កម្មករ កម្មការិនីប្រហែល៤.០០០នាក់មកពីរោងចក្រកាត់ដេរចំនួនបីកន្លែងបានដើរក្បួនទៅក្រសួងសង្គមកិច្ចក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីបានទម្លាយរបំាងរំាងផ្លូវរបស់នគរបាល ដែលត្រូវបានដាក់ដើម្បីរារាំងពួកគេមិនឲ្យឆ្លងកាត់មហាវិថីព្រះមុនីវង្ស ដើម្បីសម្តែងសាទុក្ខរបស់ខ្លួន
ជុំវិញវត្តមានរបស់កម្លាំងសមត្ថកិច្ចប្រដាប់អាវុធនៅទីកន្លែងធ្វើការរបស់ខ្លួន។

កម្មករ កម្មការិនីទាំងនេះបានចាកចេញពីរោងចក្រចំនួនពីររបស់ក្រុមហ៊ុនសម្លៀកបំពាក់អេសអិល (SL Garment Processing Company) របស់ហុងកុង ដែលផលិតសម្លៀកបំពាក់ម៉ាក លីវ៉ាយ (Levis) និង ហ្គែប (Gap) របស់អាមេរិក និង រោងចក្រ និច (Next Garment Factory) នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញ ប៉ុន្តែបានប្រឈមនឹងរបំាងការពាររបស់នគរបាល។
លោក អ៊ុច នឿន តំណាងកម្មករ កម្មការិនីមកពីសហព័ន្ធ សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU បាននិយាយថា “នគរបាលបានដាក់របាំងការពារដើម្បីរារាំងកម្មករ កម្មការិនី មិនឲ្យដើរក្បួន។ បន្ទាប់មក កម្មករ កម្មការិនីបានទម្លាយរបាំងការពារ ប៉ុន្តែគ្មាននរណារងរបួសទេ”។
កម្មករ កម្មការិនីរោងចក្រកាត់ដេរ អេសអិល បាននិងកំពុងតវ៉ាអស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយនៅខាងក្រៅរោងចក្រនេះ ដោយពេលខ្លះបានបិទផ្លូវលេខ៣៧១ដ៏មមាញឹក និងបានអំពាវនាវឲ្យមានការដកលោកឧកញ៉ា មាស សុដ្ឋា ដែលបានចូលកាន់តួនាទីជាទីប្រឹក្សានៅរោងចក្រនេះកាលពីដើមខែនេះ ដោយសារគាត់បានធ្វើការផ្លាស់ប្តូរខុសចិត្តកម្មករ កម្មការិនី និងដោយសារគាត់យកកងរាជអាវុធហត្ថមកធ្វើជាកងសន្តិសុខ។
កម្មករឈ្មោះ តេង ឌីណា អាយុ២១ឆ្នាំ បាននិយាយថា “យើងលើកឡើងបីចំណុចសំខាន់ៗ។ យើងចង់ឲ្យដក មាស សុដ្ឋា ចេញ យើងចង់បានប្រាក់៣ដុល្លារសម្រាប់អាហារថ្ងៃត្រង់ [ក្នុងមួយថ្ងៃ] ហើយយើងចង់បានប្រាក់ខែអប្បរមា១៥០ដុល្លារក្នុងមួយខែ”។
ឌីណា បានបញ្ជាក់ថា កម្មករ កម្មការិនីបានសម្រេចចិត្តដើរក្បួនទៅក្រសួងនេះ “ដោយសារប្រជាជនមិនបានដឹង [ពីបញ្ហានេះ] និងដោយសារគ្មានដំណោះស្រាយ។ ឥឡូវសាធារណជនបានដឹងហើយ ហើយក្រសួងពាក់ព័ន្ធក៏បានដឹងដែរ។ យើងចង់ផ្ញើសារទៅរដ្ឋាភិបាល…ចំណុចសំខាន់គឺឲ្យដក មាស សុដ្ឋា ដែលបានផ្លាស់ប្តូរលក្ខខណ្ឌកម្មករ ចេញពីតួនាទី”។
ឈ្មោះ ឈឿន សាបាន អាយុ២៦ឆ្នាំ បានឲ្យដឹងថា លោក សុដ្ឋា មានអ្នកមិនពេញចិត្តច្រើនណាស់ ជាពិសេសគឺដោយសារគាត់ បានស្នើឲ្យក្រុមហ៊ុនបណ្តេញកម្មករចំនួន១.០០០នាក់ ដោយសារតវ៉ា។
កាលពីម្សិលមិញ កម្មករ កម្មការិនី បានឲ្យដឹងថា មានកម្លាំងប្រដាប់អាវុធយ៉ាងតិច១០នាក់ក្នុងសម្លៀកបំពាក់ស៊ីវិលដើរល្បាតក្នុងរោងចក្រនេះក្នុងពេលបច្ចុប្បន្ននេះ។ បន្ទាប់ពីកម្មករ កម្មការិនី បានមកដល់ក្រសួង តំណាងមួយចំនួនបានជួបជាមួយមន្ត្រីក្រសួង ប៉ុន្តែមិនបានឈានដល់ការព្រមព្រៀងគ្នាអ្វីទេ។
លោក នឿន មកពីសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា CCAWDU បាននិយាយថា “យើងមិនពេញចិត្តនឹងការដោះស្រាយបញ្ហារបស់ក្រសួងនេះទេ ព្រោះយើងមិនបានឃើញលទ្ធផលអ្វីឡើយ។ ប្រសិនបើគ្មានដំណោះស្រាយទេនោះ កម្មករ កម្មការិនីនឹងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈព្រោះពួកគេនឹងមានកំហឹងជាមួយក្រុមហ៊ុន”។
លោក ប្រាក់ ចាន់ធឿន អគ្គលេខាធិការនៃគណៈកម្មាធិការស្វែងរកដំណោះស្រាយសម្រាប់ការធ្វើបាតុកម្មនិងកូដកម្មនៃក្រសួងនេះ បានអះអាងថា ក្រុមមន្ត្រីនឹងបន្តដោះស្រាយវិវាទនេះ។ លោកបន្តថា “វាអាស្រ័យលើកម្មករ កម្មការិនី និងនិយោជកទេ។ យើងកំពុងព្យាយាមធ្វើឲ្យពួកគេឈានដល់ការរកឃើញដំណោះស្រាយមួយដែលការពារផលប្រយោជន៍របស់កម្មករ កម្មការិនី”៕
ប្រែសម្រួលដោយ ចេវ ប៊ុននី