27 C
Phnom Penh

ឯកសារ​កត់​ត្រា​លទ្ធផលបោះ​ឆ្នោត​ទទេស្អាត​នៅខេត្ត​​បាត់ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ គណៈកម្មាធិការ​ជាតិ​រៀប​​​ចំការ​បោះឆ្នោត​​ (គ.ជ.ប.) បាន​បង្ហាញ​ឯកសារ​បោះឆ្នោត​ផ្លូវការ​ជាសា​ធារណៈ​មក​ពីការិយាល័យ​បោះឆ្នោត​ចំនួន​ប្រាំបីក្នុងក្រុង​បាត់​ដំបង​ ដែល​បង្ហាញថា ទម្រង់​​សម្រាប់​កត់​ត្រា​​លទ្ធផលឆ្នោត​​មិនមាន​សរសេរ​​អ្វីសោះ​​​នៅការិយាល័យ​បោះឆ្នោត​ចំនួន​ពីរ​នៅថ្ងៃ​​​បោះ​​​ឆ្នោត​។

ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​បាន​បង្គាប់​ឲ្យ​​បើក​កញ្ចប់​សុវត្ថិភាព​​ពីខេត្ត​ក្រចេះ និង​​ខេត្ត​បាត់​ដំបងនោះ​ កាល​ពីម្សិលមិញ​ បាន​ណែនាំ​ឲ្យ​ គ.ជ.ប. បើក​កញ្ចប់​សុវត្ថិភា​ព​ “ក” មកពី    កា​រិយាល័យ​បោះឆ្នោត​ចំនួន​១២ក្នុង​​​ខេត្ត​សៀម​​​​រាបដើម្បីប្រៀបធៀប​ទិន្ន​ន័យ​​ដែល​​​បាន​ផ្តល់​ជ័យ​ជម្នះ​ដល់​គណបក្ស​ប្រជាជន​​ក្នុងការ​ប្រកាស​លទ្ធផល​បោះឆ្នោត​បឋម​។

ប៉ុន្តេ​ទិន្នន័យ​នៅ​លើ​ទម្រង់​១១០២​ជា​​​ទិន្ន​​​ន័យ​​សរុប​នៃសន្លឹក​ឆ្នោត​សម្រាប់​គណ​​​បក្ស​​​​នយោបាយ​នីមួ​យៗ មិនមាន​ទាល់​តែ​​​សោះ​​​​នៅ​ក្នុង​កញ្ចប់​ពីរ​ក្នុង​ចំណោម​កញ្ចប់​ចំនួន​ប្រាំបី​មក​ពីក្រុង​បាត់​ដំបង​។

លោក អ៊ុត ឈន អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​​​ធម្មនុញ្ញ​បាន​មាន​ប្រសាសន៍ថា “វា​ជា​កំហុស​បច្ចេកទេស​។ ក្រុមប្រឹក្សា​ធម្មនុញ្ញនឹង​បើក​សវនាការ​ពីបញ្ហានេះ​នៅ​ចំពោះមុខ​ច្បាប់​​”។

លោក​ គល់​ បញ្ញា នាយក​គណៈកម្មា​ធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​​​នៅ​កម្ពុជា​ (ខុម​ហ្វ្រែល) បាន​មាន​ប្រសាសន៍​​​ថា ទម្រង់​ដែល​ទទេស្អាត​នោះ​ធ្វើ​ឲ្យ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ ហើយ​បាន​​ជំទាស់​នឹង​ក្រុម​ប្រឹក្សា​​​នេះ​​ចំពោះការ​មិន​បង្ហាញ​ចំនួន​សន្លឹក​ឆ្នោត​ដែល​ខូច​ទាំង​អស់​កាល​ពី​ម្សិល​មិញ ។

