កាលពីម្សិលមិញ នគរបាលបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតស្វែងរកជនសង្ស័យទី៣ដែលបានជាប់ពាក់ព័ន្ធក្នុងករណីឆបោក និងក្លែងបន្លំឯកសារពាក់ព័ន្ធកិច្ចព្រមព្រៀងរុករករ៉ែ ដែលនៅក្នុងនោះ ពាណិជ្ជករជនជាតិខ្មែរម្នាក់ និងជនជាតិចិនម្នាក់កំពុងឃុំខ្លួនរង់ចាំការកាត់ក្តីរួចហើយ។
កាលពីថ្ងៃអង្គារ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់ ឈ្មោះ អាល់ រមណី អាយុ៤១ឆ្នាំជាប្រធានក្រុមហ៊ុន ACICA និងឈ្មោះ ជីន ម៉ុងស៊ើន អាយុ៤៥ឆ្នាំជាជនជាតិចិនពីបទឆបោក និងប្រើប្រាស់ឯកសារក្លែងក្លាយ បន្ទាប់ពីអ្នកដាក់ពាក្យបណ្តឹងអនាមិកម្នាក់បានអះអាងថា ពួកគេបានបាត់បង់ប្រាក់ ចំនួន៨១០.០០០ដុល្លារសហរដ្ឋអាមេរិកទៅលើអ្នកទាំងពីរនេះក្នុងកិច្ចព្រមព្រៀងមួយដើម្បីទិញអាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងខេត្តមណ្ឌលគិរី។
លោក លួ សុខា មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា របាយការណ៍នគរបាលដែលបានផ្ញើទៅតុលាការនៅក្នុងរឿងក្តីនេះបានលើកឡើងពីជនសង្ស័យម្នាក់ទៀត ហើយថា នគរបាលកំពុងស៊ើបអង្កេតរកតម្រុយ។
លោក លួ សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតឡើយ។ ប៉ុន្តែនៅក្នុងសារមួយយកចេញពីអ៊ីម៉េលរបស់ក្រុមហ៊ុន ACICA បុគ្គលិករដ្ឋបាលម្នាក់ដែលមិនបានប្រាប់ឈ្មោះរបស់ខ្លួននោះបាននិយាយថា បុរសឈ្មោះ រមណី បានប្រាប់ក្រុមហ៊ុននេះថា ឈ្មួញកណ្តាលម្នាក់ជាអ្នកទទួលខុសត្រូវចំពោះការឆបោកនេះ ហើយថា លោកបានប្រាប់នគរបាលអំពីបុរសរូបនេះរួចហើយ។
បុគ្គលិករដ្ឋបាលរូបនេះបាននិយាយទៀតថា “[ ឈ្មោះ រមណី ] បាននិយាយថា ដោយសារតែរូបគាត់ជាប់រវល់ គាត់បានចាត់តាំងបុគ្គលម្នាក់ឲ្យទទួលភារកិច្ចដើម្បីធ្វើយ៉ាងណាឲ្យទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាលសម្រាប់អាជ្ញាប័ណ្ណរុករករ៉ែនៅក្នុងខេត្តមណ្ឌលគិរីនេះ”។
បុគ្គលិករដ្ឋបាលដដែលនេះបាននិយាយបន្ថែមទៀតថា “គាត់ក៏បានបង់ប្រាក់ពេញឲ្យបុគ្គលរូបនេះដើម្បីរត់ការ។ បុគ្គលរូបនេះបានផ្តល់លិខិតដែលមានការអនុម័តយល់ព្រមទាំងអស់មកឲ្យលោកវិញ ហើយលោកបានយកលិខិតនោះទៅឲ្យក្រសួងសាមី ដោយមិនបានផ្ទៀងផ្ទាត់ជាមុនឡើយ ហើយមិនបានដឹងថា ជាឯកសារក្លែងក្លាយទេ”។
ក្រុមហ៊ុន ACICA បានលើកឡើងកាលពីថ្ងៃពុធថា បុរសឈ្មោះ រមណី បានរត់ការឲ្យទទួលបានកិច្ចព្រមព្រៀងរុករករ៉ែនេះដោយខ្លួនឯង។ គេហទំព័ររបស់ក្រុមហ៊ុននេះអះអាងថា មានការរកស៊ីរួមគ្នាមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជា រួមមានគម្រោងធ្វើឯកជនភាវូបនីយកម្មទឹកស្អាត និងសំណល់រាវ និងចម្ការដ៏ធំមួយនៅក្នុងខេត្តកោះកុង។
បុគ្គលិករដ្ឋបាលរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសកម្មភាពផ្សេងៗទៀតរបស់ក្រុមហ៊ុននេះឡើយ។ សារដដែលនេះមានខ្លឹមសារថា “ យើងសូមអភ័យទោសដែលយើងមិនអាចលាតត្រដាងពីកិច្ចការជំនួញរបស់យើងប្រាប់ភាគីទី៣បាន ដោយសារមានកិច្ចព្រមព្រៀងមិនបញ្ចេញព័ត៌មានដែលបានចុះហត្ថលេខារួចហើយជាមួយដៃគូរកស៊ីរបស់យើង៕
ប្រែសម្រួលដោយ សោម សារុន