នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ពួកគេកំពុងស្វែងរកបុរសពីរនាក់ ដែលបានបាត់ខ្លួនបន្ទាប់ពីពួកគាត់ធ្វើដំណើរតាមទូកមួយគ្រឿងបានលិចក្នុងទន្លេមេគង្គនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃអង្គារ។
លោក ម៉ា ចន្តា អធិការនគរបាលស្រុកមានប្រសាសន៍ថា ទូកនោះមានមនុស្សជិះប្រាំបីនាក់ដែលបានធ្វើដំណើរវិលត្រឡប់មកផ្ទះវិញបន្ទាប់ពីបានទៅចូលរួមក្នុងពិធីបុណ្យសពសាច់ញាតិម្នាក់ក្នុងស្រុកកោះសូទិនស្រាប់តែជួបបញ្ហានៅម៉ោងប្រហែល៣រសៀល។
មនុស្សប្រាំមួយនាក់ត្រូវបានជួយសង្គ្រោះដោយក្រុមអ្នកនេសាទខ្មែរអ៊ីស្លាម ដែលបានចតទូកនៅក្បែរនោះ។ លោក ម៉ា ចន្តា បានថ្លែងថា “ទូករបស់ពួកគាត់បានលិចអំឡុងពេលមានព្យុះយ៉ាងខ្លាំងពេលកំពុងធ្វើដំណើរដល់ពាក់កណ្ដាលទន្លេ”។
បុរសដែលបានបាត់ខ្លួនទាំងពីរនាក់នោះត្រូវបានស្គាល់អត្តសញ្ញាណហើយគឺឈ្មោះ ឈាន ណេត អាយុ៥២ឆ្នាំ និង ឈ្មោះ នី គួន អាយុ៦៨ឆ្នាំ ជាអតីតប្រធានភូមិ។ លោកមានប្រសាសន៍បន្តទៀតថា “នគរបាល និងប្រជាពលរដ្ឋមកពីក្រុមគ្រួសាររបស់ជនរងគ្រោះប្រហែល៣០នាក់បានព្យាយាមស្វែងរកពួកគាត់រហូតដល់ល្ងាចថ្ងៃពុធនេះ ប៉ុន្តែ ពួកគេមិនអាចរកពួកគាត់ទាំងពីរឃើញឡើយ”។
លោក ឈាន វឿន នាយប៉ុស្តិ៍នគរបាល ឃុំមានប្រសាសន៍ថា នគរបាលបានសន្និដ្ឋានថា បុរសទាំងពីរនាក់នោះបានស្លាប់ហើយ។ លោក កែវ វី អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា “យើងមិនអាចស្វែងរកពួកគាត់ឃើញទេក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ” ដោយលោកបន្ថែមថាប្រជាពលរដ្ឋចំនួន២៨នាក់បានស្លាប់ និងប្រជាពលរដ្ឋចំនួន៩៥នាក់ទៀតបានរងរបួសដោយសារព្យុះក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះ៕
ប្រែសម្រួលដោយ ឃិន ណៃ