28 C
Phnom Penh

រដ្ឋាភិបាល​​​ជូនដំណឹង​​​ដល់​​​ស្ថាន​​​​​​ទូត​​​អំពីការធ្វើ​​​​​​រដ្ឋ​​​ប្រហារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យក្រសួង​មួយ​បាន​និយាយ​កាល​ពីម្សិល​មិញថា រដ្ឋាភិបាល​បាន​ជូន​ដំណឹង​ដល់​​ស្ថានទូត​បរទេស​នៅ​ក្នុង​ប្រទេសថា  ការ​​​​​គំរាម​ធ្វើ​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ដើម្បី​តវ៉ា​នឹង​លទ្ធផល​បោះឆ្នោត​នេះ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​។

លោកឧត្តម​សេនីយ៍ឯក ខៀវ​ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍   ​​​ថា រដ្ឋាភិបាល​បាន​ផ្ញើ​លិខិត​ជូន​ស្ថាន​ទូត​ជាង​​​​​​​​​​៤០​រួម​ទាំង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិផងដែរ​​​​ដើម្បីជូន​ដំណឹង​ដល់​ពួកគេ​អំពីក្តី​បារម្ភរបស់​រដ្ឋាភិបាល​ខ្លាចការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​​សង្គ្រោះ​​​ជាតិ​​​​ត្រូវ​​​បាន​គេប្រើប្រាស់​ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​​​​។

​លោក​បាន​មាន​ប្រសាសន៍ថា “នេះ​គឺ​ជាលិខិតដ៏សំខាន់​មួ​យដើម្បី​ជូនដំណឹង​ដល់​​ស្ថានទូត​ទាំង​អស់​ថា ពាក្យ​មួយ​ចំនួន​ដែល​យើង​​​​បាន​ឮ ​[នៅ​កន្លែង​ជួបជុំ​គ្នា​របស់​គណ​​​បក្ស​សង្គ្រោះ​ជាតិ​]  ដែល​​​ជំរុញ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​ និង​ផ្លាស់​ប្តូរ​រដ្ឋាភិបាល ​ដូចជាពាក្យ​ផ្តួល​រំលំ​ ផ្តួល​រំលំ ផ្តួល​រំលំ និង​ពាក្យ​​​​ដូរ ដូរ​ ដូរ​”។​ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ពួកគេ​ស្រឡាញ់​ប្រទេសកម្ពុជា​ ពួកគេ​មិន​ធ្វើ​សកម្មភាព​ដូច្នេះ​ទេ​។ រាជ​រដ្ឋាភិបាល​កម្ពុជា​ គឺជា​រដ្ឋាភិបាល​ជាប់​ឆ្នោត​”។

ទោះបីជាការ​អះអាង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ចំពោះ​ជ័យជម្នះ​​នេះ​ស្រប​គ្នា​នឹងការ​ប្រកាសលទ្ធផល​បឋម​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) កាល​ពីដើមខែនេះក៏ដោយ​ ក៏​គណ​​បក្ស​សង្គ្រោះជាតិ​​បាន​អះអាង​ពីជ័យ​ជម្នះ​របស់​ខ្លួន​ដែរ​ និង​បាន​ទាម​ទារ​ឲ្យ​មាន​ការ​​ស៊ើបអង្កេត​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ភាព​​​មិន​ប្រក្រតី​នៃការ​បោះឆ្នោត​នេះ​ដែរ​។

ប្រទេស​ចិន​ និង​ប្រទេស​វៀត​ណាម​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​មួយចំនួន​តូច​ដែល​បាន​អប​អរ​សាទរ​ចំពោះជ័យ​ជម្នះ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​ រីឯ​ប្រទេស​ផ្តល់​ជំនួយ​ធំៗដល់​ប្រទេស​​​កម្ពុជា​មក​ពី​លោក​ខាង​លិច​ រួម​ជាមួយ​នឹង​ប្រទេសជប៉ុន និង​ប្រទេស​ជាសមាជិក​អាស៊ាន​ភាគ​ច្រើន​មិន​បាន​ទទួលស្គាល់​លទ្ធផល​នៃការ​​​​បោះ​ឆ្នោត​បឋម​នេះទេ​។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​គ្រោង​នឹង​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវការ​នៅ​ថ្ងៃ​ទី៨​ ខែ​កញ្ញា​។

សហភាពអឺរ៉ុប​ សហរដ្ឋ​អាមេរិក​ និង​អូស្ត្រាលី​សុទ្ធតែ​បានគាំទ្រការ​ទាម​ទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ និង​សង្គម​ស៊ីវិល​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ការ​បោះឆ្នោត​នេះ​។

លោក​ ស៊ាន ម៉ាកគីនតុស អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​បាន​បញ្ជាក់​កាល​ពីម្សិល​មិញថា ស្ថានទូត​ “បាន​ទទួល​លិខិត​មួយ​ពី​ក្រសួង​មហាផ្ទៃ​”  ប៉ុន្តែ លោក​មិន​បាន​ប្រាប់​ខ្លឹម​សារ​នៃ​លិខិត​នោះទេ​។​​ លោក​បាន​មាន​ប្រសាសន៍ថា  “យើង​ជំរុញ​​​ឲ្យ​គណបក្ស​ទាំង​អស់​ចូល​រួមដោយ​សន្តិ​វិធី​​នៅ​ក្នុង​​បរិយាកាស​ក្រោយការ​បោះ​ឆ្នោត​​នេះ​​។ យើង​ពិត​ជាចង់​​ឲ្យ​មាន​សកម្ម​ភាព​អហិង្សា​”។

អ្នក​នាំពាក្យ​ស្ថានទូត​អូស្ត្រាលីបាន​មាន​ប្រសាសន៍ថា  ស្ថានទូត​មិន​ទាន់​បាន​ទទួល​លិខិត​ពីក្រសួង​មហាផ្ទៃ​ទេ ប៉ុន្តែ​នៅ​តែ​គាំទ្រ​ចំពោះការ​ទាមទារ​ឲ្យមាន​ការ​ស៊ើប​អង្កេត​ឲ្យ​បា​ន​ច្បាស់លាស់​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​នេះ​ និង​អំពាវ​នាវ​ឲ្យ​មាន​ការ​គោរព​សេរីភាពនៃការ​ជួប​ជុំ​គ្នា។

អ្នក​នាំពាក្យស្ថានទូត​នេះ​បាន​លើក​ឡើង​នៅ​ក្នុ​ងអ៊ីម៉េល​ថា “យើង​ស្វាគមន៍​ភាព​ស្ងប់​ស្ងាត់​ក្រោយកា​របោះឆ្នោត​នេះ និង​អំពាវ​នាវ​ឲ្យភាគី​នយោបាយ​ទាំង​អស់​គោរព​សិទ្ធិ​​​ជាសាកល​ចំពោះសេរីភាព​នៃការ​ជួបជុំ​ដោយ​​​អហិង្សា​ និង​ជៀស​វាង​អំពើ​ហិង្សា”។

នៅ​ឯ​ពិធី​ជួបជុំគ្នា​មួយ​ដែល​មានចំនួន​​​​អ្នក​​​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ចូល​រួម​ជាង​១០.០០០​នាក់​កាល​ពីថ្ងៃ​ច័ន្ទ​ លោក​ កឹម សុខា និង​លោក​ ​សម  រង្ស៊ី  មេដឹកនាំគណបក្ស​ប្រឆាំង​​​​បាន​សន្យា​ធ្វើ​មហាបាតុកម្ម  ​ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​មិន​សហការ​នៅ​ក្នុង​ការ​​​​ស៊ើបអង្កេត​លើកា​រលួច​បន្លំ​សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​គេ​ចោទ​ឡើង​នោះទេ​។

កាល​ពីម្សិល​មិញ  គណបក្ស​សង្គ្រោះ​ជាតិ​​​​បាន​ប្រកាស​នៅ​ក្នុ​ងសេចក្តី​ប្រកាស​ព័ត៌​មាន​មួយថា ខ្លួន​នឹង​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​លទ្ធផលបោះឆ្នោត​នេះ​​នៅ​ថ្ងៃ​ទី​៧​ខែ​កញ្ញា​ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជា​​​មិន​​ត្រឡប់​មក​ចូល​​តុ​ចរចា​ និង​ធ្វើ​ឲ្យ​មាន​ការ​វិវឌ្ឍ​​នៅ​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នោះទេ​។

សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​សន្យា​ធ្វើ​ពហិការ​រដ្ឋ​សភា​ផង​ដែរ​ប្រសិន​បើ​មិន​មានការ​ឆ្លើយ​តប​ចំពោះការ​ទាម​ទារ​របស់​ខ្លួនទេនោះ ជាទង្វើ​មួយ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី  ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ថា នឹង​ទុក​ឲ្យ​ គ.ជ.ប. ចែក​អាសនៈ​របស់​គណ​​​បក្ស​សង្គ្រោះ​​ជាតិ​ទៅ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​​។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ​ សុភ័គ​ បាន​​មាន​ប្រសាសន៍ថា “ឲ្យ​តែការ​ធ្វើ​បាតុ​កម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃក្របខណ្ឌ​ច្បាប់​ វា​គ្មាន​បញ្ហា​អ្វី​ទេ​” ។ ប៉ុន្តែ លោក​បាន​បដិសេធ​មិន​បញ្ជាក់​អំពី​ទំហំ​នៃ​សកម្មភាព​ ដែល​រដ្ឋាភិបាល​គួរ​អត់​ឱន​នោះទេ​។

លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ធ្លាប់​បាន​ប្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ធ្វើ​ការ​ជួបជុំ,

​គ្នា​តែ​ក្នុង​​បរិវេណ​សួន​សេរីភាព​ និង​បាន​ព្រមាន​ថា មេដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះមុខច្បាប់​ ប្រសិន​​​បើ​សកម្ម​ភាព​របស់​ពួក​គេ​ក្លាយ​ជា​ហិង្សា ឬ​ធ្វើ​​​​ឲ្យ​ប៉ះ​ពាល់ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​៕

ប្រែសម្រួល​ដោយ មូល គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស