28.4 C
Phnom Penh

លោក ហ៊ុន សែន​ នឹង​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិននៅ​សប្តាហ៍ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា  លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​​​ចិន​នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃអង្គារ​ ដើម្បី​ចូលរួម​ពិព័រណ៍​​​អាស៊ាន​-ចិន ហើយ​ជួប​ពិភាក្សា​​​ជាមួយ​សម​ភាគី​របស់​លោក គឺ​លោក លី​ ខឹ​​​ឈាង (Li Keqiang) ​​​ដោយ​នេះ​ជា​ការ​​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក ហ៊ុន សែន ទៅកាន់​បរទេស ចាប់​តាំង​​​ពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាល​ពី​ខែ​មុន​មក។

ប្រទេស​ចិន គឺ​ជា​វិនិយោគិនបរទេស​ធំបំផុត​របស់​កម្ពុជា​ និង​ជា​ប្រទេស​ផ្តល់​ជំនួយ​មួយ​ក្នុង​ចំណោម​ប្រទេស​ផ្តល់​ជំនួយ​ធំបំផុត​ដល់​កម្ពុជា​ដែរ​នោះ គឺ​ជា​ប្រទេស​ទី១​ដែល​បាន​អប​អរ​សាទរ​ដល់លោក  ហ៊ុន សែន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា បើទោះ​ជា​លទ្ធផល​ផ្លូវ​ការ​មិន​ទាន​​​បាន​​​​ប្រកាស​ក៏ដោយ ហើយ​គណបក្ស​សង្គ្រោះ​​​ជាតិ​ក៏អះ​អាង​ថា ឈ្នះ​ផងដែរ​ចំ​​​ពេល​ដែល​មាន​របាយការ​ណ៍អំពី​ភាព​មិន​ប្រក្រតី​ជា​ច្រើន​​នៅ​ថ្ងៃបោះ​ឆ្នោត។

លោក វ៉ាង យី (Wang Yi) រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចិន គឺ​ជា​គណៈប្រតិភូ​បរទេស​ដំបូងដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​​​នាយក​រដ្ឋមន្ត្រី​​បន្ទាប់ពី​ការ​បោះ​ឆ្នោត។

យោងតាម​សេចក្តី​ថ្លែងការ​ណ៍របស់​ក្រសួង​ការ​បរទេស​បានឲ្យ​ដឹង​ថា នៅ​ឯ​​​ពិព័រណ៍នោះ ដែល​ជា​ពិព័រណ៍​ពាណិជ្ជ​កម្ម​សម្រាប់​ប្រទេស​​​ចិន និង​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង​១០ លោក ហ៊ុន​ សែ​ន នឹង​រួម​ដំណើរ​ដោយ​​​លោក​​​  ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​​​កម្ម​ ហើយ​លោក​ក៏ជួប​ពិភាក្សា​ជា​​​មួយ​លោក លី ជីហេង (Li Jiheng) អភិបាល​ខេត្ត​យូណាន​​​ផងដែរ។
បច្ចុប្បន្ននេះ លោក ហោ ណាំហុង ស្ថិត​ក្នុង​ប្រទេស​ចិន​  បន្ទាប់​ពី​បាន​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន-ចិន​រយៈ​ពេល​ពីរ​ថ្ងៃ​កាល​ពី​ម្សិល​មិញ។
ប្រទេស​កម្ពុជា​រង​ការ​រិះគន់យ៉ាងខ្លាំង     ​ពី​សំណាក់​អន្តរជាតិ​ ខណៈដែលធ្វើ​ជា​ប្រធាន​អាស៊ានកាល​ពី​ឆ្នាំមុនចំពោះ​ការ​គាំទ្រ​​​​​​​ចិន​ស្តីពី​កិច្ច​ពិភាក្សា​បញ្ហាសមុទ្រ​ចិន​ខាងត្បូង​ដ៏​​​រសើប ដោយ​ធ្វើ​ឲ្យ​បណ្តា​​​ប្រទេស​ជា​សមា​​​ជិក​អាស៊ាន​​​ជិត​​ខាង​ខ្លួន​មួយ​ចំនួនមានការ​​ខឹង​សម្បា៕

ប្រែសម្រួលដោយ សោម​សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស