គណបក្សសង្គ្រោះជាតិបានប្រកាសកាលពីម្សិលមិញថា ខ្លួននឹងធ្វើមហាបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា ប្រឆាំងនឹងលទ្ធផលបឋមនៃការបោះឆ្នោតដែលខ្លួនអះអាងថា មានការលួចបន្លំ ការធ្វើបាតុកម្មនេះគឺមួយថ្ងៃមុន នៃការប្រកាសលទ្ធផលជាផ្លូវការដែលត្រូវបានរំពឹងថា នឹងធ្វើឡើងដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។
គណបក្សសង្គ្រោះជាតិបានបញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍មួយថា ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនវិលមកកាន់តុចរចាវិញ ហើយបោះជំហានឆ្ពោះទៅរកការបង្កើតគណៈកម្មការរួមមួយដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីភាពមិនប្រក្រតីនិងការលួចបន្លំសន្លឹកឆ្នោតទេនោះ គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មនេះតាមការគ្រោងទុក។
សេចក្ដីថ្លែងការណ៍នេះមានខ្លឹមសារថា “ប្រសិនបើនៅតែគ្មានដំណោះស្រាយជុំវិញការបង្កើតគណៈកម្មការពិសេសសម្រាប់ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការបោះឆ្នោតនេះទេ គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មអហិង្សាមួយជាជម្រើសចុងក្រោយប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ព័ត៌មានលម្អិតផ្សេងទៀត ដូចជាទីកន្លែងនៃការធ្វើបាតុកម្មនេះជាដើម នឹងត្រូវបានផ្ដល់ជូនក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃនេះ។
តំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបប្រជុំគ្នាចំនួនពីរលើករួចមកហើយ គឺនៅថ្ងៃទី៩ និងថ្ងៃទី២០ ខែសីហា ដើម្បីចរចាអំពីការបង្កើតគណៈកម្មការរួមមួយ ប៉ុន្តែ កិច្ចចរចានេះមិនបានឈានដល់កិច្ចព្រមព្រៀងថា តើក្រុមណាត្រូវដឹកនាំការស៊ើបអង្កេតនេះទេ។
លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា លើកឡើងកាលពីថ្ងៃច័ន្ទថា ឥឡូវនេះគឺ “ហួសពេល” បង្កើតគណៈកម្មការបែបនេះហើយ ហើយថា គណបក្សសង្គ្រោះជាតិចាំបាច់ត្រូវមានភាព “បត់បែនជាងមុន” ក្នុងការរក្សាទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយច្បាប់ជូនលោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ដោយអំពាវនាវឲ្យគណបក្សទាំងពីរវិលមកកាន់តុចរចាវិញ។
លិខិតនេះមានខ្លឹមសារថា “យោងតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមរវាងប្រធានក្រុមចរចារបស់គណបក្សទាំងពីរចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិសូមស្នើឲ្យមានការបន្តកិច្ចប្រជុំរវាងប្រធានក្រុមចរចារបស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ជាបន្ទាន់”។ សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារបន្ថែមថា គណបក្សទាំងពីរគួរបញ្ជូនតំណាងដែលមានសិទ្ធិធ្វើសេចក្ដីសម្រេច។
លោក សម រង្ស៊ី បានថ្លែងតាមទូរស័ព្ទកាលពីម្សិលមិញថា ដោយសារកិច្ចចរចាទាំងពីរលើកចុងក្រោយបានបញ្ចប់ដោយតំណាងគណបក្សទាំងពីរបានត្រឹមតែព្រមព្រៀងគ្នាថា នឹងយកលទ្ធផលនៃកិច្ចចរចាទាំងពីរលើកនេះទៅពិគ្រោះជាមួយមេដឹកនាំបក្សរបស់ខ្លួនមុនពេលបន្តកិច្ចចរចានោះ កិច្ចចរចាក្នុងពេលខាងមុខចាំបាច់ត្រូវតែមានការចូលរួមពីមន្ត្រីថ្នាក់កំពូលនៃគណបក្សទាំងពីរនេះតែម្តង ។
លោក សម រង្ស៊ី បានបញ្ជាក់ថា “ប្រសិនបើបន្តកិច្ចចរចានេះទៀត យើងសូមឲ្យគណបក្សប្រជាជនកម្ពុជា បញ្ជូនតំណាងកម្រិតខ្ពស់ល្មមនឹងធ្វើសេចក្ដីសម្រេចបាន។ ខ្ញុំមិនចង់និយាយឲ្យជាក់លាក់ថា តើមន្ត្រីរូបណាក្នុងជួរគណបក្សប្រជាជនកម្ពុជាដែលមានសិទ្ធសម្រេចនោះទេ ប៉ុន្តែខ្ញុំសូមស្នើឲ្យពួកគេបញ្ជូនតំណាងឬប្រតិភូដែលមានលទ្ធភាពធ្វើសេចក្ដីសម្រេចបាន។ ប្រសិនបើពួកគេបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួនមក យើងក៏នឹងបញ្ជូនមន្ត្រីជាន់ខ្ពស់របស់យើងដូចគ្នាដែរ”៕
ប្រែសម្រួលដោយ ឃិន ណៃ