មន្ត្រីសង្ឃបានបញ្ជាក់កាលពីម្សិលមិញថា ព្រះសង្ឃមួយអង្គត្រូវបានបណ្តេញចេញពីវត្តធំមួយនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទ បន្ទាប់ពីព្រះសង្ឃអង្គនោះបាននិមន្តទៅចូលរួមការជួបជុំគ្នារបស់គណបក្សប្រឆាំងកាលពីថ្ងៃច័ន្ទ។
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានអំពីការបណ្តេញចេញនេះ មន្ត្រីសង្ឃគង់នៅវត្តបទុមវតីក្នុងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យព្រះតេជគុណ វឿង សំណាង ព្រះជន្ម២៨ព្រះវស្សា គង់នៅវត្តនេះដដែល ប៉ុន្តែ ត្រូវមានលក្ខខណ្ឌថា ព្រះអង្គមិនចូលរួមការជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិទៀតឡើយ។
ព្រះសង្ឃជាធម្មតាមានវត្តមានជាប្រចាំនៅតាមកន្លែងជួបជុំរបស់គណបក្សប្រឆាំង ហើយក៏មានព្រះអង្គខ្លះបានទៅចូលរួមផងដែរកាលពីថ្ងៃច័ន្ទ ដែលនៅពេលនោះមានមនុស្សជាង១០.០០០នាក់បានជួបជុំគ្នាដោយសន្តិវិធីនៅសួនសេរីភាព ដែលជាការជួបជុំគ្នាដ៏ធំបំផុតចាប់តាំងពីការបោះឆ្នោតជាតិមក។
បន្ទាប់ពីនិមន្តមកពីចូលរួមការជួបជំគ្នានេះនៅម៉ោងប្រហែល៧យប់ថ្ងៃច័ន្ទ ព្រះតេជគុណ វឿង សំណាង បានមានសង្ឃដីកាថា ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តបទុមបានបណ្តេញព្រះអង្គចេញពីកុដិលេខ២៥។
ទោះជាយ៉ាងណា ព្រះតេជគុណ ឃឹម សន បានប្តូរព្រះទ័យវិញ បន្ទាប់ពីស្ថានីយ វិទ្យុមួយបានផ្សាយព័ត៌មានអំពីការបណ្តេញព្រះសង្ឃអង្គនេះ។
ព្រះតេជគុណ វឿង សំណាង ដែលជានិស្សិតរដ្ឋបាលនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងសាកលវិទ្យាល័យបញ្ញាសាស្ត្របានមានសង្ឃដីកាថា “ព្រះចៅអធិការវត្តអាត្មាបានទូរស័ព្ទហៅអាត្មាឲ្យត្រឡប់មកវិញ បន្ទាប់ពីអាត្មាបានចាកចេញពីកុដិនោះរួចហើយ កាលពីព្រឹកម្សិលមិញ”។
ព្រះតេជគុណបានមានសង្ឃដីកាថា ព្រះចៅអធិការវត្តបានប្រាប់ព្រះអង្គថា ព្រះអង្គអាចគង់នៅវត្តនេះបានក្រោមលក្ខខណ្ឌថា ព្រះអង្គមិនចូលរួមការជួបជុំគ្នារបស់គណបក្សនយោបាយណាមួយទៀតឡើយ។ ព្រះតេជគុណ វឿង សំណាង មានសង្ឃដីកាថា “អាត្មានឹងនៅតែចូលរួមប្រសិន បើមានបាតុកម្មណាមួយកើតមាននៅពេលអនាគត ពីព្រោះយើងត្រូវការសេរីភាពក្នុងការបញ្ចេញមតិ”។ ព្រះអង្គបានបន្ថែមថា បើសិនជាចាំបាច់ ព្រះអង្គនឹងចាកចេញពីវត្តនេះ ដើម្បីអាចចូលរួមការជួបជុំគ្នាទៀត។ ព្រះអង្គបានមានសង្ឃដីកាថា “ដូច្នេះយើងមិនអាចនៅតែអត់ធ្មត់បានទេនៅពេលដែលមានការបិទសិទ្ធិរស់នៅរបស់យើង និងសិទ្ធិបញ្ចេញមតិរបស់យើងនោះ”។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ ថ្កោលទោសចំពោះការគំរាមទៅលើព្រះតេជគុណ វឿង សំណាង ដោយបានលើកឡើងថា ការបណ្តេញព្រះអង្គចេញពីវត្តមានន័យថា ព្រះអង្គមិនអាចសិក្សារៀនសូត្រ និងមានកន្លែងស្នាក់នៅទៀតផង។
ព្រះតេជគុណ ឃឹម សន បានបដិសេធថា មិនដែលមានការបង្ខំឲ្យព្រះតេជគុណ វឿង សំណាងនិមន្តចេញពីវត្តនោះទេ។ ព្រះអង្គបានមានសង្ឃដីកាថា “យើងមិនបានបណ្តេញព្រះតេជគុណ វឿង សំណាងទេ ប៉ុន្តែ ព្រះអង្គចាកចេញដោយខ្លួនឯង បន្ទាប់ពីអាត្មាសួរព្រះអង្គពីមូលហេតុដែលព្រះអង្គទៅចូលរួមការជួបជុំគ្នានេះ។ អាត្មាធ្លាប់បានណែនាំព្រះសង្ឃទាំងអស់ឲ្យគង់នៅស្ងៀមស្ងាត់ និងណែនាំមិនឲ្យព្រះសង្ឃទៅចូលរួមការធ្វើបាតុកម្មរបស់គណបក្សណាមួយឡើយ”។
ព្រះតេជគុណ ឡុង សុភាព មេកុដិលេខ២៥បានមានសង្ឃដីកាថា បញ្ហានេះត្រូវបានដោះស្រាយរួចហើយ។ ព្រះអង្គបានមានសង្ឃដីកាថា “យើងចង់បណ្តេញព្រះអង្គ ពីព្រោះព្រះអង្គបានចូលរួមការជួបជុំគ្នា ប៉ុន្តែ ឥឡូវនេះយើង បានដោះស្រាយរួចហើយ។ យើងបានដោះស្រាយបញ្ហានេះនៅព្រឹកមិញនេះ។ អាត្មាបាននាំព្រះតេជគុណ វឿង សំណាង ទៅជួបព្រះចៅអធិការវត្ត [ ឃឹម សន ] ហើយព្រះអង្គបានស្នើឲ្យព្រះតេជគុណ វឿង សំណាង សូមទោស និងឲ្យមានសង្ឃដីកាថា ព្រះអង្គនឹងមិននិមន្តទៅចូលរួមការជួបជុំគ្នាទៀត នោះឡើយ”។
នៅពេលសួរថា ហេតុអ្វីបានជាការចូលរួមការជួបជុំគ្នាបណ្តាលឲ្យមានការបណ្តេញព្រះសង្ឃចេញពីវត្តនោះ ព្រះតេជគុណ ឡុង សុភាព មិនអាចឆ្លើយសំណួរបានទេ។ “យោងតាមវិន័យរបស់ព្រះពុទ្ធ ការចូលរួមការតវ៉ា គឺជាអំពើមិនខុសវិន័យទេ។ ប៉ុន្តែ អាត្មាមិនអាចនិយាយច្រើនទៀតទេ”។
លោក ង៉ែត ច័ន្ទបូ ប្រធាននាយកដ្ឋានកិច្ចការសាសនានៅក្រសួងធម្មការ និងសាសនាបាននិយាយថា ព្រះសង្ឃមានសិទ្ធិបោះឆ្នោត ប៉ុន្តែ ព្រះសង្ឃមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការធ្វើបាតុកម្មជាសាធារណៈទេ។ លោកបាននិយាយថា “ខ្ញុំគិតថា ព្រះសង្ឃដែលចូលរួមការធ្វើបាតុកម្ម គឺប្រាសចាកវិន័យសង្ឃ ពីព្រោះវាបណ្តាលឲ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ”។
ព្រះតេជគុណ លួន សុវ៉ាត ជាសកម្មជនព្រះសង្ឃដែលល្បីឈ្មោះនៅកម្ពុជាកាលពីឆ្នាំ២០១១ត្រូវបានបណ្តេញចេញពីវត្តឧណ្ណាលោមក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ហាញការគាំទ្រជាសាធារណៈចំពោះប្រជាជនដែលត្រូវបានបណ្តេញចេញពីតំបន់បឹងកក់។
មនុស្សរាប់ពាន់នាក់ត្រូវបានបណ្តេញចេញនៅពេលដែលបឹងនោះត្រូវបានគេបូមខ្សាច់លុប ដើម្បីបើកផ្លូវសម្រាប់ការអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយដែលដឹកនាំដោយក្រុមហ៊ុនរបស់ លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច។
វត្តនៅទូទាំងប្រទេសត្រូវបានបង្គាប់មិនឲ្យទទួលព្រះតេជគុណ លួន សុវ៉ាត ដែលបន្តចូលរួមការតវ៉ា និងការធ្វើបាតុកម្មប្រឆាំងនឹងការបណ្តេញចេញនានា។
ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា ការគំរាមព្រះតេជគុណ សំណាង មិនពាក់ព័ន្ធនឹងវិន័យព្រះពុទ្ធទេ ប៉ុន្តែ បានបង្ហាញថា ការគ្រប់គ្រងលើសលប់របស់គណបក្សប្រជាជនកម្ពុជាលើស្ថាប័ននានាមានឥទ្ធិពលលើថ្នាក់ដឹកនាំសាសនាក្នុងប្រទេស។
ព្រះតេជគុណ លួន សុវ៉ាត បានមានសង្ឃដីកាថា “នេះមិនមែនជាវិន័យព្រះពុទ្ធទេ។ នៅក្នុងវិន័យព្រះពុទ្ធ ព្រះសង្ឃមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការធ្វើបាតុកម្មអហិង្សា។ វិន័យនេះគឺពាក់ព័ន្ធនឹងនយោបាយនៅក្នុងប្រទេសកម្ពុជា។ ព្រះសង្ឃកម្ពុជាទាំងអស់គ្រប់គ្រងដោយនយោបាយ ជាពិសេសគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា៕
ប្រែសម្រួលដោយ មូល គឹមហឿន