38 C
Phnom Penh

អង្គរក្ស​​របស់​លោក​ សម រង្ស៊ី កើន​ឡើងថ្វី​បើ​ការ​​គំរាម​ធ្វើឃាត​ថយចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​លោក​ កឹម សុខា និង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​ធ្វើ​ដំណើរ​ទៅ​​ដល់​​ពិធី​ជួប​ជុំ​​អ្នក​គាំទ្រកាលពី​ថ្ងៃ​ច័ន្ទ ពួក​លោក​​ត្រូវ​បាន​បុរស​មាឌ​ធំ​ៗមួយ​ក្រុម​ស្លៀក​ពាក់​​ឯក​សណ្ឋាន​ពណ៌​ទឹក​​ប៊ិច​ ប្រផេះ និង​ពណ៌​​អាចម៍​សេះ អម​ចេញ​ពីរ​ថយន្ត​ដើរ​កាត់​ក្រុម​អ្នក​គាំទ្រយ៉ាង​ច្រើន និង​​លើក​ឡើ​ង​លើ​វេទិកា។

នៅ​ពេល​អនុ​ប្រធាន​ និង​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិទាំងពីររូប​នេះ​ថ្លែង​ទៅ​កាន់​​អ្នក​គាំទ្រ​ជាង​១០.០០០​នាក់​ គេ​មើល​ឃើញ​វត្តមាន​កង​អង្គរក្ស​​របស់​ពួក​លោកយ៉ាង​ច្រើន ប៉ុន្តែ​​ពួក​គេ​គ្មាន​អាវុធ​ទេ​​។ នៅពេល​ពួក​លោក​ធ្វើ​ដំណើរ​ទៅណា​មក​ណា មិន​ថា​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​​ឆ្នោត​ ឬ​នៅ​ក្នុង​ពិធី​ជួបជុំ​នានា​ក្រោយ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដានោះ​ ពោល​គឺ​លោក សម រង្ស៊ី និង​លោក​ កឹម​ សុខា ត្រូវ​បាន​​អង្គរក្ស​​ដើរ​តាម​ និង​អមការពារ​​ក្នុង​ម្នាក់​ៗចំនួន​​ប្រហែល១២​នាក់​។

ទោះ​បី​ជា​ចំនួនអង្គរក្ស​និង​សាច់ដុំ​របស់​ពួក​គេមិន​អាច​ប្រៀប​ធៀប​​នឹង​កង​អង្គរក្ស​​ដើរ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ពេល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទូទាំង​ប្រទេស​ក៏​ដោយ ក៏​កាល​ពី​ម្សិលមិញ​លោក​ សម រង្ស៊ី​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មិន​អាចធ្វេសប្រហែស​បានទេ​រឿងសន្ដិសុខ​ ថ្វី​បើ​​ការ​គំរាម​ចំពោះ​អំពើ​ហិង្សា​ផ្នែក​នយោ​បាយ​​បាន​ថយ​ចុះ​ច្រើន​ចាប់​តាំង​ពី​លោក​ សម រង្ស៊ី ស្ទើរតែ​បាត់​បង់​ជីវិតអំឡុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​១៩៩៧ ដែល​បានធ្វើឲ្យ​អង្គរក្ស​ម្នាក់​រួម​ជាមួយ​នឹង​មនុស្ស​១៥​នាក់​ផ្សេង​ទៀតបាត់​បង់ជីវិតកន្លងមក​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្ដូរ​មធ្យោ​បាយ​ជឿន​លឿន​​ជាងមុនដើម្បី​កម្ចាត់​​ខ្ញុំ​ចោល​។ ពី​មុន​ពួក​គេ​ព្យាយាម​កម្ចាត់​​រូប​​ខ្ញុំ​ចោល​ ហើយ​​ពេល​នេះ​ពួក​គេ​គ្រាន់​តែ​ចង់​កម្ចាត់​ខ្ញុំចេញ​ពី​ឆាក​នយោបាយប៉ុណ្ណោះ​​​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ និង​ការ​ចោទ​ប្រកាន់​ដែល​បាន​បង្ខំ​ឲ្យ​ខ្ញុំនិរទេស​ខ្លួន​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប៉ុន្តែ​ជា​ជម្រើស​ចុង​ក្រោយ​ ខ្ញុំ​មិន​ច្រាន​ចោល​លទ្ធ​ភាព​ដែល​ថា ដោយ​សារ​តែ​ពួក​គេ​ភ័យ​ខ្លាច​ ខ្ញុំ​អាច​រងគ្រោះ​គំរាម​កំហែងមួយ​ដ៏ធំ នោះពួក​គេ​អាច​នឹងប៉ុនប៉ង់​កម្ចាត់​ខ្ញុំចោល​​”។

យោងតាម​មន្ត្រី​បក្ស​បាន​ឲ្យ​ដឹង​ថា អង្គ​រក្ស​របស់​គណបក្ស​សង្គ្រោះ​ជាតិធ្លាប់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ឬ​ដំបូន្មាន​ពី​​រដ្ឋា​ភិ​បាល​​កម្ពុជា​ និង​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ពី​វិទ្យាស្ថាន​សាធា​រណ​​រដ្ឋ​អន្តរជាតិ (IRI) ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​​ទីក្រុង​វ៉ាស៊ីនតោន ពួក​គេ​​ធ្វើ​ការ​ដោយ​ស្ម័គ្រ​​ចិត្ត​ ហើយ​ក្នុង​រយៈ​ពេល​ពី​រ​ខែ​​កន្លង​មក​នេះ​ពួក​គេ​មាន​ពេល​ដេក​តិច​តួច​ណាស់​។

លោក​ សម​ រង្ស៊ី  បាន​មាន​ប្រសាសន៍​ថា “អ្នក​ទាំង​នោះ​[អង្គរក្សគណបក្ស​សង្គ្រោះ​ជាតិ​] នៅ​ជាមួយ​ខ្ញុំ​យូរ​ហើយ​។ កាលពី​ខ្ញុំនៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ [ក្នុង​ឆ្នាំ​១៩៩៣ និងឆ្នាំ១៩៩៤] គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​អ្នក​ផ្ដល់​អង្គរក្ស​ទាំង​នោះ​ដល់​ខ្ញុំ​ ហើយ​នៅ​ពេល​ខ្ញុំ​លាឈប់​ពី​ក្រសួង​នេះ អង្គរក្ស​ទាំង​នោះ​ត្រូវ​វិល​ត្រឡប់​ទៅ​បន្ទាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ ប៉ុន្តែ​ពួក​គាត់​មួយ​ចំនួន​បាន​សុំ​នៅ​ជាមួយ​ខ្ញុំ​ គឺមិន​ត្រឡប់​ទៅ​ធ្វើ​ការ​ជា​មួយ​មេ​របស់​ពួក​គេ​ ដែល​ជា​សមា​ជិក​គណបក្ស​ប្រជាជន​កម្ពុជា​”។

នៅ​ពេល​សាកសួរ​កាល​ពីខែ​កក្កដាថា ហេតុ​អ្វី​​បាន​ជា​​គេ​ឃើញ​វត្ត​មាន​អង្គរក្ស​ច្រើន​បែប​នេះ​អម​ការ​ពារ​​លោក​ កឹម សុខា ខណៈ​ពេល​លោក​​ដឹក​នាំ​​ការ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​​ក្នុង​ឋានៈ​ជា​ប្រធាន​ស្ដីទី​របស់​គណបក្ស​ប្រឆាំង​នោះ​ លោក​ កឹម សុខា ស្រាប់​តែ​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា អស់​លោក​ដឹង​ពី​រឿង​នោះហើយ​”។

លោក​ យឹម សុវណ្ណ អ្ន​ក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​បម្រើ​ការ​ងារ​ជា​មួយ​គណបក្ស​ប្រឆាំង​អស់​រយៈ​ពេល​ពីរ​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​មានប្រសាសន៍​ថា គណ​បក្ស​អនុញ្ញាត​ឲ្យ​អង្គរក្ស​​ជើង​ចាស់​របស់​ខ្លួន​​​ជ្រើស​រើស​អង្គរក្ស​ថ្មីៗ​សម្រាប់​ការពារ​មេ​ដឹកនាំ​បក្ស​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ពឹង​ផ្អែក​លើ​ក្រុម​ [ដែល​មាន​ស្រាប់​] នេះ​ ហើយ​ពួក​គាត់​បាន​អញ្ជើញ​មិត្តភក្ដិ​មួយ​ចំនួន​ឲ្យ​មក​ជួយ​។ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ​ យើង​គ្មាន​​បញ្ហា​ជាមួយ​នឹង​អង្គរក្ស​ទេ​”។ លោក​​បាន​មាន​ប្រសាសន៍​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រួយ​បារម្ភ​ចំពោះ​ការ​អះអាង​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កប់​ចារកម្ម​នៅ​ក្នុង​កង​អង្គរក្ស​របស់​ខ្លួនឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “គណបក្ស​កាន់​អំណាច​បានបញ្ជូន​មនុស្ស​របស់​ខ្លួន​មក​ធ្វើ​ការ​ក្នុង​កង​អង្គរក្ស​នេះដើម្បី​បង្កប់ចារកម្ម​នៅ​ក្នុង​នោះ​។ពេល​នេះចារកម្ម​ទាំង​អស់​នោះ​បាន​ក្លាយ​ជា​មិត្ត​របស់​យើង​ និង​ក្លាយ​ជា​អង្គ​រក្ស​ផ្ទាល់​ខ្លួន​​របស់​លោក​​ប្រធាន​ សម រង្ស៊ី ហើយ”។

លោក ឡុង រី​ ប្រធាន​អង្គរក្ស​របស់​គណ​បក្ស​សង្គ្រោះជាតិ​ និង​ជា​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណ​បក្ស​ង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ បាន​មាន​ប្រសា​សន៍​ថា ទោះ​បី​ជា​អង្គរក្ស​ជាច្រើ​នស្ម័គ្រ​ចិត្ត​ការពារ​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា ក៏​ដោយ ក៏​កង​អង្គរក្ស​នេះ​បាន​ទទួល​​ការ​បណ្តុះបណ្តាល​ជំនាញ​ខាង​ការពារ​ដែរ។

លោក​បាន​ថ្លែង​ថា “IRI  បាន​បញ្ជូន​អ្នក​ជំនាញ​ម​ក​ពី​វ៉ាស៊ីនតោន [ក្នុង​ឆ្នាំ​២០០៨] ដើម្បី​​ជួយ​បណ្ដុះ​បណ្ដាល​អង្គ​រក្ស​ដែល​ការពារ​ [លោក​ សម រង្ស៊ី] ផ្ទាល់​។ អង្គរក្ស​ទាំង​នេះ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​របៀប​ការពារ​​គាត់​ ​ប្រតិកម្មតប​ក្នុង​ពេ​ល​មាន​គ្រា​អាសន្ន​ បើក​បរ​ និង​រារាំង​ការ​វាយ​ប្រហារ​”។ លោក​បាន​មានប្រសាសន៍​ថា “សម្រាប់​ការ​ងារ​នេះយើង​ស្ម័គ្រ​ចិត្ត​ ពីព្រោះ​យើង​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ក្រៅ​ពី​ចំណី​អាហារ​ និង​ការ​ស្នាក់​នៅ​ខណៈ​ពេល​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ អង្គរក្ស​ក៏​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​​ដែរពី​ម្ចាស់​ជំនួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បរទេស​។

លោក​ស្រី​ ចេស៊ីកា ឃីហ្គែន (Jessica Keegan) ប្រធាន​ស្ដី​ទី​នៃ​វិទ្យាស្ថាន​ IRI ប្រចាំ​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​ “មិន​អាច​បញ្ជាក់​បាន​” ថា តើ​វិទ្យាស្ថាន​ IRI ពាក់​ព័ន្ធ​ ឬមិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​អង្គរក្ស​របស់​គណបក្ស​ប្រឆាំង​ក្នុង​ពេល​កន្លង​មក​នោះ​ទេ​ ប៉ុន្តែ​លោក​ស្រី​មាន​ប្រសាសន៍​ថា វិទ្យាស្ថាន​ IRI “មិន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ពាក់​ព័ន្ធ​នឹង​សន្ដិសុខ​ទេ​”។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “នោះ​មិន​មែន​ជា​ឯកទេស​របស់​យើង​ទេ​។ តាម​ដែល​ខ្ញុំ​ដឹងគឺ​ថា យើង​​មិន​ធ្លាប់​មាន​ការ​បណ្ដុះ​បណ្ដាល​បែប​នេះ​ពី​មុន​មក​ទេ​”។

ប៉ុន្តែលោក​ សម រង្ស៊ី ក៏​បាន​មាន​ប្រ​សាសន៍​​ដែរថា លោក​ចាំ​បានពីជំនួយ​របស់​វិទ្យាស្ថាន​ IRI នៅ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​កម្លាំង​សន្ដិសុខ​របស់​លោក​។ លោកបាន​មាន​ប្រសាសន៍​ថា “ បើ​ខ្ញុំ​ចាំ​មិន​ភ្លេច​ទេ គឺ​ថា IRI បាន​បញ្ជូន​អ្នក​ជំនាញ​ខាង​សន្ដិសុខដែលបាន​​ជួយ​​បណ្ដុះ​បណ្ដាល​ពួក​គាត់​ [អង្គរក្ស​គណ​បក្ស​ សម រង្ស៊ី] ជា​ពិសេស​ផ្នែក​បាតុកម្ម​​អហិង្សា និង​ការ​ការពារ​អហិង្សា​។ ពួក​គាត់​មិន​ត្រូវ​បាន​បណ្ដុះ​​បណ្ដាល​ពី​របៀប​បាញ់​តប​ទៅ​វិញ​ទេ​។

វា​ជាការបណ្តុះបណ្តាល​សម្រាប់​ការ​ពារ​ខ្លួន​​​យើង​ និងការ​​ដក​ខ្លួន​ថយយ៉ាង​រហ័សចូល​ទៅ​កន្លែង​​មាន​សុវត្ថិ​ភាព​ និង​​ចាត់​វិធាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​”។
វិទ្យាស្ថាន​ IRI ក៏​បាន​​ផ្ដល់​​ថវិកា​ជាង​៤០​ម៉ឺន​ដុល្លារ​ផង​ដែរ​កាលពី​ឆ្នាំ​២០០២ ដើម្បី​ជួយ​​បង្កើត​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​មាន​លោក​ កឹម​ សុខា ជា​ប្រធាន​ មុន​ពេល​លោក​​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស​ ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​២០០៧។

តែ​ទោះ​ជាយ៉ាង​ណា​ក្រុម​អង្គរក្ស​នា​ពេល​បច្ចុប្បន្ន​របស់​លោក​ កឹម សុខា ភាគ​​ច្រើន​ចេញ​ពី​គណបក្ស​ សម រង្ស៊ី នៅ​ពេល​គណបក្ស​ប្រឆាំ​ង​ដ៏​សំខាន់​ទាំង​ពីរ​នេះ​បាន​​រួម​បញ្ចូល​គ្នា​កាលពី​ឆ្នាំ​២០១២ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ នេះ​បើ​យោង​តាម​ការលើក​ឡើងរបស់កញ្ញា កឹម មុនីវិទ្យា អនុប្រ​ធាន​កិច្ច​ការ​សាធា​រណៈ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ និងដែល​ត្រូវ​ជា​កូន​ស្រី​បង្កើត​របស់​​លោក​ កឹម សុខា។

លោក កឹម ច័ន្ទ​ អនុប្រធាន​អង្គរក្ស​របស់​លោក​  កឹម  សុខា  បាន​ថ្លែង​ថា ខណៈ​​ពេល​លោក​​ក៏ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​មួយ​ចំនួន​ពី “អ្នក​ជំនាញ​សហរដ្ឋ​អាមេរិក​” ដែរ​នោះ​ ភាគ​​ច្រើន​នៃ​បទ​ពិសោ​ធរបស់​លោក​ក្នុង​ការ​ផ្ដល់​ការការពារ​ពី​ខ្មាំង​សត្រូវ​ បាន​ដោយ​​សារ​លោក​ធ្លាប់​ធ្វើ​ជា​ទាហាន​នៅ​ក្នុង​ជួរ​យោធា​កម្ពុជា ​ពី​ឆ្នាំ​១៩៨២ ​ដល់​ឆ្នាំ​១៩៩៨។

លោកបាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​បាន​​ការ​ហ្វឹកហាត់​ជា​ទាហាន​រដ្ឋាភិ​បាល​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅ​សាលា​យោធា​។ ខ្ញុំ​ក៏​ធ្លាប់​​ហាត់រៀន​ពី​របៀប​បាញ់​កំាភ្លើង​ដែរ”។ លោក​បាន​មាន​ប្រ​សាសន៍​ថា អង្គ​រក្ស​​ប្រមាណ​១២​នាក់​​ត្រៀម​ប្រចាំ​ការ​​គ្រប់​ពេល​ ថ្វី​បើ​ពួក​គេ​មាន​ពេល​ដេក​យប់​​ប្រហែល​បួន​ម៉ោង​​ក៏​ដោយ​ ហើយ​ពួក​គេ​តែង​តែ​នៅ​អែប​​លោក​ កឹម សុខា ជានិច្ច។

លោក​បាន​មាន​ប្រសាសន៍​ថា “មិន​ថាគាត់​ទៅ​ទី​ណា​ទេ​ យើង​តែង​តែ​​នៅ​ជាមួយ​គាត់​។ ពួក​យើង​​មួយ​ចំនួន​​យាម​រថយន្ត​ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​​ទៅ​ប៉ះពាល់​។ ១២​នាក់​ទៀត​​បើក​បរ​​នៅ​ខាង​មុខ​យើង​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ផ្លូវ​ខាង​មុខគ្មាន​បញ្ហា​”។ លោក​បាន​បន្ថែម​ថា ការ​ងារ​នេះ​​ត្រូវ​ការ​​វិន័យ​ខ្ពស់។ លោក​បាន​ថ្លែង​​ថា “ខ្ញុំ​ត្រូវ​មាន​​កាយ​សម្បទារឹងមាំ​។ ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចំណី​អាហារ​ ហើយ​មិន​ផឹក​គ្រឿង​​ស្រវឹង​​ច្រើន​​ទេ​។ ខ្ញុំ​ទទួល​ទាន​បន្លែ​ច្រើន​ ហើយ​ផឹកស៊ី​តែ​ម្ដង​​ម្កាលប៉ុណ្ណោះ​រៀង​រាល់​បី​ទៅ​បួន​ខែ​”។

លោក​​​មាន​ប្រសាសន៍​ថា លោក​មិន​ព្រួយ​បារម្ភ​អំពី​គ្រោះ​ថ្នាក់ទេ​ពាក់​ព័ន្ធ​នឹង​ការងារ​នេះ​ ពីព្រោះ​លោក​​បាន​ប្រគល់​ជីវិត​របស់​លោក​ ដើម្បី​គណបក្ស​នេះ​ទៅ​ហើយ​ ដោយ​សារ​តែ​លោក​គាំទ្រ​សារ​របស​​គណ​បក្ស​នេះ។ លោក​មាន​​ប្រសាសន៍​ថា “យើង​មិន​ព្រួយ​បារម្ភ [ចំពោះ​ការ​វាយ​ប្រហារ​] ទេ​ ពីព្រោះ​យើង​មាន​ទស្សន​ដូច​លោក​ប្រធាន​ [គណ​បក្ស​​សង្គ្រោះ​ជាតិ] ដែរ​។ យើង​ចង់​ផ្លាស់​ប្ដូរ​មេដឹក​នាំ​ប្រទេស​”៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស