28 C
Phnom Penh

ជន​ជាតិ​ចិន​​៥០​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ពីបទ​ចាប់​ជំរិតតាមប្រព័ន្ធ​​អ៊ីនធើណិត​​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាសែត​ឆៃណា ដេលី (China Daily) បាន​ចុះ​ផ្សាយ​កាល​ពីថ្ងៃ​សុក្រ​ថា  តុលាការ​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ផ្ដន្ទាទោស​ជន​ជាតិ​ចិន​​ចំនួន​៥៦​នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​​ពី​២៧​ខែ​ រហូត​ដល់​១២​ឆ្នាំ​ក្នុង​ម្នាក់​ៗពី​បទ​​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីនធើ​ណិត​នៅ​ប្រទេស​កម្ពុជា​ កន្លែង​ដែល​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០១១។

យោង​តាម​ការ​ចុះ​ផ្សាយ​នេះ​បាន​ឲ្យ​ដឹង​​ថា ក្រុម​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នេះ​បាន​ទូរស័ព្ទ​ទៅ​ជន​រងគ្រោះ​​នៅ​ក្នុង​ប្រទេស​ចិន​ដោយ​ធ្វើ​ពុត​ជា​តុលាការ​ ឬ​ក៏​មន្ត្រី​នគរ​បាល​ ដែល​បាន​អះអាង​ថា គណនី​ធនាគារ​របស់​ជន​រងគ្រោះ​ត្រូវ​គេ​វាយ​ប្រហារ​ហើយ​ ហើយ​បាន​ប្រាប់​ជន​រង​គ្រោះ​ថា ពួក​គេ​គួរ​តែ​ផ្ទេរ​លុយ​របស់​ខ្លួន​ទៅ​ក្នុង​ “គណ​នី​សុវត្ថិ​ភាព​” ដោយ​ឡែក​​មួយ​ផ្សេង​ទៀត​។

កាសែត​ឆៃណា ដេលី នេះ​បាន​លើក​​ឡើង​ថា “ មាន​ជន​រងគ្រោះ​ជាង​១៨០​នាក់​មក​ពី​ខេត្ត​ចំនួន​១០ រួម​មាន​ ខេត្ត​ហ្វូជាំង ហ្គ័ងតុង​ ជាំង​ស៊ូ និង​ខេត្ត​ស៊ីឈ័ន ជា​ដើម ត្រូវ​បាន​គេ​បោក​ប្រាស់​​អស់​លុយ​ចំនួន​១៥,៥៦​លាន​យ័ន”។ ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ជា​អន្តរជាតិ​នេះ​​ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ជន​ជាតិ​ចិន​ និង​ជន​ជាតិ​តៃវ៉ាន់ បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​ធម្មតា​ទៅ​ហើយ​ក្នុង​​ប្រទេស​កម្ពុជា​ តាំង​ពី​​បីបួន​ឆ្នាំ​មុនមក​ម្លេះ ដោយ​មាន​ជន​ល្មើស​ជាង​២០០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ឥឡូវ​នេះ​។

​កាល​ពី​ខែ​មិថុនា​ ជន​ជាតិ​តៃវ៉ាន់​ចំនួន​២៦​នាក់​ និង​ជន​ជាតិ​ចិន​ចំនួន​២៤​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​បទ​ចូល​រួម​នៅ​ក្នុង​​អំពើ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីនធើណិត​​ដោយ​ឡែក​ពី​គ្នា​។​ កាល​ពី​ខែ​មេសា​ ជន​ជាតិ​ចិន​ចំនួន​៣៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ពាក់​ព័ន្ធ​នឹង​​ការ​​ចាប់​ជំរិត​ស្រដៀង​គ្នា​នេះ​ ដោយ​ប្រើ​ល្បិច​​តាម​អ៊ីនធើណិត​ទៅ​គំរាម​មន្ត្រី​រដ្ឋាភិបាល​និង​​ចិន​ដី​គោក​​ ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ថា នឹង​បង្ហាញ​ពី​អំពើ​ពុក​រលួយ​ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​បង់​ប្រាក់​នោះ​។ ក្រោយ​មក​នៅ​ក្នុង​ខែ​នោះ​ដដែល​​មាន​ជនជាតិ​ចិន​និង​ជន​ជាតិ​តៃវ៉ាន់​ជាង​៥០​នាក់​ ព្រម​ទាំង​ជន​ជាតិ​ខ្មែរ​បី​នាក់​ផងដែរ​​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខេត្ត​កំពង់​ចាម​​ពាក​់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​ដោយ​ប្រើ​ល្បិច​​ស្រដៀង​គ្នា​នេះ​។រីឯ​ការ​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ផ្សេង​មួយ​ទៀត​​ត្រូវ​បាន​បង្ក្រាប​​កាល​ពីខែ​មករា​នៅ​ពេល​ជន​ជាតិ​ចិន​ និង​ជន​ជាតិ​តៃវ៉ាន់​ចំនួន​៨០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។

ប៉ុន្តែ​បើ​យោង​តាម លោក​​ឧត្តមសេនីយ៍​ឯក​ គៀត ច័ន្ទ​ថារិទ្ធ​​ អ្នក​នាំពាក្យ​នគរបាល​ជាតិ​​បាន​ឲ្យ​ដឹង​ថា ការ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីន​ធើណិត​មាន​ការ​ថយ​ចុះ​នៅ​ក្នុង​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១​និង​ ២០១២​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​​ឆ្នាំ​២០១១ យើង​មាន​បទ​ពិសោធន៍​មួយ​ចំនួន​នៅ​ក្នុង​ការ​បង្ក្រាប​បទ​ឧក្រិដ្ឋ​បែប​នេះ”។ លោក​បាន​បន្ថែម​ថា ខ្សែ​ទូរស័ព្ទ​​ណា​ ដែល​គួរ​ឲ្យ​សង្ស័យ​ត្រូវ​នគរបាល​តាម​ដាន​ជាប់​ជា​និច្ច​។
លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “យើង​​ឃ្លាំ​មើល​​គ្រប់​ផ្នែក​ និង​គ្រប់​ស្ថានភាព​ទាំង​អស់​ ដើម្បី​​បញ្ជាក់​​និង​​ឈាន​ដល់​ការ​ស៊ើប​អង្កេត​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស