គណបក្សសង្គ្រោះជាតិ បានឲ្យដឹងតាមរយៈសេចក្តីប្រកាសមួយ កាលពីថ្ងៃសុក្រថា ខ្លួនបានរៀបចំគម្រោងពេលវេលាសម្រាប់ហាត់សមធ្វើបាតុកម្មចំនួនពីរលើក ដើម្បីធ្វើប្រាកដថា បាតុកម្មទូទាំងប្រទេសដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ខែកញ្ញាខាងមុខ ពិតជាដំណើរការទៅប្រកបដោយសន្តិវិធី។
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសនេះ បន្ទាប់ពីសមាជិកគណបក្ស១០០នាក់ និងសកម្មជនគណបក្សតាមបណ្តាខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលបីម៉ោង ក្នុងរាជធានីភ្នំពេញ ជាមួយជំនាញការបរទេសមួយក្រុម។ វគ្គបណ្តុះបណ្តាលនេះនិយាយអំពីរបៀបធ្វើបាតុកម្មដោយសន្តិវិធី។
សេចក្តីប្រកាសនេះមានខ្លឹមសារថា “គណបក្សសង្គ្រោះជាតិ នឹងហាត់សមធ្វើបាតុកម្មចំនួនពីរថ្ងៃ។ ថ្ងៃដំបូង ការហាត់សមនឹងប្រព្រឹត្តទៅនាថ្ងៃទី១ខែកញ្ញា និងថ្ងៃទី២ ការហាត់សមនឹងដំណើរការទៅក្នុងទី៥ខែកញ្ញា”។ ក៏ប៉ុន្តែ សេចក្តីប្រកាសនេះមិនបានបង្ហាញពីទីកន្លែង និងពេលវេលានៃសកម្មភាពហាត់សមទាំងពីរលើកនេះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កម្មវិធីហាត់សមនេះនឹងមានប្រជាជនចូលរួមប្រហែល១.០០០នាក់ និងមានលំហាត់សំដែងជាច្រើនលើកច្រើនសារផងដែរ។ លោកបានមានប្រសាសន៍ថា ”យើងត្រូវតែហ្វឹកហាត់ ពីព្រោះការធ្វើបាតុកម្មរបស់យើងត្រូវតែប្រព្រឹត្តទៅដោយសន្តិវិធី និងមិនមានអំពើហិង្សា ហើយទោះបីជាមាននគរបាល ឬក៏កងកម្លាំងប្រដាប់អាវុធធ្វើអ្វីមកលើពួកយើង ឬក៏ប្រើអំពើហិង្សាក៏ដោយ យើងត្រូវតែអត់ធ្មត់”។
នៅពេលអ្នកសារព័ត៌មានសួរថា តើប្រសិនបើការហាត់សមការធ្វើបាតុកម្មទាំងនេះប្រព្រឹត្តទៅ ខុសពីសេណារីយ៉ូនោះ លោក សុវណ្ណ បានលើកឡើងថា អ្នកចូលរួមមួយចំនួន “នឹងដើរតួជានគរបាល និងអ្នកខ្លះនឹងដើរតួជាបាតុករ”។ នៅថ្ងៃធ្វើបាតុកម្មពិតប្រាកដ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៧ខែកញ្ញា គណបក្សសង្គ្រោះជាតិនឹងចងក្រងក្រមប្រតិបត្តិ ដោយយកខ្លឹមសារនៃការហ្វឹកហាត់ជាគោល ហើយនឹងអានក្រមប្រតិបត្តិនោះឲ្យបាតុករស្តាប់។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីហ្វឹកហាត់នេះឆ្លុះបញ្ចាំងឲ្យឃើញ កាន់តែច្បាស់ថា គណបក្សសង្គ្រោះជាតិ កំពុងតែធ្វើ “ភេរវកម្មនយោបាយ” ហើយជាសារមួយ “ដែលធ្វើឲ្យប្រជាជនមានអារម្មណ៍ភ័យខ្លាច និងទទួលរងសម្ពាធ”។
ក្នុងហេតុការណ៍ដាច់ដោយឡែកមួយ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយច្បាប់ ផ្ញើជូនលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា កាលពីថ្ងៃសុក្រ បន្ទាប់ពីលោក ជា ស៊ីម បានឆ្លើយតបទៅនឹងសំណើសុំឲ្យមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីចរចាស្វែងរកដំណោះស្រាយបញ្ហាពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោក ជា ស៊ីម បានលើកឡើងថា ខណៈដែលគណបក្សប្រជាជនកម្ពុជា ចង់ឲ្យមានការពិភាក្សាបន្ថែមទៀត ដំណើរការផ្លូវការនៃការស៊ើបអង្កេតបញ្ហាលទ្ធផល នៃការបោះឆ្នោតត្រូវតែត្រូវបានគោរព។ ក៏ប៉ុន្តែ គណបក្សប្រឆាំង កំពុងតែអំពាវនាវឲ្យមានការបង្កើតគណៈកម្មការឯករាជ្យដែលមិនស្ថិតក្រោមចំណុះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ដោយឈលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីផ្សះផ្សារបង្រួបបង្រួមជាតិ ធានានូវភាពយុត្តិធម៌ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរស្របតាមខ្លឹមសារលិខិតរបស់សម្តេច ខ្ញុំគាំទ្រឲ្យមានការជួបចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយភាពមិនប្រក្រតី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ និងឈានទៅរកការកែទម្រង់នយោបាយ ដើម្បីភាពរីកចម្រើនរបស់ប្រទេសយើង”៕
ប្រែសម្រួលដោយ កង សុធា