តំណាងក្រុមហ៊ុនសូគីម៉ិចបានលើកឡើងកាលពីម្សិលមិញថា ម្ចាស់អាជីវកម្មរាប់សិបនាក់ ដែលមានអាជីវកម្មនៅលើដីទំហំជាង៨.០០០ម៉ែត្រក្រឡា ជាដីមានហាងឆេងខ្ពស់នៅខាងក្រោយវត្តឧណ្ណាលោម រាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនសូគីម៉ិចគ្រុប ជាក្រុមហ៊ុនរួមក្នុងស្រុកដ៏ធំមួយបញ្ជាឲ្យរើចេញពីដីរបស់ខ្លួន។

ទោះបីជាក្រុមហ៊ុននេះបានបដិសេធមិននិយាយថាមានគម្រោងសាងសង់អ្វីនៅលើដីដែលមានទីតាំងស្ថិតនៅចម្ងាយពីរប្លុកពីព្រះបរមរាជ្យវាំងនេះក៏ដោយ ក៏កាលពីម្សិលមិញ ប្រជាពលរដ្ឋនៅក្បែរនេះបាននិយាយថា កម្មករមួយក្រុមបានចូលទៅទីតាំងដីនេះកាលពីសប្ដាហ៍មុន ដើម្បីវាយកម្ទេចភោជនីយដ្ឋានសាច់គោអាំងពេញនិយមនៅតាមបណ្តោយផ្លូវលេខ១៣។
អាជីវកម្មផ្សេងៗទៀតរួមមានក្លឹបកម្សាន្តមួយ ភោជនីយដ្ឋានមួយ និងក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុងមួយ បានបិទផ្អាកការរកស៊ីរបស់ខ្លួនហើយ។
លោក សេង ចន្ធូ លេខាផ្ទាល់របស់លោក សុខ គង់ ស្ថាបនិកក្រុមហ៊ុនសូគីម៉ិចគ្រុប បានបញ្ជាក់ថា អាជីវកម្មនានាក្នុងទីតាំងនេះត្រូវបានក្រុមហ៊ុនជូនដំណឹងឲ្យរើចេញ។ លោកបានមានប្រសាសន៍ថា “គាត់ [លោក សុខ គង់] បានអនុញ្ញាតឲ្យខ្ញុំប្រាប់ថា យើងទើបតែបានជូនដំណឹងដល់អ្នកប្រកបអាជីវកម្មទាំងអស់ឲ្យរើចេញពីដីនេះ ប៉ុណ្ណោះប៉ុន្តែយើងមិនទាន់មានគម្រោងថានឹងយកដីនេះធ្វើអ្វីនៅឡើយទេ ពីព្រោះពេលនេះយើងកំពុងមមាញឹកនឹងការសាងសង់សណ្ឋាគារថ្មីមួយ [ក្នុងសង្កាត់ជ្រោយចង្វា]”។
លោកស្រី រឿង ផល្លីន ចៅសង្កាត់ជ័យជំនះក៏បានបញ្ជាក់ដែរថា ដីនេះជារបស់ក្រុមហ៊ុនសូគីម៉ិចគ្រុប ប៉ុន្តែបានមានប្រសាសន៍ថា លោកស្រីមិនដឹងថា ក្រុមហ៊ុនមានគម្រោងសាងសង់អ្វីលើដីនេះទេ។ លោកស្រីបានមានប្រសាសន៍ថា “ដីនេះជាដីរបស់លោកឧកញ៉ា សុខ គង់។ ពួកគេត្រូវបានខាងក្រុមហ៊ុនបញ្ជាឲ្យរើចេញ បន្ទាប់ពីកិច្ចសន្យាជួលរយៈពេលប្រាំឆ្នាំរបស់ពួកគេបានផុតកំណត់។ ខ្ញុំមិនដឹងថា ម្ចាស់ដីមានគម្រោងធ្វើអ្វីទេ”។
ដីនេះមានផ្ទៃជាង៨.០០០ម៉ែត្រក្រឡា និងមានតម្លៃប្រហែល៣.០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ ដីនេះស្ថិតនៅលើអតីតទីតាំងពន្ធនាគារតេបី ឆ្លងមួយផ្លូវពីវត្តឧណ្ណាលោម និងមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣ និងផ្លូវលេខ១៥៤។មុនពេលអាជីវកម្មនានារើចេញ តំបន់នេះជាតំបន់ដ៏អ៊ូអរ ដែលមានពេញទៅដោយភោជនីយដ្ឋានសាច់គោអាំង។
កាលពីម្សិលមិញអាជីវករលក់ដូរតាមចិញ្ចើមផ្លូវបាននិយាយថា ភោជនីយដ្ឋាននៅលើដីនេះត្រូវបានកម្មករសំណង់មួយក្រុមវាយកម្ទេចអំឡុងពេលរសៀលថ្ងៃមួយកាលពីសប្ដាហ៍មុន។
លោក ឡាយ ហេង អាយុ៥០ឆ្នាំ ដែលជាអ្នកលក់ស្បែកជើងនៅទល់មុខទីតាំងនេះបាននិយាយថា “វាបានចាប់ផ្តើមនៅម៉ោងប្រហែល៣ ឬ៤។ កម្មករប្រហែលបួនទៅប្រាំនាក់បានវាយកម្ទេចសំណង់ទាំងនេះ ហើយពួកគេបានប្រើប្រាស់កម្មករបីទៅបួននាក់ដើម្បីរុះដំបូលចេញ”។
ក្លឹបកម្សាន្តហ្គោឌឹន បូស ស៊ីធី (Golden Boss City) ដែលមានទីតាំងនៅលើដីនេះបានបិទទ្វារហើយ ប៉ុន្តែក្លឹបកម្សាន្តមួយទៀតឈ្មោះ ហ្គោឌឹន ស្ដា បារ (Golden Star Bar) កំពុងបើកនៅឡើយ។ តែទោះជាយ៉ាងណានាយកគ្រប់គ្រងក្លឹបកម្សាន្តនេះបានលើកឡើងកាលពីម្សិលមិញថា លោកមិនប្រាកដថា នឹងបើករកស៊ីបានយូរប៉ុណ្ណាទៀតទេ។
លោក ជិន វណ្ណៈ អាយុ៤៧ឆ្នាំ បានមានប្រសាសន៍ថា “ខ្ញុំគិតថា គេក៏នឹងវាយកម្ទេចក្លឹបនេះដែរ ប៉ុន្តែយើងកំពុងជាប់កិច្ចសន្យានៅឡើយ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្លឹបនេះបានបើកដំណើរការនៅទីនោះអស់រយៈពេលប្រហែលប្រាំមួយឆ្នាំមកហើយ។
បុរសម្នាក់ឈ្មោះ តែ យ៉ាត ជាអ្នកយាមនៅកន្លែងផ្ញើយានយន្តមួយកន្លែងនៅលើដីនេះបាននិយាយថា កន្លែងធ្វើយានយន្តនេះនឹងត្រូវរើចេញនៅដំណាច់ឆ្នាំនេះ។ គាត់បាននិយាយថា “យើងទើបតែទទួលបានការជូនដំណឹងកាលពីមួយសប្ដាហ៍មុនប៉ុណ្ណោះ។យើងទទួលបានការជូនដំណឹងឲ្យត្រៀមរើចេញត្រឹមខែវិច្ឆិកា ឬខែធ្នូ”។
លោក គឹម សុខរ័ត្ន ជាម្ចាស់កន្លែងផ្ញើយានយន្តនេះបានមានប្រសាសន៍ថា លោកបានជួលទីធ្លានៅលើដីនេះរយៈពេលប្រាំឆ្នាំ ហើយទទួលបានការជូនដំណឹងប្រហែលមួយខែមុនថា លោកនឹងត្រូវរើចេញ។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនបានជូនដំណឹងឲ្យខ្ញុំរើចេញ ហើយពេលនេះខ្ញុំកំពុងរង់ចាំទទួលព័ត៌មានថ្មីថា តើម្ចាស់ដីមានគម្រោងធ្វើអ្វី”។
ក្រុមហ៊ុនសូគីម៉ិច គ្រុប មានអាជីវកម្មជាច្រើនក្នុងប្រទេសកម្ពុជា រួមមានស្ថានីយប្រេងសាំងជាច្រើនកន្លែងនៅទូទាំងប្រទេស សណ្ឋាគារលំដាប់ខ្ពស់មួយចំនួន និងរមណីយដ្ឋានឋានសួគ៌បូកគោ។ ក្រុមហ៊ុននេះទទួលបានសិទ្ធិធ្វើប្រតិបត្តិការលក់សំបុត្រនៅឧទ្យានបុរាណអង្គរ៕
ប្រែសម្រួលដោយ តែម សុខុម