លោក​ គល់​ បញ្ញា​ បាន​មាន​ប្រសាសន៍​ថា សំណួរ​ដែលត្រូវ​សួរ​គឺ តើ​ទិន្នន័យ​អ្វី​ដែល​គេ​យក​មក​ប្រើ​ដើម្បី​គណនា​លទ្ធ​ផល​​ពី​ការិយា​​​ល័យ​ទាំង​ពីរនេះ​ ពីព្រោះ​ទម្រង់​១១០២​​ គឺ​​​ជា​​​​​​​ឯកសារ​ចាំបាច់​ដើម្បី​កត់​ត្រា​​លទ្ធផល​បោះឆ្នោត​។ លោក​បាន​បន្ថែមថា ឥឡូវ​នេះ​វា​មិន​​អាច​​​ផ្ទៀ​ងផ្ទាត់​លទ្ធផល​ពីការិយាល័យ​បោះ​​ឆ្នោត​ទាំង​ពីរនេះបានទេ​។

លោក​បានមាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​​​​នេះ​រក​តួលេខ​សន្លឹក​ឆ្នោត​ដែលមិន​បាន​ការ​ និងសន្លឹក​​​​​​ឆ្នោត​បាន​ការ​​​​​​ ប៉ុន្តែ គ្មាន​ប្រយោជន៍ទេ​។​ លោក​បា​ន​ថ្លែង​​​ថា “ខ្ញុំ​បាន​រក​ឃើញ​ថា​វា​ចម្លែកណាស់​ដែល​ក្រុម​ប្រឹក្សា​ធម្ម​​​នុញ្ញ​បដិ​​​សេធ​មិន​ប្រកាស​តួលេ​ខ​​ទាំង​នេះ​​​​។ ពួក​គេ​បាន​និយាយ​ថា គេ​មិន​មាន​ពេល​ ​​​ប៉ុន្តែ  តាម​ការ​សង្កេត​របស់​ខ្ញុំ​ គេ​គ្រាន់​តែ​ចំណាយ​​​​ពេល​​​​​​​ប្រហែល​១នាទី​ប៉ុណ្ណោះ​ដើម្បី​ប្រកាស​​​​ពីការិយាល័យ​បោះឆ្នោត​នីមួយ​ៗ​”។

លោក គួយ​​​​ ប៊ុន​រឿន បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​​ថ្លែង​​​ថា ឯកសារទទេស្អាត​នោះ​បាន​ធ្វើឲ្យលទ្ធផល​ពីការិយាល័យ​បោះឆ្នោត​ទាំងពីរ​​នេះខុស​ច្បាប់​ ហើយ​បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បន្ត​បង្គាប់​ឲ្យ​​មាន​ការ​បង្ហាញ​​ឯកសារ​ពីការ​បោះឆ្នោត​កាល​ពីថ្ងៃ​ទី​២៨ ខែ​កក្កដា ដែល​មានការ​ខ្វែង​គំនិត​គ្នានេះ។

លោក​ គួយ​ ប៊ុនរឿន បាន​មាន​ប្រសាសន៍​ថា ច្បាប់​ គ.ជ.ប. ចែង​ថា ប្រសិន​បើ​មាន​កំហុស​​​​ពាក់​ព័ន្ធទម្រង់​ទាំង​នេះ​មាន​ន័យ​ថា លទ្ធផល​ទាំង​នេះ​មិន​អាច​យក​ជាការ​បានទេ​ ឬ​ជាលទ្ធ​​​ផល​ក្រៅ​ផ្លូវ​ការ​​”។

លោក​ គួយ​ ប៊ុន​រឿ​ន​ បាន​មាន​​ប្រសា​សន៍​បន្ថែម​ទៀត​ថា “[ គ.ជ.ប.] ត្រូវ​បើក​កញ្ចប់​មក​ពី​ការិយាល័យ​បោះឆ្នោត​ទាំង​២២៣​កន្លែង​ដែល​យើង​បាន​ស្នើ​សុំ​ ពីព្រោះ​មាន​ភាពមិន​​​​ប្រក្រតីធ្ងន់​ធ្ង​រ​ដែល​យើង​អាច​មើល​ឃើញ    ​[​ តាម​រយៈ​ឯកសារ​ពីការ​ិយាល័យ​បោះឆ្នោត​ទាំង​នេះ​]”៕

(រាយការណ៍​បន្ថែម​ដោយ​ គុច ណារ៉េន)
ប្រែសម្រួលដោយ សោម សារុន​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស