ថ្លែងទៅកាន់អ្នកគាំទ្រជាង១០.០០០នាក់ក្នុងពិធីជួបជុំដ៏ធំមួយកាលពីម្សិលមិញក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានមានប្រសាសន៍ថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចមិនធ្វើសហប្រតិបត្តិការក្នុងការបង្កើតគណៈកម្មាធិការអព្យាក្រឹតមួយដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនានាក្នុងពេលបោះឆ្នោតក្នុងរយៈពេលពីរសប្ដាហ៍ទេនោះ គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មទូទាំងប្រទេស។

លោក សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រយ៉ាងច្រើនកុះករដែលប្រមូលផ្ដុំគ្នាពេញទីលានប្រជាធិបតេយ្យ និងហៀរមកលើផ្លូវជុំវិញទីនោះថា “យើងនឹងធ្វើបាតុកម្មមុនពេល [គ.ជ.ប.] ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។ យើងនឹងជំរុញឲ្យបង្កើតគណៈកម្មាធិការយុត្តិធម៌ និងឯករាជ្យមួយដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនានាក្នុងពេលបោះឆ្នោត។ ប្រសិនបើពួកគេមិនបង្កើតគណៈកម្មាធិការឯករាជ្យទេនោះ យើងនឹងធ្វើបាតុកម្ម”។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានលើកឡើងថា ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងប្រកាសលទ្ធផលបោះឆ្នោតចុងក្រោយមិនឲ្យលើសពីថ្ងៃទី៨ ខែកញ្ញាឡើយដើម្បីអនុញ្ញាតឲ្យបង្កើតរដ្ឋាភិបាលថ្មីនៅដំណាច់ខែក្រោយនេះ។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា មានការបន្លំបញ្ជីឈ្មោះបោះឆ្នោតជាទូទៅ និងការបន្លំឯកសារសម្គាល់អត្តសញ្ញាណដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជា ឃុបឃិតជាមួយ គ.ជ.ប.។ បន្ទាប់ពីការចរចាពីរលើកក្នុងរយៈពេលបីសប្ដាហ៍មកនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមិនមានការរីកចម្រើនណាមួយទេនៅក្នុងការសម្រេចថា តើក្រុមណានឹងត្រូវដឹកនាំគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតពីទំហំ និងផលប៉ះពាល់នៃភាពមិនប្រក្រតីក្នុងពេលបោះឆ្នោត។
លោក កឹម សុខា បានមានប្រសាសន៍បន្ទរតាមការគំរាមរបស់លោក សម រង្ស៊ី ធ្វើមហាបាតុកម្ម ប្រសិនបើគ្មានដំណោះស្រាយចំពោះស្ថានភាពដែលជាប់គាំងនៅពេលបច្ចុប្បន្នទេនោះ ហើយបានមានប្រសាសន៍ថា រដ្ឋសភាណាបង្កើតឡើងដោយគ្មានតំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិ នឹង “រលាយបាត់” យ៉ាងឆាប់រហ័ស។
លោកបានមានប្រសាសន៍ថា “ប្រសិនបើ គ.ជ.ប. ក្រុមប្រឹក្សាធម្មនុញ្ញ និងគណបក្សប្រជាជនកម្ពុជា មិនយល់ព្រមឲ្យបង្កើតគណៈកម្មាធិការយុត្តិធម៌មួយដែលមានអ្នកស៊ើបអង្កេតឯករាជ្យ និងឲ្យអង្គការសហប្រជាជាតិធ្វើជាអ្នកសង្កេតការណ៍ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតទេនោះ មហាបាតុកម្មនឹងកើតឡើងនៅគ្រប់ទីកន្លែង”។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគេមិនស្វែងរកយុត្តិធម៌ឲ្យយើងទេយើង [តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ] នឹងមិនចូលរួមសម័យប្រជុំសភាឡើយ។ ប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនចូលរួម ពួកគេនឹងបើកសម័យប្រជុំជាមួយតំណាងរាស្ត្រតែ៦៨រូប ដែលនឹងក្លាយជារដ្ឋសភាមិនគ្រប់ទឹក”។
លោក កឹម សុខា លើកឡើងថា ហើយប្រសិនបើរដ្ឋសភានេះធ្វើឲ្យរដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសុពលភាពនោះ អំណាចរបស់លោកក៏មិនគ្រប់ទឹកដែរ។ លោក កឹម សុខា បានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋសភា និងនាយករដ្ឋមន្ត្រីមិនគ្រប់ទឹក ពួកគេនឹងមានជំងឺ ហើយនឹងរលាយបាត់។ ប្រសិនបើពួកគេហ៊ានបង្កើតរដ្ឋាភិបាលថ្មីនេះដោយខ្លួនឯង ពួកគេនឹងរលាយបាត់ដោយសារតែសហគមន៍អន្តរជាតិមិនទទួលស្គាល់ពួកគេ”។
នៅក្នុងសុន្ទរកថាជាសាធារណៈលើកចុងក្រោយរបស់ខ្លួនកាលពីថ្ងៃទី២ ខែសីហា លោក ហ៊ុន សែន បានលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលរដ្ឋសភាដោយជំទាស់នឹងលទ្ធផលបោះឆ្នោតនោះ អាសនៈរបស់គេនឹងត្រូវប្រគល់ដោយស្របច្បាប់ឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានតំណាងរាស្ត្រជាប់ឆ្នោតនៅក្នុងសភាតែមួយ។
គ.ជ.ប.បានចេញផ្សាយលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃទី១២ ខែសីហា ដែលគាំទ្រការអះអាងរបស់គណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃបោះឆ្នោតដែលថាខ្លួនទទួលបានសំឡេងគាំទ្រ៦៨អាសនៈនៃអាសនៈសភាទាំង១២៣។
តែទោះជាយ៉ាងណាចាប់តាំងពីថ្ងៃបោះឆ្នោតមក គណបក្សសង្គ្រោះជាតិបានលើកឡើងថា ខ្លួនមិនទទួលស្គាល់អ្វីក្រៅពីជ័យជម្នះរបស់ខ្លួន និងការបណ្ដេញគណបក្សប្រជាជនកម្ពុជាចេញពីអំណាចឡើយនៅក្រោយការបោះឆ្នោត ដែលលោក សម រង្ស៊ី បានអះអាងថា គណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រ៦៣អាសនៈទល់នឹង ៦០អាសនៈសម្រាប់គណបក្សប្រជាជនកម្ពុជា។
នៅឯពិធីជួបជុំកាលពីម្សិលមិញ លោក កឹម សុខា បានលើកឡើងជាថ្មីទៀតនូវការអះអាងពីជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិដែលខ្លួននិយាយថា ផ្អែកលើទិន្នន័យប្រមូលបានដោយតំណាងរបស់ខ្លួននៅតាមការិយាល័យបោះឆ្នោតនានា ប៉ុន្តែ គណបក្សប្រឆាំងនេះមិនទាន់ផ្ដល់ភ័ស្ដុតាង ដើម្បីគាំទ្រការអះអាងនេះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិរបស់យើង គឺជាគណបក្សដែលទទួលបានជ័យជម្នះដោយពិតប្រាកដ។ យើងសូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានសម្រេចចិត្តត្រឹមត្រូវបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ។ វាមានន័យថា បងប្អូនបានបោះឆ្នោតទម្លាក់មេដឹកនាំបច្ចុប្បន្នដែលផ្ដាច់ការ ពុករលួយ បក្ខពួកនិយម គ្រួសារនិយម និងដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិរបស់យើង”។
ចាប់តាំងពីប្រកាសអំពីពិធីជួបជុំនេះកាលពីសប្ដាហ៍មុនមក គណបក្សសង្គ្រោះជាតិបានអះអាងថា វាមិនមែនជាការតវ៉ា ឬក៏បាតុកម្មទេ វាគ្រាន់តែជាការជួបជុំគ្នាមួយដែលមេដឹកនាំគណបក្សប្រឆាំងនឹងជួបជាមួយអ្នកគាំទ្រដោយសន្ដិវិធីប៉ុណ្ណោះជាការសន្យាមួយដែលបក្សប្រឆាំងបានរក្សា។
ហើយថ្វីបើមានការព្រមានពីសំណាក់ក្រសួងមហាផ្ទៃថា ចំនួនប្រជាពលរដ្ឋចូលរួមក្នុងពិធីជួបជុំនេះ នឹងមិនត្រូវឲ្យលើសពី៦.០០០នាក់ក្ដី ក៏ចំនួនអ្នកគាំទ្របានកើនឡើងជិតទ្វេដង ដោយអ្នកគាំទ្រខ្លះអង្គុយនៅខាងមុខវេទិកា អ្នកគាំទ្រខ្លះឈរពីក្រោយពួកគេ និងខ្លះទៀតឈរលើម៉ូតូរបស់ខ្លួនទៀតផង។
ថ្វីបើមានការបង្កើនកងកម្លាំងសន្ដិសុខ និងសព្វាវុធធុនធ្ងន់ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលបីសប្ដាហ៍កន្លងមកនេះចាប់តាំងពីលោក សម រង្ស៊ី បានលើកឡើងជាលើកដំបូងថានឹងធ្វើមហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនធ្វើតាមការទាមទាររបស់គណបក្សប្រឆាំងឲ្យមានការស៊ើបអង្កេតក្តី ក៏វត្តមានសន្ដិសុខមានតិចតួចប៉ុណ្ណោះនៅឯពិធីជួបជុំកាលពីម្សិលមិញ។
តែទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលគាំទ្រគោលជំហររបស់ខ្លួនថា ខ្លួននឹងមិនអត់ឱនឲ្យឡើយចំពោះបាតុកម្មដែលគ្មានច្បាប់អនុញ្ញាត។
លោកបានមានប្រសាសន៍ថា “ រដ្ឋាភិបាលជាស្ថាប័នអព្យាក្រឹត។ អាណត្តិរបស់យើងគឺត្រូវការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារច្បាប់ និងសណ្ដាប់ធ្នាប់។ ជម្លោះរវាងអ្នកនយោបាយ និងអ្នកនយោបាយគួរតែមានការដោះស្រាយឲ្យបានសមរម្យ។ រដ្ឋាភិបាលនឹងមិនបណ្តោយឲ្យនរណាម្នាក់ប្រព្រឹត្តល្មើសច្បាប់ឡើយ មិនថា ពួកគេជានរណា ជាអ្នកនយោបាយ ឬមិនមែននោះទេ”។
លោកលើកឡើងទៀតថា ការអះអាងរបស់គណបក្សសង្គ្រោះជាតិថា មានភាពមិនប្រក្រតីក្នុងពេលបោះឆ្នោតនោះ មិនទាន់មានភ័ស្ដុតាងបញ្ជាក់គួរឲ្យជឿទុកចិត្តបាននៅ ឡើយទេ។ លោកបានមានប្រសាសន៍ថា “[ការបញ្ចៀសបាតុកម្ម] អាស្រ័យលើគណបក្សប្រឆាំង។ពួកគេត្រូវតែទទួលស្គាល់នីតិរដ្ឋ និងការពិតដែល [ ពួកគេបានចាញ់ការបោះឆ្នោត]”។
ប៉ុន្តែ ថ្វីបើរដ្ឋាភិបាលបានសន្យាធ្វើការបង្ក្រាបបាតុកម្មដែលខុសច្បាប់ ឬដែលផ្ទុះអំពើហិង្សាក្ដី ក៏អ្នកគាំទ្រគណបក្សសង្គ្រោះជាតិយ៉ាងច្រើននៅតែចូលរួមជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ដែរក្នុងវេទិកាដែលបង្កើតឡើងសម្រាប់ពិធីជួបជុំកាលពីម្សិលមិញ ដើម្បីបង្ហាញការប្ដេជ្ញារបស់ខ្លួនចំពោះការចូលរួមធ្វើបាតុកម្ម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងអំពាវនាវឲ្យចូលរួម។
ព្រះតេជគុណ យ៉េន រតនសុធាវី ដែលបានមានសង្ឃដីកាថា ព្រះតេជគុណធ្លាប់បានធ្វើការតវ៉ាក្នុងថ្ងៃបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយជិតវត្តស្ទឹងមានជ័យ នោះ បានមានសង្ឃដីកាថា ព្រះអង្គតាំងចិត្តប្រគល់ជីវិតរបស់ព្រះតេជគុណចូលរួមតស៊ូជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារការផ្លាស់ប្ដូរ។ ព្រះតេជគុណមានសង្ឃដីកាថា “អាត្មាហ៊ានបូជាជីវិតដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។យើងជាខ្មែរ ដូច្នេះយើងត្រូវតែស្រឡាញ់ខ្មែរ”។
ស្ត្រីវ័យក្មេងម្នាក់ទៀតដែលបានឡើងលើវេទិកានិយាយថា នាងតាំងចិត្តក្រោកឈរឡើងប្រឆាំងនឹងរដ្ឋាភិបាល មិនថារដ្ឋាភិបាលមានអាវុធធុនធ្ងន់ព្យាយាមគាបសង្កត់មហាបាតុកម្មយ៉ាងណាឡើយ។ នាងបាននិយាយថា “បច្ចុប្បន្នកម្ពុជាគ្មានការភ័យខ្លាចទេ។ យើងមិនខ្លាចរថក្រោះទេ ទោះបីជាពួកគេមានអាវុធនុយក្លេអ៊ែរក៏ដោយ ក៏ខ្ញុំមិនខ្លាចនឹង [ ធ្វើបាតុកម្ម] ដែរ”៕
ប្រែសម្រួលដោយ តែម សុខុម