យោងតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យបណ្តាញភ្ជាប់ទំនាក់ទំនងសង្គមហ្វេសប៊ុកប្រគល់ទិន្នន័យរបស់អ្នកប្រើប្រាស់
ម្នាក់ក្នុងគោលបំណងការពារសន្តិសុខជាតិ ឬស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ ក៏ប៉ុន្តែក្រុមហ៊ុនភ្ជាប់បណ្តាញទំនាក់ទំនងសង្គមនេះ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានបដិសេធមិនធ្វើតាមសំណើនេះឡើយ។
របាយការណ៍ស្តីពីសំណើរបស់រដ្ឋាភិបាលជុំវិញពិភពលោក ដែលហ្វេសប៊ុកបានបញ្ចេញកាលពីថ្ងៃអង្គារនេះ បានឲ្យដឹងថា កម្ពុជាបានធ្វើសំណើសុំទិន្នន័យរបស់អ្នកប្រើប្រាស់ម្នាក់នេះចន្លោះពីខែមករាដល់ខែមិថុនា។
របាយការណ៍នេះមិនបានបញ្ចេញឈ្មោះស្ថាប័ន ឬមន្ត្រីរដ្ឋាភិបាលដែលបានធ្វើសំណើ
នេះឬឈ្មោះរបស់អ្នកប្រើប្រាស់ដែលត្រូវគេស្នើសុំព័ត៌មានរបស់ខ្លួនទេ។
លោក ខូលីន ស្ទ្រិច ទីប្រឹក្សាច្បាប់របស់ហ្វេសប៊ុក បានឲ្យដឹងតាមរយៈសារដែលភ្ជាប់នឹងរបាយការណ៍តាមអ៊ីនធើណិតនេះថា បណ្តាញភ្ជាប់ទំនាក់ទំនងសង្គមហ្វេសប៊ុកនេះធានាការណ៍សម្ងាត់របស់អ្នកប្រើប្រាស់ហើយពេលខ្លះត្រូវតែបដិសេធសំណើរបស់រដ្ឋាភិបាលនានាទៀតផង។
លោកមានប្រសាសន៍ថា “យើងពិនិត្យពិច័យរាល់សំណើទាំងឡាយដើម្បីឲ្យវាស្របតាមច្បាប់ តាមលក្ខខណ្ឌរបស់យើង និងតាមការកំណត់ក្នុងច្បាប់ ហើយតម្រូវឲ្យមានសេចក្តីលម្អិតអំពីមូលដ្ឋានច្បាប់និងអង្គហេតុសម្រាប់ការអនុវត្តតាមសំណើនីមួយៗ។ យើងបាន
បដិសេធសំណើជាច្រើនក្នុងចំណោមសំណើទាំងនោះ ដោយបញ្ជូនសំណើណាមួយទៅវិញ នៅពេលយើងមើលឃើញភាពមិនស្របច្បាប់។ ប្រសិនបើយើងត្រូវបានតម្រូវឲ្យអនុវត្តតាមសំណើណាមួយ ជារឿយៗយើងចែករំលែកតែព័ត៌មានអ្នកប្រើមូលដ្ឋាន ដូចជាឈ្មោះជាដើម ប៉ុណ្ណោះ”។
យោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន៧៤ដែលបានស្នើសុំទិន្នន័យអ្នកប្រើប្រាស់ និងស្ថិតក្នុងចំណោមប្រទេសចំនួនប្រាំពីរ ដែលធ្វើសំណើតែមួយសុំទិន្នន័យរបស់អ្នកប្រើប្រាស់តែម្នាក់។មានសំណើសុំទិន្នន័យអ្នកប្រើប្រាស់យ៉ាងតិច៣៨.០០០សំណើនៅទូទាំងសាកលលោក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា
លោកមិនដឹងពីសំណើនេះទេ ហើយបានបន្ថែមថា ប្រទេសកម្ពុជាលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ។
លោកបន្តថា “សូម្បីតែប្រទេសធំៗ ដូចជាសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ជាដើម សុទ្ធតែបានចំណាយប្រាក់យ៉ាងច្រើនដើម្បីគ្រប់គ្រងប្រជាពលរដ្ឋរបស់ខ្លួន ចំណែកយើងវិញ គឺយើងលើកកម្ពស់សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិក្នុងសម័យឌីជីថលនេះ”។
លោកស្រី ណាលី ពីឡូក (Naly Pilorge) នាយកអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្រីរីករាយណាស់ដែលបានឃើញហ្វេសប៊ុកបដិសេធសំណើរបស់កម្ពុជា។
លោកស្រីបានលើកឡើងតាមអ៊ីម៉េលថា “នៅពេលពិចារណាអំពីសំណើរដ្ឋាភិបាលណាមួយក្នុងពេលអនាគត យើងសូមជំរុញឲ្យហ្វេសប៊ុកពិចារណាអំពីការចាប់ពិរុទ្ធយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា លើប្រព័ន្ធផ្សព្វផ្សាយទូទៅ ដែលបានធ្វើឲ្យបណ្តាញភ្ជាប់ទំនាក់ទំនងសង្គមមានសារៈសំខាន់រឹតតែខ្លាំង”។
លោកស្រី ឆាលែន ឈាន (Charlene Chian) អ្នកនាំពាក្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ហ្វេសប៊ុក បានមានប្រសាសន៍ថា លោកស្រីមិនអាចបរិយាយលម្អិតអំពីមូលហេតុដែលហ្វេសប៊ុកមិនអើពើនឹងសំណើសុំទិន្នន័យពីសំណាក់រដ្ឋាភិបាលកម្ពុជាទេ។ លោកស្រីបានបញ្ជាក់ថា “ជាអកុសល យើងគ្មានព័ត៌មានបន្ថែមសម្រាប់ចែករំលែកឡើយ”។
គួរបញ្ជាក់ថា ទំព័រហ្វេសប៊ុករបស់បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មានការកើនឡើ់ងយ៉ាងខ្លាំងនូវចំនួនអ្នកគាំទ្រ មុនថ្ងៃបោះឆ្នោតជាតិកាលពីខែមុន ហើយបេក្ខជនខ្លះបានអះអាងថា ខ្លួនត្រូវបានបង្ខូចកេរ្តិ៍ឈ្មោះលើទំព័រហ្វេសប៊ុកនេះ។ គណបក្សសង្គ្រោះជាតិក៏បានយកហ្វេសប៊ុក ធ្វើជាឧបករណ៍ទាក់ទាញអ្នកគាំទ្រវ័យក្មេងរបស់ខ្លួននៅមុននិងក្រោយពេលបោះឆ្នោតផងដែរ ជាពិសេសគឺដើម្បី
រៀបចំការប្រមូលផ្តុំគ្នា៕
ប្រែសម្រួលដោយ ចេវ ប៊ុននី