កាលពីថ្ងៃសៅរ៍ សាលារាជធានីភ្នំពេញបានដាក់ចេញនូវយុទ្ធនាការថ្មីមួយ ក្នុងគោលបំណងសម្អាតប្រព័ន្ធលូនៅក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយបញ្ហាទឹកលិចដ៏លំបាកដែលកើតឡើងអំឡុងរដូវភ្លៀងធ្លាក់។
យុទ្ធនាការនេះនឹងជំរុញឲ្យប្រជាជនបញ្ចេញកាកសំណល់តាមវិធីសមស្រប និងឲ្យសាលារាជធានីភ្នំពេញសម្អាតប្រព័ន្ធលូឲ្យបានញឹកញាប់ជាងមុន ដោយប្រើប្រាស់នូវឧបករណ៍ថ្មីៗ ដែលត្រូវបានផ្ដល់ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ឬក៏ហៅកាត់ថា អង្គការ ចាយកា (JICA)។
លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានមានប្រសាសន៍អំឡុងថ្លែងសុន្ទរកថារបស់លោកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅក្នុងកម្មវិធីប្រកាសយុទ្ធនាការនេះ នៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញថា “អំឡុងរដូវភ្លៀងធ្លាក់ដែលមានរយៈពេលប្រហែលបីខែ យើងនឹងសម្អាតប្រព័ន្ធលូបីដង។ ការធ្វើបែបនេះប្រហែលជាអាចជួយកាត់បន្ថយបញ្ហាទឹកលិចដោយសារលូស្ទះប្រហែល៧០ភាគរយ។ នៅក្នុងគោលបំណងនេះយើងមានរថយន្តពីរប្រភេទ៖ មួយជារថយន្តដែលនឹងត្រូវបានប្រើប្រាស់សម្រាប់កាកសំណល់ចេញ និងមួយទៀតគឺជារថយន្តដែលនឹងត្រូវបានប្រើប្រាស់សម្រាប់សម្អាតលូ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ បានឲ្យដឹងកាលពីម្សិលមិញថា ទោះបីជាចំនួនប្រជាជននៅក្នុងទីក្រុងដែលត្រូវបានចាត់ទុកជាទីក្រុងដ៏ស្រស់ស្អាតមួយនេះ កំពុងតែមានការកើនឡើងយ៉ាងលឿនក៏ដោយ ក៏ការអប់រំប្រជាជនឲ្យចេះការពារកំុឲ្យបំពង់លូ និងមាត់លូកកស្ទះអាចជួយកាត់បន្ថយបញ្ហាជន់លិចនៅតាមដងផ្លូវ និងលំនៅដ្ឋានរបស់ប្រជាជនដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញរូបនេះបានមានប្រសាសន៍ថា “ចាំបាច់ត្រូវមានការចូលរួមពីសាធារណជន និងអាជ្ញាធរ ក្នុងកិច្ចសហការជាមួយគ្នា ដើម្បីកាត់បន្ថយបញ្ហាជន់លិចនៅក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ ប្រជាជនមួយចំនួននៅតែមានការយល់ដឹងតិចតួចអំពីបញ្ហាខូចខាត ដែលបង្កឡើងដោយការបោះចោលសំរាមតាមរបៀបមិនសមស្រប។ ដូច្នេះយើងចង់ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងជំរុញឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពរបស់គម្រោង”។
កិច្ចខិតខំប្រឹងប្រែងក្នុងពេលកន្លងមក ដើម្បីជំរុញឲ្យប្រជាជនធ្វើសកម្មភាពដោយខ្លួនឯង ជាទូទៅមិនទទួលបានជោគជ័យទេ។ មានន័យថា ទោះបីជាមានការសាងសង់ប្រព័ន្ធលូជាបន្តបន្ទាប់ ក្រោមថវិកាចំណាយចំនួន៣៥០លានដុល្លាររបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនក៏ដោយ ក៏បញ្ហាជន់លិចនៅតែមិនត្រូវបានកាត់បន្ថយដែរ។
លោក នៅ សារឿន ប្រធានអង្គភាពលូទឹក និងបូមទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យុទ្ធនាការថ្មីនេះ គឺជាវិធីសាស្ត្រដោះស្រាយតាមបែបចូលរួមក្នុងកិច្ចសហការ ចំពោះបញ្ហាជន់លិចនេះ។ ប្រធានអង្គភាពលូទឹក និងបូមទឹករូបនេះ បានមានប្រសាសន៍ឲ្យដឹងដូច្នេះថា “នេះគឺជាយុទ្ធនាការដ៏ល្អមួយ ពីព្រោះយុទ្ធនាការនេះជំរុញឲ្យប្រជាជនចោលសំរាមតាមរបៀបសមស្រប និងអំពាវនាវឲ្យ [ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានី] ក្រុមហ៊ុនស៊ិនទ្រី ដាក់ចេញ និងអនុវត្តកម្មវិធីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ដើម្បីឲ្យពួកគាត់ប្រតិបត្តិឲ្យបានត្រឹមត្រូវនូវការបោះចោលកាកសំណល់ ពីសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួន”៕
ប្រែសម្រួលដោយ កង សុធា