34 C
Phnom Penh

អ្នក​បើក​រថយន្ត​ដឹក​ផ្លែ​ឈើ​បិទ​ផ្លូវ​ជាតិ​លេខ​៥​​ តវ៉ា​ការ​ជំរិត​​ទារ​ប្រាក់​ពី​​​​មន្ត្រី​​​គយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រថយន្ត​ដឹក​ផ្លែ​ឈើ​ប្រហែល​៣០គ្រឿង​​​​បាន​បិទ​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ស្រុក​អូរជ្រៅ​​ ខេត្ត​បន្ទាយមានជ័យ​​ អស់​​រយៈពេល​​មួយ​ម៉ោង​​​កាលពី​​​ម្សិលមិញ​​​ ​បន្ទាប់​ពី​មន្ត្រី​គយ​បានឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ជា​មិត្ត​ភក្តិ​របស់​ខ្លួន​​​ចំនួន​ប្រាំមួយ​នាក់​ដោយ​សារ​ពួក​គេ​បាន​បដិ​​​សេធ​មិន​បង់​ប្រាក់​​​​ដែល​ខ្លួន​​​គិត​ថា ​មិន​សម​ហេតុ​ផល​។

លោក នូ សាល ដែល​ដឹក​ផ្លែ​ឈើ​ពី​ក្រុង​ប៉ោយ​ប៉ែត​កាត់​តាម​ខេត្ត​បន្ទាយ​មាន​ជ័យ​ឆ្ពោះ​​​ទៅកាន់​ខេត្ត​សៀមរាប ​បាន​ឲ្យ​​​ដឹង​​​​ថា អ្នក​បើក​បរ​ទាំង​នោះ​​​មាន​​​ការ​​​​​​នឿយណាយ​​​​​​នឹង​​​មន្ត្រី​គយ​​និង​មន្ត្រី​ពន្ធដារ​ដែល​ចាំ​​​ជម្រិត​​​​​​ទារ​ប្រាក់​ ដោយ​​​​សកម្មភាពបែប​​​នេះ​​​បាន​​​​​​កើតមាន​​​កាន់តែ​​​ច្រើន​ឡើងៗ​ក្នុង​រយៈពេល​​បួន​ឆ្នាំ​ចុងក្រោយ​​​នេះ​។

លោក​​ នូ​ សាល ​ដែល​បាន​ប៉ាន់​​​ប្រមាណ​​​​ថា ​​​បច្ចុប្បន្ន​នេះ​មាន​ប៉ុស្តិ៍​ត្រួតពិនិត្យ​ពន្ធគយ​ចំនួន​ប្រាំមួយ ឬ​ប្រាំពីរ​កន្លែង​នៅ​​​ចន្លោះ​​​​​ក្រុង​ប៉ោយ​​​​​​​ប៉ែត​ និង​​​ខេត្ត​សៀមរាប​នោះ ​បាន​​ឲ្យ​​​ដឹង​​​ថា​មន្ត្រី​​​ទាំងនោះ​​​​បាន​ឃាត់​ខ្លួនមិត្ត​​​រួម​​​ការងារ​​​របស់​លោក​​ចំនួន​​បួន​នាក់​ដោយ​សារ​ពួកគេ​បាន​បដិសេធ​មិន​ព្រម​បង់​​ប្រាក់​​នៅ​កន្លែង​​​​​​​មួយ​​​ចំនួន​​​​​​ផ្សេងគ្នា​​​​។​

លោក នូ​ សាល បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា “យើង​បាន​​យល់​​​​ព្រម​បង់​ប្រាក់​​ឲ្យ​មន្ត្រី​គយ​ចំនួន​២០០.០០០​​​រៀល​ ក៏​ប៉ុន្តែ ពួកគេ​បាន​ទាម​ទារ​​ចំនួន​៥០០​​​ដុល្លារ​។ យើង​​​អស់​​​​​​ភាព​អត់ធ្មត់​​​​​ចំពោះ​​​ការ​​​​​ជំរិត​​ទារ​ប្រាក់​បែប​នេះ​​​ទៀត​​​​ហើយ​​ ដូច្នេះ​យើង​​​ក៏​​​​បាន​ធ្វើការ​តវ៉ា​”។

លោក ទ្រី ណារិន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បានឲ្យ​​​ដឹង​​​​ថា លោក​បាន​ធ្វើ​អន្តរា​​​គមន៍​ឲ្យ​​​មាន​​​ការ​​​ដោះ​លែង​អ្នក​បើកបរ​រថយន្ត​ដែល​ត្រូវ​បាន​ឃាត់​​​ខ្លួន​ទាំង​នោះ​ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​ធ្វើ​​​​​អត្ថាធិប្បាយ​បន្ថែម​​ឡើយ​។

លោក ស៊ុន ធឿន អាយុ​៣៨ឆ្នាំ​ ជា​អ្នក​បើក​​​​​​​បរ​​រថយន្ត​ម្នាក់​ទៀត​ បាន​និយាយ​ថា លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​លប់​បំបាត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ពន្ធគយ​ក្រៅ​ផ្លូវ​ការ​ទាំងនោះ​​​ ដែល​លោក​ប៉ាន់​ប្រមាណ​ថា បាន​​​ធ្វើ​ឲ្យ​លោក​ខាត​បង់​​​ប្រាក់​ចំណេញ​ចំនួន​២០ភាគរយ​។លោក​បាន​​​​និយាយ​​​ថា ​​“យើង​​ចង់​បង់​ពន្ធ​​​​ត្រឹម​​​តែ​​​​ម្តង​​​ និង​​​តែ​​​​មួយ​កន្លែង​​​​​”៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស