33 C
Phnom Penh

គណបក្ស​​​ប្រជា​​​ជន​​​ថា ហួស​​​ពេល​​​បង្កើត​​​គណៈកម្មការ​​​​​​ស៊ើប​​​អង្កេត​​​​​​​​​ហើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជាម យៀប សមាជិក​​​សភា​​​គណ​​​បក្ស​​​​​​ប្រជា​​​ជន​​​​​​​​​ បាន​​​លើក​​​ឡើង​​​កាលពី​​​ថ្ងៃ​​​ម្សិល​​​មិញ​​​​​​ថា ឥឡូវ​​​នេះវា​​​ “យឺត​​​ពេល​​​ហើយ” សម្រាប់​​​ការ​​​​​​បង្កើត​​​គណៈកម្មាធិការ​​​ឯករាជ្យ​​​មួយ​​​​​​ដើម្បី​​​​​​ស៊ើប​​​អង្កេត​​​អំពី​​​ភាព​​​មិន​​​ប្រក្រតី​​​អំឡុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ កាលពី​​​ខែ​​​មុននេះ​​​​​​ ហើយ​​​ថា​​​គណ​​​បក្ស​​​សង្គ្រោះជាតិ​​​ចាំបាច់​​​ត្រូវ​​​តែ “ចេះ​​​បត់​​​បែន” ​​​ក្នុង​​​​ការ​​​រក្សា​​​​​ទំនាក់​​​ទំនង​​​របស់​​​ខ្លួន​​​ជាមួយ​​​គណបក្ស​​​កាន់​​​អំណាច​​​។

ប៉ុន្តែ​​​ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​ថ្លែង​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​​​​​​​ បាន​​​ស្វែង​​​រក​​​ការ​​​ផ្ដល់​​​យោបល់​​​រួច​​​ហើយ​​​អំពី​​​វិធី​​​​​​ធ្វើ​​​បាតុកម្ម​​​ទូទាំង​​​ប្រទេស​​​ដោយ​​​សន្តិ​​​វិធី​​​ ដែល​​​នឹង​​​កើត​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែកញ្ញា នៅ​​​ពេល​​​លទ្ធផល​​​ផ្លូវ​​​ការ​​​​​​នៃការ​​​បោះ​​​ឆ្នោត​​​ត្រូវ​​​បាន​​​ប្រកាស​​​នោះ។

លោក​ ជាម យៀប បាន​​​មាន​​​ប្រសាសន៍​​​ថា​​​  “វាយឺត​​​ពេល​​​ទៅ​​​ហើយ [សម្រាប់​​​ការ​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​ពិសេស​​​]។ យើង [គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​] គឺ​​​ជា​​​អ្នក​​​ឈ្នះ យើង​​​មិន​​​អាច​​​ឱន​​​លំទោន​​​ចំពោះ​​​អ្នក​​​ចាញ់​​​បាន​​​ទេ​​​។ ហេតុ​​​​​​ដូច្នេះ អ្នក​​​ដែល​​​ចាញ់​​​គឺ​​​ត្រូវ​​​តែ​​​ចេះ​​​បត់​​​បែន​​​​​​ក្នុង​​​​ការ​​​រក្សា​​​​​ទំនាក់​​​ទំនង​​​របស់​​​ខ្លួន​​​ជាមួយ​​​អ្ន​​​ក​​​ដែល​​​បាន​​​ទទួល​​​ជ័យ​​​​​​ជម្នះ​​​​​​” ។

លោកបាន​​​បន្ត​​​​​​ថា “ប្រសិន​​​បើ​​​ [គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ] មិន​​​ជឿជាក់​​​លើ​​​ គ.ជ.ប. និង​​​ក្រុម​​​ប្រឹក្សាធម្មនុញ្ញ​​​ទេ​​​នោះ​​​ ហេតុអ្វី​​​បាន​​​ជា​​​​​​នៅតែ​​​ចូល​​​រួ​​​ម​​​​​​ក្នុង​​​​​​ការ​​​បោះឆ្នោត​​​​​​​​​?” ដោយ​​​លោក​​​​​​បាន​​​សំដៅ​​​​​​ទៅ​​​លើ​​​ស្ថាប័ន​​​ទាំង​​​ពីរ​​​ដែល​​​​​​ទទួ​​​ល​​​ខុស​​​ត្រូ​​​វ​​​ចំពោះ​​​ការ​​​ស៊ើ​​ប​​​អង្កេត​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​តាម​​​ការិយា​​​ល័យ​​​បោះ​​​ឆ្នោត​​​នានា​​​។

ការ​​​លើក​​​ឡើង​​​របស់​​​លោក ជាម យៀប ​​​ធ្វើ​​​ឡើង​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្រាប់​​​​​​​​​​​​អ្នក​​​គាំទ្រ​​​ជាង​​​១០.០០០​​​នាក់​​​អំឡុង​​​ការ​​​​​​​​​ជួប​​​ជុំ​​​​​​​​​គ្នា​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ថា ខ្លួន​​​នឹង​​​ធ្វើ​​​មហាបាតុកម្ម​​​​​​នៅ​​​ក្នុង​​​រយៈពេល​​​​​​ពីរ​​​សប្ដាហ៍​​​​​​ទៀត​​​  ប្រសិ​​​ន​​​បើ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​ធ្វើការ​​​ជាមួយ​​​​​​នឹង​​​គណ​​​បក្ស​​​ប្រឆាំង​​​ ដើម្បី​​​បង្កើត​​​​​​គណៈកម្មាធិការ​​​​​​​​​​​​សម្រាប់​​​​​​ស៊ើប​​​អង្កេត​​​​​​ពី​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ក្នុងការ​​​បោះឆ្នោត​​​កាលពី​​​ថ្ងៃទី​​​២៨ ខែកកដា ទេនោះ​​​។

គួរ​​​រំឭកថា​​​ លោក ជាម យៀប បាន​​​ដឹក​​​នាំ​​​តំណាង​​​​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ដែល​​​បានជួប​​​ប្រជុំ​​​ជាមួយ​​​​​​​​​តំណាង​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ជាផ្នែក​​​នៃ​​​​​​កិច្ច​​​ចរចា​​​​​​ដំបូង​​​​​​កាលពី​​​ថ្ងៃទី​​​៩​​​ខែ​​​សីហា នៅ​​​ពេល​​​ភាគី​​​ទាំង​​​ពីរ​​​​​​​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​ជា​​​គោល​​​ការណ៍​​​​​​ស្តីពី​​​ការ​​​​​​បង្កើត​​​​​​គណៈ​​​កម្មការ​​​​​​​​​ស៊ើប​​​អង្កេត​​​ពិសេស​​​មួយ​​​។

​​​ទោះ​​​បីជាយ៉ាង​​​ណា  ភាគី​​​ទាំង​​​ពីរ​​​បាន​​​ដើរ​​​ដល់​​​ផ្លូវ​​​​​​ទាល់​​​ច្រក​​​​​​​​​ក្នុង​​​ការ​​​ជ្រើស​​​រើស​​​សមា​​​​​​ជិក​​​សម្រាប់​​​​​​គណៈកម្មការ​​​នេះ​​​។គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើ​​​ក​​​ឡើង​​​ថា មាន​​​តែ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត (គ.ជ.ប.) ​​​ប៉ុណ្ណោះ​​​​​​​​​ដែល​​​មាន​​​សមត្ថកិច្ច​​​ដឹក​​​នាំ​​​ការ​​​ស៊ើប​​​អង្កេត​​​​នេះ​ ប៉ុន្តែ​​​​​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ​​​គ.ជ.ប. និង​​​​​​គណបក្ស​​​ប្រជា​​​​​​​​​ជន​​​កម្ពុជា​​​​​​នេះ​​​ឯង​​​​​​ដែល​​​ បាន​​​ប្រព្រឹត្ត​​​អំពើ​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​​​​​​​​​ដែល​​​ចាំ​​​បាច់​​​ត្រូ​​​វ​​​​​​តែ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ដោយ​​​សារតែ​​​​​​ឱកាស​​​នៃ​​​ការ​​​ឈាន​​​ដល់​​​ដំណោះ​​​ស្រាយ​​​ផ្នែក​​​នយោបាយ​​​នៅ​​​មាន​​​ភាព​​ស្រពេច​​​ស្រពិល​​​ ខណៈ​​​លទ្ធផល​​​ផ្លូវការ​​​នៃការ​​​បោះឆ្នោត​​​ដែល​​​​​​ត្រូវ​​​ប្រកាស​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែកញ្ញា កាន់​​​តែ​​​ខិត​​​ជិត​​​មក​​​ដល់​​​ នោះ​​​ គណបក្ស​​​សង្គ្រោះជាតិ​​​​​​កំពុង​​​តែ​​​​​​សុំ​​​ការ​​​ផ្ដល់​​​យោបល់​​​ពី​​​អ្នក​​​ជំនាញ​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​សន្តិ​​​វិធី​​​​​​។

លោក សម រង្ស៊ី បាន​​​ថ្លែង​​​ថា “ខ្ញុំ​​​​​​កំពុង​​​តែ​​​ស្វែង​​​រក​​​អនុសាសន៍​​​​​​ និង​​​សំណើ​​​​​​ឲ្យ​​​មាន​​​​​​វគ្គ​​​បណ្ដុះ​​​បណ្ដាល​​​អំពី​​​របៀប​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​សន្តិវិធី។ មាន​​​វិធី​​​​​​សាស្ត្រ​​​​​​សម្រាប់​​​ការ​​​​​​ធានា​​​ពី​​​ការ​​​គោរព​​​វិន័យ​​​ ពី​​​ការ​​​បញ្ចៀស​​​អំពើ​​​ហិង្សា​​​ និង​​​ពី​​​របៀប​​​រៀប​​​ចំ​​​អត្ត​​​ចរិក​​​ឲ្យ​​​បាន​​​ល្អ​​​។ ខ្ញុំ​​​នឹង​​​ទទួល​​​យក​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ធ្វើ​​​បាតុកម្ម​​​ដោយ​​​សន្តិ​​​វិធី​​​​​​ ដែលនឹង​​​​​​​​​បណ្ដុះ​​​បណ្ដាល​​​យើង​​​​​​ក្នុង​​​រយៈពេល​​​​​​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​នេះ​​​។

លោក សម រង្ស៊ី បាន​​​ពន្យល់​​​ថា កង្វល់​​​មួយ​​​នៅក្នុង​​​ចំណោម​​​កង្វល់​​​​​​​​​ធំ​​​បំផុត​​​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​គឺខ្លាច​​​​​​គណបក្ស​​​ប្រជាជ​​​ន​​​​​​បង្កប់​​​មនុស្ស​​​ចូលក្នុង​​​ក្រុម​​​បាតុករ​​​ ធ្វើ​​​ឲ្យការ​​​​​​តវ៉ា​​​​​​មើលទៅ​​​ពុំ​​​សូវ​​​មាន​​​លក្ខណៈ​​​​​​​អហិង្សា​​​​​​​​ ។

លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​​​​មាន​​​ការ​​​បង្កប់​​​​​​ភ្នាក់​​​ងារដែល​​​នឹង​​​ធ្វើការ​​​​​​​​​បង្ក​​​ហេតុ​​​​​​។ យើង​​​ត្រូវ​​​ប្រុងប្រយ័ត្ន​​​​​​ណាស់​​​។​​​ ប្រសិនបើ​​​ស្ថាន​​​ការណ៍​​​​​​ប្រែប្រួល​​​ហួសពី​​​ការ​​​​​​គ្រប់​​​គ្រង យើង​​​នឹង​​​បាត់​​​បង់​​​នូវអ្វី​​​ដែល​​​យើង​​​ទទួល​​​បាន​​​តាម​​​រយៈការ​​​បោះឆ្នោត​​​។ ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ច្រើន​​​ក៏ដោយ​​​ ក៏យើង​​​នៅ​​​តែ​​​មាន​​​មូលដ្ឋាន​​យ៉ាង​​​រឹង​​​មាំ​​​​​​ក្នុងការ​​​​​​ជំរុញ​​​របៀប​​​វារៈ​​​ប្រជា​​​ធិបតេយ្យ​​​របស់​​​យើង​​​។ យើង​​​មិន​​​ចង់​​​បាត់​​​បង់​​​អ្វីៗ​​​ទាំង​​​អស់​​​នេះទេ​​​”។

លោកឧត្តម​​​​​​សេនីយ៍​​​ឯក​​​ ខៀវ សុភ័គ អ្នក​​​នាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាស៍​​​ថា លោក​​​សង្ឃឹម​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​គណបក្ស​​​ប្រជា​​​ជន​​​​​​​​​នឹង​​​អាច​​​ដោះស្រាយ​​​ភាព​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយនេះ​​​ដើម្បី​​​កុំ​​​ឲ្យ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​មហា​​​​​​​​​បាតុកម្ម​​​​ដែល​​​គ្មាន​​​ការ​​​អនុញ្ញាត​​​​​។

លោក​​​ថ្លែង​​​ថា “បញ្ហា​​​គឺ​​​អាច​​​ដោះ​​​ស្រាយ​​​​​​បាន​​​​​​ [តាម​​​ផ្លូវ​​​នយោបាយ​​​] ។ គ្មាន​​​បញ្ហា​​​ណា​​​ដែល​​​កើត​​​ឡើង​​​ហើយ​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​នោះទេ​​​”។ លោក​​​​​​បន្ថែម​​​ថា លោក​​​ជឿ​​​ជាក់​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏ចង់​​​ចៀស​​​​​​​​​វាង​​​ពីការ​​​ធ្វើ​​​បាតុកម្ម​​​​​​ខុស​​​ច្បាប់​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​អស្ថិរភាព​​​ដែរ​​​។

ឧត្តម​​​សេនីយ៍​​​ឯក​​​ ខៀវ សុភ័គ បានបន្ត​​​​​​ថា​​​ “​​​ខ្ញុំ​​​គិត​​​ថា  គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក៏ចង់​​​ឃើញ​​​ប្រទេស​​​មាន​​​​​​សុខ​​​សន្តិភាព​​​​​​ក្នុង​​​ពេល​​​បច្ចុ​​​ប្បន្ន​​​ដែរ​​​។ ខ្ញុំ​​​គិត​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ចង់​​​​​​​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ធ្លាក់​​​ចូល​​​នរក​​​ដូច​​​ជា​​​ប្រទេស​​​មួយ​​​ចំនួននៅ​​​ក្នុង​​​តំបន់​​​​​​មជ្ឈិ​​​ម​​​បូព៌ា​​​​​​ឡើយ​​​។

លោក​​​បាន​​​បញ្ជាក់​​​ថា “ ខ្ញុំ​​​គិត​​​ថា ប្រសិន​​​បើ​​​ការ​​​ជួប​​​ជុំ​​​ ឬ​​​ការ​​​តវ៉ា​​​​​​​​​​​​ធ្វើ​​​ឡើង​​​នៅ​​​​​​ក្នុង​​​​​​ក្រប​​​ខណ្ឌ​​​ច្បាប់​​​នោះវា​​​គ្មាន​​​បញ្ហា​​​អ្វី​​​​​​ទេ។ ប៉ុន្តែ​​​នៅ​​​ពេល​​​សកម្ម​​​ភាព​​​ណាមួយ​​​ផ្ទុយ​​​ពី​​​​​​​​​ច្បាប់​​​​នោះ ​​​មាន​​​តែ​​​ច្បាប់​​​​​ប៉ុណ្ណោះ​​​​​​ដែល​​​អាច​​​ដោះស្រាយ​​​បាន”។​

ក្រោយ​​​ការ​​​បោះឆ្នោតចប់​​​​​​​​​​​​ ​​​រដ្ឋាភិបាល​​​បាន​​​​​​​​​បញ្ជូន​​​រថពាស​​​ដែក​​​ និង​​​រថក្រោះ​​​មក​​​ជិត​​​រាជ​​​ធានីភ្នំពេញ ​​​ប៉ុន្តែ​​​ចាប់តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ គេ​​​មិនបាន​​​ឃើញ​​​វា​​​ទៀតទេ​​​៕

ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស