សាលាដំបូងខេត្តរតនគិរីគ្រោងនឹងធ្វើការប្រកាសសាលក្រមនៅថ្ងៃនេះពាក់ព័ន្ធការសម្លាប់អ្នកកាសែតវីរជនខ្មែរម្នាក់ដ៏សាហាវព្រៃផ្សៃកាលពីឆ្នាំមុននៅក្នុងខេត្តរតនគិរី បន្ទាប់ពីធ្វើការស៊ើបអង្កេតឡើងវិញពាក់ព័ន្ធរឿងក្តីនេះ។
លោក ហង្ស សេរីឧត្តម អាយុ៤២ឆ្នាំ ជា អ្នកយកព័ត៌មានឲ្យកាសែតវីរជនខ្មែរ ត្រូវបានជនដៃដល់កាប់សម្លាប់ ហើយយកសាកសពទៅដាក់ក្នុងឃ្លុបរថយន្តតូយ៉ូតាកាមរីរបស់លោកនៅក្នុងស្រុកអូរជុំ កាលពីថ្ងៃទី១១ ខែកញ្ញា។
រយៈពេលប៉ុន្មានខែមុនពេលលោកត្រូវគេសម្លាប់ លោកបានសរសេរអត្ថបទអំពីមន្ត្រីមួយចំនួនដែលជាប់ពាក់ព័ន្ធនឹង ការរកស៊ីឈើខុសច្បាប់។ បន្ទាប់ពីតុលាការបានបើកសវនាការជាលើកដំបូង កាលពីខែមេសា និងខែឧសភាឆ្នាំនេះមក ចៅក្រមមួយក្រុមដែលមានគ្នាបីនាក់បានសម្រេច ថា មានភ័ស្តុតាងមិនគ្រប់គ្រាន់ទេ ហើយបានបង្គាប់ឲ្យលោក សួស ឡា ប្រធានតុលាការធ្វើការស៊ើបអង្កេតឡើងវិញ ហើយឥឡូវនេះការស៊ើបអង្កេតបានបញ្ចប់ហើយ។
លោកចៅក្រម សួស ឡា មានប្រសាសន៍ ឲ្យដឹងកាលពីម្សិលមិញថា “ខ្ញុំត្រូវបានចាត់តាំងឲ្យស៊ើបអង្កេតឡើងវិញពីការខ្វះចន្លោះមួយចំនួន ដើម្បីធ្វើការសាកសួរសាក្សីបន្ថែមទៀត និងដើម្បីពិនិត្យមើលការថតសំឡេងសន្ទនាតាមទូរស័ព្ទ តែលោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីភ័ស្តុតាងថ្មីណាមួយឡើយ។
លោក រស់ សារាំ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរីបានអះអាងថា តុលាការគ្រោងនឹងប្រកាសសាលក្រមនៅថ្ងៃនេះ។ រយៈពេលពីរថ្ងៃបន្ទាប់ ពីឃាតកម្មនេះកើតឡើងកាលពីឆ្នាំមុន លោក អាន ប៊ុនហេង អនុសេនីយ៍ឯកកងរាជអាវុធហត្ថ និងប្រពន្ធរបស់លោក ឈ្មោះ ស៊ឹម វី ត្រូវបានចាប់ខ្លួនបន្ទាប់ពីនគរបាលបានរកឃើញស្បែកជើងមួយគូ របស់លោក ហង្ស សេរីឧត្តម នៅក្នុងភោជនីយដ្ឋានរបស់ប្តីប្រពន្ធនេះ ដែលអ្នកយកព័ត៌មានរូបនេះបានស៊ីផឹកនៅយប់មុនពេលលោកបានបាត់ខ្លួននោះ។
បើទោះជាការស៊ើបអង្កេតដំបូងបានសន្និដ្ឋានថា ប្តីប្រពន្ធនេះគឺជាជនសង្ស័យក៏ដោយ ក៏អង្គការសិទ្ធិមនុស្ស និងក្រុមគ្រួសារជនរងគ្រោះបានលើកឡើងថា ពួកគេជឿថា យ៉ាងហោចណាស់ក៏មានមនុស្សដទៃទៀតដឹងពីការសម្លាប់នេះដែរ។ អង្គការសិទ្ធិមនុស្សនានា និងអង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសចំពោះអំពើឃាតកម្មនេះ។
អ្នកស្រី អ៊ឹម ចន្ធី ប្រពន្ធរបស់អ្នកកាសែតដែលស្លាប់នោះបានមានប្រសាសន៍ថា អ្នកស្រីសង្ឃឹមថា សាលក្រមនេះនឹងគួរជាទីពេញចិត្ត។ អ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំបានរង់ចាំថ្ងៃនេះមកដល់ ពីព្រោះខ្ញុំចង់ឃើញយុត្តិធម៌”។អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកដែលយកព័ត៌មានអំពីការរកស៊ីឈើប្រណីតខុសច្បាប់ដ៏កាក់កបនោះ ជារឿយៗមានទំនាក់ទំនងជាមួយអ្នកមានអំណាច ឬអ្នកមានខ្នងក្រាស់នោះ តែងតែប្រឈមការគំរាមកំហែង និងការគាបសង្កត់ ដោយសារតែការងាររបស់ពួកគេ៕
ប្រែសម្រួលដោយ សោម សារុន