នគរបាលដែលបានបង្ហាញវត្តមានអំឡុងពិធីជួបជុំគ្នាយ៉ាងអធិកអធមរបស់គណបក្សប្រឆាំងនៅទីលានប្រជាធិបតេយ្យក្នុងរាជ ធានីភ្នំពេញ កាលពីម្សិលមិញ មានចំនួនមិនច្រើនទេហើយភាគច្រើនគឺពុំមានអាវុធឡើយ ទោះបីជាមានភាពតានតឹងជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិកាលពីខែមុន និងការបង្កើនកម្លាំងសន្តិសុខនៅជុំវិញរាជធានីនេះក៏ដោយ។
ទោះបីជាក្រុមអ្នកចូលរួមបានកើនឡើងយ៉ាងច្រើនលើសចំនួនកំណត់របស់ក្រសួងមហាផ្ទៃដែលបានកំណត់ឲ្យមានអ្នកចូលរួមត្រឹមតែ៦.០០០នាក់ក៏ដោយ ក៏នគរបាលនិងកងរាជអាវុធហត្ថដែលត្រូវបានដាក់ពង្រាយនៅជុំវិញទីលានប្រជាធិបតេយ្យក្នុងចំនួនតិចតួចបើធៀបនឹងចំនួនអ្នកចូលរួមនេះ មិនបានបង្ហាញពីការប៉ុនប៉ងណាមួយក្នុងការបណ្ដេញក្រុមអ្នកគាំទ្រឲ្យត្រឡប់ទៅវិញ ឬក៏បំបែកពួកគេទេ។
លោក ពង្ស សាវរិទ្ធ មេបញ្ជាការរងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ភាគច្រើននៃមន្ត្រីរបស់លោកដែលបានមកទីលានប្រជាធិបតេយ្យនេះ គឺពុំមានអាវុធទេ ដើម្បីជៀសវាងការចោទប្រកាន់ពីការប្រើកម្លាំងហួសហេតុពេក ហើយណាមួយគឺដោយសារពួកគេមិនរំពឹងថានឹងមានបញ្ហាបង្កឡើងដោយក្រុមអ្នកចូលរួមដែលគ្រាន់តែមកស្ដាប់លោក សម រង្ស៊ី សំណេះសំណាលជាមួយម្ចាស់ឆ្នោតនោះ។
លោកបានមានប្រសាសន៍ថា “ពួកគេគឺជាប្រជាពលរដ្ឋសាមញ្ញ ដូច្នេះពុំមានភាពចាំបាច់សម្រាប់យើងក្នុងការនាំអាវុធមកឡើយ។ យើងបានហ្វឹកហ្វឺនពីការប្រើប្រាស់ដៃទទេសម្រាប់បទល្មើសប្រភេទនេះ។ យើងអាចចាប់ខ្លួនពួកគេដោយប្រើដៃទទេទាំងពីររបស់យើងបាន”។
កងយោធពលខេមរភូមិន្ទក៏ត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យនេះផងដែរ។ លោក ឌួង សំណាង បានឲ្យដឹងថា ខ្លួនស្ថិតក្នុងចំណោមកងយោធពលខេមរភូមិន្ទចំនួន១២០នាក់មកពីខេត្តបាត់ដំបងដែលត្រូវបានដាក់ពង្រាយក្នុងរាជធានីភ្នំពេញ ក្នុងពេលថ្មីៗនេះ ហើយលោកក៏ត្រូវបានចាត់តាំងឲ្យជួយឃ្លាំមើលការជួបជុំគ្នានេះ។
លោកនិយាយថា “យើងមកទីនេះដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។ យើងមកទីនេះដើម្បីការពារ និងបង្ក្រាបចោរប្លន់។ល។ យើងមកទីនេះដើម្បីបង្ក្រាបអ្នកណាដែលអាចជាជនឱកាសនិយម ហើយព្យាយាមប្រព្រឹត្តបទឧក្រិដ្ឋ ឬអំពើប្លន់”។
សូម្បីតែសន្តិសុខខណ្ឌដូនពេញក៏ត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យនេះដើម្បីកុំឲ្យមានអ្នកលក់ដូរចល័តនៅតាមផ្លូវជុំវិញទីនេះដែរ ប៉ុន្តែនៅតែមានរទេះលក់ចំណីអាហារគ្រប់ប្រភេទនៅពាសពេញទីនោះ។
លោក ប៉ោ សេង ដែលស្ថិតក្នុងចំណោមសន្តិសុខខណ្ឌដូនពេញទាំងនោះ បាននិយាយថា “ការទទួលខុសត្រូវរបស់យើងគឺធានាឲ្យបានថា ពុំមានអ្នកលក់ដូរតាមដងផ្លូវណាម្នាក់ធ្វើឲ្យស្ទះចរាចរណ៍នៅតាមផ្លូវ។ប្រសិនបើយើងឃើញអ្នកលក់ដូរណាម្នាក់ធ្វើឲ្យស្ទះចរាចរណ៍ យើងគ្រាន់តែប្រាប់ពួកគេឲ្យបន្តដំណើរទៅមុខទៀត ហើយចេញឲ្យផុតពីតំបន់នេះ”។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានឲ្យដឹងថា នគរបាលជាតិប្រហែល២០០នាក់ក៏ត្រូវបានចាត់តាំងឲ្យមកការពារសន្តិសុខក្នុងព្រឹត្តិការណ៍នេះដែរ។
គណបក្សសង្គ្រោះជាតិបានឲ្យដឹងថា អ្នកស្ម័គ្រចិត្តរបស់គណបក្សនេះជាង២០០នាក់បានត្រៀមរួចជាស្រេចក្នុងការជួយសម្រួលចរាចរណ៍។ ប៉ុន្តែដូចជាសន្តិសុខខណ្ឌដែរ ការប្រឹងប្រែងរបស់ពួកគេដូចជាពុំមានប្រសិទ្ធភាពនោះទេ ដោយផ្លូវនៅជុំវិញទីលានប្រជាធិបតេយ្យ គឺធ្វើចរាចរណ៍ស្ទើរតែមិនបានដដែល។
ក្នុងពេលជាមួយគ្នានោះ កងកម្លាំងសន្តិសុខរដ្ឋក៏បានឃ្លាំមើលត្រឹមពីចម្ងាយដែរ។ លោក ពង្ស សាវរិទ្ធ មានប្រសាសន៍ថា “ប្រសិនបើយើងទៅជិតពួកគេពេក ពួកគេនឹងចោទយើងថា ទៅបំភិតបំភ័យ។ ដូច្នេះយើងសុខចិត្តឈរឃ្លាំមើលពី ចម្ងាយវិញ។ យើងមកទីនេះដើម្បីការពារប្រជាពលរដ្ឋ មិនមែនមកធ្វើការឲ្យគណបក្សណាមួយឡើយ”៕
ប្រែសម្រួលដោយ ឃិន ណៃ