លោក ជា ស៊ីម ប្រធានព្រឹទ្ធសភាកាលពីម្សិលមិញបានថ្លែងថា គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនៅតែបើកចំហសម្រាប់ការចរចាគ្នាបន្តជាមួយគណបក្សប្រឆាំង ប៉ុន្តែ លោកបានលើកឡើងថា គណបក្សសង្គ្រោះជាតិត្រូវតែគោរពតាមដំណើរការនៃការដោះស្រាយពាក្យបណ្ដឹងសព្វថ្ងៃពាក់ព័ន្ធនឹងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា។
គណបក្សសង្គ្រោះជាតិបានជំទាស់នឹងលទ្ធផលបឋមនៃការបោះឆ្នោត ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនោះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃពុធ បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់លោក ជា ស៊ីម ដោយស្នើឲ្យមានការចាប់ផ្ដើមឡើងវិញនូវកិច្ចពិភាក្សាអំពីការបង្កើតគណៈកម្មការរួមដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលកិច្ចពិភាក្សាលើកមុនមិនទទួលបានអ្វីជាផ្លែផ្កានោះ។
លោក ជា ស៊ីម បានសរសេរលិខិតផ្ញើតបលោក សម រង្ស៊ី វិញ ប៉ុន្តែ ទំនងជាមិនផ្លាស់ប្ដូរជំហររបស់គណបក្សប្រជាជនកម្ពុជាឡើយដែលថា ស្ថាប័នដែលមានស្រាប់សម្រាប់ដោះស្រាយពាក្យបណ្ដឹងនៃការបោះឆ្នោត នៅតែត្រូវទទួលខុសត្រូវចំពោះបញ្ហានេះនោះ។ លិខិតនេះលើកឡើងថា “នៅក្នុងស្ថានភាពនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែបន្តអនុវត្តកិច្ចការតាមកាលវិភាគរបស់ខ្លួនហើយដោះស្រាយបណ្ដឹងទាំងអស់ដោយយោងទៅតាមច្បាប់បោះឆ្នោត”។
លិខិតនេះបានបន្តថា “រហូតមកទល់ពេលឥឡូវ ក្រុមប្រឹក្សាធម្មនុញ្ញបានដោះស្រាយពាក្យបណ្ដឹងទាំងអស់របស់គណបក្សសង្គ្រោះជាតិហើយ ហើយគណបក្សប្រជាជនកម្ពុជានៅតែមានឆន្ទៈពិភាក្សានិងស្វែងរកដំណោះស្រាយ ប៉ុន្តែ គោលជំហររបស់គណបក្សប្រជាជនកម្ពុជានៅតែគោរពតាមលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា នៅក្នុងកិច្ចពិភាក្សាលើកមុនៗកាលពីថ្ងៃទី៣ និងថ្ងៃទី៩ ខែសីហា គណបក្សប្រជាជនកម្ពុជាបានបញ្ជូនអ្នកតំណាងរបស់ខ្លួនដែលគ្មានសិទ្ធិអំណាចសម្រេចរឿងអ្វីៗ។ លោកស្រីមានប្រសាសន៍ថា កិច្ចពិភាក្សាចំនួនពីរលើកកាលពីលើកមុន គណបក្សប្រជាជនកម្ពុជាបានបញ្ជូនតំណាងដែលមានឋានៈខ្ពស់ឲ្យចូលរួមកិច្ចប្រជុំ។ ប៉ុន្តែ ពួកគេគ្មានសិទ្ធិអំណាចសម្រេចអ្វីបានទាល់តែសោះ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង