មន្ត្រីតុលាការបានឲ្យដឹងកាលពីម្សិលមិញថា សាលាឧទ្ធរណ៍បានទទួលរឿងក្តីរបស់ ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលត្រូវបានកាត់ឲ្យជាប់ទោសកាលពីខែមិថុនា ពីបទបាញ់កម្មការិនីរោងចក្រកាត់ដេរបីនាក់ឲ្យរងរបួស ប៉ុន្តែនៅតែមិនទាន់ចាប់ខ្លួនបាននៅឡើយ ទោះបីជាជននេះមានទោសជាប់ពន្ធនាគាររយៈពេល១៨ខែក៏ដោយ។
លោក សែម សុផាត ក្រឡាបញ្ជីសាលាឧទ្ធរណ៍ ថ្លែងថា “រឿងក្តីរបស់ ឈូក បណ្ឌិត បានមកដល់សាលាឧទ្ធរណ៍រួចហើយ” ដោយលោកបដិសេធមិនបរិយាយបន្ថែមឡើយ។
បើទោះជាសាលាដំបូងខេត្តស្វាយរៀងបានប្រកាសទោសរបស់អតីតអភិបាលក្រុងរូបនេះក្នុងខែមិថុនា និងបានបង្គាប់ឲ្យមានការចាប់ខ្លួនជាបន្ទាន់ក៏ដោយ ក៏ជននេះនៅតែគេចផុតពីការចាប់ខ្លួន។ មេធាវីរបស់គាត់បានប្តឹងឧទ្ធរណ៍នៅក្នុងខែកក្កដាទៅសាលាឧទ្ធរណ៍ ជំទាស់នឹងសាលក្រមរបស់សាលាដំបូងខេត្ត។
លោក ស៊ុន ប៊ុណ្ណារិទ្ធ មេធាវីរបស់ ឈូក បណ្ឌិត បានអះអាងថា លោកមិនដឹងថាកូនក្តីរបស់ខ្លួនលាក់ខ្លួននៅទីណាទេ ប៉ុន្តែជឿថា គាត់ស្ថិតក្នុងប្រទេសកម្ពុជានៅឡើយទេ។ លោកបន្តថា “គាត់បានផ្ទេរសិទ្ធិឲ្យខ្ញុំប្តឹងឧទ្ធរណ៍។ គាត់មិនបានចាកចេញពី[កម្ពុជា]ទេ”។
លោក ជិន លីដា មេធាវីរបស់ស្ត្រីរងគ្រោះទាំងបីនាក់ដែលបានប្តឹងឧទ្ធរណ៍កាលពីខែមុន ស្វែងរកសំណងជំងឺចិត្តជាប្រាក់ជាង៩.៥០០ដុល្លារ ដែលដើមឡើយត្រូវសាលាដំបូងខេត្តសម្រេចប្រគល់ឲ្យពួកគេនោះ បានបន្តអំពាវនាវឲ្យមានការចាប់ខ្លួនអភិបាលក្រុងកំពុងរត់គេចខ្លួននេះ។
លោក លីដា ថ្លែងថា “ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ មេត្តាចាប់ខ្លួន ឈូក បណ្ឌិត”។ អង្គការសិទ្ធិមនុស្សបានលើកឡើងម្តងហើយម្តងទៀតថា ការមិនចាប់ខ្លួនលោក ឈូក បណ្ឌិត គីជាភ័ស្តុតាងបង្ហាញពីវប្បធម៌និទណ្ឌភាពនិងប្រព័ន្ធតុលាការពុករលួយ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ជនរងគ្រោះទាំងបីនាក់នេះ បានលើកឡើងម្តងទៀតកាលពីម្សិលមិញថា អាជ្ញាធរគ្មានឆន្ទៈចាប់ខ្លួនអភិបាលដែលត្រូវបានកាត់ឲ្យជាប់ទោសនេះទេ ដោយសាររូបគេមានទំនាក់ទំនងជាមួ ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដូចជាលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការជាដើម។ លោកបន្ថែមថា “យើងអាចមើលឃើញតាំងពីដំបូងមកម៉្លេះថា អាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល គឺគ្មានការប្តេជ្ញា ឬឆន្ទៈក្នុងការចាប់ខ្លួនជននេះទេ”។
ទោះជាយ៉ាងណា ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានអះអាងថា នគរបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការស្វែងរក ឈូក បណ្ឌិត និងសូមឲ្យប្រជាជនក្នុងមូលដ្ឋានផ្តល់ដំណឹងដល់អាជ្ញាធរអំពីកន្លែងលាក់ខ្លួនរបស់គាត់។ ឧត្តមសេនីយ៍ឯក ច័ន្ទថារិទ្ធ បានបន្តថា “ប្រជាពលរដ្ឋនិយាយថា បានឃើញ ឈូក បណ្ឌិត នៅក្នុងប្រទេសកម្ពុជា។ នគរបាលសូមឲ្យអ្នកដែលដឹងថាគាត់ស្ថិតនៅទីណា សូមមេត្តាប្រាប់យើងផង។ យើងមិនខ្វល់ថាគាត់ស្គាល់[មន្ត្រីជាន់ខ្ពស់] ឬអត់ទេ។ យើងប្តេជ្ញាចាប់ខ្លួនគាត់”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី