34 C
Phnom Penh

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​សាធារណៈ​ស្តីពី​ឯកសារ​បើក​ចំហ​​ពាក់​ព័ន្ធ​ការ​បោះ​ឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​​បើក​សវនា​ការ​ជា សាធារណៈមួយ​នៅ ​សប្តាហ៍​នេះ​រវាង​គណៈ កម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប.)  និង​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពីគណបក្ស​ប្រឆាំង​នេះ​បាន​ប្តឹង​តវ៉ាថា គ.ជ.ប. បាន​ប្រើ​ប្រាស់​ឯកសារ​បោះ​ឆ្នោត​ដែល​បើក​ចំហ​ និង​អាច​មាន​ការ​លួច​បន្លំ​ ដើម្បី​ស៊ើប​អង្កេត​ពី​​ភាព​មិន​ប្រក្រតីនៃការ​បោះឆ្នោត​។

អំឡុង​ព្រឹត្តិការណ៍​ជាសាធារណៈ​មួយ​កាល​ពីថ្ងៃ​អាទិត្យ​នៅ​ទីស្នាក់​ការ ​​គ.ជ.ប.​ មានកញ្ចប់​ចំនួន​៥ក្នុង​ចំណោម​កញ្ចប់​ទាំង១៣​ដែ​ល​មាន​ផ្ទុក​ឯកសារបូក​សរុប​​សន្លឹក​ឆ្នោត​មក​ពី​ការិយាល័យ​បោះឆ្នោត​នៅក្នុង​ខេត្ត​ក្រចេះ​នោះ​ត្រូវ​បាន​បិទ​ដោយ​មិន​ត្រឹម​ត្រូវ ​ ហើយ​កញ្ចប់​​​មួយ​ចំនួន​ចំហ​តែម្តង ដោយ​ធ្វើ​ឲ្យ​មាន​ការ​ស្នើ​សុំ​​ឲ្យក្រុម​ប្រឹក្សាធម្មនុញ្ញ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ពីការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។

លោក ព្រហ្ម ញាណវិចិត្រ​ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បើក​សវនាការ​ជា​សាធា​រណៈ​​មួយ​ដើម្បី​ផ្តល់​ឱកាសដល់​ដើម​ចោទ​ និង​ដើម្បី​ឲ្យ ​គ.ជ.ប. និយាយ​ការ​ពារខ្លួន​ពាក់​ព័ន្ធ​នឹង​លទ្ធផល​នៃ​ការ​​បើក​កញ្ចប់​សុវត្ថិ​ភាព​ “ក” នេះ”។

លោក​បាន​មាន​ប្រសាសន៍ថា “នៅ​ពេល​មាន​ការ​កំណត់​កាល​បរិច្ឆេទ​បើក​​សវនាការ​ជា​សាធារណៈ​យើង​នឹង​ជម្រាប​ដល់​សាធារណ​ជ​​ន​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យ៉ាង​ហោច​ណាស់​ក៏​២៤​ម៉ោង​មុន​​ថ្ងៃ​បើក​សវនាការ​ដែរ ដូច្នេះ​សាធារ​ណជន​អាច​មក​ចូល​រួម​បាន​”។

លោក​ ញាណវិចិត្រ​ មិនបាន​និយាយ​លម្អិត​ថា តើ​នឹង​ត្រូវ​ចាត់​វិធានការ​អ្វី​នោះទេ​ប្រសិ​ន​បើ​ គ.ជ.ប. មិន​បាន​ពន្យល់​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​មូល​ហេតុ​ដែលកញ្ចប់​ទាំង​នេះ​មក​ដល់​ដោយ​មិន​បាន​បិទ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​។

អង្គការ​សិទ្ធិមនុស្ស រួម​មាន​អង្គការ​លីកាដូ ជាដើមបាន​លើក​ឡើង​ពីភាព​មិន​ប្រ​ក្រតី​អំឡុងការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កើត​ឡើង​ច្រើន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុងប្រទេស​កម្ពុជា​ដែល​ចាំបាច់ត្រូវ​រាប់​សន្លឹក​​ឆ្នោត​ឡើង​វិញ និង​បោះឆ្នោត​ឡើងវិញ​ទំាង​ស្រុង​​​នៅ​ក្នុង​​ករណី​មួយ​ចំនួន​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​នៅ​យប់​ថ្ងៃ​អាទិត្យ​ លោក ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​អន្តរជាតិ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រសាសន៍​ថា ឯកសារ​ដែល​មិន​បាន​បិទ​ឲ្យ​បាន​ត្រឹម​ត្រូវ​នេះ​បានរំលោភ​ច្បាប់​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គឺជា​ការ​រំលោភ​ច្បាប់​បោះឆ្នោត​ទាំង​ស្រុង​ ហើយ​​ធ្វើ​ឲ្យ​មាន​កង្វល់​ជុំវិញ​សុវត្ថិភាព​ឯក​សារ​សម្ងាត់​ទាំង​នេះ​។

ផ្អែក​តាម​បណ្តឹង​របស់​គណបក្ស​នយោបាយ​ មានភាព​ខុស​គ្នា​ពាក់​ព័ន្ធ​នឹង​សន្លឹក​ឆ្នោត​មិន​បាន​ការ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធ​ផល​បោះឆ្នោត​នៅ​ក្នុង​មណ្ឌល​ក្រចេះ​”។

លោក​ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា នឹង​មានការ​​បើក​សវការ​ពាក់​ព័ន្ធ​បណ្តឹង​ ផ្សេង​ៗ​ទៀត​នៅពេល​អនាគត​ដល់​សាធារណ​ជន​ និង​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ផង​ដែរ​។

លោក​ ញាណវិចិត្រ បាន​មាន​ប្រសាសន៍​​ថា កាល​ពីម្សិលមិញ “សេចក្តី​ប្រកាស​បន្ទាន់”​​ មួយ​​ដែល​បោះត្រា​ដោយ​លោក ឯក សំអុល ក៏បាន​បង្គ្រាប់​ឲ្យ​បើក​កញ្ចប់​ជាច្រើន​ទៀត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ចំនួន​ប្រាំបី​នៅក្រុង​បាត់​ដំបង​ផង​ដែរ​ ដើម្បីធ្វើការ​ផ្ទៀត​ផ្ទាត់​។

សេចក្តីប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា ការ​បើក​កញ្ចប់​ទាំង​នេះ​ គឺដើម្បី​ “ផ្ទៀង​​ផ្ទាត់​សន្លឹក​​ឆ្នោត​តាម​ទម្រង់​១១០២ ១១០៨ និង​ឯកសារ​កត់​ត្រា​សន្លឹក​ឆ្នោត​ផ្សេង​ៗទៀត​​”។

លោក ទេព នីថា អគ្គលេខា​ធិការ​ គ.ជ.ប. បាន​មាន​ប្រសាសន៍ថា ស្ថាប័ន​នេះ​ត្រៀម​ខ្លួន​ចូល​រួម​នៅ​ក្នុង​សវនាការ​នា​ពេល​ខាង​មុខ​នេះ ហើយ​បាន​បញ្ជាក់​ឡើ​ង​វិញ​ថា “បញ្ហា​បច្ចេកទេស”​ គួរ​ត្រូវ​បាន​បន្ទោស​ចំពោះ​កំហុស​នៃការ​បិទ​នោះ​។

កាល​ពីថ្ងៃ​អាទិត្យមន្ត្រី គ.ជ.ប. បាន​លើក​ឡើង​ថា មូល​ហេតុ​ដែល​កញ្ចប់​ទាំង​នេះ​ចំហ​នោះគឺ​ដោយសារ​បុគ្គលិក​ គ.ជ.ប. មួយ​ចំនួន​ដែល​​បម្រើ​ការ​ក្នុងការ​បោះ​ឆ្នោតនោះ​​ទទួល​​បាន​ការ​បណ្តុះ​បណ្តាល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ។

នៅ​ពេល​​សួរ​ថា តើ​ត្រូវ​ដាក់​ទោស​ចំពោះ​​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​ធ្វេស​​ប្រហែស​​ឬ​អត់​នោះ លោក​បាន​បន្ទោស​ស្ថាប័ន​ខ្លួន​ឯង​ចំពោះ​ការ​មិន​បាន​បណ្តុះ​បណ្តាល​បុគ្គលិក​ទាំង​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ ហើយ​បាន​បដិ​សេធ​ថា មិន​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​​ទេ​។ នៅដែល​ពេល​សួរ​ថា តើ​កញ្ចប់​សុវត្ថិ​ភាព​​ក្រោយ​ៗ​​​ត្រូវ​បាន​បិទ​ត្រឹម​ត្រូវ​ ឬ​អត់​នោះ​ លោក​បាន​មាន​ប្រសាសាន៍ថា “ខ្ញុំ​មិន​អាច​ទាយ​ទុក​​មុន​បាន​ទេ​”៕

(រាយការណ៍​បន្ថែម​ដោយ​ Lauren Crothers)
ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស