28 C
Phnom Penh

អ្នកភូមិតវ៉ា​នឹង​ការ​សាងសង់​របងកំណត់ព្រំដី​​សាលា​មត្តេយ្យ​​មួយ​កន្លែងនៅ​​​​ក្នុង​ខណ្ឌ​មាន​ជ័យ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​អ្នកភូមិជាង​៥០០នាក់​បាន​ធ្វើការ​តវ៉ា​នៅ​ឯ​សាលា​មតេ្តយ្យ​​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​​ បន្ទាប់​ពី​កម្មករ​បាន​សាង​សង់​របង​ឥដ្ឋ​កាត់​តាម​ដី​របស់​សាលា​នេះ​ដើម្បី​កំណត់​ព្រំ​ដី​សម្រាប់​លក់​។

អ្នកភូមិ​​បាន​ចាប់​ផ្ដើម​ធ្វើការ​តវ៉ា​​កាលពី​ថ្ងៃពុធ ប៉ុន្តែ ត្រូវ​បាន​សម្របសម្រួល​ដោយ​អាជ្ញា​ធរ​មូលដ្ឋាន​ដែល​បាន​ធានា​ចំពោះ​ពួក គាត់​​​​​​​ថា ​ស្ថានការ​ណ៍​​នេះនឹង​​​ត្រូវ​ធ្វើការ​​ដោះ​ស្រាយ​ហើយ​នឹង​ចេញ​​ប័ណ្ណ​កម្មសិទ្ធិ​ដី​​សម្រាប់​​​​​​​សាលា​មត្តេយ្យ​ទួល​តាច័ន្ទ​​ឆាប់ៗ​នេះ​។

អ្នក​ស្រី​ អ៊ឹម សុភា​ អាយុ​៤៥ឆ្នាំ​បាន​និយាយ​​​​​​​​​​​ថា “យើង​បានធ្វើការ​តវ៉ាជាថ្មី​​ម្ដង​ទៀត​​​ដោយ​សារ​តែ​អាជ្ញាធរ​បាន​សន្យា​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដល់សាលា​មត្តេយ្យ​​​នេះនៅ​ថ្ងៃ​នេះ ប៉ុន្តែ​ ពួកគេ​មិនបាន​​គោរព​កិច្ច​សន្យា​របស់​ខ្លួន​ឡើយ​។ យើង​សូម​ជំទាស់​​ជា​ដាច់​ខាត​ចំពោះ​ការ​លក់​ ឬ​ដោះ​ដូរ​ដី​នេះ​ ពីព្រោះ​​​យើង​ទាំង​អស់​គ្នា​​ចង់​រក្សាទុក​សាលា​រៀន​នេះ សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង”។ អ្នក​ស្រី​​បាន​និយាយ​​បន្ត​​ថា “ យើង​គិត​ថា អាជ្ញាធរ​នឹង​លក់​ដី​នេះ​ដូច​កាលពី​មុន​អ៊ីចឹង​ ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​មិន​​ធ្វើ​ការ​តវ៉ា​នៅ​ពេល​នេះ​ទេ​នោះ” ដោយអ្នកស្រី​​បាន​​​បន្ថែម​​​​ថា ឥឡូវ​នេះ​មាន​លំនៅ​ដ្ឋាន​​ឯកជន​​មួយ​កំពុង​សាង​សង់​លើ​ដី​​មាន​ទទឹង​​ប្រ​វែង​​១៥ម៉ែត្រ​​ជា​ដី​មួយ​ផ្នែក​របស់​សាលា​​នេះ។

លោក​ ខុម សុខា ចៅ​សង្កាត់​រង​​ព្រែក​ឯង​​ក្នុង​​​​​​​​ខណ្ឌ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​ទទួល​បាន​ព័ត៌មាន​តិច​តួច​ពី​មូល​ហេតុ​ដែល​កម្មករ​សំណង់​បាន​ចាប់​ផ្ដើម​រៀប​ឥដ្ឋ​ខណ្ឌ​ចែក​ដី​ដែលនៅ​សល់ទំហំ​២២​​​​​​ម៉ែត្រ​​​គុណនឹង​​៥៩​ម៉ែត្រ​​ជា​ពី​រ​នេះ​ ។ លោក​​បាន​មាន​​ប្រ​សាសន៍​​តាម​ទូរស័ព្ទ​ខណៈ​ពេល​​កំពុង​ជួប​ប្រ​ជុំ​ជា​មួយ​អ្នកភូមិ​ដែល​ធ្វើការ​​តវ៉ា​ថា “ដី​នេះ​ត្រូវ​បាន​លក់​មែន ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា លក់​ក្នុង​តម្លៃ​ប៉ុន្មាននោះ​ទេ​ ព្រោះ​នេះ​ជា​​កិច្ច​​ការ​សម្ងាត់​របស់​ថ្នាក់​លើ”។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ខ្ញុំ​យល់​ថា អ្នកភូមិនឹង​មិន​យល់​ព្រម​​ឡើយ​​ ប្រសិន​បើ​មន្ត្រី​​ថ្នាក់​លើ​​ប្រ​គល់​​ដី​នេះ​ឲ្យ​ទៅ​អ្នក​ណា​ម្នាក់​នោះ”។

​លោក​បានមាន​ប្រសាសន៍​បន្ថែម​ថា កាល​​​​​​​ពី​ថ្ងៃពុធ ការិ​យា​ល័យ​របស់​លោក​បាន​បញ្ជា​ឲ្យ​កម្មករបញ្ឈប់ការ​​សាងសង់​របង​នោះសិន​ ពីព្រោះ​លោកបានស្វែងរក​ព័ត៌មាន​បន្ថែម​​ទៀត​ពី​មន្ទីរ​អប់​រំ​រាជធានី​។ នៅ​ពេល​ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ពុធ​ ​លោក ជា ជាតិ ប្រធាន​មន្ទីរអប់រំ​រាជ​ធានី​ភ្នំពេញ​​បាន​បដិសេធ​ថា ដី​នោះ​មិន​មាន​ការ​លក់​​ដូរ​​អ្វី​ទេ​ ហើយ​ថា មន្ត្រី​អប់​រំ​ខណ្ឌមាន​គម្រោង​​សាង​សង់​ទី​ស្នាក់​ការ​ភូមិ​​នៅ​ទីនោះ​ ប៉ុន្តែ​ថា ឥឡូវ​​​នេះដី​នេះនឹងត្រូវ​​ប្រគល់​ឲ្យ​សាលា​វិញ។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ការ​ចោទ​ប្រកាន់​អំពី​​ [ការ​លក់​ដី​នេះ] ​គឺ​មិន​ពិត​ទេ ​ព្រោះ​​នេះ​ជា​សាលា​របស់​រដ្ឋ​ ហើយ​យើង​ត្រូវ​ថែ​រក្សា​​សាលា​នេះ​ទុកសម្រាប់​កូន​ចៅ​របស់​យើង​​​ដើម្បី​បាន​សិក្សា​រៀន​សូត្រ​ ប៉ុន្តែ ខ្ញុំ​សូម​សំណូម​​ពរ​​កុំឲ្យ​ផ្សព្វផ្សាយ​ពី​​[បញ្ហា​នេះ]អី ពី​ព្រោះ​វា​ [អាច​បង្ក​]ឲ្យ​​មាន​បរិយា​​​កាស​អាប់អួ”៕

ប្រែសម្រួលដោយ ឃិន ណៃ​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស