31 C
Phnom Penh

គណបក្ស​សង្គ្រោះជាតិ​​​​កំណត់​ថ្ងៃ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រ​កាស​កាល​​​​​​​​​​​​​​​​ពី​ម្សិល​មិញ​ថា ខ្លួន​នឹងធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​៧​ ខែ​កញ្ញា​ ប្រឆាំង​នឹង​លទ្ធផល​បឋមនៃ​​​ការ​​​​​​​​​​​​បោះឆ្នោត​​​​ដែល​ខ្លួន​​អះអាង​ថា មាន​ការ​លួច​បន្លំ​​​ ការធ្វើបាតុកម្មនេះគឺ​​​​​​មួយ​ថ្ងៃ​​​មុន​​​ នៃការប្រកាស​លទ្ធ​​​ផល​ជាផ្លូវការ​​​​ដែលត្រូវបាន​​​​រំពឹង​ថា នឹង​ធ្វើ​​​ឡើង​​​​​​​​​​​​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​។

គណ​បក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​​​តាម​​​រយៈ​​​​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ​ប្រសិន​​​បើ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​មិន​​​វិល​​មក​កាន់​តុ​ចរចាវិញ​​​ ​​​​ហើយ​​​បោះ​​​ជំហាន​​​ឆ្ពោះ​​​ទៅ​​​រក​​​​​​ការ​បង្កើត​គណៈកម្មការ​រួម​មួយ​ដើម្បី​ស៊ើប​អង្កេត​​​​​​​ការ​​​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រក្រតី​និង​ការ​លួច​បន្លំ​​សន្លឹក​​​ឆ្នោត​​​ទេ​​​នោះ​​​ គណបក្ស​សង្គ្រោះ​ជាតិ​​​​នឹង​​​​ធ្វើ​​​មហា​​​បាតុកម្ម​​​នេះ​​​តាម​​​ការ​​​គ្រោងទុក​​​​។

សេចក្ដី​ថ្លែង​ការណ៍​នេះ​​​មាន​​​ខ្លឹមសារ​​​ថា “ប្រសិន​បើ​នៅ​តែ​គ្មាន​​ដំណោះ​ស្រាយ​ជុំវិញ​​​​​​ការ​​​​​បង្កើត​គណៈកម្មការ​ពិសេស​​​​សម្រាប់​​ដោះ​​​​​​​ស្រាយ​​​បញ្ហា​​​ពាក់ព័ន្ធ​​​នឹង​​​​ភាព​មិន​ប្រក្រតី​​​​​ក្នុង​​​​ការ​បោះ​ឆ្នោត​នេះ​ទេ ​​​ ​គណបក្ស​សង្គ្រោះ​​​​​​​ជាតិ​​ នឹង​ធ្វើ​មហា​បាតុកម្ម​​​អហិង្សា​មួយ​​​ជា​ជម្រើស​ចុង​ក្រោយ​ប្រឆាំង​​​​​នឹង​​​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៣”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​​​ឲ្យ​​​ដឹង​​​​ថា ព័ត៌មាន​លម្អិត​ផ្សេង​​​​ទៀត ​​ដូច​ជា​ទី​កន្លែង​​នៃ​ការ​ធ្វើ​​​បាតុកម្ម​​​នេះ​​​​​​​​ជា​ដើម​​​ ​​នឹងត្រូវបាន​​​​ផ្ដល់​ជូន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​​​​ថ្ងៃនេះ។

តំណាង​​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណ​​​បក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ប្រ​ជុំ​​គ្នា​ចំនួន​​​ពីរ​លើក​រួច​មក​ហើយ​ គឺ​នៅ​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​២០ ខែ​សីហា​​ ដើម្បី​ចរចា​​​អំពី​ការ​បង្កើត​គណៈ​​​កម្ម​​​ការ​រួម​មួយ​ ប៉ុន្តែ កិច្ច​​ចរចា​​​​នេះមិន​​​​​​​បាន​​​ឈាន​​​​​​ដល់​​​​កិច្ច​ព្រមព្រៀង​​ថា តើ​ក្រុម​ណា​ត្រូវ​​​​ដឹក​នាំ​​​​ការ​ស៊ើប​អង្កេត​នេះ​​​ទេ​​​។

លោក ជាម យៀប សមាជិក​សភា​គណ​​​បក្ស​​​​ប្រជាជន​កម្ពុជា​ ​លើកឡើង​​​​កាលពី​ថ្ងៃ​ច័ន្ទ​​​​​​​ថា ឥឡូវ​​​នេះ​​​គឺ​​​​​ “ហួស​​​ពេល​​​” ​​បង្កើត​គណៈ​​​កម្មការ​បែប​នេះ​ហើយ​​​ ហើយ​ថា គណ​​​បក្ស​សង្គ្រោះ​​​​​​​ជាតិ​​ចាំបាច់​​​ត្រូវ​​​មាន​​​ភាព​​​​ “បត់​​​បែន​ជាង​​​មុន​​” ក្នុង​ការ​រក្សា​​​ទំនាក់ទំនង​​​ជាមួយ​គណ​​​​​​បក្ស​ប្រជា​​​​​​ជន​កម្ពុជា​ដែល​​​ជា​គណបក្ស​ឈ្នះ​ឆ្នោត​។

ទោះ​ជា​យ៉ាងណា​​​​ លោក សម រង្ស៊ី ​​​ ប្រធាន​​​​​​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ ជា​ ស៊ីម​​ ប្រធាន​គណបក្ស​ប្រជា​​​ជន​កម្ពុជា​ ដោយ​​​អំពាវ​នាវ​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​​​មក​កាន់​តុចរចា​វិញ​។

លិខិត​នេះ​​​មាន​​​ខ្លឹមសារ​​​​ថា​ “យោង​តាម​ស្មារតី​នៃ​សេចក្ដី​​ថ្លែងការណ៍​​​​​រួម​រវាង​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​​គណបក្ស​ទាំង​ពីរ​ចុះ​​​​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​សូម​​​ស្នើ​​ឲ្យ​មាន​​​ការ​​​បន្ត​​​កិច្ច​ប្រជុំ​​​រវាង​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​​គណបក្ស​​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​បន្ទាន់​”។​​​ សេច​​​ក្តី​​​​​​ថ្លែងការណ៍​​​នេះ​​​មាន​​​ខ្លឹមសារ​​​​បន្ថែម​ថា គណ​​​បក្ស​ទាំង​ពីរ​គួរ​បញ្ជូន​តំណាង​​ដែល​មាន​សិទ្ធិ​ធ្វើ​សេចក្ដី​សម្រេច​។

លោក សម រង្ស៊ី បាន​ថ្លែង​តាម​ទូរស័ព្ទ​កាល​​​​ពី​ម្សិល​មិញ​ថា ដោយសារ​​​កិច្ច​​​ចរចា​​​​​​ទាំង​​​ពីរ​លើក​​ចុង​ក្រោយ​​​បាន​បញ្ចប់​ដោយ​​​​​តំណាង​​គណ​​​​​​​​​បក្ស​ទាំង​ពីរបាន​​​ត្រឹមតែ​​​ព្រមព្រៀង​​​គ្នា​​​ថា​​​ នឹង​​​យក​​​លទ្ធផល​​​នៃ​​​កិច្ច​​​ចរចា​​​ទាំង​​​ពីរ​​​លើក​​​នេះ​​​ទៅ​​​​ពិគ្រោះ​​​ជា​មួយ​មេ​ដឹក​នាំ​បក្ស​របស់​ខ្លួន​​​​​មុន​​​ពេល​បន្ត​កិច្ច​ចរចា​​​នោះ​​​ កិច្ច​​​ចរចា​​​ក្នុង​ពេល​​​​ខាងមុខ​​​​ចាំ​បាច់​ត្រូវ​តែ​​​មាន​​​ការ​​​ចូល​រួម​ពី​​​មន្ត្រី​​​​​ថ្នាក់​​​កំពូល​​​​នៃ​គណបក្ស​ទាំង​ពីរ​​​​នេះ​​​តែ​​​ម្តង​​​ ។

លោក​ សម រង្ស៊ី បាន​​​​បញ្ជាក់​​​​ថា “ប្រសិន​បើ​​​បន្ត​​​កិច្ច​ចរចា​​​នេះ​​​​​ទៀត​​​ យើង​សូម​ឲ្យ​គណ​​​បក្ស​ប្រជាជន​កម្ពុជា​ បញ្ជូន​តំណាង​​​​​​​កម្រិត​ខ្ពស់​ល្មម​នឹង​​​ធ្វើ​សេចក្ដី​សម្រេច​​បាន​​​។ ខ្ញុំ​មិន​ចង់​និយាយ​​​ឲ្យ​​​ជាក់លាក់​​​​ថា តើ​​​មន្ត្រី​​​រូបណា​ក្នុង​​​ជួរ​​​​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​​​​មាន​​​សិទ្ធ​​​សម្រេច​​​នោះ​​​​​ទេ​ ប៉ុន្តែ​​​ខ្ញុំ​សូម​ស្នើ​ឲ្យ​ពួកគេ​បញ្ជូន​តំណាង​ឬ​ប្រតិភូ​ដែល​​មាន​លទ្ធភាព​ធ្វើ​សេចក្ដី​សម្រេច​បាន​។ ប្រសិន​បើ​ពួកគេ​បញ្ជូន​​​​​​​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​មក​ យើង​ក៏​នឹង​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​របស់​យើង​​​ដូចគ្នា​​​​​​​​ដែរ”៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស