29 C
Phnom Penh

មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ចេញ​លិខិត​​​បញ្ជាក់​​​អត្តសញ្ញាណ​​ទៅ​ឲ្យ​អ្នក​​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ចំណោមលិខិតបញ្ជាក់​​​​អត្តសញ្ញា​ណ​ជិត​​៨០០.០០០​លិខិត​​ ដែល​ត្រូវ​​ចេញ​ទៅ​ឲ្យ​អ្នក​បោះឆ្នោ​ត​ ដែល​គ្មាន​​អត្តសញ្ញាណ​ប័ណ្ណ​​​សម្រាប់​​ប្រើប្រាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មាន​លិខិត​ប្រហែល​២៧០.០០០​ត្រូវ​បាន​ចេញ​​​​ចាប់​​​ពី​​​ពេល​​​បញ្ចប់​​ការ​​​​ចុះ​ឈ្មោះ​​បោះឆ្នោត​ដល់​​​​​ថ្ងៃ​បោះឆ្នោត​​ ដោយ​ធ្វើ​ឲ្យ​មាន​​ក្ដី​ព្រួយ​បារម្ភ​ ក្នុង​ចំណោម​អ្នក​សង្កេត​ការណ៍​ថា ខ្លាច​​​ក្រែង​​​លិខិត​ទាំង​នេះ​អាច​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត។

យោង​តាម​លោក​ ទេព​ នីថា អគ្គលេខា​ធិការ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​ឲ្យ​ដឹង​ថា មាន​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណថ្មី​​សម្រាប់​បោះឆ្នោ​ត​ប្រហែល​​៤៨០​.០០០​លិខិត​​ត្រូវ​បាន​ចេញ​​អំឡុង​ការ​​​​​ចុះ​ឈ្មោះ​បោះឆ្នោ​ត​នៅ​​ចុង​ឆ្នាំ​២០១២ រីឯ​លិខិត​២៧០.០០០​បន្ថែម​ទៀត​ត្រូវ​បាន​ចេញ​​នៅ​មុន​​​ថ្ងៃ​​បោះឆ្នោត​។

ប៉ុន្តែ​លោក​ស្រី​ ឡូរ៉ា ថនតុន​ (Laura Thornton) នាយិកា​ប្រចាំ​ប្រទេស​របស់​វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន​បាន​លើក​​ឡើង​ថា វា​ទំនង​ជា​​មិន​អាច​ទៅ​រួច​ទេ​ ដែល​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាត់​​អត្ត​សញ្ញាណ​ប័ណ្ណ​​​ ហើយ​ចំាបាច់​​ត្រូវ​ធ្វើ​លិខិត​បញ្ជាក់​​​​សម្រាប់​បោះឆ្នោត​ជំនួស​នោះ​។

លោក​ស្រី ថន​ តុន​ បាន​ថ្លែង​ថា “វា​ជា​រឿង​​សំខាន់​ណាស់​ ដែល​ត្រូវ​ងាក​ទៅ​មើល​​បញ្ហា​ពិត​​ប្រាក​ដ​ ដែល​​យើង​បាន​ឃើញ​​កើត​មាន​​នៅ​​មុន​​​ថ្ងៃ​បោះ​ឆ្នោត​។ បញ្ហា​ទាំង​នោះ​ គឺ​ការ​បាត់​​​បង់​​​​សិទ្ធិ​បោះ​ឆ្នោត​​ និង​ការ​ប្រើ​ប្រាស់​លិខិត​បញ្ជាក់​​​​អត្ត​សញ្ញា​ណ​សម្រាប់​បោះ​ឆ្នោត​គឺសំដៅ​លើ​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​បោះឆ្នោត​ និង​ប្រជា​ពលរដ្ឋ​ ដែល​មិន​​​គួរ​​​អនុញ្ញាត​​​ឲ្យ​​​បោះឆ្នោត​​​ ប៉ុន្តែ​អាច​បោះ​​​ឆ្នោត​បាន​​ ដោយ​ប្រើ​លិខិត​បញ្ជាក់​​​​បញ្ជាក់​​​​អត្ត​សញ្ញាណ​​សម្រាប់​បោះឆ្នោ​ត​នេះ​​​”។

លោក​ស្រី​ ថន តុន បាន​ថ្លែង​ថា វិទ្យា​ស្ថាន​​ជាតិ​ប្រជាធិបតេយ្យ​បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅ​កាន់​ គ.ជ.ប. ដើម្បី​សុំ​ការ​អនុ​ញ្ញាត​ត្រួត​ពិនិត្យ​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​មួយ​ចំនួន​ ដែល​ចេញ​មុន​​ថ្ងៃ​បោះ​ឆ្នោត​ ប៉ុន្តែ​ គ.ជ.ប. បាន​ឆ្លើយ​តប​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ថា សំណើ​នោះ​ “ត្រូវ​បាន​ផ្អាប់​​​ទុក​​​សិន​​​​”។ លោក​ស្រី​​ក៏​​មាន​ប្រសាសន៍​ដែរ​​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​សង្ស័យ​ថា បាត់​អត្តសញ្ញាណ​ប័ណ្ណ​​​របស់​ខ្លួន​នោះ​​វា​គឺ​ជា​រឿង​​ដែល​គួរ​ឲ្យ​សង្ស័យ​។
លោក​ស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “តួលេខ​ចុង​ក្រោយ​ ដែល​ខ្ញុំ​ទទួល​បាន​ គឺ​មាន​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​បោះ​ឆ្នោត​ចំនួន​៥០០.០០០លិខិត​ និង​អាច​លើស​ពី​នេះ​។ មូលហេតុ​តែ​មួយ​គត់​ដែល​នាំ​ឲ្យ​កើត​​មាន​បញ្ហា​នេះ​បាន​​​ លុះ​ត្រា​តែ​ប្រទេស​កម្ពុជា​​​​​​​​​​​ជួប​ព្យុះ​រលក​​​ស៊ូណាមិ ឬ​ក៏​គ្រោះ​ធម្មជាតិ​ ប៉ុន្តែ​​​​​​​វា​មិន​អា​ច​ទៅ​រួច​នោះ​ទេ​។ នេះ​គឺ​ជា​បញ្ហា​បាត់​បង់​សិទ្ធិបោះឆ្នោត​ ហើយ​មធ្យោ​បាយ​តែ​មួយ​​គត់​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ គឺ​មាន​​​​​​​តែ​ធ្វើ​ការ​បោះឆ្នោត​​សាជា​ថ្មី​ប៉ុណ្ណោះ”។

លោក​ ព្រាប កុល នាយក​ប្រតិបត្តិ​អង្គ​​​ការ​​​​​​​​​​តម្លាភាព​អន្តរជាតិ​កម្ពុជា​​មាន​ប្រសា​សន៍​​​​ថា ការ​ចេញ​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​នេះ​ គឺ​វា​សំខាន់​ណាស់​ ហើយ​ដំណើរ​ការ​នៃ​ការចេញ​លិខិត​នេះ​មិន​មាន​តម្លាភាព​ឡើយ​ ពីព្រោះ​វា​ទំនង​ជា​គ្មាន​​ការ​កត់ត្រា​ពី​មូលហេតុ​​ និង​​​នរណា ដែល​ទទួល​បាន​​លិខិត​នេះ​ ​នោះ​ឡើយ​។

ការ​ចេញ​លិខិត​នេះ​​ គឺ​វា​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​ចំនួន​មួយ​លាន​លិខិត​ ដែល​ត្រូវ​បាន​ចេញ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១២ ដោយ​វា​​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​​ខ្លាច​​​ក្រែង​​​លិខិត​ដែល​ត្រូវ​បាន​ចេញ​យ៉ាង​ច្រើន​នេះ​ អាច​នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​គោល​បំណង​លួច​បន្លំ​សន្លឹក​ឆ្នោត​។

លោក​ ព្រាប​ កុល បាន​ថ្លែង​ថា “នៅ​តាម​ការិយាល័យ​បោះឆ្នោត​​ប្រហែល​៩៣​ភាគ​រយ​ យើង​បាន​ឃើញ​ប្រជា​ពលរដ្ឋ​​បាន​ប្រើ​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​បោះ​ឆ្នោត​​នេះ​… វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​កត់​បញ្ជាក់​​​​។​ ហើយ​ការចេញ​​​​លិខិត​នេះ​វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ពីព្រោះ​ប្រទេស​កម្ពុជា​​មិន​​​​ធ្លាប់​ជួប​គ្រោះ​ធម្មជាតិ​ដ៏​ខ្លាំង​ក្លា​ណា​មួយ​ឡើយ ដូច​ជា​ ខ្យល់​ព្យុះ​ រញ្ជួយ​ដី​ ឬ​ក៏​ព្យុះ​​​​រលក​​​​​​​​​​​​​​​ស៊ូណា​មិ​ ជា​ដើម​ ហេតុ​ដូច្នេះ​ហើយ​​ការ​​​​បាត់​អត្ត​​​​សញ្ញាណ​ប័ណ្ណយ៉ាង​ច្រើន​របស់​ប្រជា​ពលរដ្ឋ​នេះ​វា​ គឺ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​សង្ស័យ​ណាស់​”។

ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​​ឈ្នះឬ​ចាញ់​​ឆ្នោ​តលើស​ខ្វះ​គ្នា​ប្រហែល​តែ​២០០.០០០​សំឡេង​នោះ​ អ៊ីចឹង​​លិខិត​បញ្ជាក់​​​​អត្តសញ្ញាណ​សម្រាប់​ការ​បោះឆ្នោត​​ ដែល​ត្រូវ​បាន​គេ​ចេញ​យ៉ាង​ច្រើន​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​បោះឆ្នោ​ត​នេះ​។
លោក ទេព នីថា បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​បាន​ដឹង​ “អំពី​ការ​​ចោទ​ប្រកាន់​” ដែល​គេ​បាន​ចោទ​មក​លើ​ គ.ជ.ប. ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា លោក​ជឿថា លិខិត​នេះពិត​ជា​​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ត្រឹម​ត្រូវ​​។

លោក​ ទេព នីថា បាន​មាន​ប្រសាសន៍​ថា “ ប៉ុន្តែ​គណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​​​ឃុំ​សង្កាត់​​ ប្រសិន​បើ​ខ្លួន​រក​ឃើញ​ថា លិខិត​នេះ​ត្រូវ​បាន​​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នោះ​ ខ្លួន​នឹង​មិន​អនុញ្ញាត​ឲ្យ​​អ្នក​ទាំង​នោះ​បោះ​​​ឆ្នោត​ឡើយ​ ពីព្រោះ​លិខិត​ទាំង​នេះ​មាន​​​​​​​​​​​​​បោះ​ត្រា​ពី​លើ​។ លោក​បាន​​​បន្ត​ថា “គ.ជ.ប. ដឹង​ថា គេ​ចោទ​ប្រកាន់​យើង​ពី​បទ​ចេញ​លិខិត​​​បញ្ជាក់​​​​អត្ត​​​សញ្ញាណ​សម្រាប់​បោះឆ្នោត​​ខុស​មនុស្ស​។ យើង​ទទួល​ស្គាល់​ថា ពិត​ជា​មាន​​​លិខិត​​​ខ្លះ​​​ចេញ​​​ដោយ​​​​​​​​ខុស​ច្បាប់​មួយ​ចំនួន​មែន​។ ប៉ុន្តែ​អំឡុង​ថ្ងៃ​បោះ​ឆ្នោត​ មន្ត្រី​តាម​ការិយាល័យ​បោះ​​​ឆ្នោត​នានា​បាន​ត្រួត​ពិនិត្យ​ថា តើ​វា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ​។ ប្រសិន​បើ​មិន​ត្រឹម​ត្រូវ​ ពួក​គេ​នឹង​មិន​ឲ្យ​បុគ្គល​នោះ​បោះ​ឆ្នោត​ឡើយ៕

(រាយការណ៍​បន្ថែម​ដោយ អ៊ាង ម៉េង​ឡេង​)
ប្រែសម្រួលដោយ​ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស