40.6 C
Phnom Penh

នៅ​ប្រទេស​ជប៉ុន​ ក្ដីស្រមៃនៃ​ការ​វិនិយោគ​នៅ​កម្ពុជាធ្វើឲ្យខាត​បង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ស្ថានទូត​ជប៉ុន មួយរូប​​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា នគរបាល​​នៅ​ក្នុង​ប្រទេស​​ជប៉ុន​កំពុង​ស៊ើប​អង្កេត​ករណី​ឆបោក​មួយ​ចំនួន​ ដែល​ក្នុង​នោះបណ្តា​​​វិនិយោគិន​​បាន​​ខាត​​បង់​​ប្រាក់​រាប់​មឺុន​ដុល្លារ​នៅ​ក្នុង​គម្រោង​​អចល​ទ្រព្យ​ក្លែង​ក្លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ក្នុង​ប្រទេស​ជប៉ុន ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​អំពីនិន្នាការ​កើន​ឡើង​​នៃ​មនុស្ស​ចាស់​ភាគ​ច្រើន​ដែល​ត្រូវ​គេ​បោក​បញ្ឆោត​ឲ្យ​ប្រគល់​ប្រាក់​ឲ្យ​ទៅ​ភ្នាក់​ងារ​​បោក​ប្រាស់​ ដែល​បាន​សន្យា​ថានឹង​ផ្តល់​ប្រាក់​ចំណេញ​​ខ្ពស់​ ប្រសិន​បើ​​ពួក​គាត់​វិនិយោគ​ទៅលើ​​អគារខុនដូ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កាល​ពី​ថ្ងៃ​សៅរ៍​ សេចក្តី​រាយការណ៍​មួយ​នៅ​លើ​គេហទំព័រ​រប​ស់​ស្ថានីយទូរទស្សន៍ NHK ដែល​ជាស្ថានីយ​ទូរទស្សន៍​​រដ្ឋ​របស់​ជប៉ុន​បាន​លើក​ឡើង​ថា ករណី​មួយ​ដែល​នគរ​បាល​​​​នៅ​ក្នុង​ប្រទេស​ជប៉ុន​ កំពុង​ស៊ើប​អង្កេត​ មនុស្ស​ជាង​៦០០​នាក់​បាន​​ចាញ់​បោក​ភ្នាក់​ងារ​មួយ ដោយ​អ្នក​ខ្លះ​បាន​​ខាត​បង់​ប្រាក់​រហូត​ដល់​ទៅ​៥០.០០០​ដុល្លារ​។

កាលពី​ថ្ងៃ​អង្គារ ទីភ្នាក់​ងារ​ព័ត៌មាន ខ្យូដូ ញូស ក៏​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៍​ដែរថា មជ្ឈមណ្ឌល​ជាតិ​កិច្ច​ការ​អតិថិជន (National Consumer Affairs Center) ​​របស់​ប្រទេសជប៉ុន​បាន​ព្រមាន​ថា ផែន​ការ​ឆបោក​បែប​នេះ​បាន​កើ​ន​ឡើង​។ ​ទីភ្នាក់​ងារ​ព័ត៌​មាន​នេះ​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា “មជ្ឈមណ្ឌល​នេះ​ទទួល​​បាន​​១.៣១២សំណួរ​ពីអតិថិជន​ចន្លោះ​ពី​ខែ​តុលា ឆ្នាំ​២០១១ដល់​​ដើម​ខែ​នេះ ​ដែល​​បាន​លើក​ឡើងថា ពួក​គាត់​ត្រូវ​បាន​​គេបោក​បញ្ឆោត​ឲ្យ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​​កម្ពុជា​”។

លោក​ យូស៊ីហ៊ីរ៉ុ ហ៊ីហ្គុឈិ (Yoshihiro Higuchi) អនុប្រធាន​បេសកកម្ម​នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា ករណី​​ឆបោក​មួយ​ចំនួនដែល​​ពាក់​ព័ន្ធ​នឹង​អចលន​ទ្រព្យ​​នៅកម្ពុជា​​ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​។

លោក​ ហ៊ីហ្គុឈិ បាន​លើក​ឡើង​តាម​អ៊ីម៉េល​​ថា ស្ថានទូត​ជប៉ុន​ដឹង​ថា “ករណី​វិនិ​យោគ​​ទាំង​នេះ​នៅ​កម្ពុជា ​អាច​នឹង​ត្រូវ​ស៊ើប​អង្កេត​ ប៉ុន្តែ​យើង​ចង់​ចៀសវាង​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​ករណី​ទាំង​នេះ​ទេ​ ពីព្រោះ​ករណី​ទាំង​នេះ​​​នគរបាល​ជប៉ុន ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ​”។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​​មហាផ្ទៃ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​ថា តើ​អាជ្ញាធរ​កម្ពុជា​ ដឹង​​ពី​ករណី​បែប​នេះដែរ​ឬ​យ៉ាង​ណា​ទេ​។

ការ​កើន​ឡើង​ករណី​ឆបោកកើត​មាន​ឡើង​​ស្រប​ពេលដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​ការ​រីក​ចម្រើន​ ដោយ​តម្លៃ​នៃ​គម្រោង​​សាង​សង់ដែល​ត្រូវ​បាន​អនុម័ត​រួច​បានកើន​ឡើង​​ដល់​​២,១១​ពាន់​លាន​​ដុល្លារ​ ក្នុង​ឆ្នាំ​២០១២ ពោលគឺខ្ពស់​ជាង​៧២​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។

ប្រទេស​កម្ពុជា ​ក៏​ទទួល​បាន​រំហូរ​​វិនិ​យោគិន​ជប៉ុន​ ច្រើន​​​ដែរក្នុង​​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ ដោយ​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​​បង្កើត​​រោង​ចក្រ​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ដូចជា​រោង​ចក្រ​ផលិត​គ្រឿង​ផ្គុំ​ប៉ាណ្ណូ​នាឡិ​កា​ រថយន្ត​ជា​ដើម​។

កាល​ពី​ខែ​មុន​ ធនាគារមីហ៊្សូហុ (Mizuho Bank) របស់​ប្រទេស​ជប៉ុន ​បាន​បង្កើត​ការិ​យាល័យ​តំណាង​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ផ្ដល់​ប្រឹក្សា​ដល់​​​វិនិយោគិន​ជប៉ុន។

លោក តាកេស៊ី ហ៊្វូគូអ៊ី  (Takeshi Fukui) តំណាង​ជាន់​ខ្ពស់​របស់​ធនាគារ​ Mizuho Bank ប្រចាំ​ប្រទេស​កម្ពុជា​ បាន​​មាន​ប្រសាសន៍​ថា ផែន​ការ​បោក​ប្រាស់​មនុស្ស​ចាស់​ជន​ជាតិ​ជប៉ុន​ ដែល​ពួក​គាត់​ជា​ច្រើន​ជា​អ្នក​មាន ​បាន​កើត​មាន​ជា​ទូទៅ​។ ប្រទេស​កម្ពុជា​ ដែ​ល​មាន​ប្រព័ន្ធ​និយ័តកម្ម​ខ្សោយ ​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​​​ធ្វើ​សកម្មភាព​បោក​ប្រាស់​បែប​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “អចល​ន​ទ្រព្យ​នៅ​ក្នុង​ប្រទេសកម្ពុជា​ គឺ​ជាផល​ល្អ​មួយ​​សម្រាប់​សកម្មភាព​បែប​នេះ​។ ប្រទេស​កម្ពុជា ​ថ្មី​​សម្រាប់​ប្រជាជន​ជប៉ុន ហើយ​ខ្វះ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ដូច្នេះ​ប្រជា​ជន​ជប៉ុន ​ទំនង​ជា​ជឿ​លើ​ព័ត៌មាន​វិនិយោគ​ល្អៗ [ពី​ជន​បោក​ប្រាស់​]”។

លោក​បាន​មាន​ប្រសាសន៍​ថា ខណៈ​ពេល​​​ភ្នាក់​ងារ​បោក​ប្រាស់​ទាំងនោះ​ជា​ធម្មតា​គ្មាន​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជានោះ ពួក​គេ​គ្រាន់​តែ​មក​កម្ពុជា ​​ដើម្បី​ប្រមូល​ភ័ស្ដុ​តាង ហើយ​ថត​រូប​អមជា​មួយ​​ឯក​សារ​ក្លែង​បន្លំ​ដើម្បី​លក់​គម្រោង​វិនិយោគ​ទាំង​នោះ។
លោក​បាន​មាន​ប្រសាសន៍​ថា “មនុស្ស​កំពុង​សម្លឹង​រក​អ្វី​មួយ​នៅ​តំបន់​នេះ​​។ ប្រទេស​​កម្ពុជា​ ជា​កន្លែង​ដែល​ពួក​គេ​មាន​ក្ដី​ស្រមៃ​ស្រពេច​ស្រពិល ដូច្នេះ​ពួក​គេ​ក៏​ជឿ​វា”៕

ប្រែសម្រួលដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស