លោក សុខ គង់ ស្ថាបនិកក្រុមហ៊ុនសូគីម៉ិចបានមានប្រសាសន៍ថា ក្រុមហ៊ុនសូគីម៉ិចគ្រុប ជាក្រុមហ៊ុនរកស៊ីរួមគ្នាក្នុងស្រុកដ៏ធំមួយ មានគម្រោងសាងសង់សណ្ឋាគារមួយមានកម្ពស់១៥ជាន់ ព្រមទាំងមានផ្សារទំនើបមួយ និងហាងលក់ទំនិញទំនើបជាច្រើនទៀតនៅលើផ្ទៃដីជាង១៥.០០០ម៉ែត្រក្រឡា ស្ថិតនៅខាងក្រោយវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។
លោក សុខ គង់ មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក បានដាក់សំណើសុំប្រាក់កម្ចីចំនួន៤០លានដុល្លារតាមរយៈធនាគារមួយ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដើម្បីចាប់ផ្ដើមគម្រោងនេះ ប៉ុន្តែ ធនាគារនោះបានពន្យារសំណើរបស់ក្រុមហ៊ុនសូគីម៉ិចដោយសារស្ថានភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែមុន។
តំណាងម្នាក់មកពីអង្គការយូណេស្កូ (Unesco) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍កាលពីម្សិលមិញថា ការសាងសង់អគារខ្ពស់បែបនេះមិនគួរត្រូវអនុញ្ញាតឲ្យសាងសង់ទេ ពីព្រោះវាស្ថិតនៅកៀកនឹងព្រះបរមរាជរាំងពេក ហើយថាអង្គការយូណេស្កូអាចនឹងទៅពិនិត្យមើលទីតាំងនោះនៅចុងសប្ដាហ៍នេះ។
ចំណែក លោក សុខ គង់ បានអះអាងថា គម្រោងនេះអាចចាប់ផ្ដើមបានភ្លាមនៅពេលណាទទួលបានប្រាក់កម្ចី និងនៅពេលណារដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។
លោក សុខ គង់ បានថ្លែងដោយបដិសេធមិនប្រាប់ឈ្មោះធនាគារចិនថា “យើងនឹងចាប់ផ្ដើមសាងសង់គម្រោងនេះបន្ទាប់ពីយើងទទួលប្រាក់កម្ចីពីធនាគារ។បច្ចុប្បន្នធនាគារនេះ បានពន្យារពេលប្រាក់កម្ចី ដោយសារស្ថានភាព[បន្ទាប់ពីការបោះឆ្នោត]មិនល្អ”។ លោក សុខ គង់ បានមានប្រសាសន៍ថា សណ្ឋាគារ និងហាងលក់ទំនិញ អាចសាងសង់លើដីទំហំប្រហែល១០.០០០ម៉ែត្រក្រឡា ដែលស្ថិតនៅលើដីនៃអតីតពន្ធនាគារតេបី (T3) ហើយថាក្រុមហ៊ុនសូគីម៉ិចមានគម្រោងលក់ដីដែលនៅសេសសល់ទំហំ៥.០០០ម៉ែត្រក្រឡាជាដីអតីតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យទៅក្រុមហ៊ុនជប៉ុនមួយ។
លោកមានប្រសាសន៍ដោយមិនបញ្ចេញឈ្មោះក្រុមហ៊ុននោះថា “ ក្រុមហ៊ុនជប៉ុនមួយបានមកមើលដីនេះក្នុងពេលថ្មីៗនេះ ហើយមានគោលបំណងទិញដីនេះ។ ប៉ុន្តែ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីការទិញនេះនៅឡើយទេ បន្ទាប់ពីខ្ញុំបានកំណត់តម្លៃ៣៥០០ដុល្លារក្នុងមួយម៉ែត្រក្រឡា។ លោក សុខ គង់ ថ្លែងថា លោកមិនបានដឹងថា ក្រុមហ៊ុន ជប៉ុននោះមានគម្រោងសាងសង់អ្វីទេដីដែលមានតម្លៃខ្ពស់ស្ថិតនៅតែពីរប្លុកពីព្រះបរមរាជវាំងនិងជាកន្លែងលក់ដូរទំនិញដ៏មមាញឹកនៅតាមបណ្ដោយផ្លូវលេខ១៣ និងផ្លូវលេខ១៥៤ក្នុងរាជធានីភ្នំពេញ។
រហូតមកទល់សប្ដាហ៍មុន ទីតាំងនោះនៅតែមានហាងលក់សាច់គោអាំងចំនួនបួនកន្លែង ក្លឹបកំសាន្តរាត្រីពីរ និងបៀរហ្គាដិនមួយនិងចំណតរថយន្តមួយ និងស្ថានីយ៍រថយន្តក្រុងមួយកន្លែងកំពុងតែបើកដំណើរការដដែល។ កាលពីថ្ងៃពុធ អ្វីដែលនៅសេសសល់ពីនោះគឺដែក និងបំណែកបេតុង ហើយហាងបៀរហ្គាដិន ចំណតរថយន្តក្រុង និងក្លឹបកំសាន្ដមួយក្នុងចំណោមក្លឹបកំសាន្តទាំងពីរបានបិទទ្វាររួចហើយ។
លោក សេង ចន្ធូ លេខាផ្ទាល់របស់លោក សុខ គង់ បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមហ៊ុនសូគីម៉ិចបានបញ្ជាឲ្យម្ចាស់អាជីវកម្មទាំងនោះ រើចេញពីដីនោះ ហើយម្ចាស់អាជីវកម្មដែលនៅសេសសល់កំពុងដំណើរការទីនោះបានលើកឡើងថា ពួកគេនៅរង់ចាំរហូតដល់ខែវិច្ឆិកា ឬខែធ្នូទើបចាកចេញ។ ការរំពឹងទុកក្នុងការសាងសង់អគារខ្ពស់បែបនេះបានបង្កឲ្យមានក្តីបារម្ភដោយសារវាស្ថិតនៅកៀកនឹងព្រះបរមរាជវាំងពេក។
លោកស្រី រឿង ផល្លីន ចៅសង្កាត់ជ័យជំនះថ្លែងថា មានការហាមឃាត់ដែលមានន័យថាមិនមានការអនុញ្ញាតឲ្យមានការសាងសង់អគារខ្ពស់ជាងព្រះបរមរាជវាំងទេ។ លោកស្រីបន្តថា “ខ្ញុំគិតថា ប្រសិនបើសណ្ឋាគារនេះមានកម្ពស់១៥ជាន់ត្រូវបានសាងសង់[នៅទីនោះ]…វាពិតជាប៉ះពាល់យ៉ាងខ្លាំងដោយសារនៅតំបន់នេះជាតំបន់ហាមឃាត់”។
លោកស្រី អាណេ ឡឺម៉ង់ត្រេ(Anne Lemaistre) តំណាងប្រចាំប្រទេសអង្គការយូណេស្កូ មានប្រសាសន៍ថា វាមិនសមរម្យឡើយក្នុងការសាងសង់អគារណាមួយដែលមានកម្ពស់ខ្ពស់ជាងព្រះបរមរាជវាំងនោះ។ លោកស្រី ឡឺម៉ង់ត្រេ បានមានប្រសាសន៍បន្ថែមទៀតថា “រាជធានីភ្នំពេញ គួរតែរក្សាទុកទិដ្ឋភាពក្រុងជាប្រវត្តិសាស្ត្ររបស់ខ្លួននៅជុំវិញព្រះបរមរាជវាំង ពីព្រោះការសាងសង់អគារខ្ពស់បែបនេះកំពុងតែបំផ្លាញទិដ្ឋភាព និងសោភ័ណ្ឌភាពនៃទីក្រុងដោយសារតែកំណើនយ៉ាងឆាប់រហ័សនៃអគារធំៗហើយខ្ពស់ៗដែលបានសាងសង់ឡើងនៅគ្រប់ទីកន្លែង។ នៅជុំវិញព្រះបរមរាជវាំងមិនមាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យនៅខ្ពស់ជាងកំពូលនៃព្រះបរមរាជវាំងបានឡើយ។ នេះគឺជាការគោរពព្រះមហាក្សត្រ”៕
ប្រែសម្រួលដោយ ឃិន ណៃ