33 C
Phnom Penh

មានការ​ដំឡើង​ឋានៈ​ឧត្តម​សេនីយ៍រាប់​រយ​នាក់​នៅ​មុន​ការ​បោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សៀវភៅ​រាជ​កិច្ច​​ដែល​ទើប​ចេញ​​ផ្សាយលេខថ្មី​  កង​យោធ​ពល​ខេមរ​ភូមិន្ទ​​​បាន​ដំឡើង​ឋានៈមន្ត្រី​ចំនួន​៣៤១​រូប​ឲ្យ​ទៅ​កាន់​តួនាទីថ្មី​​ក្នុង​ជួ​រកង​ទ័ព​ក្នុង​រយៈ​ពេល​មួយ​ខែ​មុនថ្ងៃ​បោះ​ឆ្នោត​ជាតិ​ កា​ល​ពីថ្ងៃទី​២៨​​​ខែកក្កដា​។

យោង​តាម​​​សៀវភៅ​រាជកិច្ច​លេខ​ថ្មី​ក្នុង​រយៈ​ពេល​ពីរ​សប្តាហ៍​កន្លង​មក​នេះបាន​ឲ្យ​​​ដឹង​​​​ថា លោក​​​​ ឌី ផេន ត្រូវជាបងប្អូន​ជីដូន​មួយ​​​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន គឺជា​ឧត្តម​សេនីយ៍​ទោមួយ​រូប​ក្នុង​ចំណោម​ឧត្តម​សេនី​យ៍ទោចំនួន​១៧​រូប​ដែល​​ត្រូវ​បាន​ដំឡើង​ឋានៈទៅ​ជា​ឧត្តម​សេនីយ៍ឯក​ដោយ​ព្រះ​រាជ​ក្រឹត្យ​ដែល​បាន​ឡា​យព្រះហស្ត​លេខា​​​​​​ចន្លោះ​​ពីថ្ងៃ​ទី​២​ខែកក្កដា ដល់​ថ្ងៃទី​២៥ ខែ​កក្កដា​។

មន្ត្រី​ចំនួន​១៧៣​រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានៈពី​ឧត្តម​សេនីយ៍​ត្រី​ទៅ​ជា​ឧត្តម​សេនីយ៍ទោ​ ហើយ​មន្ត្រី​១៥១រូប​ទៀត​ត្រូវ​បាន​ដំឡើង​ឋានៈ​ពីវរ​សេនីយ៍​ឯក​ទៅ​ជា​ឧត្តម​សេនីយ៍ត្រី។
ការ​ដំឡើង​ឋានៈ​នេះ​ធ្វើ​ឲ្យ​ចំនួន​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទដែល​ទទួល​បាន​ឋានៈ​ជា​ឧត្តម​សេនីយ៍ថ្មី​មានរហូត​ដល់​៥០១​រូប​ចាប់តាំង​ពីពាក់​កណ្តាល​ខែ​មិថុនា​មក​។

លោក​ឧត្តម​សេនីយ៍​ឯក ឌី ផេន​​​  គឺ​ជា​ប្រធាន​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ក្នុង​ជួ​រ​​​
កង​​​​យោធពល​ខេមរភូមិន្ទ​រហូត​ដល់​លោក​បាន​លាលែង​ពីតួនាទីនេះ​កាល​ពីឆ្នាំ​មុន​ ហើយ​​​​លោកបាន​បម្រើការ​ងា​រ​ជានាយ​រង​​​សេនាធិការ​ចម្រុះ​ក្នុង​ជួរ​កង​ទ័ព​កាល​ពី​ថ្ងៃទី​២៣​ ខែកក្កដា ​ពីរ​ថ្ងៃ​មុ​ន​ពេល​លោក​ត្រូវ​បាន​ដំឡើង​ឋានៈ​នេះ​។លោក​បាន​មាន​ប្រសាសន៍​​​ថា ” ខ្ញុំ​ត្រូវ​បាន​ដំឡើង​ឋានៈ ​ពីព្រោះខ្ញុំគិត​ថា ក្រសួង​ការ​ពារ​​​ជាតិ​ជឿទុក​ចិត្ត​ខ្ញុំ​”។

លោក​ឧត្តមសេនីយ៍​​ឯក មាស សំអុល ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​ក្រសួង​ការពារ​ជាតិ​បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​អំពី​ការ​​​ដំឡើង​ឋានៈ​នេះ​ទេ​។ លោក​​ ប៉ុល​ សារឿន អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​លោក​ឧត្តម​សេនីយ៍ ​​​គន់​ គីម នាយសេនាធិការ​ចម្រុះ​ក៏​បាន​បដិ​​​សេធ​​​​មិន​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ​។ កូន​ប្រុស​ច្បង​ពីររូប​របស់​លោក​ ហ៊ុន សែន ក៏ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​ដែល​ត្រូវ​បាន​ដំឡើង​ឋានៈកាល​ពីខែ​មិថុនា​ផង​ដែរ​។

លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន​ សែន ត្រូវ​បាន​ដំឡើង​ឋានៈ​ទៅ​ជា​​​​ឧត្តម​សេនីយ៍​ឯក​កាល​ពីថ្ងៃ​ទី​១៩​ខែ​មិថុនា ហើយ​លោក​ ហ៊ុន ម៉ានិត​ កូន​ប្រុស​ទី​២​របស់​លោក​ ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ឋានៈ​​​​ទៅជា​​ឧត្តម​សេនីយ៍​ត្រី​កាល​ពីថ្ងៃទី​១២ ខែ​មិថុនា។
លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ម៉ាណែត​ ដែល​មាន​ពាក្យចចាម​អារ៉ាម​ថា ត្រៀម​ស្នង​លោក​ ហ៊ុន​ សែន​ នោះ បាន​ឡើង​ឋានៈ​យ៉ាង​​​​ឆាប់​រហ័ស​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ហើយ​បាន​កាន់​តួ​នាទីជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​នៅក្នុង​ជួរ​កង​ទ័ព​ និងនៅ​​​​ក្នុង​ក្រសួង​ការ​ពារជាតិ​ផង​ដែរ​។

បន្ថែមទៅនឹង​ការ​ជួយ​លោក​នាយក​រដ្ឋ​មន្ត្រី​​ពង្រឹង​អំណាច​​របស់​លោក​លើ​កង​ទ័ព​នោះ អ្នក​វិភាគ​បា​ន​ចាត់​ទុក​​ការ​ដំឡើង​ឋានៈ​​​មន្ត្រី​កង​ទ័ព​​ច្រើន​​ក្នុង​ប្រទេស​នេះ គឺ​​​ដោយ​​​​​​សារកិច្ច​ខិត​ខំប្រឹង​ប្រែង​​របស់​រដ្ឋាភិ​​​បាល ដើម្បីរក្សា​ភាព​ស្មោះត្រង់​របស់កង​ទ័ព​៕

ប្រែសម្រួលដោយ ​​សោម​ សារុន​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស