អាជ្ញាធរបានរកឃើញឈើគ្រញូងខុសច្បាប់ប្រាំម៉ែត្រគូបនៅក្នុងផ្ទះរបស់មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម្សិលមិញ។
មេបញ្ជាការរូបនេះ គឺលោក ចាន់ សូ មិនបាននៅផ្ទះទេ ពេលនគរបាលឆ្មក់ចូលនិងរឹបអូសយកឈើគ្រញូងទាំងនោះ។
លោក ថេន ឡេង អធិការនគរបាលស្រុកបានថ្លែងថា “កងកម្លាំងរបស់យើងរួមសហការជាមួយមន្ត្រីព្រៃឈើ រឹបអូសបានឈើទាំងនេះនៅម៉ោង៨យប់ ក្នុងឃុំប្រម៉ោយប៉ុន្តែម្ចាស់ផ្ទះឈ្មោះ សូ មិននៅផ្ទះទេ”។ លោកបន្ថែមថា មេបញ្ជាការរូបនេះមិនត្រូវបានចាប់ខ្លួនទេ ព្រោះគាត់បានទៅចូលរួមកិច្ចប្រជុំនៅកន្លែងផ្សេងក្នុងខេត្តនេះ។
លោកបានឲ្យដឹងថា លោក អុន សុខុម មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលជាថ្នាក់លើរបស់លោក សូ បានច្រានចោលការយល់ឃើញថា កូនចៅរបស់ខ្លួនជាប់ពាក់ព័ន្ធក្នុងការជួញដូរឈើខុសច្បាប់នេះ។យើងកំពុងស៊ើបអង្កេតរឿងនេះ។មិនអាចស្តីបន្ទោសលោក សូ បានទេ។ យើងត្រូវស្វែងរកម្ចាស់ឈើពិតប្រាកដ”។
លោក ឡេង អធិការនគរបាលស្រុកមិនយល់ស្របទេ។លោកបានមានប្រសាសន៍ថា “វាជាផ្ទះរបស់លោក សូ ។ឈើគ្រញូងនេះជារបស់គាត់”។
នគរបាលបាននិយាយកាលពីថ្ងៃច័ន្ទថា នៅក្នុងករណីស្រដៀងគ្នាមួយកាលពីថ្ងៃសុក្រ នគរបាលរឹបអូសបានឈើគ្រញូងជាង២ម៉ែត្រគូបពីផ្ទះរបស់អធិការរងនគរបាលស្រុកអណ្តូងមាស ខេត្តរតនគិរី ហើយមន្ត្រីរូបនោះគេរកមិនឃើញឡើយ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី