29 C
Phnom Penh

តុលាការ​​​ចោទប្រកាន់​ពាណិជ្ជករ​ពីរនាក់​ពីបទ​ឆ​បោក​ពាក់ព័ន្ធ​ការ​រុក​រក​រ៉ែ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ប្រធាន​ក្រុមហ៊ុន​ក្នុង​ស្រុក​ដ៏ធំមួយ​ដែល​​​​ជាជន​ជាតិខ្មែរ​ និង​ពាណិជ្ជករ​ជន​ជាតិ​ចិន​ម្នាក់ទៀត​​ពីបទ​ឆ​បោក​និង​​ក្លែង​បន្លំ​​ឯក​​​សារ​​​​​​​សាធារណៈ​។

លោក​ អាល់ រមណី អាយុ​៤១​ឆ្នាំ​​និង​លោក​ ជីន​​​ ម៉ុង​ស៊ីន អាយុ​៤៥​ឆ្នាំ​ជាជន​ជាតិ​ចិន​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីថ្ងៃ​សៅរ៍ បន្ទាប់​ពីអ្នក​ដាក់​ពាក្យ​បណ្តឹង​អនាមិក​ម្នាក់​បាននិយាយ​ថា ពួក​គេ​ទាំងពីរនាក់​បាន​ប្រើ​ប្រាស់​ឯកសារ​ក្លែង ​ក្លា​យ រួម​មាន​ការ​ក្លែង​ហត្ថលេខាលោក​នាយក​​​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ដើម្បី​បោក​ប្រាស់​យក​ប្រាក់ពីដៃគូ​ម្នាក់​ចំនួន​៨១០.០០០​ដុល្លារ​​​ក្នុងកិច្ច​ព្រម​ព្រៀង​​​មួយ​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រែ៉​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។

ក្រុម​ហ៊ុន ACICA ជាក្រុមហ៊ុន​ដែល​មាន​លោក​ អាល់ រមណី ជាប្រធាន​នោះ​ កាល​ពី​​​ម្សិល​មិញបានព្យាយាម​ដកខ្លួន​ចេញ​ពី​រឿង​ក្តី​នេះ​ ដោយ​ក្រុម​​​ហ៊ុន​​​លើកឡើង​​​ថា លោក​ធ្វើ​​​ការ​ងារ​នេះ​​ដោយ​ខ្លួន​ឯង​នៅក្នុងកិច្ច​ព្រម​​​ព្រៀង​រុក​រក​រ៉ែ​នេះ។

លោក​ តែ សំអាង​ ចៅក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​មា​ន​ប្រសាសន៍​ថា លោក​​​​បាន​បញ្ចប់​ការ​សាក​សួរ​​ជន​ទាំង​​ពីរ​នាក់​នេះ​​​ហើយ​កាល​ពីយប់​ថ្ងៃអង្គារ​។​ លោក​ចៅក្រម តែ សំអាង  ​មាន​ប្រសាសន៍​​​ថា “ខ្ញុំបាន​ចោទ​ប្រកាន់​ពួក​គេ​ពីបទ​ឆបោក​ និង​ប្រើ​ប្រាស់​ឯកសា​រ​សាធា​រណៈ​ក្លែងក្លាយ​ ហើយ​បាន​បញ្ជូន​ពួក​គេ​ទាំង​ពីរនាក់​ទៅ​កាន់​ពន្ធនាគារ​ដើម្បី​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​”។

គេបាន​ចោទ​​ថា ជន​ទាំង​ពីរ​នេះ​បាន​ប្រើ​ប្រាស់​ឯកសារ​ក្លែង​ក្លាយ​ ដែល​មាន​ការ​អះ​អាង​ថា ចេញ​ពីក្រសួង​ឧស្សា​ហកម្ម រ៉ែ និង​ថាម​ពល​ ក្រសួង​ទំនាក់​ទំនង​ជាមួយ​សភា​ ព្រឹទ្ធ​​​សភា និ​ងអធិការ​កិច្ច​ និ​ងលោក​នាយក​រដ្ឋ​មន្ត្រី​ផ្ទាល់​នៅ​ក្នុង​ការ​ឆបោក​​របស់​ខ្លួន​ដើម្បី​​​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​រុក​រក​រ៉ែ ដែល​គិត​ជា​ទឹក​ប្រាក់​ចំនួន​៦លាន​ដុល្លារ​។

ក្រុមហ៊ុន ACICA បាន​អួតអាង​ពី​គម្រោង​មួយ​ចំនួន​ទៀត​ រួម​មាន​កិច្ចព្រម​ព្រៀង​ធ្វើ​ឯក​​​ជន​ភាវូបនីយកម្ម​​ទឹក​ស្អាត និង​ទឹក​កាក​សំណល់​​​​ដែល​អនុម័តយល់​ព្រម​​​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ត​ចំនួន​១៨។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ផ្ញើ​ទៅកាន់​អីុម៉េល​របស់​ក្រុម​ហ៊ុន​នេះ មន្ត្រី​រដ្ឋបាលម្នាក់​បាន​និយាយ​នៅ​ក្នុង​​សេចក្តី​ប្រកាស​​​​មួយថា ក្រុម​ហ៊ុន​មិន​អាច​អត្ថាធិ​ប្បាយ​​​​អំពីករណីនេះជាក់​លាក់​បាន​ទេ ប៉ុន្តែ បាន​បញ្ជាក់​​ថា គម្រោង​របស់​ក្រុម​ហ៊ុន​ទាំង​អស់​មាន​ការ​អនុម័ត​យល់​ព្រម​​ពិត​ប្រាកដ។

សេចក្តីប្រកាស​ដដែល​នេះ​បាន​សង្កត់​ធ្ងន់​ថា លោក​ ជីន ម៉ុង​សីុន មិន​មែន​ជាបុគ្គលិក​ ឬ​ជាដៃគូ​របស់​ក្រុម​ហ៊ុន​ ACICA​ ទេ​។​ ការ​ឆ្លើយ​​តបដែ​ល​បាន​ផ្ញើ​ម​ក​កាល​ពី​​​ម្សិលមិញ​ មាន​ខ្លឹម​សារថា “ យើង​ទើប​តែ​​​ស្គាល់​គាត់​រយៈពេលខ្លី​ប៉ុណ្ណោះ​ក្នុង​នាម​ជា​​​អ្នក​ស្គាល់​គ្នា​​ជា​មួយប្រធាន​យើង​”។

អាជ្ញា​ប័ណ្ណ​រុករក​​​នៅ​ក្នុង​​គម្រោង​នៅ​​ខេត្ត​​​​មណ្ឌល​គិរី​សម្រាប់​ក្រុម​ហ៊ុន​​សាមី​នោះ​ គឺជាការ​ងា​រ​ឯករាជ្យ​របស់​ប្រធាន​យើង​តែ​​​ម្នាក់​ប៉ុណ្ណោះ ហើយ​មិន​​ជាប់​ពាក់​ព័ន្ធ​ជាមួយ​​​ប្រធាន  ម្ចាស់​ភាគហ៊ុន​ដទៃ ឬ​ក្រុម​ហ៊ុន​ទាំ​ង​​​មូល​ឡើយ​។

ក្រុម​ហ៊ុន​ដឹង​ថា ប្រធាន​របស់​យើង​បាន​ជួយ​ក្រុម​ហ៊ុន​សាមីនេះ​ឲ្យ​ទទួល​បាន​​អាជ្ញា​​​ប័ណ្ណ​រុក​រក​រ៉ែ​ដោ​យ​ខ្លួន​លោក​ផ្ទាល់​ ប៉ុន្តែ មិន​បា​នដឹង​ពីការ​វិវឌ្ឍ​ ឬការ​អភិវឌ្ឍ​ការ​ងារ​​​របស់​ក្រុម​ហ៊ុន​នោះទេ​រហូត​ដល់​មាន​ព័ត៌​​​មាន​​​​ចាប់​ខ្លួន​រូបគាត់​តែម្តង​…។

“យើង​ក៏មិន​បាន​ដឹង​ពីព័ត៌មាន​លម្អិត​ណាមួយ​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​  ការ​ឆបោក​ប្រាក់​ ឬឯកសារ​​អនុម័ត​យល់​ព្រមក្លែង​ក្លាយ​​សម្រាប់​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​នៅ​​ខេត្ត​មណ្ឌល​គិរី ដូច​គេ​អះអាង​នេះទេ។ យើង​សង្ឃឹម​ថា នឹង​បាន​ដឹង​ការ​ពិត​នៅពេល​ឆាប់​ៗ​​អំពីរឿង​ក្តីនេះ​ ហើយ​សារព័ត៌មាន​ និង​សាធារ​ណ​ជន​​​ក៏នឹង​បាន​ដឹង​ដែរ”៕

ប្រែសម្រួលដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស