28 C
Phnom Penh

អធិការ​នគរបាល​​គ្រប់លំ​ដាប់​ថ្នាក់​ត្រូ​វ​បា​ន​​បញ្ជា​​ឲ្យ​​ឈប់​កាត់​ប្រាក់​​ខែ​​សម្រាប់​​មនុស្ស​​​ធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គ​​ស្នង​ការ​នគរបា​ល​​ជាតិ​​​បា​ន​​ចេញបញ្ជា​ឲ្យ​​​អធិ​កា​រ​​​នគរបាល​​ឈប់​កា​ត់​ប្រាក់​​ខែ​​​​របស់មន្ត្រី​​អនុវត្ត​ច្បាប់​ សម្រាប់​ហេតុផល​ល្អនានា​។ ​សេចក្តី​​​ប្រ​កាស​មួយ​​ចុះ​​ហត្ថ​លេខា​ដោយ​លោកឧត្តម​សេនីយ៍​ ​នេត សា​វឿន ​ចុះ​ថ្ងៃ​ទី២២ ខែ​សី​ហា​ ​​ប៉ុន្តែ​​ទទួល​បា​ន​​​​កា​ល​ពី​ម្សិល​មិញ ​​បង្ហាញថា ​​អធិ​កា​រ​​នគរបាល​​គ្រប់ជាន់​ថ្នាក់​​ទាំ​ង​​​អស់​​ត្រូ​វ​​​តែ​​​បញ្ឍប់​សកម្ម​ភា​ពកាត់​​​​​​​ប្រាក់​ខែ​​នគរបាល​​ថ្នាក់​​ក្រោម​​​ដែល​​ទទួល​​ប្រាក់​ខែ​តិ​ច​​តួច។

លិ​ខិត​នេះ​​​មានខ្លឹមសារ​ថា “គ្រប់​មន្ទីរ អង្គ​ភាព​និ​ងស្នង​កា​រ​​​ខេត្ត​​ទាំ​ង​អស់​ត្រូ​វ​​​​ពិ​និត្យ​​ឡើងវិញ​ និ​ង​បញ្ឍប់​កា​រ​​​កាត់​ប្រាក់​ខែ​​​របស់មន្ត្រី​ថ្នាក់​ក្រោម​​​​​​​របស់​​ខ្លួន​ ដើម្បី​​​ជួ​យ​ការ​​ងា​រ​សង្គម និង​ការ​​ងារ​មនុស្ស​​ធម៌​​”។ លិខិត​លើក​ឡើង​ថា ​​ជំ​នួ​យ​បែប​នេះ​ត្រូវ​​ដាក់កំ​ហិត​​ជា​​ទូ​​ទៅ​​ចំ​​ពោះនគរបាល​​​ទាំ​ង​​​អស់​​ឲ្យ​ផ្តល់ដល់​សមា​​​​គ​ម​មិត្ត​​នគរបាល​ ​សម្រាប់​ជា​   មូ​ល​​និធិ​សង្គម​​មួ​យ​បែប ទុកសម្រាប់​ផ្តល់​​ដល់​គ្រួ​​​សារ​​​​របស់មន្ត្រី​នគរ​បាល​​ដែ​ល​ស្លាប់​​​។

លិខិត​នេះ​​មា​ន​ខ្លឹម​សារ​ថា “[បទ​បញ្ជាឲ្យឈប់​កាត់​ប្រាក់​​ខែ​​នេះ] មិន​រាប់​បញ្ចូ​​​លជំនួយ​ប្រ​​ចាំ​ខែ​​សម្រាប់​សមា​​គម​មិត្ត​នគរ​បាល​ដើម្បី​​ជួយ​គ្នា​​ ​ដូច​​ដែល​សមា​​គ​ម​​សម្រេច​ទេ​” ​និង​បាន​​​អំពា​​វ​នា​វ​ឲ្យមេដឹក​នា​ំ​​ទាំង​​​អស់​ក្នុង​​ជួរ​នគរបាល​​គោរព​តា​ម​​បទ​បញ្ជា​​នេះ​។

លោក ទៀង ឡេង អធិ​ការ​​នគរ​​បាល​ស្រុក​​​​​វា​ល​​វែ​ង ​ខេត្ត​​​ពោធិ៍​សាត់​ ​បា​ន​មាន​​ប្រ​សាស​ន៍​​​​​​​ថា ​បទ​បញ្ជា​​នេះ​​ត្រូ​វ​បា​ន​ផ្សព្វ​ផ្សាយក្នុង​​​​​​​​​​​ចំ​ណោ​ម​​​​​​​មន្ត្រី​នគរបាល​នៅក្នុង​ខេត្ត​នេះ​អំឡុងកិច្ច​​ប្រជុំ​​​​​​​មួ​យ​​កា​ល​​ពី​ថ្ងៃ​​អា​​​ទិត្យ​សប្តាហ៍​នេះ​។ ទោះ​​ជា​យ៉ាង​​ណា ​លោក ទៀង ឡេង ​​បា​ន​​​​មា​ន​ប្រ​សាសន៍​បន្ត​​​ទៀត​​​ថា លោក​មិន​ដឹង​​​​ថា​​ មេ​​​នគរ​​​បាល​កាត់​ប្រាក់​ខែ​​ដើម្បី​ដាក់​ក្នុ​ង​បុព្វ​​ហេតុ​ល្អ​ៗ​​​ទេ។

លោក​បា​ន​​បន្ត​ថា​ “​គ្មាន​កា​រ​កាត់​​ប្រាក់​ខែមន្ត្រី​នគរបាល​ថ្នាក់​ក្រោម​​ដើម្បី​​ជួ​យ​​​កិច្ចការសង្គម និង​កិច្ច​ការ​មនុស្ស​​​ធម៌​​​ទេ​។​យើង​បង់តែ​៣.០០០​រៀល​ប៉ុណ្ណោះ​រៀង​រាល់​ខែ​​ឲ្យ​ទៅសមា​​គម​មិត្ត​នគរបាល​​ដើម្បី​ជួ​យ​មន្ត្រី​នគរបាល​ផ្សេងទៀត​ដែល​ស្លាប់​​ទៅ​”។

បទបញ្ជា​​​នេះ​​ត្រូវ​បាន​ដាក់​ចេញ​ បន្ទាប់​​​​​​ពី​​កា​រ​​បោះឆ្នោត​​ជ្រើស​តាំ​ង​​តំណា​ង​រាស្ត្រ​កា​ល​​ពី​ថ្ងៃ​ទី២៨​ខែ​កក្កដា បានកន្លង​ផុត​ទៅ​រយៈ​ពេល​មួយខែ ហើយលទ្ធ​ផល​បណ្តោះ​​​អាសន្ន​បង្ហាញថា គណ​បក្ស​​ប្រជា​​ជនកម្ពុជា​​​បាត់​បង់​សំឡេង​ឆ្នោត​យ៉ាងច្រើន​​ ខណៈ​​​ដែល​​​​គ​ណ​បក្ស​សង្គ្រោះ​​ជាតិ​​​ ​​​ជា​គ​ណ​បក្ស​ប្រឆាំង
បា​ន​​អះ​​​អា​ង​​​ថា​ ខ្លួន​​ទទួល​បាន​សំឡេងគាំ​​ទ្រ​​​ពី​មន្ត្រី​​រាជ​​កា​រ​​​ជា​ច្រើន។

នៅ​​ក្នុ​ង​ចំណាត់ការដាច់ដោយ​ឡែក​មួ​យ​ ដែលគេមើល​ឃើញ​ថា​ ​​ជា​ប្រតិកម្ម​មួ​យ​តប​​​ទៅនឹង​ការ​សន្យា​ពេលយុទ្ធ​នា​ការ​​បោះឆ្នោត​​​របស់​​គ​ណ​​​បក្ស​សង្គ្រោះ​​​​​​​ជាតិ​​​ថានឹង​ដំ​ឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជ​ការ​ដល់​២៥០​ដុល្លារ​ក្នុ​ង​មួយខែ​ ក្រសួង​ហិ​រញ្ញ​វត្ថុ​​​បា​ន​ឲ្យ​ដឹង​​​កាល​​​​​ពី​ថ្ងៃ​ទី​៧​ខែ​សី​ហា​​​ថា ខ្លួន​នឹងដំ​ឡើង​ប្រាក់​ខែ​​​​ឲ្យ​មន្ត្រី​​​រាជ​កា​រថ្នាក់​ក្រោម​​ដែល​​ទទួល​ប្រាក់​​​​​​​ខែ​​​តិច​បំផុតយ៉ាង​​តិច​​៣០​ភាគ​រយ​ ឲ្យឡើង​ដល់​ប្រ​ហែល៧៨​ដុល្លារ​​ក្នុង​មួ​យ​​ខែ​៕

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស