34 C
Phnom Penh

មន្ត្រី​អប់​រំ​តតាំង​​​នឹង​​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ជុំវិញ​បញ្ហា​​​​កង្វះ​ថវិកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​​​​​ ក្រសួង​អប់​រំបាន​ចោទ​ប្រកាន់​ក្រសួង​ហិរញ្ញវត្ថុ​​ជា​សាធារណៈ​ជាថ្មី​​​ម្តងទៀត​​​ចំពោះការ​មិនបញ្ចូល​ថវិកា​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​វិស័យ​អប់​រំ​​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​​ដើរ​ទាន់​ប្រទេស​​ដទៃ​​​ទៀត​​​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ថ្លែង​ក្នុង​ពិធី​​​​បិទវគ្គ​​​​​​សិក្ខា​សាលា​​រយៈ​ពេល​​ពីរ​ថ្ងៃ​​ស្តីពី​​​ការ​​​​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​​​ក្នុង​​​វិស័យ​​​អប់រំ​​​​​សម្រាប់​​​ឆ្នាំ​២០១៤-២០១៨​​ លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ក្រសួង​អប់​រំ​បាន​លើក​ឡើង​ថា​​​ គុណភាព​របស់​​​និស្សិត​​បញ្ចប់​ការសិក្សា​​​​នៅ​​​កម្ពុជា​ ដែល​សញ្ញាបត្រ​​​វិជ្ជាជីវៈ​របស់​ខ្លួន​​គួរ​ត្រូវ​បាន​ទទួល​ស្គាល់​នៅ​ទូទាំង​តំបន់​​​អាស៊ាន​ត្រឹម​ឆ្នាំ​​២០១៥​នោះ ​គឺ​មាន​​​ទំនាក់ទំនង​​​​ដោយ​ផ្ទាល់​ជាមួយ​​​​នឹង​​​គុណ​ភាព​​គ្រូ​បង្រៀន​​ដែល​ច្រើន​​​​តែ​ពុំ​​​មាន​​​លក្ខណៈ​​​​សម្បត្តិ​​​គ្រប់គ្រាន់​​​ ​និង​​ទទួល​បាន​ប្រាក់​ខែ​​​​មិន​​​គ្រប់គ្រាន់​​​។

លោក​​​មាន​ប្រសាសន៍​ថា​ “យើង​កំពុង​​ព្យាយាម​​​ធ្វើ​​​យ៉ាងណា​​​ឲ្យ​​ការ​​​អប់រំ​​​ថ្នាក់​​​ឧត្តម​​​សិក្សា​​​ឈានដល់​​​​កម្រិត​៤០​ភាគរយ​​​​។​ សូម​​​កុំ​និយាយ​ថា ​យើង​អាច​សម្រេច​​​កិច្ច​ការ​នេះ​បាន​នៅ​ពេល​ការ​ចំណាយ GDP របស់​យើង​មាន​​​ត្រឹម​តែ​១,៨​ភាគរយ​នោះ​” ដោយ​​​លោក​បាន​​​​សំដៅ​លើ​​​ការ​​​រួម​​​ចំណែក​​​ដល់​​​វិស័យ​អប់​រំ​​​​​​គិត​​​ជា​ភាគ​រយ​នៃ​ផលិត​ផល​​​​ក្នុងស្រុក​​​សរុប​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “យើង​សូម​​​ផ្តាំ​​​ផ្ញើ​​​ទៅ​​​​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​…​អស់​លោក​​​ត្រូវ​​ផ្ដល់​ឲ្យ​យើង​នូវ​ការ​​​រួម​​​ចំណែក​​​ដែល​​​គិត​​​ដល់​​​​គុណភាព​។​ ប្រ​សិន​បើ​អស់​លោក​​​​ផ្តល់​​​ថវិកា​ប៉ុណ្ណេះ​​​ឲ្យ​ខ្ញុំ​ទៅភោជនីយដ្ឋាន​​​​ ​​ខ្ញុំ​អាច​ត្រឹមតែ​​​បរិភោគ​នំបញ្ចុក​​​​​​​នៅ​តាម​ចិញ្ចើម​ផ្លូវ​ប៉ុណ្ណោះ។​ ប្រ​សិន​បើ​យើង​​​​ចង់​ឲ្យ​​​​និស្សិត​បញ្ចប់​ការសិក្សា​ប្រកប​​​ដោយ​គុណភាព​​​​ យើង​ត្រូវ​ការ​​​ការ​​​រួម​​​ចំណែក​​​ដែល​​​គិតដល់​​​គុណភាព​ដែរ​​ ​​​មាន​ន័យ​ថា ​​​​​យើង​​​​​ត្រូវ​ការ​​​គ្រូ​បង្រៀន​ដែល​មាន​ការ​បណ្តុះ​​​បណ្តាល​​​​ល្អ​​​​​ជាង​​​សព្វថ្ងៃ​​​ និង​ទទួល​បាន​ប្រាក់​ខែ​ច្រើន​​​ជាង​​​សព្វ​​​ថ្ងៃ​​​។​យើង​គួរ​តែ​រួម​​​ចំណែក​​​​ចន្លោះ​​​​ពី​៤​ទៅ​៦​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​​​សរុប​​​​”។

ការ​អំពាវ​នាវ​​សាជា​ថ្មី​​ឲ្យ​​​មាន​​​ការ​​​ផ្តល់​​​មូលនិធិ​​​​បន្ថែម​​នេះ​ធ្វើ​​​ឡើង​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ លោក អ៊ឹម សិទ្ធី​​ ​បាន​ចោទ​ប្រ​កាន់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​​កាល​ពី​ខែ​មករា​​​ថា​​​ មិន​បាន​ផ្ដល់​ថវិកា​គ្រប់​គ្រាន់​សម្រាប់​វិស័យ​​អប់រំ​​ ជាហេតុ​​​ធ្វើ​​​​ឲ្យ​ក្រ​សួង​នេះ​​​​​បង្ខំ​​​ចិត្ត​​​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​​លើ​ជំនួយ​បរទេស​សម្រាប់​​​ការ​​​ធ្វើ​កំណែ​ទម្រង់​។​​

​លោក អ៊ឹម ​សិទ្ធី​ បាន​​​មាន​ប្រសាសន៍​​​ក្នុង​សិក្ខា​សាលា​នៅ​ពេល​នោះ​ថា​​ “​និយាយ​តាម​​​​ត្រង់​​​​ទៅ​​​ចុះ​​​…បច្ចុប្បន្ន​នេះ​​ ប្រាក់​​​បដិភាគ​​​[សម្រាប់​​​ការ​ចំណាយ​ក្នុង​​​វិស័យ​អប់រំ​]​​ កំពុង​​​ធ្លាក់​​​ចុះ​​​ ​ដូច្នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​ពិចារណា​​​អំពី​​​ចំណុច​​​នេះ​​​​​​ឡើង​​​វិញ​​​។ ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​មិន​ចេះ​ធ្វើ​គោល​នយោបាយ​សោះ​​​តែ​​​ម្តង​​​”។

យោង​តាម​តួលេខ​ផ្លូវការ​ ​រដ្ឋាភិបាល​បាន​លៃ​ទុក​ថវិកា​ប្រ​ហែល​២៨០​លាន​ដុល្លារ​សម្រាប់​​ក្រសួង​អប់​រំ​ក្នុង​ឆ្នាំ​នេះ​​ គឺ​​​​ស្មើ​នឹង​៩,១​ភាគរយ​នៃ​​​គម្រោង​​​ថវិកាជាតិ​សរុប​ចំនួន​៣ពាន់​លាន​ដុល្លារ។កាល​ពី​ឆ្នាំ​២០១២ ​​ថវិកា​សម្រាប់​ក្រ​សួង​អប់រំ​​មាន​ចំនួន​២៤៥​លាន​ដុល្លារ​ គឺ​​​ប្រ​ហែល​៩,៤​ភាគ​រយ​នៃ​​គម្រោង​​​ថវិកាជាតិ​។
ផ្ទុយ​​មក​វិញ ថវិកា​ចំនួន​៤០០លាន​ដុល្លារ​​ត្រូវបាន​​​លៃ​​​ទុក​​​សម្រាប់​វិស័យ​​ការពារ​ជាតិ​​​​​​​ និង​សន្តិសុខ​ក្នុង​ឆ្នាំ​នេះ​ គឺ​​​មាន​ចំនួន​​​ស្មើ​​​​នឹង​​​ប្រហែល​​​១៣​​​ភាគរយ​នៃ​​​គម្រោង​​​​ថវិកា​​​ជាតិ​​​និង​​​ជា​​​ការ​​​​​​​កើន​ឡើង​​​​​១៧,៣​ភាគរយ​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​មុន​ ដែល​​ថវិកា​២៤៥លាន​ដុល្លារ​​​​ត្រូវ​បាន​​​លៃ​​​ទុក​​​សម្រាប់​តែ​ក្រសួង​ការពារ​ជាតិ​​មួយ​ប៉ុណ្ណោះ​។

លោក វីសង់ វីរ៉េ គណៈ​ប្រតិភូទទួល​បន្ទុក​វិស័យ​​​អប់​រំ និង​សុខាភិបាល​​​របស់​​​​សហភាព​អឺរ៉ុប​ប្រចាំ​​​នៅ​​​​កម្ពុជា​ បានលើកឡើង​​​ថា ក្រសួង​ហិរញ្ញវត្ថុ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​ថវិកា​សម្រាប់​​​​វិស័យ​អប់​រំ​​​​តាម​​​ចំនួន​​​ដែល​​​ក្រសួង​​​នេះ​​​ត្រូវការ​​​។ លោក​​​​មាន​ប្រសាសន៍​ថា “២ភាគរយ​​​នៃ​​ផលិត​ផល​សរុប​ក្នុង​ស្រុក​គឺ​មិន​គ្រប់​គ្រាន់​ទេ​​​​ប្រសិន​បើ​ប្រទេស​កម្ពុជា​ចង់​ដើរ​ឲ្យ​ទាន់​ប្រទេស​​វៀតណាម និង​ឡាវ​នោះ។ រាល់​​​គំនិត​ពាក់ព័ន្ធ​​​នឹង​​​ការ​​​លើក​កម្ពស់់​វិស័យ​អប់​រំ​ត្រូវ​បាន​លើកឡើង​ជា​សាធារណៈ​ ហើយ​គំនិត​ទាំងនោះ​​​គឺ​​​ត្រឹម​ត្រូវ​​​ហើយ​​​ ប៉ុន្តែ​​​ ឥឡូវ​នេះ​​​​ បញ្ហា​​​​គឺ​​​​​​នៅ​​​ត្រង់​ថវិកា ហើយ​ប្រទេស​កម្ពុជា​​មិន​អាច​​​ចេះ​​​តែ​​​​រង់​ចាំ​ឲ្យ​​​ដៃគូ​​​​អភិវឌ្ឍន៍​​​​ផ្ដល់​ថវិកា​ដែល​ខ្លួន​ត្រូវការ​​​រហូត​​​ទេ​​​​ ប្រទេស​​​​នេះ​​​ត្រូវការ​​​​ការ​​​វិនិយោគ​ក្នុង​ស្រុក​​។ វា​បាន​​​ប្រើ​​​ពេល​​​មួយ​​​រយៈ​​​ហើយ​​​ ប៉ុន្តែ​​​​​​នៅ​​​ទី​បំផុត​​​យើង​​​​ប្រហែល​​​ជា​​​អាច​បញ្ចុះ​បញ្ចូល​ក្រសួង​សេដ្ឋកិច្ច​​​​និង​​​ហិរញ្ញវត្ថុ​​​​​​​បាន​​​ថា ការ​​​វិនិយោគ​​​ក្នុងស្រុក​​​នេះ​​​ទើប​​​ជា​​​​មធ្យោបាយ​​​​​​​​”។

លោក វីរ៉េ បាន​លើក​ឡើង​ថា ថវិកា​មិន​អាច​ធ្វើ​ឲ្យ​គុណ​ភាព​គ្រូ​បង្រៀន​ប្រសើរ​ឡើង​​ភ្លាម​ ដែល​​​ជា​​​លទ្ធផល​​​ ធ្វើ​​​ឲ្យ​​​គុណភាព​​​​​​និស្សិត​​បញ្ចប់​ការ​សិក្សា​​​​ប្រសើរ​​​ឡើង​​​ដែរ​​​នោះ​​​​​​ទេ ​​​ប៉ុន្តែ​​​វា​​​ច្បាស់​​​ណាស់​​ថា​​​ វាគឺ​​​​​​​ជា​ជំហាន​ដំបូង​បំផុត​​​​។ លោក​បាន​​​បញ្ជាក់​​​ថា “ប្រសិន​បើ​គ្រូ​បង្រៀន​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​នោះ​ពួក​គេ​មិន​ចាំ​បាច់​រក​ការងារ​ទី២ទេ ហើយ​​​​​ក៏​​​មិន​ចាំបាច់​យក​ប្រាក់​​​​ក្រៅ​​​ផ្លូវការ​​​ពី​​​សិស្ស​​​ដែរ​​​​ ធ្វើ​​​ដូច្នេះ​​​ទើប​​​សិស្ស​​​គោរព​ពួកគេ​កាន់តែ​​​ខ្លាំង​​​។ វា​ជា​រឿង​​​សាមញ្ញ​​​ណាស់​ ប៉ុន្តែ បញ្ហា​​​គឺ​​​នៅ​​​​ត្រង់​​​ថា​​​ តើ​​​​ក្រសួង​​​ពាក់ព័ន្ធ​​​​​​យក​​​ចំណុច​​​នេះ​​​ធ្វើ​​​ជា​​​អាទិភាព​​​ឬ​​​អត់​​​”។

លោក រុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀនកម្ពុជា​ឯករាជ្យ​​ បាន​ឲ្យ​​​ដឹង​​​ថា ប្រាក់​ខែ​អប្បរមា​​​​សម្រាប់​គ្រូ​បង្រៀន​ដែល​​​ត្រូវ​​​បាន​ដំឡើង​​​​​ពី​២០០.០០០រៀល​​​ទៅ​៣២០.០០០​រៀល​នៅ​​ថ្ងៃទី​១​ ខែកញ្ញា គឺ​ជា​ជំហាន​​ទៅ​មុខ​​​​មួយ​​​ ហើយ​ថា ការ​ចរចា​ពី​​​ការ​ដំឡើង​​ប្រាក់​ខែ​បន្ថែម​ទៀត​កំពុង​តែ​ប្រព្រឹត្ត​ទៅ​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​នឹង​បន្ត​ការ​ពិភាក្សា​​​​គ្នា​អំពី​បញ្ហា​នេះ​រហូត​ទាល់​តែ​យើង​យល់​​​​ថា គ្រូ​បង្រៀន​បាន​​​ទទួល​​​ប្រាក់​ខែ​សម​​​នឹង​​​ការងារ​​​ហើយ​​​​”។

កាលពី​ម្សិលមិញ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរ​ញ្ញ​វត្ថុ​មិន​អាច​ទាក់​ទង​សុំសេចក្តី​អត្ថា​ធិ​ប្បាយ​បាន​ទេ៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស