង្ស៊ី ក៏មិនស្ទាក់​ស្ទើរ​ក្នុងការ​លើកឡើង​ពី​​ស្ថាន​ភាព​នយោបាយ​នៅ​ក្នុង​តំបន់មជ្ឈិមបូព៌ា​ដែរ​ ហើយ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១​ ​គឺ​ដោយសារលោក សម រង្ស៊ី លើក​ឡើង​ដដែល​ៗ​អំពី​ការ​បះបោរ​មួយ​ស្រដៀង​នឹង​បដិវត្តន៍​អារ៉ាប់ស្ព្រីង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ជា​ពិសេស​គឺ​ការអត្ថាធិប្បាយ​របស់​លោក​ថា លោក ហ៊ុន សែន “ នឹងជួប​វាសនា​ដូច​លោក មូអាមម៉ា អេល ​ហ្គាដាហ្វី​”។

លោក មូអាមម៉ា អេល ហ្គាដាហ្វី ត្រូវ​គេ​ថត​វីដេអូ​ពេល​ឧទ្ទាម​ចាប់​បាន​ និង​វាយ​ដំ មុន​ពេលបាញ់​សម្លាប់​លោក​ បន្ទាប់​ពី​សង្គ្រាម​​ស៊ីវិល​បង្ហូរ​ឈាម​មួយ​បាន​កើត​ចេញ​ពី​មហា​បាតុកម្ម​ដែល​បាន​បណ្ដេញ​របប​ដឹក​នាំ​របស់​លោក​ចេញ​ពី​អំណាច​។

ពេលធ្វើមាតុភូមិ​និវត្ត​កាល​ពី​ខែ​មុន​ បន្ទាប់​ពី​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​អស់​រយៈពេល​ជិត​បួន​ឆ្នាំនោះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា ប្រជា​ពល​រដ្ឋ​មួយ​សែន​នាក់​​ដែល​បាន​មក​ទទួល​ស្វាគមន៍​លោក ​អាច​ជា​​សញ្ញា​មួយនៃ​ការ​ចាប់​ផ្ដើម​ចលនា​ស្រដៀង​បដិវត្តន៍​អារ៉ាប់​ស្ព្រីង​នៅ​​ប្រទេស​កម្ពុជា។

ប៉ុន្តែ នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រៀម​​សម្រាប់​ការ​ជួប​ជុំ​មហាជន​ដ៏ធំ​មួយ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​ដើម្បីជូន​ដំណឹង​ដល់អ្នក​គាំទ្រ​អំពី​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នោះ បណ្ដា​អ្នក​វិភាគ​និង​អ្នក​សង្កេត​ការណ៍​នៅ​សប្ដាហ៍​នេះ​ បាន​បង្ហាញ​សញ្ញា​តិច​តួច​ណាស់​ដែល​​​ថា បាតុកម្ម​តវ៉ា​​ភាព​មិន​ប្រក្រតី​អំឡុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា អា​ច​​ស្រដៀង​​គ្នា​​នឹង​ហេតុការណ៍​នៅ​មជ្ឈិម​បូព៌ា។

លោក សុខ ទូច អ្នក​វិភាគ​នយោបាយ​មួយ​​​រូប​នៅ​សាកល​វិទ្យាល័យ​ខេមរៈ​ក្នុង​រា​ជ​ធានី​ភ្នំពេញ​ ​មាន​ប្រសាសន៍​ថា ការ​ប្រៀប​​ធៀប​ណាមួយ​​ទៅ​នឹង​បាតុកម្ម​នៅ​ក្នុង​តំបន់​មជ្ឈិម​​បូព៌ាគឺ​ជា​ការ​បំប៉ោងការ​ពិត​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រទេស​កម្ពុជា បោះ​ឆ្នោត​ជ្រើ​ស​​រើស​មេ​ដឹក​នាំ​របស់​ខ្លួន​​ ហើយ​ស្ថាន​ភាព​នេះ​មិន​ដូច​ជា​រដ្ឋ​ប្រហារ​ ឬ​បដិវត្តន៍​ឡើយ​។ ប្រជា​ពល​រដ្ឋ​កម្ពុជា ​ភាគ​ច្រើន​ចង់​ឲ្យ​អ្នក​នយោបាយ​ផ្ដល់​សម្បទាន​ [ជុំ​វិញ​ជម្លោះ​បច្ចុប្បន្ន​] ដើម្បី​ប្រជា​ពល​រដ្ឋ​”។ លោក​បាន​បន្ថែម​ថា ប្រទេស​កម្ពុជា​ គ្មាន​ការ​បែក​បាកខាងសាសនា​ដូច​នៅ​តំបន់មជ្ឈិម​បូព៌ា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​​​សំដៅ​ដល់​ការ​បែក​បាក់រវាង​​មូស្លីម​ (អ្នក​កាន់​សាសនា​អ៊ីស្លាម) និកាយ​ស៊ុននី និង​និកាយ​ស៊ីអ៊ីដ​ ដែល​​បាន​ជំរុញ​ឲ្យ​មាន​បដិវត្តន៍​ និង​សង្គ្រាម​ជា​ច្រើន​នៅ​តំបន់​មជ្ឈិម​បូព៌ា​​​ថា​ “នៅ​​ក្នុង​ពិភព​អារ៉ាប់​ ពួក​គេ​មាន​និកាយ​សាសនា​ពីរ​ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​​​តែ​មួយ​ទេ​”។

គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​គ្មាន​កំហឹង​ខ្លាំង​ក្លា​ដូច​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​មជ្ឈិម​បូព៌ា ដែល​បាន​​ជំរុញ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​រដ្ឋាភិបាល​ និង​គណបក្ស​ប្រឆាំងដែរ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​​របស់​លោក​ ខាលីល​ ថេយ័រ (Crlyle Thayer) អ្នក​ជំនាញ​​ខា​ង​នយោបាយ​អាស៊ី​អាគ្នេយ៍​នៅ​រាជ​បណ្ឌិត្យ​​​សភា​​កង​ទ័ព​ការ​ពារ​ជាតិ​​អូស្ត្រាលី​ ​ក្នុង​ទី​ក្រុង​កង់​បេរ៉ា​​​។

លោក​បានពន្យល់​ពីលទ្ធផល​បោះ​ឆ្នោត​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​មិន​ដូច​នឹង​រដ្ឋ​ប្រហារ​ថា “ប្រទេស​កម្ពុជា​មិន​មែន​ជា​ប្រទេស​​គាប​សង្កត់​​ដូច​ប្រទេស​អេហ្ស៊ីប​ទេ​ ហើយ​ក៏គ្មាន​ចលនា​ភាតរមូស្លីម​​ដែរនៅ​ទី​នេះ​​។គណ​បក្សប្រឆាំង​មិន​ទ្រាំ​នឹង​ការ​​គាប​សង្កត់​​ដូច​ចលនា​ភាតរ​មូស្លីមធ្លាប់​បាន​ទ្រាំ​រាប់​ទសវត្សរ៍​​នោះ​ឡើយ។ ​វា​ដូច​គ្នា​លុះ​ត្រា​តែ​គណបក្ស​ប្រឆាំង​​ផ្ដួល​រំលំ​រដ្ឋាភិបាល​​ ហើយ​ពេ​ល​នោះ​លោក​ ហ៊ុន​ សែន ប្រើ​ប្រាស់​​យោ​​​ធា​ដើម្បី​ដណ្ដើម​គ្រប់​គ្រង​រដ្ឋា​ភិបា​ល​វិញ​”។

ប៉ុន្តែ លោក​ កាលីល ថេយ័រ បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បាតុកម្ម​ ភាព​ស្រដៀង​គ្នា​មួយ​ចំនួន​អាច​នឹង​កើត​មាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​អ្នក​ធ្វើ​មហា​បាតុកម្ម​នៅ​ចំពោះ​មុខ​របប​ណាមួយ​ដែល​មាន​​​​និនា្នការ​ប្រើ​អំណាច​ផ្ដាច់​ការ​នោះ មាន​ន័យ​ថាអ្នក​រក​គ្រោះ​ថ្នាក់​ដាក់​ខ្លួន​ហើយ។ ខ្ញុំ​គិត​ថា ប្រជា​ពល​​រដ្ឋ​នៅ​កម្ពុជា​កំពុង​មើលឃើញ​​អ្វី​ដែល​កំពុង​​កើត​មាន​ឡើង​ក្នុង​ប្រទេស​អេហ្ស៊ីប ហើយ​ [ការ​បង្ក្រាប​] ប្រហែល​ជា​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ជា​ច្រើនរួញ​រា​មិន​ហ៊ានចូល​រួម​បាតុកម្ម​”។

តែ​ទោះ​ជា​យ៉ាង​ណា​ លោក ឡៅ ម៉ុង​ហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​ថា មាន​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​ជុំ​វិញ​ថា តើ​បាតុកម្ម​នឹង​ធ្វើ​ឡើង​ដោយ​សន្ដិវិធី​របៀប​ណា ស្របពេលដែល​​បក្ស​ប្រឆាំង​យល់​ថា ខ្លួន​មានសិទ្ធិ​​អំណាច​ជាង​​មុន​ បន្ទាប់​ពី​​ខ្លួន​ទទួល​បាន​អាសនៈ​ច្រើន​ជាង​មុន​នៅ​ក្នុង​រដ្ឋ​សភានោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពេល​នេះ​ វា​ហាក់​ដូច​ជា​អារម្មណ៍​របស់​ប្រជា​ពល​​រដ្ឋ​​​​​ជា​ច្រើន​កំពុង​ប្រកាន់​តាម​ជំហរ​របស់​ខ្លួន ដល់​ថ្នាក់​មានប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច​ទៀត​ផង។ ខ្ញុំ​គិត​ថា អារម្មណ៍​របស់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ទូទាំង​ប្រទេស​គឺបែប​នោះ​។​ខ្ញុំ​បាន​​ឮ​ថា ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​និយាយ​ថា ‘យើង​ត្រូវ​តែ​ចេញ​ទៅ​​តវ៉ា​ទាំ​ង​អស់​គ្នា ដើម្បី​ការ​ផ្លាស់​ប្ដូរ​’ ​ប៉ុន្តែ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា នឹង​មាន​អ្វី​កើត​ឡើង​ទេ​”។

ទោះ​បីជានិស្សិត​ជា​ច្រើន​នៅ​ទីនេះ​បាន​​លើក​ឡើង​​ពី​អារម្មណ៍​ក្នុង​មន្ទិលរបស់​ខ្លួន​ចំពោះ​ការ​ចូល​រួម​ក្នុង​មហា​បាតុក​ម្ម​ណាមួយ ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ហើយ​ថា បាតុកម្ម​បែប​នេះ​នឹង​ធ្វើ​ឡើង​ជា​ជម្រើស​ចុង​ក្រោយ​ប្រសិន​​បើ​ភាព​មិន​ប្រក្រ​តី​ក្នុង​ពេល​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ អ្ន​ក​ផ្សេង​ៗ​ទៀត​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា និស្សិត​ជា​ច្រើន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​បង្ហាញ​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​នៅ​តាម​ដង​ផ្លូវ​។

និស្សិត​ឆ្នាំទី១ម្នាក់​ដែល​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ស្ថាន​ភាពក្នុង​ប្រទេស​កម្ពុជា​ខុស​គ្នា​ពី​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ប៉ុន្តែ​ថា ​អាជ្ញាធរ​អាច​នឹង​ប្រើ​អំពើ​ហិង្សា​លើ​បាតុករ​។

និស្សិត​រូប​នេះ​បាន​និយាយ​ថា “រដ្ឋា​ភិបាល​​នឹង​ប្រើ​កម្លាំង​​ ប្រសិន​បើ​ខ្លួន​រង​ការ​គំរាម​កំហែង ប៉ុន្តែ ប្រជា​ពល​រដ្ឋ​កម្ពុជា​ត្រៀម​​ខ្លួន​បូជាជីវិត​ដើម្បី​រារាំង​កម្ពុជា​កុំឲ្យ​ក្លាយ​ជា​ប្រទេស​កុម្មុយនីស្ដ​ជា​ថ្មី​ម្ដង​ទៀត​”។

​និស្សិត​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា “យោធា​ស្ថិត​ក្រោម​ការគ្រប់​​គ្រង​របស់​រដ្ឋា​ភិបាល ប៉ុន្តែ ស្ទើរ​តែ​ពាក់​កណ្ដាល​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​ទេ​។ ប្រសិន​បើ​បាតុកម្ម​កើត​ឡើង​ ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​ក្រោក​ឡើង​ចូល​រួម​”។

ព្រះតេជគុណ​ តុន ពិសី ​គង់​នៅ​វត្ត​នាគ​វន្ត​ ​ដែល​សិក្សាមុខ​វិជ្ជាអក្សរ​សាស្ត្រ​អង់​គ្លេស​ នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ បាន​មាន​សង្ឃដីកា​ថា ស្ថាន​ភាព​បច្ចុប្បន្ន​ខុស​គ្នា​នឹង​ស្ថាន​ភាព​ក្រោយ​ការ​បោះ​ឆ្នោត​បួន​អាណត្តិ​ចុង​ក្រោយមក​នេះ​ ពីព្រោះ​ពេ​ល​នេះ​យុវជន​នៅ​ក្នុង​ប្រទេស​រួប​រួម​គ្នា​​​ប្រឆាំង​ដើម្បី​ការ​ផ្លាស់​ប្ដូរ​។

ព្រះតេជគុណ​មាន​សង្ឃដីកាថា “វា​ខុស​គ្នា​ទាំង​ស្រុង​ សូម្បី​តែ​កម្លាំង​របស់​យុវជន​ក៏​បាន​កើត​ឡើង​ដែរ​ ពី​ព្រោះ​ពេល​នេះ​ពួក​​គេ​យល់​ពី​សិទ្ធិ​នយោបាយ​របស់​ខ្លួន ដូច្នេះ​ការ​គាំទ្រ​សម្រាប់​គណបក្ស​ទាំង​ពីរ​គឺ​ខុស​គ្នា​ខ្លាំង​ណាស់​”។ ព្រះតេជគុណ​បាន​មាន​សង្ឃដីកា​​បន្ដ​ថា ព្រះ​អង្គ​សង្ឃឹម​ថា ជម្លោះ​រវាង​គណ​បក្ស​ទាំង​ពីរ​អាច​ដោះ​ស្រាយ​បាន​ដោយ​គ្មាន​ការ​អន្តរាគមន៍​ពី​បរទេស​​។

យុវជន​ សុទ្ធ សត្យា អាយុ​២២​ឆ្នាំ ជា​និស្សិត​​ឆ្នាំ​ទី៣ផ្នែកសេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ន័រ​តុន​ បាន​និយាយ​ថា ការ​ប្រើ​អំពើ​ហិង្សា​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​របស់​គណ​បក្ស​ប្រឆាំង​​ ទំនង​ជា​មិន​កើត​ឡើង​ទេ ពី​ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបា​ល​បាត់​បង់​ភាព​ស្រប​ច្បាប់​ទាំង​នៅ​ក្នុង​ប្រទេស​ទាំង​នៅ​​​លើ​ឆាក​អន្តរជាតិ។

យុវជន​រូប​នេះ​បាននិយាយបន្ថែម​ទៀត​​ថា “ភាគី​ប្រឆាំង​នៅទីនេះ​គ្មាន​អាវុធ​ទេ​ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​ទីនេះ​ប្រើ​វិធី​បង្ក្រាប​ដូច​នៅក្នុង​​ប្រទេស​អេហ្ស៊ីប​ និង​ប្រទេស​​ស៊ីរី សហ​គមន៍​អន្តរជាតិ​នឹង​ថ្កោល​ទោស​រដ្ឋាភិបា​ល​កម្ពុជា”។

ជា​ការ​ពិត​ណាស់​ អ្នក​ណា​ដែល​ចេញ​បញ្ជា​ឲ្យ​បំបែក​ក្រុម​បាតុករ​ប្រឆាំង​ដោយ​ប្រើ​ប្រាស់​អាវុធ​ អាច​នឹងរង​ការ​ប្តឹង​ផ្តល់ទៅ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC)។ ហើយជំនួយ​ជា​ទឹក​ប្រាក់​ជួយ​ដល់​ប្រទេស​កម្ពុជា​ក៏​​អាច​នឹង​ត្រូវ​កាត់​ផ្ដាច់​ដែរ​​ក្នុង​ករណី​ផ្ទុះ​អំពើ​ហិង្សា​​លើ​បាតុករ​។

យោង​តាម​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា សហ​រដ្ឋ​អាមេរិ​ក​បាន​ផ្ដល់​ជំនួយ​យោធា​ប្រមាណ​៦​លាន​ដុល្លារ​ដល់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១១​ ប៉ុន្តែ សហ​រដ្ឋ​អាមេរិក​បាន​កាត់​ផ្ដាច់​ជំនួយ​មិន​មែន​មនុស្ស​ធម៌​ទាំង​អស់​ដល់​​កម្ពុជា​ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាលពី​​ឆ្នាំ​១៩៩៧​ដែល​បាន​ទម្លាក់​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ ដែល​ជា​សហ​នាយក​រដ្ឋ​មន្ត្រី​របស់​លោក ហ៊ុន សែន ចេញ​ពី​អំណាច​។

លោក ហ៊ុន សែន បាន​​​មើល​ងាយ​រួ​ចទៅ​ហើយ​ចំពោះ​ការ​អំពាវ​នាវ​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ ឲ្យ​កាត់​ផ្ដាច់​ជំនួយ​ដល់​កម្ពុជា​ ដោយ​​អួត​អាង​ថា ការ​ខ្វះ​ខាត​ណាមួយ​ នឹង​មាន​ចិន​ ជា​អ្នក​ជួយ​បំពេញ​។

លោក ផៃ​ ស៊ីផាន អ្នក​នាំពាក្យ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មា​ន​ប្រសាសន៍​ថា ឲ្យតែ បក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្ម​ដោយ​សន្ដិ​វិធី​ និង​ទទួល​បាន​ការ​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ និង​ក្រសួង​មហាផ្ទៃ​នោះ​ នឹង​គ្មាន​បញ្ហា​អ្វី​ទេ​។

លោក ផៃ ស៊ីផាន ​បាន​មាន​ប្រសាសន៍​​បន្ត​ថា “យើង​ត្រៀម​​សម្រាប់​ការ​គ្រប់​គ្រង​ក្រុម​មនុស្ស​ និង​សម្រាប់​កុបកម្ម​ ប៉ុន្តែ វា​មិន​មាន​ន័យ​ថា យើង​និង​ប្រើ​ប្រាស់​កម្លាំង​នោះ​ទេ។ យើង​មិន​ដូច​នៅអេហ្ស៊ីប និង​ស៊ីរី​ទេ។ ភាព​ខុស​គ្នា​នៅ​ត្រង់​ថា  កម្ពុជា មានបទ​ពិសោធ​ខាង​​សង្គ្រាម​​​ស៊ីវិល​ ហើយ​មេដឹក​នាំ​ទាំង​អស់​របស់​យើង​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើ​សតាំង​នៅ​រដ្ឋ​សភា​។ នៅ​ពេល​នេះ ប្រជា​ពលរដ្ឋ​កម្ពុជា​​មាន​ការ​យល់​ដឹង​គ្រប់​គ្រាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិ​វិធី​ និង​ដោយ​គ្មាន​អំពើ​ហិង្សា”។

លោក​ សុន ឆ័យ ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់​ស្រប។ លោក​បាន​មាន​ប្រសាសន៍​ថា “កម្ពុជា​​ជា​ប្រទេស​តូច​។ ប្រជា​ពល​រដ្ឋ​របស់​យើង​មិន​មាន​ការ​បែក​បាក់​នៅ​ក្នុង​សង្គម​របស់​យើង​ទេ​។ វា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​។ វា​មិន​ពាក់​ព័ន្ធ​នឹង​​ជំនឿ​ជ្រុល​និយម​ផ្នែក​សាសនា​ និង​ការ​បែក​បាក់​គ្នា​ទេ​ ហើយ​យើង​ធ្លាប់​រង​ទុក្ខ​ច្រើន​ណាស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​យើង​ថ្មី​ៗ​នេះ។ ខ្ញុំ​គិត​ថា យើង​នឹង​មិន​មាន​ការ​បង្ហូរ​ឈាម​នៅ​តាម​ផ្លូវ​ទេ​”៕

(រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)
ប្រែ​​​សម្រួល​​​ដោយ​​ តែម សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស