34 C
Phnom Penh

កម្មករ​​កាត់​ដេរ​រាប់​សិប​នាក់​រង​របួស​ដោយ​សារ​ក្រឡាប់​រថយន្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ខេត្ត​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា កម្មករ​កម្មការិនី​ជាង​៥០​នាក់​បាន​រងរបួស​ដោយ​មាន​ម្នាក់​​ក្នុង​ចំណោម​នោះ​​​បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​កាល​ពី​ម្សិលមិញ​ នៅ​ពេល​រថយន្ត​ដឹក​​​​​​កម្មករ​​​មួយ​គ្រឿង​ដែល​បាន​ដឹក​ពួក​គេ​ទៅ​កាន់​​តំបន់​ឧស្សាហកម្ម​មួយ​ បាន​​​​ក្រឡាប់​។

លោក​ កែ រដ្ឋា ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ម្នាក់​បាន​រង​របួស​​ធ្ងន់​ត្រង់​ទ្រូង​​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ភ្លាម​ៗ​។ លោក​បាន​បន្ថែម​ថា ជន​រង​គ្រោះ​ប្រមាណ​៥០​នាក់​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ និង​បី​នាក់​បន្ថែមទៀត​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន។

លោក រដ្ឋា បាន​ថ្លែង​ថា “យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​ជន​រង​គ្រោះ​ដែលត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទី​រ​ពេទ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ពីព្រោះ​របួស​របស់​នាង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​។ ជន​រង​គ្រោះ​មាន​របួស​ធ្ងន់​ត្រង់​ទ្រូង និង​បាក់​ឆ្អឹង​ឆ្អែង​”។ លោក​បាន​ថ្លែង​បន្ថែម​ថា កម្មករ​កម្មការិនី​ដែលរង​របួស​ជា​ច្រើន​​នាក់​ផ្សេង​ទៀត​ មាន​អ្នក​ខ្លះ​បាក់​ធ្មេញ និង​បែកច្រមុះ​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​ណ៍នេះ​​។

លោក​ រាម សារឿន នាយ​នគរ​បាល​ប៉ុស្ដិ៍ សង្កាត់​​​ស្វាយ​តឿ ​លើក​ឡើងថា​ យោង​តាម​សាក្សីបាន​ឲ្យ​ដឹង​ថា ​រថយន្ត​នេះ​​បាន​រេ​ចង្កូត​ម្ដង​ទៅ​ឆ្វេង​ម្ដង​ទៅ​ស្ដាំ​មុន​ពេល​ក្រឡាប់​​នៅ​ក្នុង​សង្កាត់​​​ស្វាយ​តឿ​ ក្នុង​ក្រុង​ស្វាយរៀង​នៅ​ម៉ោង​ប្រហែល​​៦ និង​៣០​នាទី​ព្រឹក​។ លោក សារឿន បាន​មាន​ប្រសាសន៍​ថា “អ្នក​បើក​បរ​រថយន្ត​ដឹក​​​កម្មករ​​​នេះ​ទើបតែ​រៀន​បើក​បរ​ប៉ុណ្ណោះ។ អ្នក​បើក​បរ​រូប​នេះ​ក៏​បាន​ដឹក​អ្នក​ដំណើរ​យ៉ាង​ច្រើន​ផង​ដែរ​ ហើយ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បើក​បរ​របស់​ខ្លួនឡើយ​”។

លោក​បាន​បន្ថែម​ថា អ្នក​បើកបរ​អាយុ​៣០​ឆ្នាំរូប​នេះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ដើម្បី​សាក​សួរ​។ ឧបទ្ទវហេតុ​ពាក់​ព័ន្ធ​នឹង​កម្មករកម្មការិនី​រោង​ចក្រ​ដែល​ត្រូវ​បាន​ដឹក​ទៅ​កាន់​ និង​ត្រឡប់​ពី​ធ្វើ​ការ​មកវិញ​តាម​រថយន្ត​ដែល​ដឹកលើស​ចំណុះ​ តែង​តែ​កើត​មាន​ជា​រឿយ​ៗ​នៅ​ទីនេះ​ដោយ​មាន​គ្រោះ​ថ្នាក់​​យ៉ាង​តិច​ណាស់​ចំនួន​បី​បាន​កើត​ឡើង​កាលពី​​ឆ្នាំ​មុន​គ្រាន់​តែ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​មួយ​។

លោក​ ខូវ សាវុធ អាយុ​៤០​ឆ្នាំ​អ្នក​បើក​បរ​រថយន្ត​​ដឹក​​​កម្មករ​​​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ បាន​និយាយ​ថា គាត់​ត្រូវ​តែ​ដឹកអ្នក​ដំណើរ​យ៉ាង​តិច​ណាស់​៧០​នាក់​​ជារៀង​រាល់​ថ្ងៃ​ក្នុង​មួយ​ជើង​ ដើម្បី​ឲ្យ​​សល់​​​ប្រាក់​ចំណេញ​។​ នៅ​ពេល​គាត់​​​​ប្រមូល​ប្រាក់​​ពី​អ្នកដំណើរ​របស់​គាត់​បាន​​​ក្នុង​ចំនួន​៨០០​ដុល្លារ​ក្នុង​មួយ​ខែ​ៗ​ គាត់​បាន​និយាយ​ថា គាត់​ត្រូវ​​​ចំណាយ​ប្រហែល​៥០០​ដុល្លារ​ទៅ​លើ​ប្រេង​សាំង​។

លោក សាវុធ បាន​​លើកឡើង​នៅ​ពេល​កម្មករ​កម្មការិនី​ជា​ច្រើន​នៅ​ខាង​ក្រោយ​រថ​យន្ត​របស់​គាត់​កំពុង​តោង​ជញ្ជាំង​​​រថយន្ត​​​​ថា “ប្រសិន​​បើ​ដឹក​​អ្នក​ដំណើរ​ប្រហែល​ពី​៤០​នាក់​ទៅ ៥០​នាក់​​អាច​នឹង​មាន​សុវត្ថិភាព​ ប៉ុន្តែ​​​​ខ្ញុំ​បាន​ដឹក​អ្នក​ដំណើរ​ប្រហែល​ពី​៧០​ទៅ​៨០​នាក់​”​។ គាត់​បាន​បន្ថែម​ថា “ ខ្ញុំ​ពិត​ជា​ព្រួយ​បារម្ភ​អំពីគ្រោះ​ថ្នាក់​ណាស់​ ប៉ុន្តែ ខ្ញុំ​តែង​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​”។

ទោះ​បី​ជា​មានគ្រោះ​ថ្នាក់​ក៏ដោយ​ ក៏​កម្ម​ករ​​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ឈ្មោះ​ ប៊ី វី អាយុ​២២​ឆ្នាំ បាន​និយាយ​ថា ខ្លួន​នឹង​មិន​ឈប់​ជិះ​រថយន្ត​​​​​​​ដឹក​​​កម្មករ​​​ទៅ​ធ្វើ​ការ​ឡើយ ​ពី​ព្រោះ​រថយន្ត​តាក់​ស៊ី​ ឬក៏​រថយន្ត​ផ្សេង​ៗ​អាច​នឹង​ថ្លៃ​ជាងនេះ​​​។

កម្មករ​រោង​ចក្រ​រូប​នេះ​បាន​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ ពី​ព្រោះ​នៅ​ក្នុង​រថ​យន្ត​តែ​ង​តែ​មាន​អ្នក​ដំណើរ​ច្រើន​ពេក​ ហើយ​ខ្ញុំ​មិន​អាច​រើ​ខ្លួន​បាន​ឡើយ។ ប៉ុន្តែ បើ​ខ្ញុំ​ជិះ​រថយន្ត​តាក់​ស៊ី ឬ​រថយន្ត​ផ្សេង​ វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់​”។

លោក អៀ ចរិយា អ្នក​គ្រប់​កម្មវិធី​សុវត្ថិ​​​ភាព​​​ចរាចរណ៍​​​ផ្លូវ​គោក​នៅ​អង្គការ​ជន​ពិការ​អន្តរជាតិ​ បាន​លើក​ឡើង​ថា បញ្ហា​​​នេះ​​​កើត​ឡើង​ គឺ​ដោយ​សារ​តែ​​អ្នក​បើក​បរដែល​​​ប្រកួត​​​ប្រជែ​​ងគ្នា​​​​​ចង់​រក្សា​តម្លៃ​ទាប​ដើម្បី​ធ្វើ​ឲ្យ​កម្មករ​កម្មកា​រិនី​អាច​មាន​លទ្ធភាព​​​ជិះ​រថយន្ត​របស់​​​ខ្លួន​​​បាន​​​។

លោក ចរិយា បាន​ថ្លែង​ថា “កម្មករ​កម្មកា​រិនី​ ពួក​គេ​ចង់​ជិះ​រថយន្ត​ដែល​យក​​តម្លៃ​ទាប​​​ ហើយ​ក្រុមហ៊ុន​​ដឹក​ជញ្ជូន​ក៏​ចង់​រក្សា​តម្លៃ​របស់​ខ្លួន​ទាប​ដែរ​ ហេតុ​ដូច្នេះ​ហើយ​​ក្រុម​ហ៊ុន​ទាំង​នេះ​ត្រូវ​តែ​ដឹកមនុស្ស​ឲ្យបាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច​ ធ្វើ​ដូច្នេះ​ទើប​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​”។ លោក​បាន​​​បន្ថែ​ម​ថា រដ្ឋាភិបាល​​គួរ​តែ​ខិត​ខំ​​​​ប្រឹង​​​ប្រែង​​​ដើម្បី​បង្កើត​​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណ​មួយ​ដែល​កម្មករ​កម្មការិនី​អាច​ប្រើ​ប្រាស់​បាន​៕

ប្រែ​​​សម្រួល​​​ដោយ ស៊ា ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស