32.9 C
Phnom Penh

លោក​ សម រង្ស៊ី យក​លោក​មហាត្មះ គន្ធី ធ្វើ​ជា​គំរូ​សម្រាប់​​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ លោក​ សម រង្ស៊ី មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ជា​សាធារណៈ​ពី​បំណង​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​តវ៉ា​ឲ្យ​ស្រប​នឹង​​បាតុកម្ម​អហិង្សា​​ដែល​រៀប​ចំឡើង​ដោយ​លោក​ មហាត្មះ គន្ធី មេ​ដឹកនាំ​ជាតិ​និយម​ឥណ្ឌា ​ដ៏​គួរ​ឲ្យ​កោត​សរសើរនិង​ស្ញប់ស្ញែង​ ដែល​បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​​ឯក​រាជភាព​ពី​​ចក្រ​ភព​អង់គ្លេស​។

លោក​ សម រង្ស៊ី បានលើក​ឡើង​បែប​នេះ​ក្នុង​​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទី​​​ស្នាក់​​​ការ​​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខណ្ឌ​មានជ័យ​​ ហើយ​​មាន​ប្រសាសន៍​ថា ​បាតុកម្ម​​នឹង​ផ្ទុះ​ឡើង​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​​ បន្ត​ច្រាន​ចោល​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើ​ប​អង្កេត​ឯក​រាជ្យ​លើ​ភាព​មិន​​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “យើង​យក​លោក​ មហាត្មះ គន្ធី ធ្វើ​ជា​គំរូ​។ យើង​នឹងចាក់​បញ្ចាំង​ខ្សែភាព​យន្ត​ឯកសារស្ដីពី​​ លោក មហាត្មះ គន្ធី ​ឲ្យ​ប្រជា​ពល​រដ្ឋ​ទស្សនា​ដើម្បី​ឲ្យ​ពួកគាត់​យល់​ដឹង​ពី​របៀប​ដែល​លោក​ មហាត្មះ គន្ធី ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសអង់គ្លេស​កាល​ពី​៥០​ឆ្នាំ​មុន​”។ ខ្សែ​ភាព​យន្ត​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង​៧​យប់​ម្សិលមិញ​។

លោក មហាត្មះ គន្ធី បាន​ជួយ​ប្រទេស​ឥណ្ឌា ឲ្យ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រ​ភព​អង់​គ្លេស​នៅ​ក្នុង​ឆ្នាំ​១៩៤៧​ តាម​រយៈ​ការ​ធ្វើ​យុទ្ធ​នាការ​តវ៉ា​អហិង្សា​ ដែល​រួម​មាន​ការ​តវ៉ា​អហិង្សា​ជា​យុទ្ធសាស្ត្រ​ផង​ដែរ​។

លោក​ សម រង្ស៊ី បាន​មាន​ប្រសាសន៍​កាល​​ពី​ថ្ងៃ​ពុធ​ថា លោក​មិន​ទាន់​សម្រេច​ថា តើ​ត្រូវ​ធ្វើ​ឲ្យ​មេរៀន​របស់​លោក​ មហាត្មះ​ គន្ធី ស្រប​ទៅ​នឹង​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ដោយ​របៀប​ណា​នៅ​ឡើយទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ខ្លួន​ឯង​ក៏​កំពុង​សិក្សា​ដែរ ដូច្នេះ​ខ្ញុំ​មិន​អាច​ទាញ​ការ​សន្និដ្ឋាន​ជាក់​លាក់​ [ស្ដីពី​វិធី​ដែល​យើង​នឹង​ធ្វើ​ការ​តវ៉ា​] បាន​ទេ​។ ខ្ញុំ​ត្រូវចាំមើល​សិន​ រួច​វាយ​តម្លៃ​ដោយ​ខ្លួន​ឯង​ថា តើ​អ្វី​ស័ក្តិសម​​នៅ​ក្នុង​បរិបទ​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “យើង​នឹង​មើល​ខ្សែ​ភាព​យន្ត​ស្ដីពី​លោក គន្ធី ដើម្បី​ឲ្យ​ដឹង​ពី​របៀប​ដែល​ពួក​គេ​មិន​ព្រម​បម្រើ​រដ្ឋ​បាល​ណាមួយ​ដែល​មិន​បម្រើ​​ផល​ប្រ​យោជន៍​​ប្រជារាស្ត្រ​។ ខ្សែ​ភាព​យន្ត​នេះ​មិន​មែន​គ្រាន់​​តែ​ដើម្បី​អប់រំមេដឹកនាំ​គណបក្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សម្រាប់​អប់​​​រំ​​​ប្រជាពល​រដ្ឋ​ទាំង​អស់​និង​​អ្នក​តវ៉ា​ផងដែរ​អំពី​ភាព​ម៉ឹង​ម៉ាត់​របស់​លោក​ គន្ធី”។

ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​របស់​គណ​បក្ស​លោក​កើន​ឡើង​​បន្ទាប់​ពី​គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ចូល​គ្នា​កាល​ពី​ឆ្នាំ​មុន​ ដោយ​ទទួល​បាន​អាសនៈ​សភា​ចំនួន​៥៥នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​មុន​ បើ​ធៀប​នឹង​២៩​អាសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០០៨​នោះ​ បណ្ដា​អ្នក​វិភាគ​នយោបាយ​បាន​​ចោទ​សួរពី​​ភាព​ដែល​អាច​ជោគ​ជ័យ​នៃ​ការ​តវ៉ា​ដោយ​គណបក្ស​សង្គ្រោះជាតិ​​។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​ឯករាជ្យ​​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ប្រាកដ​ថា តើបុគ្គលិក​លក្ខណៈ​របស់​លោក​ សម រង្ស៊ី អាច​ប្រៀប​ធៀប​នឹង​បុគ្គ​លិក​លក្ខណៈ​​របស់​លោក គន្ធី នៅក្នុង​​សម័យ​នោះ​​បានឬ​យ៉ាង​ណា​ទេ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​នៅ​តែ​មាន​មន្ទិល​ថា តើ​គាត់មាន​សមត្ថភាព​​អាច​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​បែប​នោះ​ចូល​រួម​​ក្នុង​សកម្ម​ភាព​នេះ​ដូច​ដែល​លោក​ គន្ធី​ ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៤០ ដែរឬ​យ៉ាង​ណា​។ នេះ​គឺ​ជា​សកម្មភាព​ថ្មី​ទាំង​ស្រុង​ចំពោះ​វប្ប​ធម៌​កម្ពុជា​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា បាតុកម្ម​អហិង្សាប្រហែល​ជា​មាន​ប្រសិទ្ធភាព​។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​គ្មាន​ការ​សម្រុះសម្រួល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ទេ​ ពេល​នោះ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​បាតុ​កម្ម​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​​ទៀត​​​លើ​​គណ​បក្ស​ប្រជាជន​កម្ពុជា​ ឲ្យ​អង្គុយ​​ចុះជាមួយ​គ្នា​ដើម្បី​ចរចា​។ ប្រសិន​បើ​មិន​ដូច្នេះ​​ទេ​ គណ​បក្ស​ប្រជាជន​កម្ពុជា ​នឹង​បន្ត​​បង្កើត​រដ្ឋ​សភា​ថ្មី​ និង​រដ្ឋាភិបាល​ថ្មី​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “ហើយ​​ត្រង់​​ចំណុចថា តើ [រដ្ឋាភិបាល] ​​ស្រប​ច្បាប់​ឬ​យ៉ាង​ណា​នោះ​វា​អាស្រ័យ​លើ​កម្លាំង​បាតុកម្ម​។ បើ​មិន​ស្រប​ច្បាប់​ទេ​ ខ្ញុំ​គិត​ថា ​រដ្ឋាភិបាល​​ថ្មី​ពិបាក​​​នឹង​​​ដឹកនាំ​ប្រទេសណាស់​”។

លោក​ ខាលីល ថេយ័រ (Carlyle Thayer) អ្នក​ជំនាញផ្នែក​​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​សាលា​​រាជបណ្ឌិត្យសភា​កង​ទ័ព​​អូស្ត្រាលី បាន​​មាន​ប្រសា​សន៍​ថា បាតុកម្ម​អហិង្សា​អាច​មាន​ប្រសិទ្ធ​​ភាព​ ប៉ុន្តែ​វាជា​យុទ្ធសាស្ត្រ​មាន​គ្រោះ​ថ្នាក់​​​ក្នុង​​​ការ​​​​ប្រឆាំងតតាំង​​​​នឹង​របប​ផ្ដាច់​ការ​ ហើយ​ម្យ៉ាង​​​វា​ជា​ចលនា​ក្មេង​ខ្ចី និង​គ្មាន​វិន័យ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “បាតុកម្ម​អហិង្សា​ជា​មធ្យោបាយ​​កេងចំណេញ​ផ្នែក​នយោ​បាយ ពីព្រោះ​វា​​អាច​នឹងគ្រប់​គ្រង​​លែង​​បាន​។ [គណបក្ស​សង្គ្រោះជាតិ​] ត្រូវ​​តែ​គិត​គូ​រ​​​ដោយ​ប្រុង​ប្រយ័ត្នថា តើ​ការ​ធ្វើ​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​កង​កម្លាំង​សន្ដិសុខ​ខឹង​ឬយ៉ាង​ណា​ ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ចង់​បាន​បែប​នោះ​”។

លោក​ ខាលីល ថេយ័រ បាន​មាន​ប្រសា​សន៍​ថា “បាតុកម្ម​​ទាក់​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍​​​ពី​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ​​​ ហើយ​ប្រសិន​បើ​របប​ដឹក​​​នាំ​​​របស់​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មាន​​​ប្រតិ​កម្ម​តបដោយ​​ប្រើ​ដំបង​ ហើយ​នគរបាល​​វាយ​ក្បាល​ប្រជាពល​រដ្ឋ​នោះ​ លោក ហ៊ុន​ សែន​ នឹង​ចាញ់ ហើយ​គណបក្ស​ប្រឆាំង​នឹង​ឈ្នះ ​ពី​ព្រោះ​គណបក្ស​ប្រឆាំង​ទទួល​បាន​ការ​អាណិត​អាសូរ​ពី​អន្តរជាតិ​”។ លោក​បាន​មាន​ប្រសាសន៍​​ទៀត​ថា  លោក​ សម រង្ស៊ី ប្រហែល​​ជា​មិន​អាច​គ្រប់​គ្រង​អ្នក​គាំទ្រ​របស់​ខ្លួន​បាន​ដូច​​លោក​ មហាត្មះ គន្ធី ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “លោក​​ គន្ធី ​គឺ​ជា​បិតា​អហិង្សា​យ៉ាង​ពិត​ប្រាកដ​  ហើយ​​គាត់​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​ចំពោះ​​​បាតុ​កម្ម​ដែល​គាត់​ធ្វើ​។ ប្រសិន​បើលោក​ សម រង្ស៊ី មាន​​​បំណង​​​បង្ខំ​ឲ្យ​​​ប្រើ​វិធី​សាស្ត្រ​គាប​សង្កត់​នោះ​​​ ខ្ញុំ​គិត​ថា លោក​ គន្ធី នឹង​មិន​សប្បាយ​​ចិត្ត​ចំពោះ​​​រឿង​នោះ​ឡើយ​។ ខ្ញុំ​គិត​ថា [លោក​ សម រង្ស៊ី] គ្មាន​ឥទ្ធិពលទាក់​​​ទាញ​​​លើ​ប្រជា​ពល​រដ្ឋដែល​​​ដើរ​តាម​គាត់ ធ្វើ​​​ឲ្យ​​​ពួកគេរក្សា​​​​វិន័យ​ឡើយ”។

លោក​ស្រី​ ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​មួយ​រូប​ផ្សេង​ទៀត​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា  លោក​​​ស្រីគិតថា មហាបាតុកម្ម​​​ស្ថិត​​​ក្នុង​​​ទិស​​​ដៅ​​​ខុស​​​ហើយសម្រាប់​​​ចលនាបក្ស​​​ប្រឆាំង​​​​ដែល​​​ខំ​​​​​​ប្រឹង​​​ប្រែង​​​​​​ជំរុញ​​​ឲ្យ​​​មាន​​​កំណែ​​​ទម្រង់​​​រដ្ឋាភិបាល។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា “ប្រ​​​សិន​​​​បើបាតុកម្មគ្មាន​​​លទ្ធផល​​​ច្បាស់​​​លាស់ទេ វា​​​នឹង​​​មិន​​​បាន​​​ផល​​​ឡើយ ហើយ​​​វា​​​ក៏​​បន្ត​​​មិន​​​យូរដែរ។ បាតុកម្ម​​​អហិង្សា​​​បាន​​​ផល​​​តែ​​​នៅ​​​ក្នុង​​​បណ្តា​​​ប្រទេស​​​ដែលមាន​​​លទ្ធិ​​​ប្រ​​​ជា​​​ធិប​តេយ្យ​​​ពេញ​​​លេញ​​​ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​បរិបទ​កម្ពុជា​ទេ​”។

លោក​ស្រី​បាន​មាន​ប្រសា​សន៍​ទៀត​ថា លោក​ស្រី​ជឿថា អ្នក​បោះឆ្នោត​​ភាគ​ច្រើន​ ដែល​គាំទ្រ​គណបក្ស​​ទាំង​ពីរ​ចង់​បាន​ដំណោះ​ស្រាយ​ផ្នែក​នយោបាយ​ច្រើន​​​ជាង​ ជា​ទស្សន​មួយ​ដែល​​ត្រូវ​បាន​ព្រះ​មហា​​​ក្សត្រ ​នរោត្តម​ សីហមុនី និង​បណ្ដា​​អង្គ​ការ​សង្គម​ស៊ីវិលធ្លាប់​​​បាន​​​លើក​​​ឡើង​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ទល់​ពេល​នេះ​ ព្រះមហាក្សត្រ​បញ្ជូន​សារស្ដី​ពី​គណបក្ស​ទាំង​ពីរ​ ដែល​ចាំ​ចាច់​ត្រូវ​រួប​​​​រួម​គ្នា​​ដើម្បី​សម្រេច​បាន​លទ្ធផល​​ជោគ​ជ័យ​។ បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​បញ្ជូន​សារ​ដូច​គ្នា​នេះដែរ​ គឺ​កុំ​បញ្ជូន​រថក្រោះ​ និង​​កង​ទ័ព​ ហើយ​កុំអំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​”។

តែ​ទោះ​ជា​យ៉ាង​ណា​ លោក​​ស្រី មូរ សុខ​ហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា ការ​ចង់​ធ្វើ​មហា​បាតុកម្ម​​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​គឺ​លើស​លប់​ ជាក់​ស្ដែងដូច​នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​ប្រឆាំង​​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ មាន​អ្នក​គាំទ្រ​ដល់​​​ទៅ​​​ប្រមាណ​២០.០០០​នាក់​។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “អ្នក​បោះឆ្នោត​​ចន្លោះពី២០.០០០នាក់​​​ទៅ​​​៣០.០០០នាក់​​​បាន​​​ចេញ​​​មក​​​សួរ​​​យើងថា  ពេល​ណា​​ទើប​យើង​ធ្វើ​បាតុកម្ម​។ វា​ដល់​​​ពេលដែល​​​យើងត្រូវ​​​​ធ្វើ​សកម្ម​ភាព​ហើយ​ បើ​មិន​ដូច្នេះ​ទេ​​អ្នក​បោះឆ្នោត​នឹង​បាត់​បង់​ភាព​អត់​ធ្មត់​”។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា “មានមួយ​​​ក្រុម [​អ្នក​គំាទ្រ​​គណបក្ស​សង្គ្រោះ​​​ជាតិ​] ​ចង់​ឲ្យ​យើង​កុំ​​ធ្វើ​បាតុកម្មនិង​​​ចង់​​​ឲ្យ​​​យើង​​អង្គុយ​ចុះ [​នៅ​តុ​ចរចា​ជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​] ប៉ុន្តែ​អ្វីដែល​យើង​នឹង​ចរចា ​គឺ​ការ​ស៊ើ​ប​អង្កេត [​លើ​​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត]។ ប្រាកដ​ណាស់​អ្វីដែល​គណបក្ស​ប្រជាជន​កម្ពុជា​​ចង់​បាន​​​គឺឲ្យ​​​យើងអង្គុយ​ចុះ​​ធ្វើ​កិច្ច​ព្រម​ព្រៀង​នយោ​​​បាយ​។ នោះ​គឺ​ជា​ចុង​បញ្ចប់​របស់​​គណ​បក្ស​សង្គ្រោះជាតិ​ក្នុងពេល​នេះ​​”។

នៅ​ក្នុង​ការ​ត្រៀម​លក្ខណៈ​​​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ សមាជិកបក្ស​​និ​ង​សកម្ម​ជន​បក្ស​នៅ​តាម​បណ្ដា​ខេត្ត​មកពីគណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​១០០នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​​ទទួល​​ការ​បណ្ដុះ​បណ្ដាលអំ​ពី​វិធី​ធ្វើ​ឲ្យ​ប្រាកដ​ថា មហាបាតុកម្ម​​​តាមការ​​​គ្រោង​ទុក​​​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ មិន​ផ្ទុះ​អំពើ​ហិង្សា​ នេះ​បើ​តាម​​​លើក​​​​​​ឡើង​​​របស់​លោក​ យឹម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា “យើង​គ្រាន់​តែ​ទទួល​បាន​​ដំបូន្មានខ្លះៗពី​អ្នក​បណ្ដុះ​បណ្ដាល​ពី​របៀបរក្សាភាព​អត់​ធ្មត់​​និង​​​ធ្វើបាតុកម្ម​​​អហិង្សា​ដូច​បាតុកម្ម​អហិង្សា​នៅ​ប្រទេស​ឥណ្ឌា”។

លោក​បាន​បដិសេធ​មិន​លាត​​ត្រដាង​ថា អ្នក​បណ្ដុះ​បណ្ដាល​ទាំង​នោះ​ជា​នរណា​ទេ​ ដោយ​គ្រាន់​តែ​មាន​ប្រសាសន៍​ថា ពួកគេ​មក​ពី​បណ្ដា​ “អង្គការ​ក្រៅ​រដ្ឋាភិបាល”​។

លោក​ សម រង្ស៊ី ប្រធាន​គណ​បក្សសង្គ្រោះជាតិ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​​កាល​ពី​ព្រឹក​ម្សិលមិញ​ថា គណបក្ស​សង្គ្រោះជាតិ “កំពុង​​សិក្សា​ពី​អ្នក​ជំនាញ​បរទេស​​” អំពី​វិធី​ធ្វើ​ឲ្យ​ប្រាកដ​ថា បាតុកម្ម​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​អហិង្សា។

យោង​តាម​លោក​ យឹម​ សុវណ្ណ​ បានឲ្យ​​​ដឹង​​​ថា ប្រធាន​​​ក្រុម​ការងារ​ចុះ​ជួយ​ប្រជាពល​រដ្ឋ​នៅ​តាម​ខេត្ត​ និងគណៈ​កម្មាធិ​​​ការ​ពិសេស​មួយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​រៀប​ចំ​បាតុកម្ម​អហិង្សា​ ​​បាន​ចូល​​រួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​បី​ម៉ោង​​ ដោយ​​​​ពួក​គេ​សិក្សា​ពី​របៀប​ធ្វើ​ឲ្យ​បាតុករ​រក្សា​ភាព​សា្ងត់​ស្ងៀម​ និងរបៀប​រារាំង​ជន​បង្ក​រឿង​​មិន​ឲ្យ​​បង្កប់​ខ្លួន​ក្នុង​​ក្រុម​បាតុករ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​កត់​ត្រា​ភាព​មិន​ប្រក្រតី​​ផ្ទៃ​ក្នុង​នៃ​បាតុកម្ម​ ធ្វើ​​​យ៉ាង​​​ណា​​​ឲ្យ​​​មានវិន័យ​ និងជូន​​​​ដំណឹង​ដល់​អ្នក​ចូល​រួម​​មុន​ពេល​បាតុកម្ម​ចាប់​ផ្ដើម​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា “​ពួក​​​គេត្រូវ​តែ​ព្យាយាម​រក្សា​ភាព​អត់​ធ្មត់​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នៅ​ក្នុង​ករណី​មាន​ការ​បង្ក្រាប​ ពួក​គេ​ត្រូវ​តែ​រក្សា​ភាព​សា្ងត់​ស្ងៀម ​កុំ​មាន​ប្រតិកម្ម​​ដោយ​ប្រើ​ហិង្សា​ ហើយ​យើង​ក៏​នឹង​មាន​អ្នក​ឃ្លាំ​មើល​ភាព​មិន​ប្រក្រតី​អំឡុង​ពេល​បាតុកម្ម​ដែរ”​។

លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មាន​គម្រោង​​ទប់​ស្កាត់​ក្រុម​មក​ពី​ខាង​ក្រៅ​មិន​ឲ្យ​ចូល​រួម​​ធ្វើ​បាតុកម្ម​ដែលព្យាយាម​ធ្វើ​ឲ្យ​បាតុកម្ម​ពិបាក​គ្រប់​គ្រង​​ ឬ​ផ្ទុះ​​អំពើ​ហិង្សា​​​ ជា​ក្ដី​បារម្ភ​មួយ​ដែល​លោក​ សម រង្ស៊ី បាន​លើក​ឡើង​កាល​ពី​ដើម​សប្ដាហ៍​នេះ​។  លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នឹង​បង្កើត​ក្រុម​តូច​ៗ និង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​លើ​ក្រុម​តូចៗ​ដែល​មាន​គ្នា​​ចន្លោះ​ពី​១០ ទៅ​២០​នាក់​ទាំង​​​នេះ។ ពួក​គេ​ទាំងអស់​សុទ្ធ​តែ​ស្គាល់​គ្នា​។ ខ្ញុំ​មិន​អាច​ប្រាប់​អស់​លោក​ពី​ចំណុច​ទាំង​អស់​នេះ​បាន​ទេ​ ពីព្រោះ​ផែន​ការ​មួយ​ចំនួន​របស់​យើង​ជា​រឿង​សម្ងាត់​”៕

ប្រែសម្រួលដោយ តែម សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស