31 C
Phnom Penh

រដ្ឋាភិបាល​និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ខ្វែង​គំនិត​​គ្នា​ពាក់​ព័ន្ធ​គម្រោង​ស្តារ​ផ្លូវ​ដែក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​បាន​អះ​អាង​ថា ​ការ​ងារ​ស្តារ​ផ្លូវ​ដែក​​​​ដែល​ទ្រុឌទ្រោម​ជា​យូរ​មក​ហើយ​ឡើង​វិញ ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ព្រំដែន​ថៃ ក្នុង​ក្រុង​​​​ប៉ោយ​ប៉ែត បាន​សម្រេច​ជិត​១​ភាគ​​៣​ហើយ។

តួលេខ​នេះ​គឺ​សម្រេច​បាន​ពីរ​ដង​លើស​ពី​តួលេខ​ដែល​ចេញ​ដោយ​ធនា​​​គារ​​​​​​​អភិវឌ្ឍន៍​អាស៊ី ​ជា​អ្នក​នៅ​ពី​ក្រោយ​ និង​ជា​​អ្នក​​​​ផ្ដល់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ដល់​គម្រោង​នេះ។ ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​អាកាប៉េ បាន​រាយ​​​ការណ៍​កាលពី​សប្តាហ៍​មុន​ថា “ការ​ស្តារ​ផ្លូវ​ដែក​ប្រវែង​៣៨៦​គីឡូម៉ែត្រ​ឡើង​វិញ​ គឺ​សម្រេចបាន​​៣២​ភាគរយ​ហើយ​​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​សាធា​​​រណការ​ និង​ដឹក​ជញ្ជូន”។

លោក លី បូរិន ប្រធាន​នាយក​ដ្ឋាន​ផ្លូវ​ដែក​នៅ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា  លោក​មិន​បាន​ឃើញ​របាយ​​​ការណ៍​នេះ​ទេ​ ហើយ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។

​រីឯលោក តូច ច័ន្ទកុសល រដ្ឋ​លេខា​ធិការ​ក្រសួង​សាធារណ​​​ការ​ និង​ដឹក​ជញ្ជូន​ ដែល​គ្រប់​គ្រង​បញ្ហា​ផ្លូវ​ដែក​​​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ។

នៅ​ពេល​ការងារ​ស្ដារ​ផ្លូវ​ដែក​​ភាគ​ខាង​ត្បូង​ពី​​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បញ្ចប់​ ទឹក​ប្រាក់​ចំនួន​១៤១,៦លាន​ដុល្លារ​ដែល​ជា​ថវិកា​ដើម​សម្រាប់​គម្រោង​នេះ​គឺ​វា​មិន​គ្រប់​គ្រាន់​ឡើយ​ ដើម្បី​បញ្ចប់​ការ​ជួស​​​ជុល​ផ្លូវ​ដែក​ដ៏​វែង​នៅ​ភាគ​ខាង​ជើង​។ ហើយ​​​​គេ​ត្រូវ​ការ​​ទឹក​ប្រាក់​បន្ថែម​ពី​៧៥​លាន​ដុល្លារ​ទៅ​១២៥​លាន​ដុល្លារ​ទៀត​ ដើម្បី​សម្រេច​ការងារ​នេះ​។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​​​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ស្តី​ពី​គម្រោង​នេះ​ដែល​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃ​ទី​៣ ខែ​កក្កដា  បាន​ឲ្យ​ដឹង​ថា មាន​តែ​ផ្លូវ​ដែក​ប្រវែង​៦១,៥​គីឡូម៉ែត្រ​ ឬ​ក៏​ស្មើ​នឹង​១៦​ភាគរយ​នៅ​ភាគ​ខាង​ជើង​ប៉ុណ្ណោះ​​​​ត្រូវ​បាន​សម្រេច។​

កាលពី​ម្សិល​មិញ លោក​ អេរិក ស៊ីដវីក (Eric Sidgwick) ប្រធាន​ប្រចាំ​ប្រទេស​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្កើន​តួលេខ​​នេះ​ទៅ​៦៣គីឡូម៉ែត្រ​វិញ​ ប៉ុន្តែ នៅ​តែ​ខុស​គ្នា​ឆ្ងាយ​ពី​ការ​អះ​អាង​របស់​ក្រសួង​សាធារណ​​​​ការ​ និង​ដឹក​ជញ្ជូន​។

លោក​បាន​លើក​ឡើង​តាម​រយៈ​អ៊ីម៉េល​មួយ​ថា “កំណាត់​ផ្លូវ​ដែក​ប្រវែង​២២​គីឡូ​​​ម៉ែត្រ​ពី​សំរោង​ទៅ​បាត់​ដឹង និង​កំណាត់​ផ្លូវ​ដែក​ប្រវែង​៤១​គីឡូម៉ែត្រ​ដែល​តភ្ជាប់​ពី​ស៊ីសុផុន​ទៅ​ក្រុង​ប៉ោយ​ប៉ែត​ត្រូវ​បាន​ជួស​​​ជុល​រួច​ហើយ​។​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ស្ដារ​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ជើង​ដែល​នៅ​សេស​សល់​​ក្រោម​​​​គម្រោង​នេះ”។

លោក ស៊ីដវីក បាន​បដិសេធ​មិន​ធ្វើ​អត្ថា​​​ធិប្បាយ​លើ​ភាព​ខុស​គ្នា​រវាង​តួលេខ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​ក្រសួង​សាធា​​​រណ​​​​ការ​ និង​ដឹក​ជញ្ជូន​ឡើយ​ ហើយ​បាន​បង្វែរ​សំណួរ​នេះ​ទៅ​រដ្ឋាភិបាល​។

រដ្ឋាភិបាល​បាន​ស្នើ​ម្តង​ហើយ​ម្ដង​ទៀត​ទៅ​ប្រទេស​អូស្ដ្រាលី​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដើម្បី​ស្នើ​សុំ​មូលនិធិបន្ថែម​សម្រាប់​សម្រេច​គម្រោង​នេះ​ ដែល​​បរាជ័យ​ជាច្រើន​លើក​រួច​​មក​ហើយ​នោះ។

កាលពី​ខែ​កុម្ភៈ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា រដ្ឋាភិបាល​លែង​យក​ ក្រុម​ហ៊ុន​សំណង់​ដែល​ធ្វើការ​លើ​គម្រោង​ជួស​​ជុល​ផ្លូវ​ដែក​ឈ្មោះ​ ធីអេសអូ (TSO)​ ទៀត​​ហើយ​​ ហើយ​នៅ​មិន​ទាន់​ប្រាប់​ឈ្មោះ​ក្រុម​ហ៊ុន​ថ្មីដែល​​នឹង​មក​ជំនួស​នៅ​ឡើយ​ទេ​។ អង្គ​ការ​សិទ្ធិមនុស្ស​បាន​រិះគន់​​ហើយ​ម្ដង​ទៀត​ចំពោះ​ការ​ផ្ដល់​ទី​តាំង​ថ្មី​និង​ប្រាក់​សំណង​មិន​គ្រប់​​គ្រាន់​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ដែល​​​​បាត់​បង់​ទីលំនៅ​ដោយ​សារ​គម្រោង​នេះ​៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស