27.5 C
Phnom Penh

សាលា​រាជ​ធានី​ភ្នំពេញ​​នឹង​អនុវត្ត​យុទ្ធនា​ការ​ថ្មី​ដើម្បីកែ​លម្អ​​ប្រព័ន្ធ​លូ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សៅរ៍​ សាលា​រាជ​ធានី​ភ្នំពេញ​បាន​​ដាក់ចេញ​នូវ​យុទ្ធនាការ​ថ្មីមួយ​ ក្នុង​គោល​បំណង​សម្អាត​ប្រព័ន្ធ​លូ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​កាត់​បន្ថយ​បញ្ហា​​ទឹកលិច​ដ៏​លំបាក​ដែល​កើត​ឡើង​​អំឡុង​រដូវ​​ភ្លៀង​ធ្លាក់​។

យុទ្ធនាការ​នេះ​នឹង​ជំរុញ​ឲ្យ​ប្រជា​ជន​​​បញ្ចេញ​កាក​សំណល់​​តាម​វិធី​សម​ស្រប​ និង​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ​​​​សម្អាត​ប្រព័ន្ធ​លូ​ឲ្យ​បាន​ញឹក​ញាប់​ជាង​មុន​ ដោយ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​ថ្មីៗ ​​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ទី​ភ្នាក់​ងារ​​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​​ ឬក៏​ហៅ​កាត់​ថា ​អង្គការ​ ចាយកា (JICA)។

លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជ​ធានីភ្នំពេញ​ បាន​មាន​ប្រសាសន៍​អំឡុង​ថ្លែង​សុន្ទរកថារបស់​លោក​​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ នៅ​ក្នុង​កម្មវិធី​​ប្រកាស​យុទ្ធនា​ការ​នេះ​ នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ​ថា “អំឡុង​រដូវ​ភ្លៀងធ្លាក់​ដែល​មាន​រយៈ​ពេល​ប្រហែល​បីខែ​ យើង​នឹង​សម្អាត​ប្រព័ន្ធលូ​បី​ដង​។ ការ​ធ្វើ​បែប​នេះ​ប្រហែល​ជា​​អាច​ជួយកាត់​បន្ថយ​បញ្ហា​ទឹកលិច​​ដោយ​សារ​លូ​ស្ទះ​ប្រហែល​៧០​ភាគ​រយ​​។ នៅ​ក្នុង​គោល​បំណង​នេះ​​យើង​មាន​រថយន្ត​ពី​រ​ប្រភេទ​៖ មួយ​ជា​រថយន្ត​ដែល​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​កាក​សំណល់​ចេញ​ និង​មួយ​ទៀត​គឺ​ជា​រថយន្ត​ដែល​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​សម្អាត​លូ​”។

លោក​ ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទោះ​បី​ជា​ចំនួនប្រជា​ជន​នៅក្នុងទីក្រុង​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ទី​ក្រុង​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ កំពុង​តែ​មាន​ការ​កើន​ឡើង​យ៉ាង​លឿ​ន​ក៏ដោយ ក៏ការ​អប់​រំ​ប្រជា​ជន​ឲ្យ​ចេះ​ការ​ពារ​កំ​ុឲ្យ​បំពង់​លូ និង​​មាត់​លូ​កក​​ស្ទះ​​​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ជន់​លិច​​​​នៅ​តាម​ដង​ផ្លូវ​ និង​លំនៅដ្ឋាន​​របស់​ប្រជា​ជនដែរ​​​។

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “ចាំ​បាច់​ត្រូវ​មាន​ការ​ចូលរួម​ពី​សាធារណជន​ និង​អាជ្ញាធរ​ ក្នុង​កិច្ច​សហ​ការ​​ជាមួយ​គ្នា​ ដើម្បី​កាត់​បន្ថយ​បញ្ហា​ជន់​លិច​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ក៏​ប៉ុន្តែ ប្រជា​ជន​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ដឹង​តិច​តួច​អំពី​បញ្ហា​ខូច​ខាត​​ ដែល​បង្ក​ឡើង​ដោយ​ការ​បោះ​ចោល​សំរាម​​តាម​របៀប​មិន​សម​ស្រប​។ ដូច្នេះ​យើង​ចង់​ផ្សព្វ​ផ្សាយ​ឲ្យ​​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ដឹង​​ និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​​ក្នុង​សកម្មភាព​របស់​គម្រោង​”។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ពេល​កន្លងមក​​ ដើម្បី​ជំរុញ​ឲ្យ​ប្រជា​ជន​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង​ ជា​ទូទៅ​មិន​ទទួល​បាន​ជោគ​ជ័យ​ទេ​។ មាន​ន័យ​ថា ទោះ​បី​ជា​មាន​ការ​សាង​សង់​ប្រព័ន្ធ​លូ​ជា​បន្ត​បន្ទាប់​ ក្រោម​​ថវិកា​ចំណាយ​ចំនួន​​​៣៥០​លាន​ដុល្លារ​​របស់​ទី​ភ្នាក់​ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិជប៉ុន​ក៏​ដោយ ក៏​បញ្ហា​ជន់លិច​នៅ​តែ​មិន​ត្រូវ​បាន​កាត់​បន្ថយដែរ​។

លោក​ នៅ សារឿន ប្រធាន​អង្គភាព​លូ​ទឹក​ និងបូម​​ទឹក​ នៃ​ក្រសួង​សាធា​រណការ​ និង​ដឹក​ជញ្ជូន​​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​លើក​ឡើង​ថា យុទ្ធនាការ​ថ្មីនេះ​ គឺ​ជា​វិធី​សាស្ត្រ​ដោះ​ស្រាយ​តាម​បែប​ចូល​រួម​ក្នុងកិច្ច​សហ​ការ​ ចំពោះ​បញ្ហា​ជន់លិច​នេះ​។ ប្រធាន​អង្គភាព​លូ​ទឹក​ និងបូម​​ទឹក​​​រូប​នេះ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ថា “នេះ​គឺជា​យុទ្ធនាការ​ដ៏​ល្អ​មួយ​ ពីព្រោះ​យុទ្ធនាការ​នេះ​ជំរុញ​ឲ្យ​ប្រជា​ជន​ចោលសំរាម​តាម​របៀប​​សម​ស្រប​ និង​អំពាវ​នាវ​ឲ្យ​ [ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​រាជ​ធានី​] ក្រុមហ៊ុន​ស៊ិន​ទ្រី ដាក់​ចេញ​ និង​អនុវត្ត​កម្មវិធី​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពល​រដ្ឋ​ ក៏​ដូច​ជា​សាធា​រណជ​ន ដើម្បី​ឲ្យពួក​គាត់​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ការ​បោះ​ចោល​កាក​សំណល់​ ពី​សកម្មភាព​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​”៕

ប្រែ​​​សម្រួល​​​ដោយ កង សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស